km:tipitaka:sut:an:09:sut.an.09.039

ទេវាសុរសង្គាមសូត្រ ទី៨

សង្ខេប

រឿង​សង្គ្រាម ទេវតា និង​អសុរ។ ភិក្ខុ និង​មារ។ តើ​អ្នក​យក​អ្វី ធ្វើ​ជា​ទី​ការ​ពារ​ភ័យពី​ការ​បៀត​បៀន​គ្នា?

an 09.039 បាលី cs-km: sut.an.09.039 អដ្ឋកថា: sut.an.09.039_att PTS: ?

ទេវាសុរសង្គាមសូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៨. ទេវាសុរសង្គាមសុត្តំ)

[៣៩] ម្នាលភិក្ខុទាំងឡាយ មានរឿងពីព្រេងនាយមកថា សង្រ្គាមនៃអសុរ មួយអន្លើដោយពួកទេវតា ជាសង្រ្គាមតទល់ ប្រឡូកកៀកគ្នាហើយ ម្នាលភិក្ខុទាំងឡាយ ក្នុងសង្រ្គាមនោះឯង ពួកអសុរឈ្នះ ពួកទេវតាចាញ់ ម្នាលភិក្ខុទាំងឡាយ លុះពួកទេវតាបរាជ័យហើយ ក៏បានរត់ឆ្ពោះមុខទៅកាន់ទិសខាងជើង ពួកអសុរក៏ដេញតាម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកទេវតា មានសេចក្ដីត្រិះរិះយ៉ាងនេះថា ពួកអសុរ នាំគ្នានៅតែដេញតាមមិនលែងសោះ បើដូច្នេះ គួរតែពួកយើងតយុទ្ធនឹងពួកអសុរឲ្យអស់ពីរគ្រា។

ម្នាលភិក្ខុទាំងឡាយ ពួកទេវតា បានតយុទ្ធនឹងពួកអសុរ ក្នុងលើកទី ២ ទៀត ម្នាលភិក្ខុទាំងឡាយ ក្នុងលើកទីពីរនោះឯង ពួកអសុរឈ្នះ ពួកទេវតាចាញ់ (ទៀត)។ ម្នាលភិក្ខុទាំងឡាយ លុះពួកទេវតាបរាជ័យហើយ ក៏បានរត់ឆ្ពោះមុខទៅកាន់ទិសខាងជើង ពួកអសុរ ក៏នាំគ្នាដេញតាម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកទេវតា មានសេចក្ដីត្រិះរិះយ៉ាងនេះថា ពួកអសុរ នៅតែនាំគ្នាដេញតាមមិនលែងសោះ បើដូច្នេះ គួរតែពួកយើងតយុទ្ធនឹងពួកអសុរឲ្យអស់ ៣ គ្រា។

ម្នាលភិក្ខុទាំងឡាយ ពួកទេវតា បានតយុទ្ធនឹងពួកអសុរ ក្នុងលើកទី ៣ ទៀត។ ម្នាលភិក្ខុទាំងឡាយ ក្នុងលើកទី ៣ នោះឯង ពួកអសុរឈ្នះ ពួកទេវតាចាញ់ទៀត ម្នាលភិក្ខុទាំងឡាយ លុះពួកទេវតាបរាជ័យហើយ ក៏ភ័យ រត់ចូលទៅក្នុងទេវបុរីវិញ។ ម្នាលភិក្ខុទាំងឡាយ ឯពួកទេវតា ដែលបានចូលទៅដល់ទេវបុរីហើយ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ពួកយើងមានខ្លួនបានដល់នូវទីការពារភ័យហើយ ទាំងពួកអសុរ ក៏មិនគប្បីធ្វើអ្វីយើងបាន។ ម្នាលភិក្ខុទាំងឡាយ ចំណែកពួកអសុរ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ពួកទេវតាមានខ្លួនបានដល់នូវទីការពារភ័យហើយ ពួកយើងមិនគប្បីធ្វើអ្វីបានទេ។

ម្នាលភិក្ខុទាំងឡាយ មានរឿងពីព្រេងនាយមកថា សង្រ្គាមនៃអសុរ មួយអន្លើដោយទេវតា ជាសង្រ្គាមតទល់ ប្រឡូកកៀកគ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសង្រ្គាមនោះឯង ពួកទេវតាឈ្នះ ពួកអសុរចាញ់ ម្នាលភិក្ខុទាំងឡាយ លុះពួកអសុរបរាជ័យហើយ ក៏បានរត់ឆ្ពោះមុខទៅទិសខាងត្បូង ពួកទេវតាក៏នាំគ្នាដេញតាម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកអសុរ មានសេចក្ដីត្រិះរិះយ៉ាងនេះថា ពួកទេវតា នៅតែនាំគ្នាដេញតាមមិនលែងសោះ បើដូច្នោះ គួរតែពួកយើងតយុទ្ធនឹងពួកទេវតាឲ្យ អស់ពីរគ្រាចុះ។

ម្នាលភិក្ខុទាំងឡាយ ពួកអសុរ បានតយុទ្ធនឹងពួកទេវតា ក្នុងលើកទី ២ ទៀត។ ម្នាលភិក្ខុទាំងឡាយ ក្នុងលើកទី ២ នោះឯង ពួកទេវតាឈ្នះ ពួកអសុរចាញ់ទៀត ម្នាលភិក្ខុទាំងឡាយ លុះពួកអសុរបរាជ័យហើយ ក៏បានរត់ឆ្ពោះមុខទៅកាន់ទិសខាងត្បូង ពួកទេវតា ក៏នាំគ្នាដេញតាម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកអសុរ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ពួកទេវតានៅតែនាំគ្នាដេញតាមមិនលែងសោះ បើដូច្នេះ គួរតែពួកយើងតយុទ្ធនឹងពួកទេវតា ឲ្យអស់ ៣ គ្រា។

ម្នាលភិក្ខុទាំងឡាយ ពួកអសុរច្បាំងតនឹងពួកទេវតា ក្នុងលើកទី ៣ ទៀត។ ម្នាលភិក្ខុទាំងឡាយ ក្នុងលើកទី ៣ នោះឯង ពួកទេវតាឈ្នះ ពួកអសុរចាញ់ទៀត ម្នាលភិក្ខុទាំងឡាយ លុះពួកអសុរបរាជ័យហើយ ក៏ភ័យ រត់ចូលទៅកាន់អសុរបុរី ម្នាលភិក្ខុទាំងឡាយ ឯពួកអសុរ ដែលទៅដល់អសុរបុរីហើយ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ពួកយើងមានខ្លួនបានដល់នូវទីការពារភ័យហើយ ទាំងពួកទេវតា ក៏មិនគប្បីធ្វើអ្វីយើងបាន។ ម្នាលភិក្ខុទាំងឡាយ ចំណែកពួកទេវតា មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ពួកអសុរ មានខ្លួនបានដល់នូវទីការពារភ័យហើយ ពួកយើងមិនគប្បីធ្វើអ្វីបានទេ។

ម្នាលភិក្ខុទាំងឡាយ រឿងនេះមានឧបមេយ្យ ដូចភិក្ខុដែលស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ ដែលកើតអំពីសេចក្ដីស្ងប់ស្ងាត់ ក្នុងសម័យណា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ភិក្ខុមានសេចក្ដីត្រិះរិះ យ៉ាងនេះថា អញមានខ្លួនបានដល់នូវធម៌ ជាគ្រឿងការពារភ័យហើយ មារមិនគប្បីធ្វើអ្វីអញបាន ម្នាលភិក្ខុទាំងឡាយ ចំណែកមារមានចិត្តបាប មានសេចក្ដីត្រិះរិះយ៉ាងនេះថា ឥឡូវនេះ ភិក្ខុមានខ្លួនបានដល់នូវគ្រឿងការពារភ័យហើយ អញមិនគប្បីធ្វើអ្វីបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ក៏បានដល់ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ក្នុងសម័យណា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ភិក្ខុមានសេចក្ដីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ អញមានខ្លួនបានដល់នូវគ្រឿងការពារភ័យហើយ មារមិនគប្បីធ្វើអ្វីអញបាន ម្នាលភិក្ខុទាំងឡាយ ចំណែកមារមានចិត្តបាប ក៏មានសេចក្ដីត្រិះរិះយ៉ាងនេះថា ឥឡូវនេះ ភិក្ខុមានគ្រឿងការពារភ័យបានហើយ អញមិនគប្បីធ្វើអ្វីបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុព្រោះកន្លងបង់រូបសញ្ញា ព្រោះរលត់បដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ក៏បានដល់អាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត ក្នុងសម័យណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ភិក្ខុនេះ តថាគតហៅថា បានធ្វើមារឲ្យផុតជើង ហៅថា រុំខ្ទប់ភ្នែកមារឲ្យជិតស្លុង ហៅថា ដល់នូវការមិនឃើញនៃមារ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ព្រោះកន្លងបង់អាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត។បេ។ ភិក្ខុ ព្រោះកន្លងបង់វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន។បេ។ ភិក្ខុ ព្រោះកន្លងបង់អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នេវសញ្ញានាសញ្ញាយតនជ្ឈាន។បេ។ ភិក្ខុ ព្រោះកន្លងបង់នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់សញ្ញាវេទយិតនិរោធ អាសវៈរបស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះឃើញដោយប្រាជ្ញា ក្នុងសម័យណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ភិក្ខុនេះ តថាគតហៅថា បានធ្វើមារឲ្យផុតជើង ហៅថា រុំខ្ទប់ភ្នែកមារឲ្យជិតស្លុង ហៅថា បានដល់នូវការមិនឃើញនៃមារ ហៅថា ឆ្លងផុតនូវតណ្ហាក្នុងលោកហើយ។

 

លេខយោង

km/tipitaka/sut/an/09/sut.an.09.039.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann