km:tipitaka:sut:an:09:sut.an.09.v01

សម្ពោធវគ្គ ទី១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 09.v01 បាលី cs-km: sut.an.09.v01 អដ្ឋកថា: sut.an.09.v01_att PTS: ?

សម្ពោធវគ្គ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. សម្ពោធិវគ្គោ)

(សម្ពោធិសូត្រ ទី១)

(១. សម្ពោធិសុត្តំ)

[១] ខ្ញុំបានសា្តប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ប្រសិនបើពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ហេតុនៃសេចក្តីចំរើន នូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បើពួកអន្យតិរ្ថិយសួរយ៉ាងនេះហើយ អ្នកទាំងឡាយ គប្បីដោះស្រាយដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយរបស់យើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគជាមូល។បេ។ ពួកភិក្ខុបានស្តាប់ចំពោះព្រះដ៏មានព្រះភាគហើយ ក៏នឹងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរចាំស្តាប់ ចូរធើ្វទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ប្រសិនបើពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ហេតុនៃសេចក្តីចំរើន នូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ កាលបើពួកអន្យតិរ្ថិយសួរយ៉ាងនេះ អ្នកទាំងឡាយ គប្បីដោះស្រាយដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ។ ម្នាលអាវុសោទាំងឡាយ នេះជាហេតុនៃសេចក្តីចំរើននូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង ទី១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញនូវភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ នេះជាហេតុនៃសេចក្តីចំរើន នូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង ទី២។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវកថាមានសភាពយ៉ាងនេះ ដែលជាកថាផូរផង់ ជាទីសប្បាយទូលាយចិត្ត គឺអប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា។ ម្នាលអាវុសោទាំងឡាយ នេះជាហេតុនៃសេចក្តីចំរើន នូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង ទី៣។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីលះបង់នូវពួកអកុសលធម៌ចេញ ដើម្បីញុំាងពួកកុសលធម៌ឲ្យកើតឡើង ជាអ្នកមានកម្លាំង មានសេចក្តីប្រឹងប្រែងខ្ជាប់ខ្ជួន មិនដាក់ធុរៈចោល ក្នុងធម៌ទាំងឡាយជាកុសល។ ម្នាលអាវុសោទាំងឡាយ នេះជាហេតុនៃសេចក្តីចំរើន នូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង ទី៤។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ដែលអាចកំណត់ នូវការកើតឡើង និងការវិនាសទៅ (នៃខន្ធបព្ចាកៈ) ជាគ្រឿងទំលាយនូវកិលេសដ៏ប្រសើរ ជាធម្មជាតិដល់នូវកិរិយាអស់ទៅនៃទុក្ខដោយប្រពៃ។ ម្នាលអាវុសោទាំងឡាយ នេះជាហេតុនៃសេចក្តីចំរើន នូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង ទី៥។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដ ដល់ភិក្ខុអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដ ដល់ភិក្ខុអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវកថា មានសភាពយ៉ាងនេះ ដែលជាកថាផូរផង់ ជាទីសប្បាយ ទូលាយចិត្ត គឺអប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដ ដល់ភិក្ខុអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នកប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីលះបង់នូវពួកអកុសលធម៌ចេញ ដើម្បីញុំាងពួកកុសលធម៌ឲ្យកើតឡើង ជាអ្នកមានកម្លាំង មានសេចក្តីប្រឹងប្រែងខ្ជាប់ខ្ជួន មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងកើតប្រាកដ ដល់ភិក្ខុ អ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ដែលអាចកំណត់នូវការកើតឡើង និងការវិនាសទៅ (នៃខន្ធបញ្ចកៈ) ជាគ្រឿងទំលាយនូវកិលេសដ៏ប្រសើរ ជាធម្មជាតិដល់នូវកិរិយាអស់ទៅនៃទុក្ខ ដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុនោះ តាំងនៅក្នុងធម៌ទាំង ៥ នេះ ហើយគប្បីចំរើននូវធម៌ ៤ យ៉ាងតទៅទៀត គឺ ចំរើនអសុភ ដើម្បីលះរាគៈ ចំរើនមេត្តា ដើម្បីលះព្យាបាទ ចំរើនអានាបានស្សតិ ដើម្បីផ្តាច់ផ្តិលនូវវិតក្កៈ ចំរើនអនិច្ចសញ្ញា ដើម្បីដកចោលនូវអស្មិមានៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសំគាល់ថា មិនមែនខ្លួន រមែងប្រាកដដល់ភិក្ខុអ្នកមានសេចក្តីសំគាល់ថាមិនទៀង ភិក្ខុអ្នកមានសេចក្តីសំគាល់ថា មិនមែនខ្លួន រមែងដល់នូវព្រះនិព្វាន ជាគ្រឿងដកចោលនូវអស្មិមានៈ ក្នុងបច្ចុប្បន្ន។

(និស្សយសូត្រ ទី២)

(២. និស្សយសុត្តំ)

[២] គ្រានោះ ភិក្ខុ ១ រូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន គេតែងនិយាយថា ភិក្ខុ អ្នកបរិបូណ៌ដោយនិស្ស័យ (ទីពឹង) អ្នកបរិបូណ៌ដោយនិស្ស័យ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុអ្នកបរិបូណ៌ដោយនិស្ស័យ តើដោយហេតុដូចម្តេច។ ម្នាលភិក្ខុ បើភិក្ខុ អាស្រ័យសទ្ធាហើយ លះបង់នូវអកុសល ចំរើននូវកុសលបាន អកុសលនោះ ឈ្មោះថា ភិក្ខុនោះបានលះបង់ហើយ។ បើភិក្ខុអាស្រ័យហិរិ បើភិក្ខុអាស្រ័យឱត្តប្បៈ បើភិក្ខុអាស្រ័យ វីរិយៈ បើភិក្ខុអាស្រ័យបញ្ញា ហើយលះបង់នូវអកុសល ចំរើននូវកុសលបាន អកុសលនោះ ឈ្មោះថាភិក្ខុនោះ បានលះបង់ហើយ ព្រោះថា អកុសលដែលភិក្ខុណាឃើញដោយបញ្ញាដ៏ប្រសើរ ហើយលះ អកុសលនោះ ឈ្មោះថាភិក្ខុនោះលះហើយ លះស្រឡះហើយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុនោះ តាំងនៅក្នុងធម៌ទាំង ៥ នេះហើយ ត្រូវប្រកបដោយឧបនិស្ស័យ ៤ យ៉ាង។ ឧបនិស្ស័យ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាហើយ ទើបសេពនូវវត្ថុដែលគួរសេព ១ ពិចារណាហើយ ទើបអត់សង្កត់នូវវត្ថុដែលគួរអត់សង្កត់ ១ ពិចារណាហើយ ទើបវៀរនូវវត្ថុដែលគួរវៀរ ១ ពិចារណាហើយ ទើបបន្ទោបង់ចោលនូវវត្ថុដែលគួរបន្ទោបង់ចោល ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ដោយនិស្ស័យ យ៉ាងនេះឯង។

(មេឃិយសូត្រ ទី៣)

(៣. មេឃិយសុត្តំ)

[៣] សម័យមួយ ព្រះដ៏មានព្រះភាគ គង់លើភ្នំចាលិកា ទៀបក្រុងចាលិកា។ សម័យនោះឯង ព្រះមេឃិយៈដ៏មានអាយុ ជាឧបដ្ឋាកព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះមេឃិយៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះព្រះមេឃិយៈដ៏មានអាយុ ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គប្រាថ្នានឹងចូលទៅកាន់ជន្តុគ្រាម ដើម្បីបិណ្ឌបាត។ ម្នាលមេឃិយៈ អ្នកចូរសំគាល់នូវកាលដែលគួរនឹងទៅ ក្នុងកាលឥឡូវនេះចុះ។ គ្រានោះ មេឃិយៈដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ជន្តុគ្រាម ដើម្បីបិណ្ឌបាត លុះត្រេចទៅបិណ្ឌបាត ក្នុងជន្តុគ្រាមហើយ ក៏ត្រឡប់អំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្ត ក៏ចូលទៅរកឆ្នេរស្ទឹងកិមិកាឡា។ ព្រះមេឃិយៈដ៏មានអាយុ កំពុងចង្រ្កមតាមលំដាប់ ត្រេចទៅតាមលំដាប់ ដើម្បីសម្រាកស្មង ទៀបឆ្នេរសឹ្ទងកិមិកាឡា បានឃីញព្រៃស្វាយ ជាទីជ្រះថ្លា ជាទីត្រេកអរ លុះឃើញហើយ លោកក៏មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ ព្រៃស្វាយនេះ ជាទីជ្រះថ្លា ជាទីត្រេកអរឱហ្ន៎ ព្រៃស្វាយនេះ គួរដល់ការតាំងព្យាយាមរបស់កុលបុត្ត អ្នកត្រូវការដោយការតាំងព្យាយាម ប្រសិនបើព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យអាត្មាអញ អាត្មាអញនឹងមកកាន់ព្រៃស្វាយនេះ ដើម្បីតាំងសេចក្តីព្យាយាម។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុចូល ទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះមេឃិយៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ជន្តុគ្រាម ដើម្បីបិណ្ឌបាត លុះត្រេចទៅបិណ្ឌបាត ក្នុងជន្តុគ្រាមហើយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្ត រួចក៏ចូលទៅរកឆ្នេរស្ទឹងកិមិកាឡា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ កំពុងដើរចង្រ្កមតាមលំដាប់ ត្រេចទៅតាមលំដាប់ ដើម្បីសម្រាកស្មង ទៀបឆ្នេរស្ទឹងកិមិកាឡា បានឃើញព្រៃស្វាយ ជាទីជ្រះថ្លា ជាទីត្រេកអរ លុះឃើញហើយ ខ្ញុំព្រះអង្គ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ ព្រៃស្វាយនេះ ជាទីជ្រះថ្លា ជាទីត្រេកអរ ឱហ្ន៎ ព្រៃស្វាយនេះ គួរដល់ការតាំងព្យាយាមរបស់កុលបុត្រ អ្នកត្រូវការដោយការតាំងព្យាយាម ប្រសិនបើព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យអាត្មាអញ អាត្មាអញនឹងមកកាន់ព្រៃស្វាយនេះ ដើម្បីតាំងសេចក្តីព្យាយាម។ ប្រសិនបើ ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនឹងទៅកាន់ព្រៃស្វាយនោះ ដើម្បីតាំងសេចក្តីព្យាយាម។ កាលបើព្រះមេឃិយៈដ៏មានអាយុ ពោលយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះមេឃិយៈដ៏អាយុដូច្នេះថា ម្នាលមេឃិយៈ អ្នកចូរបង្អង់សិនចុះ កុំអាល ដ្បិតតថាគត តែម្នាក់ឯង ទម្រាំមានភិក្ខុណាមួយឯទៀត មកប្រាកដសិន (សិមអ្នកទៅចុះ)។ ព្រះមេឃិយៈដ៏មានអាយុ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ជាគំរប់ ២ ដងដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កិច្ចដែលត្រូវធើ្វតទៅទៀតបន្តិចបន្តួច របស់ព្រះដ៏មានព្រះភាគ មិនមាន ការសន្សំនូវកិច្ចដែលធើ្វហើយ មិនមានទេ បពិត្រព្រះអង្គដ៏ចំរើន ចំណែកខ្ញុំព្រះអង្គ នៅមានករណីយកិច្ចតទៅទៀត នៅមានការសន្សំនូវកិច្ច ដែលធើ្វហើយ ប្រសិនបើ ព្រះ ដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនឹងទៅកាន់ព្រៃស្វាយនោះ ដើម្បីតាំងព្យាយាម។ ម្នាលមេឃិយៈ អ្នកចូរបង្អង់សិនចុះ កុំអាល ដ្បិតតថាគតតែម្នាក់ឯង ទម្រាំមានភិក្ខុណាមួយឯទៀត មកប្រាកដសិន (សិមអ្នកទៅចុះ)។ ព្រះមេឃិយៈដ៏មានអាយុ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ជាគំរប់ ៣ ដងដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ករណីយកិច្ចតទៅទៀតបន្តិចបន្តួច របស់ព្រះមានដ៏ព្រះភាគ មិនមាន ការសន្សំនូវកិច្ចដែលធើ្វហើយ មិនមាន បពិត្រព្រះអង្គដ៏ចំរើន ចំណែកខ្ញុំព្រះអង្គ នៅមានករណីយកិច្ចតទៅទៀត នៅមានការសន្សំនូវកិច្ចដែលធើ្វហើយ ប្រសិនបើ ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ គប្បីទៅកាន់ព្រៃស្វាយនោះ ដើម្បីតាំងព្យាយាម។ ម្នាលមេឃិយៈ តថាគតគប្បីនិយាយដូចម្តេចនឹងអ្នក ដែលចេះតែនិយាយថា ការតាំងព្យាយាមដូច្នេះ ម្នាលមេឃិយៈ អ្នកចូរសំគាល់នូវកាល ដែលគួរនឹងទៅក្នុងកាលឥឡូវនេះចុះ។ គ្រានោះឯង ព្រះមេឃិយៈដ៏មានអាយុ ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅរកព្រៃស្វាយនោះ លុះទៅដល់ហើយ ក៏ចូលទៅកាន់ព្រៃស្វាយនោះ អង្គុយសម្រាកក្នុងវេលាថ្ងៃ ទៀបគល់ឈើ ១ ដើម។ លំដាប់នោះ កាលព្រះមេឃិយៈដ៏មានអាយុ នៅក្នុងព្រៃស្វាយនោះ អកុសលវិតក្កៈដ៏លាមក ៣ យ៉ាង គឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ ក៏ពុះពោរឡើងរឿយ ៗ។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ ក៏មានសេចក្តីត្រិះរិះដូច្នេះថា យីអើ អស្ចារ្យណាស់ យីអើ ចំឡែកណាស់ហ្ន៎ បុគ្គលទាំងឡាយ ចេញចាកផ្ទះនោះ ចូលកាន់ផ្នួសដោយសទ្ធា ក៏នៅតែមានអកុសលវិតក្កៈដ៏លាមក ៣ ប្រការនេះ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ តាមរួបរឹតទៀត។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះមេឃិយៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុទីឯណោះ កាលខ្ញុំព្រះអង្គនៅក្នុងព្រៃស្វាយនោះ អកុសលវិតក្កៈដ៏លាមក ៣ ប្រការ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ តែងពុះពោរឡើងរឿយ ៗ បពិត្រព្រះដ៏អង្គចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះដូច្នេះថា យីអើ អស្ចារ្យណាស់ យីអើ ចំឡែកណាស់ កុលបុត្តទាំងឡាយ ចេញចាកផ្ទះនោះ ចូលកាន់ផ្នួសដោយសទ្ធាហើយ ក៏នៅតែមានអកុសលវិតក្កៈដ៏លាមក ៣ ប្រការនេះ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ តាមរួបរឹតទៀត។ ម្នាលមេឃិយៈ ធម៌ទាំងឡាយ ៥ យ៉ាង តែងប្រព្រឹត្តទៅ ដើម្បីចេតោវិមុត្តិ ដែលពុំទាន់ចាស់ក្លា ឲ្យចាស់ក្លាឡើងបាន។ ធម៌ ៥ យ៉ាង តើដូចម្លេចខ្លះ។ ម្នាលមេឃិយៈ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ។ ម្នាលមេឃិយៈ នេះជាធម៌ទី ១ តែងប្រព្រឹត្តទៅ ដើម្បីចេតោវិមុត្តិ ដែលពុំទាន់ចាស់ក្លា ឲ្យចាស់ក្លាឡើងបាន។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នកមានសីល សង្រួមហើយ ដោយការសង្រួមក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលមេឃិយៈ នេះជាធម៌ ទី ២ តែងប្រព្រឹត្តទៅ ដើម្បីចេតោវិមុត្តិ ដែលពុំទាន់ចាស់ក្លា ឲ្យចាស់ក្លាឡើងបាន។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នកបានតាមប្រាថ្នា បានមិនលំបាក បានដោយងាយ នូវកថាមានសភាពយ៉ាងនេះ ដែលជាកថាដ៏ផូរផង់ ជាទីសប្បាយទូលាយចិត្ត គឺអប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា។ ម្នាលមេឃិយៈ នេះជាធម៌ ទី៣ ប្រព្រឹត្តទៅ ដើម្បីចេតោវិមុត្តិ ដែលពុំទាន់ចាស់ក្លា ឲ្យចាស់ក្លាឡើងបាន។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នកប្រារព្ធ នូវសេចក្តីព្យាយាម ដើម្បីលះបង់នូវពួកអកុសលធម៌ចេញ ដើម្បីញុំាងពួកកុសលធម៌ ឲ្យកើតឡើង ជាអ្នកមានកម្លាំង មានសេចក្តីប្រឹងប្រែងដ៏មាំមួន មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលមេឃិយៈ នេះជាធម៌ ទី៤ តែងប្រព្រឹត្តទៅ ដើម្បីចេតោវិមុត្តិ ដែលពុំទាន់ចាស់ក្លា ឲ្យចាស់ក្លាឡើងបាន។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ដែលកំណត់នូវការកើតឡើង និងវិនាសទៅ ជាគ្រឿងទំលាយនូវកិលេសដ៏ប្រសើរ ជាធម្មជាតិដល់នូវកិរិយាអស់ទៅនៃទុក្ខដោយប្រពៃ។ ម្នាលមេឃិយៈ នេះជាធម៌ ទី៥ តែងប្រព្រឹត្តទៅ ដើម្បីចេតោវិមុត្តិ ដែលពុំទាន់ចាស់ក្លា ឲ្យចាស់ក្លាឡើងបាន។ ម្នាលមេឃិយៈ ហេតុនេះរមែងកើតប្រាកដ ដល់ភិក្ខុអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នកមានសីល។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលមេឃិយៈ ហេតុនេះរមែងកើតប្រាកដ ដល់ភិក្ខុអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវកថាមានសភាពយ៉ាងនេះ ដែលជាកថាដ៏ផូរផង់ ជាទីសប្បាយ ទូលាយចិត្ត គឺអប្បិច្ឆកថា។បេ។ វិមុត្តិញ្ញាណទស្សនកថា។ ម្នាលមេឃិយៈ ហេតុនេះ រមែងកើតប្រាកដ ដល់ភិក្ខុអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នកប្រារព្ធនូវសេចក្តីព្យាយាម។បេ។ ជាអ្នកមិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលមេឃិយៈ ហេតុនេះរមែងកើតប្រាកដ ដល់ភិក្ខុអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នកមានបញ្ញា។បេ។ ជាធម្មជាតិដល់នូវកិរិយាអស់ទៅនៃទុក្ខដោយប្រពៃ។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុនោះ តាំងនៅក្នុងធម៌ទាំង ៥ នេះហើយ គប្បីចំរើននូវធម៌ ៤ យ៉ាងតទៅ គឺចំរើនអសុភ ដើម្បីលះរាគៈ ចំរើនមេត្តា ដើម្បីលះព្យាបាទ ចំរើនអានាបានស្សតិ ដើម្បីផ្តាច់បង់នូវវិតក្កៈ ចំរើនអនិច្ចសញ្ញា ដើម្បីដកចោលនូវអស្មិមានៈ។ ម្នាលមេឃិយៈ សេចក្តីសំគាល់ថា មិនមែនខ្លួន រមែងប្រាកដ ដល់ភិក្ខុអ្នកមានសេចក្តីសំគាល់ថា មិនទៀង ភិក្ខុអ្នកមានសេចក្តីសំគាល់ថា មិនមែនខ្លួន រមែងដល់ព្រះនិព្វាន ជាគ្រឿងដកចោលនូវអស្មិមានៈ ក្នុងបច្ចុប្បន្ន។

(នន្ទកសូត្រ ទី៤)

(៤. នន្ទកសុត្តំ)

[៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះនន្ទកៈដ៏មានអាយុ បានញុំាងភិក្ខុទាំងឡាយ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ក្នុងឧបដ្ឋានសាលា។ គ្រានោះ ព្រះដ៏មានព្រះភាគ ចេញអំពីទីពួនសម្ងំ ក្នុងសាយណ្ហសម័យ ចូលទៅឧបដ្ឋានសាលា លុះស្តេចចូលទៅដល់ហើយ ក៏ប្រថាប់នៅទៀបក្លោងទ្វារខាងក្រៅ រង់ចាំចប់កថា។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា ចប់កថាហើយ ក៏គ្រហែម ហើយគោះសន្ទះទ្វារ។ ពួកភិក្ខុទាំងនោះ ក៏បើកទ្វារថ្វាយព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ស្តេចចូលទៅក្នុងឧបដ្ឋានសាលាហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ គង់ហើយ ទ្រង់ត្រាស់នឹងព្រះនន្ទកៈដ៏មានអាយុថា នែនន្ទកៈ ធម្មបរិយាយរបស់អ្នកនេះ វែងពេកណាស់ ប្រាកដដល់ភិក្ខុទាំងឡាយហើយ ប៉ុនអម្បាលតថាគត ឈរទៀបក្លោងទ្វារខាងក្រៅ រង់ចាំទំរាំតែចប់កថា ទាល់តែរោយខ្នង។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះនន្ទកៈដ៏មានអាយុ ក៏អៀនអន់ ខ្លាច បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំមិនដឹងជាព្រះដ៏មានព្រះភាគ ទ្រង់ប្រថាប់នៅទៀបក្លោងទ្វារខាងក្រៅទេ បពិត្រព្រះអង្គដ៏ចំរើន បើប្រសិនជាខ្ញុំព្រះអង្គដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់សណ្ឋិតនៅទៀបក្លោងទ្វារខាងក្រៅដូច្នេះ ខ្ញុំព្រះអង្គ ក៏មិនគប្បីសំដែងនូវពាក្យមានប្រមាណប៉ុណ្ណេះទេ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់ នូវព្រះនន្ទកៈដ៏មានអាយុ ជាអ្នកមានសភាពអៀនអន់ ហើយទ្រង់ត្រាស់នឹងព្រះនន្ទកៈដ៏មានអាយុ ដូច្នេះថា ម្នាលនន្ទកៈ ប្រពៃហើយ ៗ ម្នាលនន្ទកៈ អ្នកទាំងឡាយ គប្បីអង្គុយប្រជុំគ្នា ដោយធម្មីកថាណា ការអង្គុយប្រជុំគ្នា ដោយធម្មីកថានុ៎ះ សមគួរដល់អ្នកទាំងឡាយ ដែលជាកុលបុត្ត ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយសទ្ធាហើយ ម្នាលនន្ទកៈ អ្នកទាំងឡាយ ដែលប្រជុំគ្នាហើយ គប្បីធើ្វកិច្ចពីរយ៉ាងគឺ ធម្មីកថា ១ អរិយតុណ្ហីភាព ១។ ម្នាលនន្ទកៈ ភិក្ខុជាអ្នកមានសទ្ធា តែគ្មានសីល កាលបើយ៉ាងនេះ ភិក្ខុនោះ ឈ្មោះថាមិនពេញដោយអង្គនោះទេ ភិក្ខុនោះ ត្រូវបំពេញអង្គនោះ ដោយគិតថា អាត្មាអញ គប្បីជាអ្នកមានសទ្ធាផង មានសីលផង មិនដូច្នេះឬ។ ម្នាលនន្ទកៈ កាលណាភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង កាលបើយ៉ាងនេះ ភិក្ខុនោះ ឈ្មោះថាជាអ្នកពេញដោយអង្គនោះ ម្នាលនន្ទកៈ ភិក្ខុមានសទ្ធាផង មានសីលផង តែមិនបាននូវចេតោសមាធិខាងក្នុងសន្តាន កាលបើយ៉ាងនេះ ភិក្ខុនោះ ឈ្មោះថាមិនពេញដោយអង្គនោះទេ ភិក្ខុនោះ ត្រូវបំពេញអង្គនោះ ដោយគិតថា អាត្មាអញ គប្បីជាអ្នកមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិខាងក្នុងសន្តានផង មិនដូច្នេះឬ។ ម្នាលនន្ទកៈ កាលណាភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិខាងក្នុងសន្តានផង កាលបើយ៉ាងនេះ ភិក្ខុនោះ ឈ្មោះថាជាអ្នកពេញដោយអង្គនោះ ម្នាលនន្ទកៈ ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិ ខាងក្នុងសន្តានផង តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា កាលបើយ៉ាងនេះ ភិក្ខុនោះ ឈ្មោះថាមិនពេញដោយអង្គនោះ។ ម្នាលនន្ទកៈ ដូចសត្វជើង ២ សត្វជើង ៤ តែជើង ១ របស់សត្វនោះ ៗ ថោកថយ អន់ កាលបើយ៉ាងនេះ សត្វនោះ ឈ្មោះថា មិនពេញដោយអង្គនោះ យ៉ាងណាមិញ ម្នាលនន្ទកៈ ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិខាងក្នុងសន្តានផង តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា កាលបើយ៉ាងនេះ ភិក្ខុនោះឈ្មោះថា មិនពេញដោយអង្គនោះ ភិក្ខុនោះ ត្រូវបំពេញអង្គនោះ ដោយគិតថា អាត្មាអញ គប្បីជាអ្នកមានមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិស្សនាផង មិនដូច្នោះឬ ក៏យ៉ាងនោះដែរ។ ម្នាលនន្ទកៈ កាលណាភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង កាលបើយ៉ាងនេះ ភិក្ខុនោះឈ្មោះថា ជាអ្នកពេញដោយអង្គនោះ។ ព្រះដ៏មានព្រះភាគ ត្រាស់ពាក្យនេះចប់ហើយ លុះ ព្រះសុគត ទ្រង់ពោលពាក្យនេះហើយ ក៏ក្រោកចាកអាសនៈ ចូលទៅកាន់វិហារ។ គ្រានោះ ព្រះនន្ទកៈដ៏មានអាយុ កាលព្រះដ៏មានព្រះភាគ ចៀសចេញទៅ មិនយូរប៉ុន្មាន ក៏ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោទាំងឡាយ ឥឡូវនេះ ព្រះដ៏មានព្រះភាគ ទ្រង់ប្រកាសព្រហ្មចរិយធម៌ដ៏បរិសុទ្ធ គ្រប់ទាំងអស់ ដោយបទទាំងឡាយ ៤ ហើយទ្រង់ស្តេចក្រោកចាកអាសនៈ ចូលទៅកាន់វិហារ ត្រាស់ថា ម្នាលនន្ទកៈ ភិក្ខុជាអ្នកមានសទ្ធា តែគ្មានសីល កាលបើយ៉ាងនេះ ភិក្ខុនោះឈ្មោះថា មិនពេញដោយអង្គនោះ ភិក្ខុនោះ ត្រូវតែបំពេញអង្គនោះ ដោយគិតថា អាត្មាអញ គប្បីជាអ្នកមានសទ្ធាផង មានសីលផង មិនដូច្នោះឬ។ ម្នាលនន្ទកៈ កាលណាភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង កាលបើយ៉ាងនេះ ភិក្ខុនោះឈ្មោះថា ពេញដោយអង្គនោះ ម្នាលនន្ទកៈ ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង តែមិនបាននូវចេតោសមាធិ ខាងក្នុងសន្តាន។បេ។ បាននូវចេតោសមាធិ ខាងក្នុងសន្តានផង តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា កាលបើយ៉ាងនេះ ភិក្ខុនោះ ឈ្មោះថាមិនពេញដោយអង្គនោះ ម្នាលនន្ទកៈ ដូចសត្វជើង ២ សត្វជើង ៤ តែជើងមួយរបស់សត្វនោះ ៗ ថោកថយ អន់ កាលបើយ៉ាងនេះ សត្វនោះ ឈ្មោះថាមិនពេញដោយអង្គនោះ យ៉ាងណាមិញ ម្នាលនន្ទកៈ ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិខាងក្នុងសន្តានផង តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា កាលបើយ៉ាងនេះ ភិក្ខុនោះឈ្មោះថា មិនពេញដោយអង្គនោះ ភិក្ខុនោះ ត្រូវបំពេញអង្គនោះ ដោយគិតថា អាត្មាអញ គប្បីជាអ្នកមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង មិនដូច្នោះឬ ក៏យ៉ាងនោះដែរ។ ម្នាលនន្ទកៈ កាលណាភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង កាលបើយ៉ាងនេះ ភិក្ខុនោះ ឈ្មោះថាពេញដោយអង្គនោះ។ ម្នាលអាវុសោទាំងឡាយ អានិសង្សក្នុងការស្តាប់ធម៌ តាមកាលគួរ ក្នុងការសាកច្ឆាធម៌ តាមកាលគួរនេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ សំដែងធម៌ដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកបដោយអត្ថ ប្រកបដោយព្យព្ជានៈ ប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ម្នាលអាវុសោទាំងឡាយ ភិក្ខុសំដែងធម៌ដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកបដោយអត្ថ ប្រកបដោយព្យព្ជានៈ ប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ដោយប្រការណា ៗ ភិក្ខុនោះ ជាទីស្រឡាញ់ផង ជាទីគាប់ចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់គ្រូនោះ ៗ ដោយប្រការដូច្នោះ ៗ។ ម្នាលអាវុសោទាំងឡាយ នេះជាអានិសង្ស ទី១ ក្នុងការស្តាប់ធម៌តាមកាលគួរ ក្នុងការសាកច្ឆាធម៌ តាមកាលគួរ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុសំដែងធម៌ ដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកបដោយអត្ថ ប្រកបដោយព្យព្ជានៈ ប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ម្នាលអាវុសោទាំងឡាយ ភិក្ខុសំដែងធម៌ដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះបទដើម។បេ។ ប្រកាសនូវព្រហ្មចរិយធម៌ ដោយប្រការណា ៗ ភិក្ខុនោះ ជាអ្នកដឹងច្បាស់នូវអត្ថផង ដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះ ដោយប្រការដូច្នោះ ៗ។ ម្នាលអាវុសោទាំងឡាយ នេះជាអានិសង្ស ទី២ ក្នុងការស្តាប់ធម៌តាមកាលគួរ ក្នុងការសាកច្ឆាធម៌តាមកាលគួរ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុសំដែងធម៌ដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះ បទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជន ប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ម្នាលអាវុសោទាំងឡាយ ភិក្ខុសំដែងដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះបទដើម។បេ។ ប្រកាសនូវព្រហ្មចរិយធម៌ ដោយប្រការណា ៗ ភិក្ខុនោះ រមែងឃើញច្បាស់នូវអត្ថ និងបទដ៏ជ្រាលជ្រៅ ក្នុងធម៌នោះ ដែលខ្លួនចាក់ធ្លុះដោយបញ្ញា ដោយប្រការដូច្នោះ ៗ។ ម្នាលអាវុសោទាំងឡាយ នេះជាអានិសង្ស ទី៣ ក្នុងការស្តាប់ធម៌តាមកាលគួរ ក្នុងការសាកច្ឆាធម៌តាមកាលគួរ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុសំដែងធម៌ដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះបទដើម។បេ។ ប្រកាសនូវព្រហ្មចរិយធម៌ សព្រហ្មចារីបុគ្គលទាំងឡាយ តែងសរសើរនូវភិក្ខុនោះតទៅ ដោយប្រការដូច្នោះ ៗ ថា ភិក្ខុដ៏មានអាយុនេះ ដល់ហើយ ឬនឹងដល់ (នូវព្រះអរហត្តមិនខាន)។ ម្នាលអាវុសោទាំងឡាយ នេះជាអានិសង្ស ទី៤ ក្នុងការស្តាប់ធម៌តាមកាលគួរ ក្នុងការសាកច្ឆាធម៌តាមកាលគួរ។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ភិក្ខុសំដែងធម៌ដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកបដោយអត្ថ ប្រកបដោយព្យព្ជានៈ ប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ម្នាលអាវុសោទាំងឡាយ ភិក្ខុសំដែងធម៌ដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកបដោយអត្ថ ប្រកបដោយព្យព្ជានៈ ប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ដោយប្រការណា ៗ បណា្តភិក្ខុទាំងនោះ ពួកភិក្ខុណា ជាសេក្ខៈ មានសេចក្តីប្រាថ្នាក្នុងចិត្ត គឺអរហត្តមិនទាន់សម្រេច ប្រាថ្នានូវធម៌ក្សេម ចាកយោគៈដ៏ប្រសើរ ពួកភិក្ខុទាំងនោះ បានស្តាប់ធម៌នោះហើយ ក៏រមែងប្រារព្ធសេចក្តីព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធើ្វឲ្យជាក់ច្បាស់នូវធម៌ ដែលខ្លួនមិនទាន់ធើ្វឲ្យជាក់ច្បាស់ មួយទៀត បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុណា ជាអរហន្តខីណាស្រព ប្រព្រឹត្តព្រហ្មចរិយធម៌ចប់ហើយ មានសោឡសកិច្ចធើ្វស្រេចហើយ មានភារៈដាក់ចុះហើយ បានសម្រេចប្រយោជន៍របស់ខ្លួនដោយលំដាប់ហើយ មានធម៌ជាគ្រឿងប្រកបសត្វ ក្នុងភពអស់ហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ ភិក្ខុទាំងនោះ បានស្តាប់ធម៌នោះហើយ រមែងប្រកបរឿយ ៗ នូវធម៌ជាគ្រឿងនៅជាសុខ ក្នុងបច្ចុច្បន្ន។ ម្នាលអាវុសោទាំងឡាយ នេះជាអានិសង្ស ទី៥ ក្នុងការស្តាប់ធម៌តាមកាលគួរ ក្នុងការសាកច្ឆាធម៌តាមកាលគួរ។ ម្នាលអាវុសោទាំងឡាយ នេះជាអានិសង្ស ៥ ប្រការ ក្នុងការស្តាប់ធម៌តាមកាលគួរ ក្នុងការសាកច្ឆាធម៌តាមកាលគួរ។

(ពលសូត្រ ទី៥)

(៥. ពលសុត្តំ)

[៥] ម្នាលភិក្ខុទាំងឡាយ ពលៈនេះ មាន ៤ យ៉ាង។ ពលៈ ៤ យ៉ាង តើដូចម្តេច។ គឺ បញ្ញាពលៈ ១ វីរិយពលៈ ១ អនវជ្ជពលៈ ១ សង្គហពលៈ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបញ្ញាពលៈ តើដូចម្តេច។ ធម៌ទាំងឡាយណា ជាកុសល រាប់ថាជាកុសល ធម៌ទាំងឡាយណា ជាអកុសល រាប់ថាជាអកុសល ធម៌ទាំងឡាយណា មានទោស រាប់ថាមានទោស ធម៌ទាំងឡាយណា មិនមានទោស រាប់ថាមិនមានទោស ធម៌ទាំងឡាយណា ជាធម៌ខ្មៅ រាប់ថាជាធម៌ខ្មៅ ធម៌ទាំងឡាយណា ជាធម៌ស រាប់ថាជាធម៌ស ធម៌ទាំងឡាយណា មិនគួរសេព រាប់ថាជាធម៌មិនគួរសេព ធម៌ទាំងឡាយណា គួរសេព រាប់ថាជាធម៌គួរសេព ធម៌ទាំងឡាយណា មិនគួរដល់ព្រះអរិយៈ រាប់ថាជាធម៌មិនគួរដល់ព្រះអរិយៈ ធម៌ទាំងឡាយណា គួរដល់ព្រះអរិយៈ រាប់ថាជាធម៌គួរដល់ព្រះអរិយៈ ធម៌ទាំងនោះ បុគ្គលឃើញច្បាស់ ស្ទង់ចុះ ដោយបញ្ញាតាមពិត ម្នាលភិក្ខុទាំងឡាយ នេះហៅថា បញ្ញាពលៈ។ ម្នាលភិក្ខុទាំងឡាយ ចុះវីរិយពលៈ តើដូចម្តេច។ ធម៌ទាំងឡាយណា ជាអកុសល រាប់ថាជាអកុសល ធម៌ទាំងឡាយណា មានទោស រាប់ថាជាធម៌មានទោស ធម៌ទាំងឡាយណា ជាធម៌ខ្មៅ រាប់ថាជាធម៌ខ្មៅ ធម៌ទាំងឡាយណា មិនគួរសេព រាប់ថាជាធម៌មិនគួរសេព ធម៌ទាំងឡាយណា មិនគួរដល់ព្រះអរិយៈ រាប់ថាជាធម៌មិនគួរដល់ព្រះអរិយៈ បុគ្គលក៏បានញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត ដំកល់ចិត្ត ដើម្បីលះបង់នូវធម៌ទាំងនោះ។ ធម៌ទាំងឡាយណា ជាកុសល រាប់ថាជាកុសល ធម៌ទាំងឡាយណា មិនមានទោស រាប់ថាជាធម៌មិនមានទោស ធម៌ទាំងឡាយណា ជាធម៌ស រាប់ថាជាធម៌ស ធម៌ទាំងឡាយណា គួរសេព រាប់ថាជាធម៌គួរសេព ធម៌ទាំងឡាយណា គួរដល់ព្រះអរិយៈ រាប់ថាជាធម៌គួរដល់ព្រះអរិយៈ បុគ្គលក៏បានញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត ដំកល់ចិត្ត ដើម្បីឲ្យបាននូវធម៌ទាំងនោះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វីរិយពលៈ។ ម្នាលភិក្ខុទាំងឡាយ ចុះអនវជ្ជពលៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកក្នុងសាសនានេះ ជាអ្នកប្រកបដោយកាយកម្មមិនមានទោស ប្រកបដោយវចីកម្មមិនមានទោស ប្រកបដោយមនោកម្មមិនមានទោស ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនវជ្ជពលៈ។ ម្នាលភិក្ខុទាំងឡាយ ចុះសង្គហពលៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សង្គហវត្ថុនេះមាន ៤ យ៉ាង គឺការឲ្យទាន ១ ការពោលពាក្យជាទីស្រលាញ់ ១ ការប្រព្រឹត្តិអំពើឲ្យជាប្រយោជន៍ ១ ភាពជាអ្នកតាំងខ្លួនសើ្ម ១ ម្នាលភិក្ខុទាំងឡាយ បណ្តាទានទាំងឡាយ ទានដែលប្រសើរបំផុតនុ៎ះ គឺធម្មទាន ម្នាលភិក្ខុទាំងឡាយ បណ្តាការពោលពាក្យជាទីស្រឡាញ់ទាំងឡាយ ការពោលពាក្យជាទីស្រឡាញ់ដ៏ប្រសើរបំផុតនុ៎ះ គឺធម្មកថិកសំដែងធម៌រឿយ ៗ ដល់អ្នកត្រូវការស្តាប់ អ្នកផ្ទៀងត្រចៀកស្តាប់ ម្នាលភិក្ខុទាំងឡាយ បណ្តាការប្រព្រឹត្តិអំពើឲ្យជាប្រយោជន៍ទាំងឡាយ ការប្រព្រឹត្តិអំពើឲ្យជាប្រយោជន៍ដ៏ប្រសើរនុ៎ះ គឺបុគ្គលអ្នកញុំាងជនមិនមានសទ្ធា ឲ្យកាន់យក ឲ្យតាំងនៅ ឲ្យដំកល់ស៊ប់ ក្នុងសទ្ធាសម្បទា ញុំាងជនទ្រុស្តសីល ឲ្យកាន់យក ឲ្យតាំងនៅ ឲ្យដំកល់ស៊ប់ ក្នុងសីលសម្បទា ញុំាងជនអ្នកមានសេចក្តីកំណាញ់ ឲ្យកាន់យក ឲ្យតាំងនៅ ឲ្យដំកល់ស៊ប់ ក្នុងចាគសម្បទា ញុំាងជនអ្នកមិនមានបញ្ញា ឲ្យកាន់យក ឲ្យតាំងនៅ ឲ្យដំកល់ស៊ប់ ក្នុងបញ្ញាសម្បទា ម្នាលភិក្ខុទាំងឡាយ បណ្តាភាពជាអ្នកតាំងខ្លួនសើ្មទាំងឡាយ ភាពជាអ្នកតាំងខ្លួនសើ្មដ៏ប្រសើរនុ៎ះ គឺសោតាបន្នបុគ្គល មានខ្លួនសើ្មនឹងសោតាបន្នបុគ្គល សកទាគាមិបុគ្គល មានខ្លួនសើ្មនឹងសកទាគាមិបុគ្គល អនាគាមិបុគ្គល មានខ្លួនសើ្មនឹងអនាគាមិបុគ្គល អរហន្ត មានខ្លួនស្មើនឹងអរហន្ត ម្នាលភិក្ខុទាំងឡាយ នេះហៅថា សង្គហពលៈ។ ម្នាលភិក្ខុទាំងឡាយ ពលៈមាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ប្រកបដោយពលៈ ៤ យ៉ាងនេះហើយ រមែងជាអ្នកឆ្លងផុតភ័យ ៥ យ៉ាង។ ភ័យ ៥ យ៉ាង តើដូចម្តេច។ គឺ អាជីវិតភយៈ (ភ័យអំពីការចិញ្ចឹមជីវិត) ១ អសិលោកភយៈ (ភ័យអំពីការមិនសរសើរ) ១ បរិសំសារជ្ជភយៈ (ភ័យអំពីការកោតញញើតក្នុងបរិសទ្យ) ១ មរណភយៈ (ភ័យអំពីសេចក្តីស្លាប់) ១ ទុគ្គតិភយៈ (ភ័យអំពីទុគ្គតិ) ១។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកនោះ ពិចារណាដូច្នេះថា អាត្មាអញមិនខ្លាច ចំពោះអាជីវិតភ័យ អាត្មាអញនឹងខ្លាចអាជីវិត ភ័យដូចម្តេច បើពលៈទាំង ៤ គឺបញ្ញាពលៈ វីរិយពលៈ អនវជ្ជពលៈ សង្គហពលៈ របស់អាត្មាអញ មានស្រេចហើយ។ ឯបុគ្គលគ្មានប្រាជ្ញា គប្បីខ្លាចអាជីវិតភ័យ បុគ្គលខ្ជិល គប្បីខ្លាចអាជីវិតភ័យ គប្បីខ្លាចអាជីវិតភ័យ ដោយកាយកម្ម វចីកម្ម មនោកម្ម ដែលមានទោស បុគ្គលជាអ្នកមិនសង្រ្គោះ គប្បីខ្លាចអាជីវិតភ័យ អាត្មាអញ មិនខ្លាចអសិលោកភ័យទេ។បេ។ អាត្មាអញមិនខ្លាចបរិសំសារជ្ជភ័យទេ អាត្មាអញ មិនខ្លាចមរណភ័យទេ អាត្មាអញមិនខ្លាចទុគ្គតិភ័យទេ អាត្មាអញនឹងខ្លាចទុគ្គតិភ័យដូចម្តេច បើពលៈ ទាំង ៤ គឺ បញ្ញាពលៈ វីរិយពលៈ អនវជ្ជពលៈ សង្គហពលៈ របស់អាត្មាអញ មានស្រេចហើយ។ ឯបុគ្គលគ្មានប្រាជ្ញា គប្បីខ្លាចទុគ្គតិភ័យ បុគ្គលខ្ជិល គប្បីខ្លាចទុគ្គតិភ័យ គប្បីខ្លាចទុគ្គតិភ័យ ដោយកាយកម្ម វចីកម្ម មនោកម្ម ដែលមានទោស បុគ្គលមិនមានសេចក្តីសង្រ្គោះ គប្បីខ្លាចទុគ្គតិភ័យ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកប្រកបដោយពលៈ ៤ យ៉ាងនេះឯង ជាអ្នកកន្លងផុតនូវភ័យទាំង ៥ នេះបាន។

(សេវនាសូត្រ ទី៦)

(៦. សេវនាសុត្តំ)

[៦] ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយថា។បេ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់បុគ្គលពីរពួក គឺ បុគ្គលគួរសេពគប់ ១ បុគ្គលមិនគួរសេពគប់ ១ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់ចីវរពីរយ៉ាង គឺចីវរគួរប្រើប្រាស់ ១ មិនគួរប្រើប្រាស់ ១ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់បិណ្ឌបាតពីរយ៉ាង គឺ បិណ្ឌបាតគួរសេព ១ មិនគួរសេព ១ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់សេនាសនៈពីរយ៉ាង គឺសេនាសនៈគួរសេព ១ មិនគួរសេព ១ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់ស្រុក និងនិគមពីរយ៉ាង គឺស្រុក និងនិគមគួសេព ១ មិនគួរសេព ១ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់ជនបទ និងប្រទេសពីរយ៉ាងគឺ ជនបទ និងប្រទេសដែលគួរសេព ១ មិនគួរសេព ១។ ក៏ពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់បុគ្គលពីរពួក គឺបុគ្គលគួរសេព ១ មិនគួរសេព ១ ដូច្នេះនេះ ដែលខ្ញុំពោលហើយ ពាក្យដែលខ្ញុំពោលហើយនុ៎ះ តើព្រោះអាស្រ័យហេតុដូចម្តេច។ បណ្តាបុគ្គលទាំងពីរពួកនោះ បើបុគ្គលស្គាល់បុគ្គលណាថា កាលបើអាត្មាអញ សេពគប់បុគ្គលនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងវិនាសទៅ មួយទៀត គ្រឿងបម្រុងជីវិតទាំងឡាយណា គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដែលអាត្មាអញជាបព្វជិតត្រូវប្រមូលមក ក៏គ្រឿងបម្រុងជីវិតទាំងនោះ តែងមូលមកបានដោយក្រ មួយទៀត អាត្មាអញ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់ប្រយោជន៍នៃសមណៈណា ប្រយោជន៍នៃសមណៈនោះ មិនដល់នូវការបរិបូណ៌ ដោយភាវនាដល់អាត្មាអញដូច្នេះ ម្នាលអាវុសោទាំងឡាយ បុគ្គលអ្នកសេពគប់នោះ លុះដឹងក្នុងចំណែករាត្រីក្តី ក្នុងចំណែកថ្ងៃក្តី មិនគប្បីលា ហើយចៀសចេញទៅ ឬក៏មិនគប្បីជាប់តាមបុគ្គលមិនគួរសេពគប់នោះឡើយ។ បណ្តាបុគ្គលទាំងពីរពួកនោះ បុគ្គលស្គាល់បុគ្គលណាថា កាលបើអាត្មាអញ សេពគប់បុគ្គលនេះ អកុសលធម៌ទាំងឡាយ តែងវិនាសទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង មួយទៀត គ្រឿងបម្រុងជីវិតទាំងឡាយណា គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដែលអាត្មាអញជាបព្វជិតត្រូវប្រមូលមក ក៏គ្រឿងបម្រុងជីវិតទាំងនោះ តែងមូលមកបានដោយងាយ មួយទៀត អាត្មាអញចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់ប្រយោជន៍នៃសមណៈណា ប្រយោជន៍នៃសមណៈនោះ ដល់នូវការបរិបូណ៌ដោយភាវនា ដល់អាត្មាអញ ដូច្នេះ ម្នាលអាវុសោទាំងឡាយ បុគ្គលនោះ បើស្គាល់ហើយ គប្បីជាប់តាមបុគ្គលនោះ មិនគប្បីចៀសចេញទៅ ដរាបដល់អស់ជីវិតឡើយ។ បណ្តាបុគ្គលទាំងពីរពួកនោះ បុគ្គលស្គាល់បុគ្គលណាថា កាលអាត្មាអញសេពគប់បុគ្គលនេះ អកុសលធម៌ទាំងឡាយ តែងវិនាសទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង មួយទៀត គ្រឿងបម្រុងជីវិតទាំងឡាយណា គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដែលអាត្មាអញជាបព្វជិត ត្រូវប្រមូលមក ក៏គ្រឿងបម្រុងជីវិតទាំងនោះ មូលមកបានដោយងាយ មួយទៀត អាត្មាអញ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់ប្រយោជន៍នៃសមណៈណា ប្រយោជន៍នៃសមណៈនោះ តែងដល់នូវការបរិបូណ៌ ដោយភាវនាដល់អាត្មាអញ ដូច្នេះ ម្នាលអាវុសោទាំងឡាយ បុគ្គលនោះ គប្បីជាប់តាមបុគ្គលនោះ មិនគប្បីចៀសចេញទៅ ដរាបដល់អស់ជីវិតឡើយ។ បណ្តាបុគ្គលទាំងពីរពួកនោះ បុគ្គលស្គាល់បុគ្គលណាថា កាលបើអាត្មាអញសេពគប់បុគ្គលនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង មួយទៀត គ្រឿងបម្រុងជីវិតទាំងឡាយណា គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដែលអាត្មាអញជាបព្វជិត ត្រូវប្រមូលមក ក៏គ្រឿងបម្រុងជីវិតទាំងនោះ មូលមកបានដោយងាយ មួយទៀត អាត្មាអញ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់ប្រយោជន៍នៃសមណៈណា ប្រយោជន៍នៃសមណៈនោះ តែងដល់នូវការបរិបូណ៌ដោយភាវនាដល់អាត្មាអញដូច្នេះ ម្នាលអាវុសោទាំងឡាយ បុគ្គលនោះ ទោះបីត្រូវគេបណ្តេញចេញ គប្បីជាប់តាមបុគ្គលនោះ មិនគប្បីចៀសចេញទៅ ដរាបដល់អស់ជីវិតឡើយ។ ពាក្យណាថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់បុគ្គលពីរពួក គឺបុគ្គលគួរសេព ១ មិនគួរសេព ១ ដូច្នេះ ដែលខ្ញុំពោលហើយ ពាក្យដែលខ្ញុំពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុនេះ។ ក៏ពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់ចីវរពីរយ៉ាង គឺចីវរគួរប្រើប្រាស់ ១ មិនគួរប្រើប្រាស់ ១ ដូច្នេះនេះ ដែលខ្ញុំពោលហើយ ពាក្យដែលខ្ញុំពោលហើយនុ៎ះ តើព្រោះអាស្រ័យហេតុដូចម្តេច។ បណ្តាចីវរទាំងពីរយ៉ាងនោះ ភិក្ខុស្គាល់ចីវរណាថា កាលអាត្មាអញប្រើប្រាស់ចីវរនេះហើយ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ដូច្នេះ ចីវរបែបនេះ ភិក្ខុមិនគួរប្រើប្រាស់ឡើយ។ បណ្តាចីវរទាំង ២ យ៉ាងនោះ ភិក្ខុស្គាល់ចីវរបែបណាថា កាលបើអាត្មាអញប្រើប្រាស់ចីវរនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង ដូច្នេះ ចីវរបែបនេះ ភិក្ខុគួរប្រើប្រាស់បាន។ ពាក្យណាថា ម្នាលអាវុសោទាំងឡាយ ភិក្ខុត្រូវស្គាល់ចីវរ មាន ២យ៉ាង គឺចីវរគួរប្រើប្រាស់ ១ មិនគួរប្រើប្រាស់ ១ ដូច្នេះ ដែលខ្ញុំពោលហើយ ពាក្យដែលខ្ញុំពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុនេះ។ ក៏ពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់បិណ្ឌបាត ២ យ៉ាង គឺបិណ្ឌបាតគួរសេព ១ មិនគួរសេព ១ ដូច្នេះនេះ ដែលខ្ញុំពោលហើយ ពាក្យដែលខ្ញុំពោលហើយនុ៎ះ តើព្រោះអាស្រ័យហេតុដូចម្តេច។ បណ្តាបិណ្ឌបាតទាំង ២ យ៉ាងនោះ ភិក្ខុស្គាល់បិណ្ឌបាតណាថា កាលបើអាត្មាអញ សេពនូវបិណ្ឌបាតនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ដូច្នេះ បិណ្ឌបាតបែបនេះ ភិក្ខុមិនគួរសេពឡើយ។ បណ្តាបិណ្ឌបាតទាំង ២ យ៉ាងនោះ ភិក្ខុស្គាល់បិណ្ឌបាតណាថា កាលបើអាត្មាអញ សេពនូវបិណ្ឌបាតនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើងដូច្នេះ បិណ្ឌបាតបែបនេះ ភិក្ខុគួរសេពបាន។ ពាក្យណាថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់បិណ្ឌបាត ២ យ៉ាង គឺបិណ្ឌបាតគួរសេព ១ មិនគួរសេព ១ ដូច្នេះ ដែលខ្ញុំពោលហើយ ពាក្យដែលខ្ញុំពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុនោះ។ ក៏ពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់សេនាសនៈ ២ យ៉ាង គឺសេនាសនៈគួរសេព ១ មិនគួរសេព ១ ដូច្នេះនេះ ដែលខ្ញុំពោលហើយ ពាក្យដែលខ្ញុំពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុដូចម្តេច។ បណ្តាសេនាសនៈទាំង ២ យ៉ាងនោះ ភិក្ខុស្គាល់សេនាសនៈណាថា កាលបើអាត្មាអញសេពសេនាសនៈនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅដូច្នេះ សេនាសនៈបែបនេះ ភិក្ខុមិនគួរសេពឡើយ។ បណ្តាសេនាសនៈទាំង ២ យ៉ាងនោះ ភិក្ខុស្គាល់សេនាសនៈណាថា កាលបើអាត្មាអញសេពសេនាសនៈនេះហើយ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង ដូច្នេះ សេនាសនៈបែបនេះ ភិក្ខុគួរសេពបាន។ ក៏ពាក្យណាថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់សេនាសនៈ មាន ២ យ៉ាង គឺសេនាសនៈគួរសេព ១ មិនគួរសេព ១ ដូច្នេះ ដែលខ្ញុំពោលហើយ ពាក្យដែលខ្ញុំពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុនេះ។ ក៏ពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់ស្រុក និងនិគម ២ យ៉ាង គឺ ស្រុក និងនិគមគួរសេព ១ មិនគួរសេព ១ ដូច្នេះនេះ ដែលខ្ញុំពោលហើយ ពាក្យដែលខ្ញុំពោលហើយនុ៎ះ តើព្រោះអាស្រ័យហេតុដូចម្តេច។ បណ្ដាស្រុក និងនិគមទាំង ២ យ៉ាងនោះ ភិក្ខុស្គាល់នូវស្រុក និងនិគមណាថា កាលបើអាត្មាអញសេពស្រុក និងនិគមនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅដូច្នេះ ស្រុក និងនិគមបែបនេះ ភិក្ខុមិនគួរសេពឡើយ។ បណ្តាស្រុក និងនិគម ២ យ៉ាងនោះ ភិក្ខុស្គាល់ស្រុក និងនិគមណាថា កាលបើអាត្មាអញ សេពស្រុក និងនិគមនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើងដូច្នេះ ស្រុក និងនិគមបែបនេះ ភិក្ខុគួរសេពបាន។ ក៏ពាក្យណាថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់ស្រុក និងនិគម ២ យ៉ាង គឺស្រុក និងនិគមគួរសេព ១ មិនគួរសេព ១ ដូច្នេះ ដែលខ្ញុំពោលហើយ ពាក្យនុ៎ះ ដែលខ្ញុំពោលហើយ ព្រោះអាស្រ័យហេតុនេះ។ ក៏ពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់ជនបទ និងប្រទេស ២ យ៉ាង គឺជនបទ និងប្រទេសដែលគួរសេព ១ មិនគួរសេព ១ ដូច្នេះនេះ ដែលខ្ញុំពោលហើយ ពាក្យដែលខ្ញុំពោលហើយនុ៎ះ តើព្រោះអាស្រ័យហេតុដូចម្តេច។ បណ្តាជនបទ និងប្រទេសទាំង ២ យ៉ាងនោះ ភិក្ខុស្គាល់ជនបទ និងប្រទេសណាថា កាលបើអាត្មាអញ សេពជនបទ និងប្រទេសនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅដូច្នេះ ជនបទ និងប្រទេសបែបនេះ ភិក្ខុមិនគួរសេពឡើយ។ បណ្តាជនបទ និងប្រទេសទាំង ២ យ៉ាងនោះ ភិក្ខុស្គាល់ជនបទ និងប្រទេសណាថា កាលបើអាត្មាអញ សេពនូវជនបទ និងប្រទេសនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើងដូច្នេះ ជនបទ និងប្រទេសបែបនេះ ភិក្ខុគួរសេពបាន។ ក៏ពាក្យណាថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់ជនបទ និងប្រទេស ២ យ៉ាង គឺជនបទ និងប្រទេសដែលគួរសេព ១ មិនគួរសេព ១ ដូច្នេះ ដែលខ្ញុំពោលហើយ ពាក្យដែលខ្ញុំពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុនេះ។

(សុតវាសូត្រ ទី៧)

(៧. សុតវាសុត្តំ)

[៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង បរិព្វាជក ឈ្មោះសុតវន្តុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសុតវន្តុបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះដ៏មានព្រះភាគដ៏ចំរើន សម័យមួយ ខ្ញុំព្រះអង្គនៅក្នុងក្រុងរាជគ្រឹះ ដែលមានភ្នំ (ព័ទ្ធជុំវិញ) ដូចជាក្រោលនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានស្តាប់ចំពោះព្រះភក្រ្ត បានទទួលយកចំពោះព្រះភក្រ្តនៃព្រះដ៏មានព្រះភាគ ក្នុងទីនោះថា ម្នាលសុតវន្តុ ភិក្ខុណា ជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ បានប្រព្រឹត្តរួចហើយ មានសោឡសកិច្ច បានធើ្វស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានធម៌ជាគ្រឿងប្រកបសត្វក្នុងភពអស់ហើយ ជាអ្នករួចស្រឡះ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនគួរប្រព្រឹត្តកន្លងនូវហេតុ ៥ យ៉ាង គឺ ភិក្ខុជាខីណាស្រព មិនគួរក្លែងផ្តាច់បង់ជីវិតសត្វ ១ ភិក្ខុជាខីណាស្រព មិនគួរកាន់យកនូវវត្ថុ ដែលគេមិនបានឲ្យ ដែលហៅថាលួច ១ ភិក្ខុជាខីណាស្រព មិនគួរសេពមេថុនធម្ម ១ ភិក្ខុជាខីណាស្រព មិនគួរពោលពាក្យកុហកទាំងដឹងខ្លួន ១ ភិក្ខុជាខីណាស្រព មិនគួរធ្វើនូវការសន្សំទុក ហើយបរិភោគនូវកាមទាំងឡាយ ដូចជានៅជាគ្រហស្ថក្នុងកាលមុន ១ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានស្តាប់ល្អហើយ បានទទួលល្អហើយ បានធើ្វទុកក្នុងចិត្តល្អហើយ ចាំបានល្អហើយ នូវព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគនុ៎ះ មែនឬ។ អើពាក្យនុ៎ះ អ្នកស្តាប់ល្អហើយ រៀនល្អហើយ ធើ្វទុកក្នុងចិត្តល្អហើយ ចាំល្អហើយ ម្នាលសុតវន្តុ ក្នុងកាលពីដើមក្តី ក្នុងកាលឥឡូវនេះក្តី តថាគត តែងពោលយ៉ាងនេះថា ភិក្ខុណា ជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌បានប្រព្រឹត្តរួចហើយ មានសោឡសកិច្ច បានធើ្វស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានធម៌ជាគ្រឿងប្រកបសត្វក្នុងភពអស់ហើយ ជាអ្នករួចស្រឡះ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនគួរប្រព្រឹត្តកន្លងនូវហេតុ ៩ យ៉ាង គឺភិក្ខុជាខីណាស្រព មិនគួរក្លែងផ្តាច់បង់ជីវិតសត្វ ១ ភិក្ខុជាខីណាស្រព មិនគួរកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដែលហៅថាលួច ១ ភិក្ខុជាខីណាស្រព មិនគួរសេពមេថុនធម្ម ១ ភិក្ខុជាខីណាស្រព មិនគួរពោលពាក្យកុហកទាំងដឹងខ្លួន ១ ភិក្ខុជាខីណាស្រព មិនគួរធើ្វនូវការសន្សំទុក ហើយបរិភោគនូវកាមទាំងឡាយ ដូចជានៅជាគ្រហស្ថក្នុងកាលមុន ១ ភិក្ខុជាខីណាស្រព មិនគួរលុះក្នុងឆន្ទាគតិ ១ ភិក្ខុជាខីណាស្រព មិនគួរលុះក្នុងទោសាគតិ ១ ភិក្ខុជាខីណាស្រព មិនគួរលុះក្នុងមោហាគតិ ១ ភិក្ខុជាខីណាស្រព មិនគួរលុះក្នុងភយាគតិ ១ ម្នាលសុតវន្តុ ក្នុងកាលពីដើមក្តី ក្នុងកាលឥឡូវនេះក្តី តថាគត តែងពោលយ៉ាងនេះថា ភិក្ខុណា ជាអរហន្តខីណាស្រព ដែលមានព្រហ្មចរិយធម៌ បានប្រព្រឹត្តរួចហើយ មានសោឡសកិច្ច បានធើ្វស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានធម៌ជាគ្រឿងប្រកបសត្វក្នុងភពអស់ហើយ ជាអ្នករួចស្រឡះ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនគួរប្រព្រឹត្តកន្លងនូវហេតុទាំង ៩ យ៉ាងនេះ។

(សជ្ឈសូត្រ ទី៨)

(៨. សជ្ឈសុត្តំ)

[៨] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់លើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង បរិព្វាជកឈ្មោះសជ្ឈៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបព្ចាប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសជ្ឈៈបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះដ៏មានព្រះភាគដ៏ចំរើន សម័យមួយ ខ្ញុំព្រះអង្គនៅក្នុងក្រុងរាជគ្រឹះ ដែលមានភ្នំ (ព័ទ្ធជុំវិញ) ដូចជាក្រោលនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានស្តាប់ចំពោះព្រះភក្រ្ត បានទទួលយកចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគ ក្នុងទីនោះថា ម្នាលសជ្ឈៈ ភិក្ខុណាជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌បានប្រព្រឹត្តរួចហើយ មានសោឡសកិច្ចបានធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានធម៌ជាគ្រឿងប្រកបសត្វក្នុងភពអស់ហើយ ជាអ្នករួចស្រឡះ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនគួរប្រព្រឹត្តកន្លងនូវហេតុ ៥ យ៉ាង គឺភិក្ខុជាខីណាស្រព មិនគួរក្លែងផ្តាច់បង់ជីវិតសត្វ ១ ភិក្ខុជាខីណាស្រពមិនគួរកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដែលហៅថា លួច ១ ភិក្ខុជាខីណាស្រព មិនគួរសេពនូវមេថុនធម្ម ១ ភិក្ខុជាខីណាស្រព មិនគួរពោលនូវពាក្យកុហកទាំងដឹងខ្លួន ១ ភិក្ខុជាខីណាស្រព មិនគួរធ្វើនូវការសន្សំទុក ហើយបរិភោគនូវកាមទាំងឡាយ ដូចជានៅជាគ្រហស្ថក្នុងកាលមុន ១ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានស្តាប់ល្អហើយ បានទទួលល្អហើយ បានធ្វើទុកក្នុងចិត្តល្អហើយ ចាំបានល្អហើយ នូវព្រះពុទ្ធដីកានុ៎ះ របស់ព្រះដ៏មានព្រះភាគមែនឬ។ ម្នាលសជ្ឈៈ អើ ពាក្យនុ៎ះ អ្នកបានស្តាប់ល្អហើយ បានទទួលល្អហើយ បានធ្វើទុកក្នុងចិត្តល្អហើយ បានចាំទុកល្អហើយ។ ម្នាលសជ្ឈៈ ក្នុងកាលពីដើមក្តី ឥឡូវនេះក្តី តថាគតក៏ពោលយ៉ាងនេះថា ភិក្ខុណា ជាអរហន្តខីណាស្រព ជាអ្នកមានព្រហ្មចរិយធម៌ បានប្រព្រឹត្តរួចហើយ មានសោឡសកិច្ចបានធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានធម៌ជាគ្រឿងប្រកបសត្វក្នុងភពអស់ហើយ ជាអ្នករួចស្រឡះ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនគួរប្រព្រឹត្តកន្លងនូវហេតុ ៩ យ៉ាង គឺភិក្ខុជាខីណាស្រព មិនគួរក្លែងផ្តាច់បង់ជីវិតសត្វ ១។បេ។ ភិក្ខុជាខីណាស្រព មិនគួរធ្វើនូវការសន្សំទុក ហើយបរិភោគនូវកាមទាំងឡាយ ដូចជានៅជាគ្រហស្ថក្នុងកាលមុន ១ ភិក្ខុជាខីណាស្រព មិនគួរលះបង់ព្រះពុទ្ធ ១ ភិក្ខុជាខីណាស្រព មិនគួរលះបង់ព្រះធម៌ ១ ភិក្ខុជាខីណាស្រព មិនគួរលះបង់ព្រះសង្ឃ ១ ភិក្ខុជាខីណាស្រព មិនគួរលះបង់សិក្ខា ១ ម្នាលសជ្ឈៈ ក្នុងកាលពីដើមក្តី ឥឡូវនេះក្តី តថាគតក៏ពោលយ៉ាងនេះថា ភិក្ខុណា ជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ បានប្រព្រឹត្តរួចហើយ មានសោឡសកិច្ច បានធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានធម៌ជាគ្រឿងប្រកបសត្វក្នុងភពអស់ហើយ ជាអ្នករួចស្រឡះ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនគួរប្រព្រឹត្តកន្លងនូវហេតុ ៩ យ៉ាងនេះ។

(បុគ្គលសូត្រ ទី៩)

(៩. បុគ្គលសុត្តំ)

[៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៩ ពួកនេះ តែងមានប្រាកដ ក្នុងលោក។ បុគ្គល ៩ ពួក តើដូចម្តេច។ គឺអរហន្ត ១ បុគ្គលប្រតិបត្តិដើម្បីអរហន្ត ១ អនាគាមិបុគ្គល ១ បុគ្គលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ១ សកទាគាមិបុគ្គល ១ បុគ្គល ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ១ សោតាបន្នបុគ្គល ១ បុគ្គលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ១ បុថុជ្ជន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៩ ពួកនេះឯង តែងមានប្រាកដក្នុងលោក។

(អាហុនេយ្យសូត្រ ទី១០)

(១០. អាហុនេយ្យសុត្តំ)

[១០] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៩ ពួកនេះ ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អព្ជាលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក។ បុគ្គល ៩ ពួក តើដូចម្តេច។ គឺអរហន្ត ១ បុគ្គលប្រតិបត្តិដើម្បីអរហត្ត ១ អនាគាមិបុគ្គល ១ បុគ្គល ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ១ សកទាគាមិបុគ្គល ១ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ១ សោតាបន្នបុគ្គល ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីធើ្វឲ្យជាក់ច្បាស់នូវសោតាបត្តិផល ១ គោត្រភូបុគ្គល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៩ ពួកនេះឯង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក។

ចប់ សម្ពោធវគ្គ ទី១។

ឧទ្ទានក្នុងសម្ពោធវគ្គនោះគឺ

និយាយអំពីការត្រាស់ដឹង ១ អំពីនិស្ស័យ ១ អំពីមេឃិយត្ថេរ ១ អំពីនន្ទកៈត្ថេរ អំពីពលៈ ១ អំពីការសេព ១ អំពីសុតវន្តុបរិព្វាជក ១ អំពីសជ្ឈបរិព្វាជក ១ អំពីបុគ្គល ១ អំពីអាហុនេយ្យបុគ្គល ១។

 

លេខយោង

km/tipitaka/sut/an/09/sut.an.09.v01.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann