ព្រះឧទាយិដ៏មានអាយុ ពោលទៅកាន់ព្រះអានន្ទដ៏មានអាយុថា៖ ការត្រាស់ដឹងនូវឱកាសក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគសំដែងហើយ តើដូចម្ដេចខ្លះ?
an 09.042 បាលី cs-km: sut.an.09.042 អដ្ឋកថា: sut.an.09.042_att PTS: ?
សម្ពាធសូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១. សម្ពាធសុត្តំ)
[៤២] សម័យមួយ ព្រះអានន្ទដ៏មានអាយុ កាលគង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ដី។ គ្រានោះ ព្រះឧទាយិដ៏មានអាយុ បានចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្ដីរីករាយជាមួយព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះឧទាយិដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បាននិយាយនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសា ទេវបុត្រឈ្មោះបញ្ចាលចណ្ឌ ពោលនូវពាក្យនេះថា
បុគ្គលណា មានបញ្ញាក្រាស់ដូចផែនដី ជ្រាបច្បាស់នូវឱកាសដែលតាំងនៅក្នុងទីចង្អៀត ជាព្រះពុទ្ធ ត្រាស់ដឹងនូវឈាន បុគ្គលនោះ ជាអ្នកប្រាជ្ញលាក់ខ្លួន និងប្រសើរផុត។
ម្នាលអាវុសា ទីចង្អៀតនោះ តើដូចម្ដេចខ្លះ។ ការត្រាស់ដឹងនូវឱកាសក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគសំដែងហើយ តើដូចម្ដេចខ្លះ។ ម្នាលអាវុសា កាមគុណ ៥ យ៉ាងនេះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងថា ទីចង្អៀត។ កាមគុណ ៥ យ៉ាង តើដូចម្ដេចខ្លះ។ គឺរូប ដែលគប្បីដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្ដីត្រេកអរ ១ សំឡេងដែលគប្បីដឹងដោយសោតៈ ១។បេ។ ក្លិនដែលគប្បីដឹងដោយច្រមុះ ១ រសដែលគប្បីដឹងដោយ អណ្ដាត ១ ផ្សព្វដែលគប្បីដឹងច្បាស់ដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្ដីត្រេកអរ ១។ ម្នាលអាវុសោ កាមគុណ ៥ យ៉ាងនេះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងថា ទីចង្អៀត។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់នូវបឋមជ្ឈាន ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាសក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគត្រាស់សំដែងហើយ ដោយបរិយាយ មានប្រមាណប៉ុណ្ណេះឯង។ ទីចង្អៀតតែងមានក្នុងបឋមជ្ឈាននោះ ទីចង្អៀតក្នុងបឋមជ្ឈាននោះ តើដូចម្ដេច។ កាលណា បើវិតក្កៈ និងវិចារៈ ក្នុងបឋមជ្ឈាននោះ មិនទាន់រលត់ទៅទេ កាលនោះ វិតក្កៈ និងវិចារៈនេះ ឈ្មោះថាជាទីចង្អៀត ក្នុងបឋមជ្ឈាននុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុព្រោះស្ងប់រម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ បានដល់នូវទុតិយជ្ឈាន ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាស ក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគ សំដែងហើយ ដោយបរិយាយ មានប្រមាណប៉ុណ្ណេះឯង។ ទីចង្អៀតតែងមានក្នុងទុតិយជ្ឈាននោះ ទីចង្អៀតក្នុងទុតិយជ្ឈាននោះ តើដូចម្ដេច។ កាលណា បើបីតិ ក្នុងទុតិយជ្ឈាននោះ មិនទាន់រលត់ទៅទេ កាលនោះ ភាពមិនរលត់ទៅនៃបីតិនេះ ឈ្មោះថាទីចង្អៀត ក្នុងទុតិយជ្ឈាននុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុ ព្រោះប្រាសចាកបីតិផង។បេ។ បានដល់នូវតតិយជ្ឈាន ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាស ក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សំដែងហើយ ដោយបរិយាយ ត្រឹមប៉ុណ្ណេះឯង។ ទីចង្អៀត តែងមានក្នុងតតិយជ្ឈាននោះ ទីចង្អៀតក្នុងតតិយជ្ឈាននោះ តើដូចម្ដេច។ កាលណា បើឧបេក្ខា និងសុខៈ ក្នុងតតិយជ្ឈាននោះ មិនទាន់រលត់ទៅទេ កាលនោះ ភាពមិនរលត់ទៅនៃឧបេក្ខា និងសុខៈនេះ ឈ្មោះថា ទីចង្អៀត ក្នុងតតិយជ្ឈាននុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុព្រោះលះបង់នូវសេចក្ដីសុខផង។បេ។ បានដល់នូវចតុត្ថជ្ឈាន ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាស ក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយបរិយាយត្រឹមប៉ុណ្ណេះឯង។ ទីចង្អៀត រមែងមានក្នុងចតុត្ថជ្ឈាននោះ ទីចង្អៀតក្នុងចតុត្ថជ្ឈាននោះ តើដូចម្ដេច។ កាលណា បើរូបសញ្ញា ក្នុងចតុត្ថជ្ឈាននោះ មិនទាន់រលត់ទៅទេ កាលនោះ ភាពមិនរលត់ទៅនៃរូបសញ្ញានេះ ឈ្មោះថា ទីចង្អៀត ក្នុងចតុត្ថជ្ឈាននុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ ព្រោះកន្លងនូវរូបសញ្ញា ព្រោះរលត់នូវបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាស ក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយបរិយាយត្រឹមប៉ុណ្ណេះឯង។ ទីចង្អៀត រមែងមានក្នុងអាកាសានញ្ចាយតនជ្ឈាននោះ ទីចង្អៀត ក្នុងអាកាសានញ្ចាយតនជ្ឈាននោះ តើដូចម្ដេច។ កាលណាបើអាកាសានញ្ចាយតនសញ្ញា ក្នុងអាកាសានញ្ចាយតនជ្ឈាននោះ មិនទាន់រលត់ទៅទេ កាលនោះ ភាពមិនរលត់ទៅនៃអាកាសានញ្ចាយតនសញ្ញានេះ ឈ្មោះថា ទីចង្អៀត ក្នុងអាកាសានញ្ចាយតនជ្ឈាននុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាស ក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយបរិយាយត្រឹមប៉ុណ្ណេះឯង។ ទីចង្អៀត រមែងមានក្នុងវិញ្ញាណញ្ចាយតនជ្ឈាននោះ ទីចង្អៀតក្នុងវិញ្ញាណញ្ចាយតនជ្ឈាននោះ តើដូចម្ដេច។ កាលណា បើវិញ្ញាណញ្ចាយតនសញ្ញា ក្នុងវិញ្ញាណញ្ចាយតនជ្ឈាននោះ មិនទាន់រលត់ទៅទេ កាលនោះ ភាពមិនរលត់ទៅនៃវិញ្ញាណញ្ចាយតនសញ្ញានេះ ឈ្មោះថា ទីចង្អៀត ក្នុងវិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វត្ថុតិចតួចមិនមានដូច្នេះ ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាសក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយបរិយាយត្រឹមប៉ុណ្ណេះឯង។ ទីចង្អៀត រមែងមានក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះ ទីចង្អៀតក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះ តើដូចម្ដេច។ កាលណាបើអាកិញ្ចញ្ញាយតនសញ្ញា ក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះ មិនទាន់រលត់ទៅទេ កាលនោះ ភាពមិនរលត់ទៅនៃអាកិញ្ចញ្ញាយតនសញ្ញានេះ ឈ្មោះថា ទីចង្អៀត ក្នុងអាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាសក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សំដែងហើយ ដោយបរិយាយត្រឹមប៉ុណ្ណេះឯង។ ទីចង្អៀត រមែងមានក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាននោះ ទីចង្អៀត ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាននោះ តើដូចម្ដេច។ កាលណាបើនេវសញ្ញានាសញ្ញាយតនសញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាននោះ មិនទាន់រលត់ទៅទេ កាលនោះ ភាពមិនរលត់ទៅនៃនេវសញ្ញានាសញ្ញាយតនសញ្ញានេះ ឈ្មោះថាទីចង្អៀត ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវសញ្ញាវេទយិតនិរោធ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង អាសវៈទាំងឡាយរបស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះឃើញដោយបញ្ញា ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាសក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយនិប្បរិយាយ ត្រឹមប៉ុណ្ណេះឯង។