km:tipitaka:sut:an:09:sut.an.09.040

នាគសូត្រ ទី៩

សង្ខេប

ដំរី​ដ៏​ប្រសើរ មាន​ការ​ត្រិះរិះ ការ​ចិញ្ចឹម​ប្រសើរ​ដូច​គ្នា​នេះ​ដែរ ភិក្ខុ​មាន​សេចក្តី​ត្រិះ​ដូ​ម្តេច​ទើ​បអាច ប្រព្រឹត្ត​ធម៌​តាម​ធម៌​បាន?

an 09.040 បាលី cs-km: sut.an.09.040 អដ្ឋកថា: sut.an.09.040_att PTS: ?

នាគសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៩. នាគសុត្តំ)

[៤០] ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ដំរីឈ្មោលក្ដី ដំរីញីក្ដី ដំរីស្ទាវក្ដី កូនដំរីក្ដី ទៅកាត់ចុងស្មៅមុន ៗ ជាងដំរីដ៏ប្រសើរដែលនៅក្នុងព្រៃ ខ្វល់ខ្វាយរកចំណី ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ដំរីដ៏ប្រសើរនៅក្នុងព្រៃ តែងធុញទ្រាន់ នឿយណាយ ជិនឆ្អន់ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ដំរីឈ្មោលក្ដី ដំរីញីក្ដី ដំរីស្ទាវក្ដី កូនដំរីក្ដី ទំពាស៊ីមែកឈើបាក់ ដែលដំរីដ៏ប្រសើរនៅក្នុងព្រៃខ្វល់ខ្វាយរកចំណី បានកាច់បំបាក់ ខ្ទេចខ្ទីហើយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ដំរីដ៏ប្រសើរនៅក្នុងព្រៃ តែងធុញទ្រាន់ នឿយណាយ ជិនឆ្អន់ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ដំរីដ៏ប្រសើរនៅក្នុងព្រៃ ចុះកាន់កំពង់ទឹក ដំរីឈ្មោលក្តី ដំរីញីក្ដី ដំរីស្ទាវក្ដី កូនដំរីក្ដី តែងទៅកូរទឹក ដោយប្រមោយមុន ៗ (ជាងដំរីនោះ) ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ដំរីដ៏ប្រសើរនៅក្នុងព្រៃ រមែងធុញទ្រាន់ នឿយណាយ ជិនឆ្អន់ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ដំរីដ៏ប្រសើរនៅក្នុងព្រៃ ចុះកាន់កំពង់ទឹក ដំរីញីទាំងឡាយ តែងដើរដដុសកាយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ដំរីដ៏ប្រសើរនៅក្នុងព្រៃ រមែងធុញទ្រាន់ នឿយណាយ ជិនឆ្អន់។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ដំរីដ៏ប្រសើរនៅក្នុងព្រៃ មានសេចក្ដីត្រិះរិះយ៉ាងនេះថា ក្នុងកាលឥឡូវនេះ អញនៅច្រឡូកច្រឡំ ដោយដំរីឈ្មោល ដំរីញី ដំរីស្ទាវ កូនដំរី អញតែងទំពាស៊ីស្មៅ ដែលដំរីទាំងនោះកាត់ចុងផង អញទំពាស៊ីមែកឈើបាក់ ដែលដំរីទាំងនោះ កាច់បំបាក់ខ្ទេចខ្ទីហើយផង អញផឹកទឹកដ៏ល្អក់ផង កាលដែលអញឡើងអំពីកំពង់ទឹក ដំរីញីទាំងឡាយ តែងដើរដដុសកាយផង បើដូច្នោះ គួរតែអញគេចចេញចាកហ្វូង ទៅនៅតែម្នាក់ឯង។ ក្នុងសម័យខាងក្រោយមក ដំរីនោះ ក៏គេចចេញចាកហ្វូង ទៅនៅតែម្នាក់ឯង ក៏ទំពាស៊ីនូវស្មៅមិនរេចចុងផង មិនទំពាស៊ីមែកឈើបាក់ ដែលដំរីទាំងនោះ កាច់បំបាក់ខ្ទេចខ្ទីហើយផង ផឹកទឹកមិនល្អក់ផង កាលដែលឡើងអំពីកំពង់ទឹក ដំរីញីទាំងឡាយមិនបានដើរដដុសកាយផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ដំរីដ៏ប្រសើរនៅក្នុងព្រៃ មានសេចក្ដីត្រិះរិះយ៉ាងនេះថា ក្នុងកាលពីដើម អញនៅច្រឡូកច្រឡំ ដោយដំរីឈ្មោល ដំរីញី ដំរីស្ទាវ កូនដំរី អញទំពាស៊ីនូវស្មៅដែលដំរីទាំងនោះ កាត់ចុងហើយផង អញទំពាស៊ីនូវមែកឈើបាក់ ដែលដំរីទាំងនោះ កាច់បំបាក់ខ្ទេចខ្ទីហើយផង អញផឹកទឹកល្អក់ផង កាលដែលអញឡើងអំពីកំពង់ទឹក ដំរីញីទាំងឡាយ ដើរដដុសកាយផង ឥឡូវនេះ អញនោះ ចៀសចេញចាកហ្វូង មកនៅតែម្នាក់ឯង បានទំពាស៊ីនូវស្មៅមិនបានរេចចុងផង អញមិនទំពាស៊ីមែកឈើបាក់ ដែលដំរីទាំងនោះ កាច់បំបាក់ខ្ទេចខ្ទីហើយផង អញផឹកទឹកមិនល្អក់ផង កាលដែលអញឡើងអំពីកំពង់ទឹក ដំរីញីទាំងឡាយ មិនដើរដដុសកាយអញផង។ ដំរីនោះ ក៏កាច់បំបាក់មែកឈើ ដោយប្រមោយ ហើយយកមែកឈើបាក់នោះ មកបបោសកាយ មានចិត្តត្រេកអរ កំចាត់បង់សេចក្ដីស្កៀបរមាស់។ ម្នាលភិក្ខុទាំងឡាយ រឿងនេះ មានឧបមេយ្យដូចជាភិក្ខុដែលនៅច្រឡូកច្រឡំ ដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ព្រះរាជា រាជមហាមាត្យ តិរ្ថិយ និងសាវកនៃតិរិ្ថយ ក្នុងសម័យណា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ភិក្ខុ រមែងមានសេចក្ដីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ អញនៅច្រឡូកច្រឡំដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ព្រះរាជា រាជមហាមាត្យ តិរិ្ថយ និងសាវកនៃតិរិ្ថយ បើដូច្នោះ គួរតែអញគេចចេញចាកពួក ទៅនៅតែម្នាក់ឯង។ ភិក្ខុនោះ រមែងគប់រកនូវសេនាសនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ញកភ្នំ គុហាភ្នំ ព្រៃស្មសាន ព្រៃស្រោង ទីវាល គំនរចំបើង ភិក្ខុនោះ ទៅនៅក្នុងព្រៃក្ដី នៅក្នុងម្លប់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី តែងអង្គុយពែនភ្នែន តម្រង់កាយឲ្យត្រង់ហើយ តាំងស្មារតីឲ្យឆ្ពោះមុខទៅកាន់កម្មដ្ឋាន ភិក្ខុនោះ លះបង់អភិជ្ឈាក្នុងលោក ក៏មានចិត្តប្រាសចាកអភិជ្ឈា ធ្វើចិត្តឲ្យបរិសុទ្ធចាកអភិជ្ឈា។ លះបង់នូវការប្រទូស្ត គឺព្យាបាទ ជាអ្នកមិនមានចិត្តព្យាបាទ ជាអ្នកអនុគ្រោះដោយប្រយោជន៍ ដល់សត្វទាំងពួង ធ្វើចិត្តឲ្យស្អាត ចាកការប្រទូស្ដ គឺព្យាបាទ។ លះបង់ថីនមិទ្ធ ជាអ្នកប្រាសចាកថីនមិទ្ធ មានសេចក្ដីសំគាល់នូវពន្លឺ មានស្មារតី ជាអ្នកដឹងខ្លួន ធ្វើចិត្តឲ្យស្អាត ចាកថីនមិទ្ធ។ លះបង់ឧទ្ធច្ចកុក្កុច្ចៈ ជាអ្នកមានចិត្តមិនរវើរវាយ មានចិត្តស្ងប់រម្ងាប់ខាងក្នុងសន្តាន ធ្វើចិត្តឲ្យស្អាតចាកឧទ្ធច្ចកុក្កុច្ចៈ។ លះបង់វិចិកិច្ឆា ជាអ្នកឆ្លងផុតវិចិកិច្ឆា មិនមានសេចក្ដីងឿងឆ្ងល់ ក្នុងកុសលធម៌ទាំងឡាយ ហើយធ្វើចិត្តឲ្យស្អាត ចាកវិចិកិច្ឆា។ ភិក្ខុនោះ លុះលះបង់នូវនីវរណៈទាំង ៥ ប្រការ ដែលជាឧបក្កិលេសនៃចិត្ត ជាធម៌ធ្វើប្រាជ្ញា ឲ្យមានកំឡាំងថយនេះហើយ ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈដែលកើតអំពីសេចក្ដីស្ងប់ស្ងាត់ ភិក្ខុនោះ រមែងមានចិត្តត្រេកអរ កំចាត់បង់នូវសេចក្ដីស្កៀបរមាស់។ ព្រោះរម្ងាប់បង់នូវវិតក្កៈ និងវិចារៈ។បេ។ ក៏បានដល់ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ភិក្ខុនោះ រមែងមានចិត្តត្រេកអរ កំចាត់បង់នូវសេចក្ដីស្កៀបរមាស់ចេញ។ ព្រោះកន្លងបង់នូវរូបសញ្ញា ព្រោះរលត់បដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ក៏បានដល់អាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត ភិក្ខុនោះ រមែងមានចិត្តត្រេកអរ កំចាត់បង់នូវសេចក្ដីស្កៀបរមាស់។ ព្រោះកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់វិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត។បេ។ ព្រោះកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន ព្រោះកន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នេវសញ្ញានាសញ្ញាយតនជ្ឈាន ព្រោះកន្លងបង់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់សញ្ញាវេទយិតនិរោធ អាសវៈទាំងឡាយ របស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះយល់ឃើញដោយប្រាជ្ញា ភិក្ខុនោះ រមែងមានចិត្តត្រេកអរ កំចាត់បង់នូវសេចក្ដីស្កៀបរមាស់បាន។

 

លេខយោង

km/tipitaka/sut/an/09/sut.an.09.040.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann