km:tipitaka:sut:an:09:sut.an.09.041

តបុស្សសូត្រ ទី១០

សង្ខេប

ពាក្យ​ថា បុព្វជា ជា​ទំនាស់​នឹង​ជន​ច្រើនគ្នា ដំណើរ​នោះ តបុស្ស​គហបតី បាន​ទួល​សួរ​ព្រះអានន្ទ ត្រូវ​បាន​ចូល​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ តាម​លំដាប់…

an 09.041 បាលី cs-km: sut.an.09.041 អដ្ឋកថា: sut.an.09.041_att PTS: ?

តបុស្សសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១០. តបុស្សសុត្តំ)

[៤១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឧរុវេលកប្បនិគមរបស់ពួកមល្លជន ក្នុងដែនមល្លៈ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្ដេចចូលទៅកាន់ឧរុវេលកប្បនិគម ដើម្បីបិណ្ឌបាត។ លុះសេ្តចទៅបិណ្ឌបាត ក្នុងឧរុវេលកប្បនិគមហើយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលខាងក្រោយភត្តវិញ បានត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរនៅក្នុងទីនេះសិន ទំរាំតថាគតចូលទៅកាន់មហាវន (ព្រៃធំ) ដើម្បីសម្រាកក្នុងវេលាថ្ងៃ។ ព្រះអានន្ទដ៏មានអាយុ បានទទួលស្ដាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្ដេចចូលទៅកាន់មហាវន ហើយគង់សម្រាកក្នុង វេលាថ្ងៃ ក្នុងម្លប់ឈើមួយ។

លំដាប់នោះ តបុស្សគហបតី បានចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះតបុស្សគហបតី អង្គុយក្នុងទីសមគួរហើយ បានទូលសួរព្រះអានន្ទដ៏មានអាយុដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគ្រឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម បពិត្រលោកម្ចាស់ដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគ្រឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម យល់ឃើញប្រាកដថា ដូចជាជ្រោះធំ បពិត្រលោកម្ចាស់ដ៏ចំរើន យើងខ្ញុំបានឮថា ពួកភិក្ខុកម្លោះ ៗ ក្នុងធម្មវិន័យនេះ ដែលយល់ឃើញថា នេក្ខម្មៈ គឺបព្វជ្ជានុ៎ះ ជាធម្មជាតស្ងប់ដូច្នេះ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងនេក្ខម្មៈ គឺបព្វជ្ជា បពិត្រលោកដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា ដែលជារបស់ពួកភិក្ខុក្នុងធម្មវិន័យនេះ ជាទំនាស់នឹងជន (ជាគ្រហស្ថ) ច្រើនគ្នា។ ព្រះអានន្ទដ៏មានអាយុតបថា ម្នាលគហបតី នេះពាក្យជាប្រធាន ដែលនាំឲ្យជួបព្រះដ៏មានព្រះភាគ ម្នាលគហបតី យើងមកទៅ យើងនឹងចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ នឹងក្រាបទូលរឿងនុ៎ះ ដល់ព្រះដ៏មានព្រះភាគ បើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករដល់យើងយ៉ាងណា យើងនឹងធ្វើតាមយ៉ាងនោះ។ ឯតបុស្សគហបតី ទទួលស្តាប់ព្រះអានន្ទដ៏មានអាយុថា ព្រះករុណា លោកម្ចាស់ដ៏ចំរើន។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ ជាមួយនឹងតបុស្សគហបតី លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់នៅក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន តបុស្សគហបតីនេះ បាននិយាយនឹងខ្ញុំព្រះអង្គយ៉ាងនេះថា បពិត្រព្រះអានន្ទដ៏ចំរើន យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម បពិត្រលោកម្ចាស់ដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគ្រឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម យល់ឃើញប្រាកដថា ដូចជាជ្រោះធំ បពិត្រលោកម្ចាស់ដ៏ចំរើន យើងខ្ញុំបានឮថា ពួកភិក្ខុកម្លោះ ៗ ក្នុងធម្មវិន័យនេះ ដែលយល់ឃើញថា នេក្ខម្មៈ គឺបព្វជ្ជានុ៎ះ ជាធម្មជាតស្ងប់ដូច្នេះ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងនេក្ខម្មៈ គឺបព្វជ្ជា បពិត្រលោកម្ចាស់ដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា ដែលជារបស់ពួកភិក្ខុ ក្នុងធម្មវិន័យនេះ ជាទំនាស់នឹងជន (ជាគ្រហស្ថ) ច្រើនគ្នាណាស់។

ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ដំណើរនោះ យ៉ាងនេះឯង ម្នាលអានន្ទ ដំណើរនោះ យ៉ាងនេះឯង ម្នាលអានន្ទ សូម្បីតថាគត កាលនៅជាពោធិសត្វ មិនទាន់ត្រាស់ដឹង ក្នុងកាលមុន អំពីកាលជាទីត្រាស់ដឹងនៅឡើយ គង់មានសេចក្ដីយល់ឃើញថា នេក្ខម្មៈ ជាគុណជាតប្រពៃ សេចក្ដីស្ងប់ស្ងាត់ ជាគុណជាតប្រពៃ ដូច្នេះដែរ។ ម្នាលអានន្ទ តែកាលតថាគតយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេក្ខម្មៈឡើយ ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេក្ខម្មៈ ម្នាលអានន្ទ តថាគតមានសេចក្ដីយល់ឃើញដូច្នេះថា ឱទោសក្នុងកាមទាំងឡាយ អញមិនទាន់ឃើញទេ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងនេក្ខម្មៈ អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថា្ល មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេក្ខម្មៈ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងកាមទាំងឡាយហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បើបានអានិសង្ស ក្នុងនេក្ខម្មៈហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនុ៎ះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថា្ល តាំងនៅ ចុះស៊ប់ ក្នុងនេក្ខម្មៈបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះ ឃើញទោស ក្នុងកាមទាំងឡាយហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បានអានិសង្ស ក្នុងនេក្ខម្មៈហើយ ក៏សេពគប់អានិសង្សនោះ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងនេក្ខម្មៈឡើង ម្នាលអានន្ទ តថាគតនោះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្ដីស្ងប់ស្ងាត់។ ម្នាលអានន្ទ កាលតថាគត ប្រព្រឹត្តនៅដោយវិហារធម៌នេះ សញ្ញា (ការសំគាល់) និងមនសិការៈ (ការធ្វើទុកក្នុងចិត្ត) ប្រកបដោយកាម ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលធ្លាប់មានសេចក្ខីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចសញ្ញា និងមនសិការៈ របស់តថាគត ប្រកបដោយកាម ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ដូច្នោះឯង។

ម្នាលអានន្ទ តថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញរម្ងាប់បង់នូវវិតក្កៈ និងវិចារៈ។បេ។ ហើយចូលកាន់ទុតិយជ្ឈាន។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអវិតក្កជ្ឈានឡើយ ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថា្ល មិនតាំងនៅ មិនចុះស៊ប់ ក្នុងអវិតក្កជ្ឈាន ម្នាលអានន្ទ តថាគត មានសេចក្ដីយល់ឃើញដូច្នេះថា ឱ ទោសក្នុងវិតក្កជ្ឈានទាំងឡាយ អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងអវិតក្កជ្ឈាន អញមិនទាន់បានទេ ទាំងអានិស្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអវិតក្កជ្ឈាន ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងវិតក្កជ្ឈានទាំងឡាយហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បើបាននូវអានិសង្ស ក្នុងអវិតក្កជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថា្ល តាំងនៅ ចុះស៊ប់ក្នុងអវិតក្កជ្ឈានបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះ ឃើញនូវទោសក្នុងវិតក្កជ្ឈានទាំងឡាយហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងអវិតក្កជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថា្ល តាំងនៅ ចុះស៊ប់ក្នុងអវិតក្កជ្ឈានឡើង ម្នាលអានន្ទ តថាគត ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ ហើយចូលកាន់ទុតិយជ្ឈាន។ ម្នាលអានន្ទ កាលតថាគត ប្រព្រឹត្តនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយវិតក្កៈ ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើងដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចសញ្ញា និងមនសិការៈរបស់តថាគត ប្រកបដោយវិតក្កៈ ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ដូច្នោះឯង។

ម្នាលអានន្ទ តថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ អញគួរជាអ្នកព្រងើយកន្តើយ ព្រោះប្រាសចាកបីតិផង ជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈផង សោយសេចក្ដីសុខ ដោយនាមកាយផង រួចចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ សរសើរថា បុគ្គលអ្នកដល់តតិយជ្ឈាន ជាអ្នកព្រងើយកន្តើយ មានស្មារតីនៅជាសុខ។ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា និប្បីតិកជ្ឈាន (ឈានមិនមានបីតិ) នុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនិប្បីតិកជ្ឈានឡើយ ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា និប្បីតិកជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនិប្បីតិកជ្ឈាន ម្នាលអានន្ទ តថាគត មានសេចក្ដីយល់ឃើញដូច្នេះថា ឱទោសក្នុងបីតិ អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងនិប្បីតិកជ្ឈាន អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា និប្បីតិកជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនិប្បីតិកជ្ឈាន ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងបីតិហើយ គប្បីធ្វើនូវការឃើញទោសនោះ ឲ្យច្រើន បានអានិសង្ស ក្នុងនិប្បីតិកជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា និប្បីតិកជ្ឈានុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងនិប្បីតិកជ្ឈានបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះ ឃើញទោសក្នុងបីតិហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បានអានិសង្ស ក្នុងនិប្បីតិកជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា និប្បីតិកជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងនិប្បីតិកជ្ឈានឡើង ម្នាលអានន្ទ តថាគតនោះឯង ព្រោះប្រាសចាកបីតិផង។បេ។ ក៏បានចូលកាន់តតិយជ្ឈាន។ ម្នាលអានន្ទ តថាគត កាលប្រព្រឹត្តនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយបីតិ ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើងដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យ ដូចសញ្ញា និងមនសិការៈរបស់តថាគត ប្រកបដោយបីតិ ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគតដូច្នោះឯង។ ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញចូលកាន់ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ មានឧបេក្ខាដ៏បរិសុទ្ធ ដោយសតិ ព្រោះលះបង់សេចក្ដីសុខផង លះបង់សេចក្ដីទុក្ខផង វិនាសសោមនស្ស និងទោមនស្សផង ក្នុងកាលមុន។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ ដូច្នេះ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខឡើយ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ ម្នាលអានន្ទ តថាគតមានសេចក្ដីយល់ឃើញដូច្នេះថា ឱទោស ក្នុងសេចក្ដីសុខក្នុងឧបេក្ខា អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា ចតុត្ថជ្ឈានដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខឡើយ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងសេចក្ដីសុខ ក្នុងឧបេក្ខាហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខបាន ម្នាលអានន្ទ លុះសម័យខាងក្រោយ តថាគតនោះឯង ឃើញទោស ក្នុងសេចក្ដីសុខក្នុងឧបេក្ខាហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បានអានិសង្ស ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខឡើយ ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ព្រោះលះបង់នូវសុខផង។បេ។ ក៏ចូលកាន់ចតុត្ថជ្ឈាន។ ម្នាលអានន្ទ កាលតថាគតប្រព្រឹត្តនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយឧបេក្ខា ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចសញ្ញា និងមនសិការៈ របស់តថាគត ប្រកបដោយឧបេក្ខា ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធ របស់តថាគត ដូច្នោះឯង។

ម្នាលអានន្ទ តថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ ព្រោះកន្លងបង់នូវរូបសញ្ញា ព្រោះរលត់បដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈានឡើយ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ហេតុអ្វី បច្ច័យអ្វី កាលអញយល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈាន ម្នាលអានន្ទ តថាគត មានសេចក្ដីយល់ឃើញ ដូច្នេះថា ឱទោសក្នុងរូបទាំងឡាយ អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្ស ក្នុងអាកាសានញ្ចាយតនជ្ឈាន អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈាន ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងរូបទាំងឡាយហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បានអានិសង្ស ក្នុងអាកាសានញ្ចាយតនជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈានបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោស ក្នុងរូបទាំងឡាយហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងអាកាសានញ្ចាយតនជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈានឡើង ម្នាលអានន្ទ តថាគតនោះឯង ព្រោះកន្លងបង់នូវរូបសញ្ញា ព្រោះរលត់បដិឃសញ្ញា ព្រោះមិនបានធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ក៏ចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត។ ម្នាលអានន្ទ កាលតថាគតនោះ ប្រព្រឹត្តនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយរូប ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើងដល់បុគ្គល ដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យ ដូចសញ្ញា និងមនសិការៈរបស់តថាគត ប្រកបដោយរូប ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ដូច្នោះឯង។

ម្នាលអានន្ទ តថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត។ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា វិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងវិញ្ញាណញ្ចាយតនជ្ឈានឡើយ ម្នាលអានន្ទ ទើបតថាគត មានសេចក្តីងឿងឆ្ងល់ថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា វិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងវិញ្ញាណញ្ចាយតនជ្ឈាន ម្នាលអានន្ទ តថាគត មានសេចក្តីយល់ឃើញថា ឱទោសក្នុងអាកាសានញ្ចាយតនជ្ឈាន អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងវិញ្ញាណញ្ចាយតនជ្ឈាន អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា វិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងវិញ្ញាណញ្ចាយតនជ្ឈាន ម្នាលអានន្ទ ទើបតថាគត មានសេចក្តីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងអាកាសានញ្ចាយតនជ្ឈានហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងវិញ្ញាណញ្ចាយតនជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា វិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងវិញ្ញាណញ្ចាយតនជ្ឈានបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោស ក្នុងអាកាសានញ្ចាយតនជ្ឈានហើយ ក៏ធ្វើនូវការឃើញទោសនោះ ឲ្យច្រើន បាននូវអានិសង្ស ក្នុងវិញ្ញាណញ្ចាយតនជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគត យល់ឃើញថាវិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងវិញ្ញាណញ្ចាយតនជ្ឈានឡើង ម្នាលអានន្ទ តថាគតនោះឯង កន្លងបង់នូវអាកាសានញ្ចាយតនជ្ឈានហើយ ចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត។ ម្នាលអានន្ទ កាលតថាគត នៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយអាកាសានញ្ចាយតនជ្ឈាន ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធ របស់តថាគត ម្នាលអានន្ទ សេចក្តីទុក្ខ គប្បីកើតឡើងដល់បុគ្គលដែលធ្លាប់មានសេចក្តីសុខ សេចក្តីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្តេចមិញ មានឧបមេយ្យ ដូចសញ្ញា និងមនសិការៈរបស់តថាគត ប្រកបដោយអាកាសានញ្ចាយតនជ្ឈាន ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធ របស់តថាគតដូច្នោះឯង។

ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអាត្មាអញ កន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈានឡើយ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន ម្នាលអានន្ទ តថាគតមានសេចក្ដីយល់ឃើញ ដូច្នេះថា ឱទោសក្នុងវិញ្ញាណញ្ចាយតនជ្ឈាន អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្ស ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងវិញ្ញាណញ្ចាយតនជ្ឈានហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងអាកិញ្ចញ្ញាយតនជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈានបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោសក្នុងវិញ្ញាណញ្ចាយតនជ្ឈានហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងអាកិញ្ចញ្ញាយតនជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននោះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈានឡើង ម្នាលអានន្ទ តថាគតនោះ កន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន។ ម្នាលអានន្ទ កាលតថាគតនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយវិញ្ញាណញ្ចាយតនជ្ឈាន ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចសញ្ញា និងមនសិការៈរបស់តថាគត ប្រកបដោយវិញ្ញាណញ្ចាយតនជ្ឈាន ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធ របស់តថាគតដូច្នោះឯង។

ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញកន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានឡើយ ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន ម្នាលអានន្ទ តថាគតមានសេចក្ដីយល់ឃើញដូច្នេះថា ឱ ទោស ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន អញមិនទាន់បាន ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញ យល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងអាកិញ្ចញ្ញាយតនជ្ឈានហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បើបានអានិសង្ស ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញ យល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោសក្នុងអាកិញ្ចញ្ញាយតនជ្ឈានហើយ ក៏ធ្វើនូវការឃើញទោសនោះ ឲ្យច្រើន បាននូវអានិសង្ស ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានឡើង ម្នាលអានន្ទ តថាគតនោះឯង កន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលអានន្ទ កាលតថាគតនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ដែលប្រកបដោយអាកិញ្ចញ្ញាយតនជ្ឈាន ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចសញ្ញា និងមនសិការៈរបស់តថាគត ដែលប្រកបដោយអាកិញ្ចញ្ញាយតនជ្ឈាន ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគតដូច្នោះឯង។

ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញកន្លងបង់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយចូលកាន់សញ្ញាវេទយិតនិរោធ។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងសញ្ញាវេទយិតនិរោធឡើយ ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងសញ្ញាវេទយិតនិរោធ ម្នាលអានន្ទ តថាគត មានសេចក្ដីយល់ឃើញដូច្នេះថា ឱទោស ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងសញ្ញាវេទយិតនិរោធ អញមិនទាន់បាន ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញ សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ក្នុងសញ្ញាវេទយិតនិរោធ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្សក្នុងសញ្ញាវេទយិតនិរោធហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងសញ្ញាវេទយិតនិរោធបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោសក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានហើយ ក៏ធ្វើនូវការឃើញទោសនោះ ឲ្យច្រើន បាននូវអានិសង្សក្នុងសញ្ញាវេទយិតនិរោធហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងសញ្ញាវេទយិតនិរោធឡើង ម្នាលអានន្ទ តថាគតនោះឯង កន្លងបង់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់សញ្ញាវេទយិតនិរោធ ឯអាសវៈទាំងឡាយ របស់តថាគត ក៏ដល់នូវការអស់រលីងទៅ ព្រោះឃើញដោយប្រាជ្ញា។

ម្នាលអានន្ទ អនុបុព្វវិហារសមាបត្តិទាំង ៩ នេះ តថាគត មិនទាន់ចូលផង មិនទាន់ចេញផង ជាអនុលោមប្បដិលោម យ៉ាងនេះបាន ដរាបណា ម្នាលអានន្ទ តថាគត ក៏មិនទាន់ហ៊ានប្ដេជ្ញាថា ជាអ្នកត្រាស់ដឹងច្បាស់ នូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ដរាបនោះឡើយ ម្នាលអានន្ទ លុះតែអនុបុព្វវិហារសមាបត្តិទាំង ៩ នេះ តថាគតចូលផង ចេញផង ជាអនុលោមប្បដិលោម យ៉ាងនេះបាន ក្នុងកាលណា ម្នាលអានន្ទ ទើបតថាគត ហ៊ានប្ដេជ្ញាថា ជាអ្នកត្រាស់ដឹងច្បាស់ នូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក្នុងកាលនោះ ឯញាណទស្សនៈ (ការដឹង និងការឃើញ) ក៏កើតឡើងដល់តថាគតថា ចេតោវិមុត្តិរបស់អញ មិនកម្រើក នេះជាតិជាទីបំផុត (របស់អញ) ភពថ្មីក្នុងកាលឥឡូវនេះ មិនមានឡើយ។

ចប់ មហាវគ្គ ទី៤។

ឧទ្ទានក្នុងមហាវគ្គនោះ គឺ

និយាយអំពីអនុបុព្វវិហារធម៌ ២ លើក ព្រះនិព្វាន ១ មេគោ ១ ឈាន ជាគំរប់ ៥ ព្រះអានន្ទ ១ លោកាយតិកព្រាហ្មណ៍ ១ សង្រ្គាមរបស់ទេវតា និងអសុរ ១ ដំរីដ៏ប្រសើរ ១ តបុស្សគហបតី ១។

 

លេខយោង

km/tipitaka/sut/an/09/sut.an.09.041.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann