km:tipitaka:sut:an:09:sut.an.09.038

លោកាយតិកសូត្រ ទី៧

សង្ខេប

អ្នក​អាច​វង្វេង​ពិភពលោក​ទាំង​មូល ហើយ​មិន​អាច​រក​ឃើញ​ទី​បញ្ចប់​នៃ​ទុក្ខ​លំបាក​ឡើយ។ ប្រហែលជាអ្នកកំពុងមើលកន្លែងខុស។ ព្រះពុទ្ធ ទ្រង់​តាស់ ទៅ​នឹង​ព្រាហ្មណ៍​ទាំង​ឡាយ​ថា​សេចក្តី​ព្យាយាម​ក្នុង​លោក​នេះ យ៉ាង​ដូ​ម្តេច ដើម្បី​ចេញ​ចាក​លោក​បាន?

an 09.038 បាលី cs-km: sut.an.09.038 អដ្ឋកថា: sut.an.09.038_att PTS: ?

លោកាយតិកសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៧. លោកាយតិកសុត្តំ)

[៣៨] គ្រានោះឯង ព្រាហ្មណ៍ពីរនាក់ ជាអ្នកចេះស្ទាត់នូវគម្ពីរលោកាយតៈ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ពោលពាក្យរាក់ទាក់ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹករួចហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រាហ្មណ៍ទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន គ្រូឈ្មោះបូរណកស្សប ជាអ្នកដឹងនូវហេតុទាំងពួង ឃើញនូវហេតុទាំងពួង តែងប្ដេជ្ញានូវការដឹង ការឃើញ មិនមានសេសសល់ថា កាលអញដើរក្ដី ឈរក្ដី កាលអញដេកក្ដី ភ្ញាក់ឡើងក្ដី ការដឹង និងការឃើញ (នូវហេតុទាំងពួង) តែងដំកល់នៅស៊ប់ សព្វពេលវេលា ជានិរន្ដរ។ បូរណកស្សបនោះ និយាយយ៉ាងនេះថា អញតែងដឹង តែងឃើញនូវលោក ដែលមិនមានទីបំផុត ដោយសារញាណមិនមានទីបំផុត។ បពិត្រព្រះគោតមដ៏ចំរើន សូម្បីគ្រូឈ្មោះនិគ្គន្ថនាដបុត្តនេះ ក៏ជាអ្នកដឹងនូវហេតុទាំងពួង ឃើញនូវហេតុទាំងពួងដែរ តែងប្តេជ្ញានូវការដឹង ការឃើញ មិនមានសេសសល់ថា កាលអញដើរក្ដី ឈរក្ដី អញដេកក្ដី ភ្ញាក់ឡើងក្ដី ការដឹង ការឃើញ (នូវហេតុទាំងពួង) តែងដំកល់នៅស៊ប់ សព្វពេលវេលា ជានិរន្តរ។ និគ្គន្ថនាដបុត្តនោះ និយាយយ៉ាងនេះថា អញតែងដឹង តែងឃើញនូវលោក ដែលមិនមានទីបំផុត ដោយសារញាណ មិនមានទីបំផុត។ បពិត្រព្រះគោតមដ៏ចំរើន បណ្ដាញាណវាទៈទាំងពីរ និងវិបច្ចនិកវាទៈ ទៅវិញទៅមកទាំងពីរនេះ តើវាទៈណាពិត វាទៈណាកុហក។

ម្នាលព្រាហ្មណ៍ទាំងឡាយ ណ្ហើយកុំសួរត្រង់ពាក្យថា បណ្ដាញាណវាទៈទាំងពីរ និងវិបច្ចនិកវាទៈ ទៅវិញទៅមកទាំងពីរនេះ តើវាទៈណាពិត វាទៈណាកុហក ដូច្នេះនុ៎ះ ចូរផ្អាកទុកទៅចុះ ម្នាលព្រាហ្មណ៍ទាំងឡាយ តថាគតនឹងសំដែងធម៌ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្ដាប់ធម៌នោះសិន ចូរធ្វើទុកក្នុងចិត្តឲ្យល្អ តថាគតនឹងសំដែង។ ព្រាហ្មណ៍ទាំងនោះ បានទទួលស្ដាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ទាំងឡាយ ដូចបុរស ៤ នាក់ ឈរនៅក្នុងទិសទាំង ៤ ដែលបរិបូណ៌ដោយដំណើររបស់បុរសផង ដោយសន្ទុះផង ដោយជំហានជើងដ៏រហ័សក្រៃលែងផង ជាអ្នកប្រកបដោយសន្ទុះ មានសភាពយ៉ានេះឯង (ក្នុងបុរសម្នាក់ ៗ សុទ្ធតែជាអ្នកប្រកប) ដោយជំហានជើង (ដែលអាចដើរឆ្លងចក្កវាឡ ដោយឆាប់រហ័សបាន) មានភាពដូចជាខ្មាន់ធ្នូដែលខ្លាំងពូកែ បានសិក្សារួចហើយ មានដៃស្ទាត់ហើយ ធ្លាប់ចូលចំណោមហើយ ក៏យកព្រួញដ៏ស្រាល បាញ់ស្រមោលដើមត្នោត ត្រង់ពាក់កណ្ដាលដើម ដោយមិនលំបាកដូច្នោះឯង មានតួយ៉ាងដូចសមុទ្រទិសខាងកើត និងសមុទ្រទិសខាងលិច គ្រានោះ បុរសដែលឈរក្នុងទិសខាងកើត និយាយយ៉ាងនេះថា អញនឹងដើរទៅឲ្យដល់ទីបំផុតនៃលោក បុរសនោះ មានអាយុ ១០០ ឆ្នាំ រស់នៅ ១០០ ឆ្នាំ ក៏ដើរទៅអស់ ១០០ ឆ្នាំ (មិនឈប់) វៀរលែងតែស៊ី ទំពាស៊ី លិទ្ធ ភ្លក្សអាហារ វៀរលែងតែការធ្វើឧច្ចារៈ និងបស្សាវៈ វៀរលែងតែដេក និងការបន្ទោបង់ នូវសេចក្ដីនឿយហត់ចេញ ក៏មិនបានដល់ដូចបំណងឡើយ ហើយធ្វើមរណកាល ក្នុងទីជាចន្លោះ ៗ នៃលោក ចំណែកបុរសដែលឈរក្នុងទិសខាងលិច។បេ។ ចំណែកបុរស ដែលឈរក្នុងទិសខាងត្បូង ក៏និយាយយ៉ាងនេះថា អញនឹងដើរទៅឲ្យដល់ទីបំផុតនៃលោក បុរសនោះ មានអាយុ ១០០ ឆ្នាំ រស់នៅ ១០០ ឆ្នាំ ក៏ដើរទៅអស់ ១០០ ឆ្នាំ (មិនឈប់) វៀរលែងតែស៊ី ទំពាស៊ី លិទ្ធ ភ្លក្សអាហារ វៀរលែងតែការធ្វើឧច្ចារៈ និងបស្សាវៈ វៀរលែងតែដេក និងការបន្ទោបង់នូវសេចក្ដីនឿយហត់ចេញ ក៏មិនបានដល់ដូចបំណងឡើយ ហើយធ្វើមរណកាល ក្នុងទីជាចន្លោះ ៗ នៃលោក ដំណើរនុ៎ះ ព្រោះហេតុអ្វី ម្នាលព្រាហ្មណ៍ទាំងឡាយ ព្រោះតថាគតមិនពោលថា ទីបំផុតនៃលោក បុគ្គលត្រូវដឹង ត្រូវឃើញ ត្រូវទៅដល់បាន ដោយសារសន្ទុះជើងមានសភាពយ៉ាងនោះឡើយ។ ម្នាលព្រាហ្មណ៍ទាំងឡាយ ឯតថាគត មិនធ្លាប់ពោលអំពីដំណើរសត្វ ដែលមិនទាន់បានដល់នូវទីបំផុតនៃលោកហើយ (ថា) ធ្វើនូវទីបំផុតនៃទុក្ខសោះឡើយ។

ម្នាលព្រាហ្មណ៍ទាំងឡាយ កាមគុណ ៥ ប្រការនេះ តថាគត ហៅថាលោក លោកក្នុងអរិយវិន័យ។ កាមគុណ ៥ ប្រការនោះ តើដូចម្ដេចខ្លះ។ រូបទាំងឡាយ ដែលគប្បីដឹងបានដោយចក្ខុ ជាទីប្រាថ្នា ត្រេកអរ ពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាមជាទីគាប់ចិត្ត ១ សំឡេងទាំងឡាយ ដែលគប្បីដឹងដោយត្រចៀក ១។បេ។ ក្លិនទាំងឡាយ ដែលគប្បីដឹងដោយច្រមុះ ១ រសទាំងឡាយ ដែលគប្បីដឹងដោយអណ្ដាត ១ ផោដ្ឋព្វៈទាំងឡាយ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ត្រេកអរ ពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាមជាទីគាប់ចិត្ត ១។ ម្នាលព្រាហ្មណ៍ទាំងឡាយ កាមគុណ ៥ ប្រការនេះឯង តថាគតហៅថាលោក លោកក្នុងអរិយវិន័យ។

ម្នាលព្រាហ្មណ៍ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈដែលកើតអំពីសេចក្ដីស្ងប់ស្ងាត់។ ម្នាលព្រាហ្មណ៍ទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានដល់ទីបំផុតនៃលោក ឋិតនៅក្នុងទីបំផុតនៃលោក។ ពួកជនឯទៀត បាននិយាយចំពោះភិក្ខុនោះ យ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូលក្នុងលោកផង ភិក្ខុនេះ មិនរលាស់ចេញចាកលោកបានផង។ ម្នាលព្រាហ្មណ៍ទាំងឡាយ ឯតថាគត ក៏ពោលយ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូលក្នុងលោកផង ភិក្ខុនេះ មិនរលាស់ចេញចាកលោកបានផង ដូច្នេះដែរ។

ម្នាលព្រាហ្មណ៍ទាំងឡាយ មួយទៀត ភិក្ខុ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ក៏បានដល់ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ ម្នាលព្រាហ្មណ៍ទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានដល់ទីបំផុតនៃលោក ឋិតនៅក្នុងទីបំផុតនៃលោក។ ពួកជនឯទៀត បាននិយាយចំពោះភិក្ខុនោះ យ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូលក្នុងលោកផង ភិក្ខុនេះ មិនរលាស់ចេញចាកលោកបានផង។ ម្នាលព្រាហ្មណ៍ទាំងឡាយ ឯតថាគតពោលយ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូលក្នុងលោកផង ភិក្ខុនេះ មិនរលាស់ចេញចាកលោកបានផង ដូច្នេះដែរ។

ម្នាលព្រាហ្មណ៍ទាំងឡាយ មួយទៀត ភិក្ខុ ព្រោះកន្លងបង់រូបសញ្ញា ព្រោះរលត់បដិឃសញ្ញា ព្រោះធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ក៏បានដល់អាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត។ ម្នាលព្រាហ្មណ៍ទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានដល់ទីបំផុតនៃលោក ឋិតនៅក្នុងទីបំផុតនៃលោក។ ពួកជនឯទៀត បាននិយាយចំពោះភិក្ខុនោះ យ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូលក្នុងលោកផង ភិក្ខុនេះ មិនទាន់រលាស់ចេញចាកលោកបានផង។ ម្នាលព្រាហ្មណ៍ទាំងឡាយ ឯតថាគតក៏ពោលយ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូលក្នុងលោកផង ភិក្ខុនេះ មិនទាន់រលាស់ចេញចាកលោកបានផង ដូច្នេះដែរ។

ម្នាលព្រាហ្មណ៍ទាំងឡាយ មួយទៀត ភិក្ខុ ព្រោះកន្លងបង់អាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់វិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត។បេ។ ព្រោះកន្លងបង់វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន ព្រោះកន្លងបង់អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលញ្រហ្មណ៍ទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានដល់ទីបំផុតនៃលោក ឋិតនៅក្នុងទីបំផុតនៃលោក។ ពួកជនឯទៀត បាននិយាយចំពោះភិក្ខុនោះ យ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូលក្នុងលោកផង ភិក្ខុនេះ មិនទាន់រលាស់ចេញ ចាកលោកបានផង។ ម្នាលញ្រហ្មណ៍ទាំងឡាយ តថាគត ក៏និយាយយ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូលក្នុងលោកផង ភិក្ខុនេះ មិនទាន់រលាស់ចេញចាកលោកបានផង ដូច្នេះដែរ។

ម្នាលព្រាហ្មណ៍ទាំងឡាយ មួយទៀត ភិក្ខុ ព្រោះកន្លងបង់នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់សញ្ញាវេទយិតនិរោធ។ អាសវៈរបស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះយល់ឃើញដោយប្រាជ្ញា។ ម្នាលព្រាហ្មណ៍ទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានដល់ទីបំផុតនៃលោក ឋិតនៅក្នុងទីបំផុតនៃលោក បានឆ្លង ផុតនូវតណ្ហាក្នុងលោកហើយ។

 

លេខយោង

km/tipitaka/sut/an/09/sut.an.09.038.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann