km:tipitaka:sut:an:09:sut.an.09.v02

សីហនាទវគ្គ ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 09.v02 បាលី cs-km: sut.an.09.v02 អដ្ឋកថា: sut.an.09.v02_att PTS: ?

សីហនាទវគ្គ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. សីហនាទវគ្គោ)

(សីហនាទសូត្រ ទី១)

(១. សីហនាទសុត្តំ)

[១១] សម័យមួយ ព្រះដ៏មានព្រះគភាគ ទ្រង់គង់នៅក្នុងវត្តជេនពនរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ការនៅចាំវស្សាក្នុងក្រុងសាវត្ថី ខ្ញុំព្រះអង្គនៅរួចហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គប្រាថ្នា ដើម្បីទៅកាន់ចារិកក្នុងជនបទ។ ព្រះអង្គត្រាស់ថា ម្នាលសារីបុត្ត អ្នកចូរសំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុនោះ ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ លំដាប់នោះ កាលព្រះសារីបុត្តដ៏មានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន ភិក្ខុ ១ រូប បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ បានប៉ះ1) ខ្ញុំព្រះអង្គ មិនបានខមាទោស ហើយចៀសចេញទៅកាន់ចារិក។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅភិក្ខុ ១ រូបមកថា ម្នាលភិក្ខុ អ្នកចូរមកអាយ ចូរទៅហៅសារីបុត្ត តាមពាក្យតថាគតថា ម្នាលអាវុសោសារីបុត្ត ព្រះសាស្តាទ្រង់ត្រាស់ហៅលោក។ ភិក្ខុនោះ ទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ព្រះសាស្តា ទ្រង់ត្រាស់ហៅលោក។ ព្រះសារីបុត្តដ៏មានអាយុ ទទួលពាក្យភិក្ខុនោះថា ករុណា អាវុសោ។ សម័យនោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ និងព្រះអានន្ទដ៏មានអាយុ កាន់យកនូវកូនសោ ដើរចូលទៅកាន់វិហារ ហើយនិយាយថា លោកដ៏មានអាយុទាំងឡាយ ចូរទៅឆាប់ លោកដ៏មានអាយុ ទាំងឡាយ ចូរទៅឆាប់ ដ្បិតព្រះសារីបុត្តដ៏មានអាយុ នឹងបន្លឺនូវសីហនាទ ចំពោះព្រះភក្រ្តនៃព្រះដ៏មានព្រះភាគ ក្នុងកាលឥឡូវនេះ។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលសារីបុត្ត ក្នុងទីនេះ មានសព្រហ្មចារី ១ រូប អាក់អន់ចិត្តនឹងអ្នកថា បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ បានប៉ះខ្ញុំព្រះអង្គ មិនបានខមាទោស ហើយចៀសចេញទៅកាន់ចារិក។ ព្រះសារីបុត្តក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណាមិនបានតាំងទុកក្នុងកាយហើយ បុគ្គលនោះប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស ហើយចៀសចេញទៅកាន់ចារិក បពិត្រព្រះអង្គដ៏ចំរើន ពួកអ្នកផងដាក់វត្ថុស្អាតក្តី ដាក់វត្ថុមិនស្អាតក្តី ដាក់លាមកក្តី ដាក់មូត្រក្តី ដាក់ទឹកមាត់ក្តី ដាក់ខ្ទុះក្តី ដាក់ឈាមក្តី លើផែនដី ផែនដីមិនធុញទ្រាន់ មិននឿយណាយ មិនខ្ពើមរអើម ដោយវត្ថុនោះទេ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានចិត្តស្មើដោយផែនដី ជាចិត្តទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា មិនបានតាំងទុកហើយក្នុងកាយដោយពិត បុគ្គលនោះប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ បពិត្រព្រះអង្គដ៏ចំរើន ពួកអ្នកផង លាងវត្ថុស្អាតក្តី លាងវត្ថុមិនស្អាតក្តី លាងលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ក្នុងទឹក ទឹករមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើមដោយវត្ថុនោះទេ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានចិត្តស្មើដោយទឹក ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា មិនបានតាំងទុកហើយ ក្នុងកាយដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ បពិត្រព្រះអង្គដ៏ចំរើន ភ្លើងតែងឆេះវត្ថុស្អាតក្តី ឆេះវត្ថុមិនស្អាតក្តី ឆេះលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ភ្លើងរមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើមដោយវត្ថុនោះ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយភ្លើង ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា មិនបានតាំងទុកហើយ ក្នុងកាយដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ ហើយមិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ បពិត្រព្រះអង្គដ៏ចំរើន ខ្យល់បក់វត្ថុស្អាតក្តី បក់វត្ថុមិនស្អាតក្តី បក់លាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ខ្យល់រមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើម ដោយវត្ថុនោះ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយខ្យល់ ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា មិនបានតាំងទុកក្នុងកាយដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលជូតវត្ថុស្អាតក្តី ជូតវត្ថុមិនស្អាតក្តី ជូតលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ដោយសំពត់សម្រាប់ជូតធូលី ៗ រមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើមនឹងវត្ថុនោះទេ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានចិត្តស្មើដោយសំពត់សម្រាប់ជូតធូលី ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា មិនបានតាំងទុកក្នុងកាយដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ បពិត្រព្រះអង្គដ៏ចំរើន ចណ្ឌាលកុមារក្តី ចណ្ឌាលកុមារីក្តី មានដៃកាន់កញ្ជើ ស្លៀកពាក់សំពត់រេចជាយ ចូលទៅកាន់ស្រុកក្តី និគមក្តី រមែងដាក់ចិត្តឲ្យទាប ហើយចូលទៅ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានចិត្តស្មើដោយចណ្ឌាលកុមារ ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា មិនបានតាំងទុក ក្នុងកាយដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ បពិត្រព្រះអង្គដ៏ចំរើន គោឧសភបាក់ស្នែង ជាសត្វស្លូត ដែលគេទូន្មានហើយ បង្ហាត់ល្អហើយ ដើរទៅកាន់ច្រកតាមច្រក ដើរទៅកាន់ផ្លូវបែក តាមផ្លូវបែក មិនដែលបៀតបៀនអ្វី ៗ ដោយជើងក្តី ដោយស្នែងក្តី យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានចិត្តស្មើដោយគោឧសភបាក់ស្នែង ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា មិនបានតាំងទុកហើយ ក្នុងកាយដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ បពិត្រព្រះអង្គដ៏ចំរើន ស្រ្តី ឬបុរសកំឡោះ ឬជំទង់ ប្រកបដោយជាតិជាអ្នកស្អិតស្អាង គប្បីធុញទ្រាន់ នឿយណាយ ខ្ពើមរអើមនឹងសាកសពពស់ ឬសាកសពកូនសុនខ ដែលជាប់ត្រង់ក យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ រមែងធុញទ្រាន់ នឿយណាយ ខ្ពើមរអើម នឹងកាយស្អុយនេះ ក៏យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា បានតាំងទុកក្នុងកាយដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ បពិត្រព្រះអង្គដ៏ចំរើន បុរសរក្សាភាជនៈ សម្រាប់ដាក់ខ្លាញ់ ដែលមានរន្ធតូច-ធំ ហូរចេញចូល យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គរក្សានូវកាយនេះ ដែលមានរន្ធតូច-ធំ ហូរចេញចូល ក៏យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា បានតាំងទុកក្នុងកាយដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ លំដាប់នោះ ភិក្ខុនោះ ក្រោកចាកអាសនៈ ធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ក្រាបចុះទៀបព្រះបាទទាំងគូ របស់ព្រះដ៏មានព្រះភាគដោយក្បាល ហើយក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទោសដែលប្រព្រឹត្តកន្លងហើយ នូវខ្ញុំព្រះអង្គ ព្រោះជាមនុស្សពាល ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស យ៉ាងណា ខ្ញុំព្រះអង្គណា និយាយបង្កាច់ព្រះសារីបុត្តដ៏មានអាយុ ដោយពាក្យមិនមែន ជាពាក្យទទេ ជាពាក្យកុហក មិនពិត បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ អត់ទោសតាមទោស ដល់ខ្ញុំព្រះអង្គនោះ ដើម្បីសង្រួមតទៅ។ ម្នាលភិក្ខុ អើទោសកំហុស ដែលប្រព្រឹត្តកន្លងនូវអ្នក ព្រោះជាមនុស្សពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាសយ៉ាងណា អ្នកពោលបង្កាច់សារីបុត្ត ដោយពាក្យមិនមែន ជាពាក្យទទេ កុហក មិនពិត ម្នាលភិក្ខុ កាលណាបើអ្នកឃើញទោសតាមទោស ដែលប្រព្រឹត្តកន្លងហើយ ត្រឡប់ធ្វើឲ្យត្រូវតាមធម៌វិញ តថាគត ក៏អត់ទោសអ្នក បើបុគ្គលណា ឃើញទោសតាមទោស ដែលប្រព្រឹត្តកន្លង ហើយ ត្រឡប់ធ្វើឲ្យត្រូវតាមធម៌វិញ ដល់នូវការសង្រួមតទៅ ម្នាលភិក្ខុ នេះជាសេចក្តីចំរើន ក្នុងវិន័យរបស់ព្រះអរិយៈ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត លោកចូរអត់ទោសដល់មោឃបុរសនេះចុះ ដ្បិតមោឃបុរសនេះ នឹងបែកក្បាលជា ៧ ភាគ ក្នុងទីនោះឯង។ ព្រះសារីបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ អត់ទោសដល់លោកដ៏មានអាយុនោះ បើលោកដ៏មានអាយុនោះ និយាយនឹងខ្ញុំព្រះអង្គយ៉ាងនេះ សូមលោកដ៏មានអាយុនោះ អត់ទោសដល់ខ្ញុំព្រះអង្គវិញ។

(សឧបាទិសេសសូត្រ ទី២)

(២. សឧបាទិសេសសុត្តំ)

[១២] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ការត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី នៅព្រឹកនៅឡើយ បើដូច្នោះ គួរអាត្មាអញ ឈៀងចូលទៅឯអារាមពួកអន្យតិរ្ថិយបរិព្វាជកសិន។ ទើបព្រះសារីបុត្តដ៏មានអាយុ ឈៀងចូលទៅឯអារាម របស់ពួកអន្យតិរ្ថិយ បរិព្វាជក លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ទៅរកពួកអន្យតិរ្ថិយបរិព្វាជក លុះបព្ចាប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ សម័យនោះឯង អន្តរាកថានេះ កើតដល់ពួកអន្យតិរ្ថិយបរិព្វាជក ដែលកំពុងអង្គុយប្រជុំគ្នាទាំងនោះថា ម្នាលអាវុសោទាំងឡាយ បុគ្គលណានីមួយ ជាសឧបាទិសេស ធ្វើមរណកាលទៅ បុគ្គលទាំងអស់នោះ មិនដែលផុតអំពីនរក មិនផុតអំពីកំណើតតិរច្ឆាន មិនផុតអំពីបិត្តិវិស័យ មិនផុតអំពីអបាយ ទុគ្គតិ និងវិនិបាតទេ។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ មិនត្រេកអរ មិនជំទាស់នឹងភាសិត របស់អន្យតិរ្ថិយបរិព្វាជកទាំងនោះ លុះមិនត្រេកអរ មិនជំទាស់ហើយ ទើបក្រោកចាកអាសនៈ ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងដឹងនូវសេចក្តីនៃភាសិតនេះ ក្នុងសំណាក់នៃព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី លុះត្រឡប់ចាកបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្តហើយ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ដើម្បីចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ ដូច្នេះថា ការចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី នៅព្រឹកនៅឡើយ បើដូច្នោះ គួរតែអាត្មាអញ ឈៀងចូលទៅឯអារាម របស់ពួកអន្យតិរ្ថិយបរិព្វាជកសិន។ បពិត្រព្រះអង្គដ៏ចំរើន ទើបខ្ញុំព្រះអង្គ ឈៀងចូលទៅឯអារាម របស់ពួកអន្យតិរ្ថិយបរិព្វាជក លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយទៅរកអន្យតិរ្ថិយបរិព្វាជកទាំងនោះ លុះបព្ចាប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ សម័យនោះឯង អន្តរាកថានេះ កើតឡើងដល់ពួកអន្យតិរ្ថិយបរិព្វាជក ដែលកំពុងអង្គុយប្រជុំគ្នាថា ម្នាលអាវុសោទាំងឡាយ បុគ្គលណានីមួយ ជាសឧបាទិសេស ធ្វើមរណកាលទៅ បុគ្គលទាំងអស់នោះ មិនដែលផុតអំពីនរក មិនផុតអំពីកំណើតតិរច្ឆាន មិនផុតអំពីបិត្តិវិស័យ មិនផុតអំពីអបាយ ទុគ្គតិ និងវិនិបាតទេ។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ខ្ញុំព្រះអង្គ មិនត្រេកអរ មិនជំទាស់នឹងភាសិត របស់ពួកអន្យតិរ្ថិយបរិព្វាជកទាំងនោះ លុះខ្ញុំព្រះអង្គ មិនត្រេកអរ មិនជំទាស់ហើយ ទើបក្រោកចាកអាសនៈ ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងដឹងនូវសេចក្តីនៃភាសិតនេះ ក្នុងសំណាក់នៃព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលសារីបុត្ត ពួកអន្យតិរ្ថិយបរិព្វាជកនីមួយ ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាស ពួកណាខ្លះ នឹងដឹងនូវសឧបាទិសេសបុគ្គល ថាជាសឧបាទិសេសបុគ្គលក្តី នឹងដឹងនូវអនុបាទិសេសបុគ្គល ថាជាអនុបាទិសេសបុគ្គលក្តី។ ម្នាលសារីបុត្ត បុគ្គលជាសឧបាទិសេសនេះ មាន ៩ ពួក កាលធ្វើមរណកាលទៅ តែងផុតចាកនរក ផុតចាកកំណើតតិរច្ឆាន ផុតចាកបិត្តិវិស័យ ផុតចាកអបាយ ទុគ្គតិ និងវិនិបាត។ បុគ្គល ៩ ពួក ដូចម្តេចខ្លះ។ ម្នាលសារីបុត្ត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើឲ្យបរិបូណ៌ក្នុងសីល ធ្វើឲ្យបរិបូណ៌ក្នុងសមាធិ តែធ្វើឲ្យល្មមប្រមាណក្នុងបញ្ញា បុគ្គលនោះ ជាអន្តរាបរិនិព្វាយី ព្រោះអស់សំយោជនៈ ជាចំណែកខាងក្រោម ៥។ ម្នាលសារីបុត្ត នេះជាសឧបាទិសេសបុគ្គល ទី១ កាលធ្វើមរណកាលទៅ ផុតចាកនរក ផុតចាកកំណើតតិរច្ឆាន ផុតចាកបិត្តិវិស័យ ផុតចាកអបាយ ទុគ្គតិ និងវិនិបាតហើយ។ ម្នាលសារីបុត្ត មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើឲ្យបរិបូណ៌ក្នុងសីល ធ្វើឲ្យបរិបូណ៌ក្នុងសមាធិ តែធ្វើឲ្យល្មមប្រមាណក្នុងបញ្ញា បុគ្គលនោះ ជាឧបហច្ចបរិនិព្វាយី ជាអសង្ខារបរិនិព្វាយី ជាសសង្ខារបរិនិព្វាយី ជាឧទ្ធំសោតអកនិដ្ឋគាមី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥។ ម្នាលសារីបុត្ត នេះជាសឧបាទិសេសបុគ្គល ទី៥ កាលធ្វើមរណកាលទៅ ផុតចាកនរក ផុតចាកកំណើតតិរច្ឆាន ផុតចាកបិត្តិវិស័យ ផុតចាកអបាយ ទុគ្គតិ និងវិនិបាតហើយ។ ម្នាលសារីបុត្ត មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល តែធ្វើឲ្យល្មមប្រមាណក្នុងសមាធិ ធ្វើឲ្យល្មមប្រមាណក្នុងបញ្ញា បុគ្គលនោះ ជាសកទាគាមី ព្រោះអស់សំយោជនៈ ៣ ព្រោះមានរាគៈ ទោសៈ មោហៈ ស្រាលស្តើង មកកាន់មនុស្សលោកនេះម្តងទៀត ទើបធ្វើទីបំផុតទុក្ខបាន។ ម្នាលសារីបុត្ត នេះជាសឧបាទិសេសបុគ្គល ទី៦ កាលធ្វើមរណកាលទៅ ផុតចាកនរក។បេ។ ផុតចាកអបាយ ទុគ្គតិ និងវិនិបាតហើយ។ ម្នាលសារីបុត្ត មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល តែធ្វើឲ្យល្មមប្រមាណក្នុងសមាធិ ធ្វើឲ្យល្មមប្រមាណក្នុងបញ្ញា បុគ្គលនោះ ជាឯកពីជី ព្រោះអស់សំយោជនៈ ៣ ត្រូវកើតក្នុងមនុស្សភព ម្តងទៀត ទើបធ្វើទីបំផុតទុក្ខបាន។ ម្នាលសារីបុត្ត នេះជាសឧបាទិសេសបុគ្គល ទី៧ កាលធ្វើមរណកាលទៅ ផុតចាកនរក។បេ។ ផុតចាកអបាយ ទុគ្គតិ និងវិនិបាតហើយ។ ម្នាលសារីបុត្ត មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល តែធ្វើឲ្យល្មមប្រមាណក្នុងសមាធិ ធ្វើឲ្យល្មមប្រមាណក្នុងបញ្ញា បុគ្គលនោះ ជាកោលំកោលៈ ព្រោះអស់សំយោជនៈ ៣ ត្រាច់រង្គាត់ អន្ទោលទៅកាន់ត្រកូលពីរ ឬបីទៀត ទើបធ្វើទីបំផុតទុក្ខបាន។ ម្នាលសារីបុត្ត នេះជាសឧបាទិសេសបុគ្គល ទី៨ កាលធ្វើមរណកាលទៅ ផុតចាកនរក។បេ។ ផុតចាកអបាយ ទុគ្គតិ និងវិនិបាតហើយ។ ម្នាលសារីបុត្ត មួយវិញទៀត បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល តែធ្វើឲ្យល្មមប្រមាណក្នុងសមាធិ ធ្វើឲ្យល្មមប្រមាណក្នុងបញ្ញា បុគ្គលនោះ ជាសត្តក្ខត្តុំបរមៈ ព្រោះអស់សំយោជនៈ ៣ ត្រាច់រង្គាត់ អន្ទោលទៅកាន់ទេវលោក និងមនុស្សលោក ៧ ដងទៀតដោយច្រើន ទើបធ្វើទីបំផុតទុក្ខបាន។ ម្នាលសារីបុត្ត នេះជាសឧបាទិសេសបុគ្គល ទី៩ កាលធ្វើមរណទៅ ផុតចាកនរក ផុតចាកកំណើតតិរច្ឆាន ផុតចាកបិត្តិវិស័យ ផុតចាកអបាយ ទុគ្គតិ និងវិនិបាតហើយ។ ម្នាលសារីបុត្ត ពួកអន្យតិរ្ថិយបរិព្វាជកនីមួយ ជាមនុស្សល្ងង់ មិនឈ្លាស ពួកណាខ្លះ នឹងដឹងនូវសឧបាទិសេសបុគ្គល ថាជាសឧបាទិសេសបុគ្គលក្តី នឹងដឹងនូវអនុបាទិសេសបុគ្គល ថាជាអនុបាទិសេសបុគ្គលក្តី។ ម្នាលសារីបុត្ត សឧបាទិសេសបុគ្គល ទាំង៩ ពួកនេះឯង កាលធ្វើមរណកាលទៅ ផុតចាកនរក ផុតចាកកំណើតតិរច្ឆាន ផុតចាកបិត្តិវិស័យ ផុតចាកអបាយ ទុគ្គតិ និងវិនិបាតហើយ។ ម្នាលសារីបុត្ត ធម្មបរិយាយនេះ មិនទាន់ភ្លឺច្បាស់ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកានៅឡើយទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា ធម្មបរិយាយណា ដែលតថាគតសំដែងហើយ ដោយបញ្ហាធិប្បាយ ពួកជនបានស្តាប់ធម្មបរិយាយនោះហើយ ចូរកុំដល់នូវសេចក្តីប្រមាទ ឡើយ។

(កោដ្ឋិកសូត្រ ទី៣)

(៣. កោដ្ឋិកសុត្តំ)

[១៣] គ្រានោះ ព្រះមហាកោដ្ឋិតៈដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបព្ចាប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះមហាកោដ្ឋិតៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានសួរព្រះសារីបុត្តដ៏មានអាយុដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលឲ្យផលក្នុងបច្ចុប្បន្ន សូមឲ្យកម្មនោះ ឲ្យផលក្នុងបរលោកដល់អាត្មាអញវិញ បានឬ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាឲ្យផលក្នុងបរលោក សូមឲ្យកម្មនោះឲ្យផលក្នុងបច្ចុប្បន្នដល់អាត្មាអញវិញ បានដែរឬ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលឲ្យផលជាសុខ សូមឲ្យកម្មនោះ ឲ្យផលជាទុក្ខ ដល់អាត្មាអញវិញ បានដែរឬ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាឲ្យផលជាទុក្ខ សូមឲ្យកម្មនោះ ឲ្យផលជាសុខ ដល់អាត្មាអញវិញ បានដែរឬ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលមានវារៈឲ្យផល សូមឲ្យកម្មនោះ ទៅជាមានវារៈមិនឲ្យផល ដល់អាត្មាអញវិញ បានដែរឬ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលមានវារៈមិនឲ្យផល សូមឲ្យកម្មនោះ ទៅជាមានវារៈឲ្យផលដល់អាត្មាអញវិញ បានដែរឬ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាឲ្យផលច្រើន សូមឲ្យកម្មនោះ ត្រឡប់ទៅជាឲ្យផលតិច ដល់អាត្មាអញវិញ បានដែរឬ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាឲ្យផលតិច សូមឲ្យកម្មនោះ ត្រឡប់ទៅជាឲ្យផលច្រើន ដល់អាត្មាអញវិញ បានដែរឬ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលឲ្យផល សូមឲ្យកម្មនោះ ត្រឡប់ជាមិនឲ្យផលដល់អាត្មាអញវិញ បានដែរឬ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលមិនឲ្យផល សូមឲ្យកម្មនោះ ត្រឡប់ជាឲ្យផលដល់អាត្មាអញវិញ បានដែរឬ។ ម្នាលអាវុសោមិនបានទេ។

ព្រះមហាកោដ្ឋិតៈដ៏មានអាយុពោលថា កាលដែលខ្ញុំសួរដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលឲ្យផលក្នុងបច្ចុប្បន្ន សូមឲ្យកម្មនោះ ឲ្យផលក្នុងបរលោកដល់អាត្មាអញវិញ បានដែរឬ លោកឆ្លើយថា ម្នាលអាវុសោ មិនបានទេ។ កាលដែលខ្ញុំសួរដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលឲ្យផលក្នុងបរលោក សូមឲ្យកម្មនោះ ឲ្យផលក្នុងបច្ចុប្បន្ននេះ ដល់អាត្មាអញវិញ បានដែរឬ លោកឆ្លើយថា ម្នាលអាវុសោ មិនបានទេ។ កាលដែលខ្ញុំសួរដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាឲ្យផលជាសុខ សូមឲ្យកម្មនោះ ឲ្យផលជាទុក្ខដល់អាត្មាអញវិញ បានដែរឬ លោកឆ្លើយថា ម្នាលអាវុសោ មិនបានទេ។ កាលដែលខ្ញុំសួរដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលឲ្យផលជាទុក្ខ សូមឲ្យកម្មនោះ ត្រឡប់ឲ្យផលជាសុខដល់អាត្មាអញវិញ បានដែរឬ លោកឆ្លើយថា ម្នាលអាវុសោ មិនបានទេ។ កាលដែលខ្ញុំសួរដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលមានវារៈឲ្យផល សូមឲ្យកម្មនោះ មានវារៈមិនឲ្យផលដល់អាត្មាអញវិញ បានដែរឬ លោកឆ្លើយថា ម្នាលអាវុសោ មិនបានទេ។ កាលដែលខ្ញុំសួរដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលមានវារៈមិនឲ្យផល សូមឲ្យកម្មនោះ មានវារៈឲ្យផលដល់អាត្មាអញវិញ បានដែរឬ លោកឆ្លើយថា ម្នាលអាវុសោ មិនបានទេ។ កាលដែលខ្ញុំសួរដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលឲ្យផលច្រើន សូមឲ្យកម្មនោះ ត្រឡប់ឲ្យផលតិច ដល់អាត្មាអញវិញ បានដែរឬ លោកឆ្លើយថា ម្នាលអាវុសោ មិនបានទេ។ កាលដែលខ្ញុំសួរដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលឲ្យផលតិច សូមឲ្យកម្មនោះ ត្រឡប់ជាឲ្យផលច្រើន ដល់អាត្មាអញវិញ បានដែរឬ លោកឆ្លើយថា ម្នាលអាវុសោ មិនបានទេ។ កាលដែលខ្ញុំសួរដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលឲ្យផល សូមឲ្យកម្មនោះ ត្រឡប់ជាមិនឲ្យផល ដល់អាត្មាអញវិញ បានដែរឬ លោកឆ្លើយថា ម្នាលអាវុសោ មិនបានទេ។ កាលដែលខ្ញុំសួរដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលមិនឲ្យផល សូមឲ្យកម្មនោះ ត្រឡប់ជាឲ្យផល ដល់អាត្មាអញវិញ បានដែរឬ លោកឆ្លើយថា ម្នាលអាវុសោ មិនបានទេ ម្នាលអាវុសោ កាលបើដូច្នេះ ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ តើប្រព្រឹត្តដើម្បីអ្វី។ ម្នាលអាវុសោ គុណជាតណា ដែលបុគ្គលមិនបានដឹង មិនបានឃើញ មិនបានដល់ មិនបានធ្វើឲ្យជាក់ច្បាស់ មិនបានត្រាស់ដឹងនៅឡើយ បុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីដឹង ដើម្បីឃើញ ដើម្បីដល់ ដើម្បីធ្វើឲ្យជាក់ច្បាស់ ដើម្បីត្រាស់ដឹងនូវគុណជាតនោះ ម្នាលអាវុសោ នេះជាទុក្ខ ម្នាលអាវុសោ នេះជាទុក្ខសមុទ័យ ម្នាលអាវុសោ នេះជាទុក្ខនិរោធ ម្នាលអាវុសោ នេះជាទុក្ខនិរោធគាមិនីបដិបទា ដែលបុគ្គលមិនបានដឹង មិនបានឃើញ មិនបានដល់ មិនបានធ្វើឲ្យជាក់ច្បាស់ មិនបានត្រាស់ដឹង បុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីដឹង ដើម្បីឃើញ ដើម្បីដល់ ដើម្បីធ្វើឲ្យជាក់ច្បាស់ ដើម្បីត្រាស់ដឹងនូវគុណជាតនោះ ម្នាលអាវុសោ នេះឯងជាគុណជាត ដែលបុគ្គលមិនបានដឹង មិនបានឃើញ មិនបានដល់ មិនបានធ្វើឲ្យជាក់ច្បាស់ មិនបានត្រាស់ដឹង បុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីដឹង ដើម្បីឃើញ ដើម្បីដល់ ដើម្បីធ្វើឲ្យជាក់ច្បាស់ ដើម្បីត្រាស់ដឹងនូវគុណជាតនោះ។

(សមិទ្ធិសូត្រ ទី៤)

(៤. សមិទ្ធិសុត្តំ)

[១៤] គ្រានោះ ព្រះសមិទ្ធិដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះសារីបុត្តដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសមិទ្ធិដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះសារីបុត្តដ៏មានអាយុ សួរដូច្នេះថា ម្នាលសមិទ្ធិ វិតក្កៈ ជាសង្កប្បៈរបស់បុរស មានអ្វីជាអារម្មណ៍ ទើបកើតឡើង ព្រះសមិទ្ធិឆ្លើយតបថា បពិត្រលោកម្ចាស់ដ៏ចំរើន មាននាម និងរូប ជាអារម្មណ៍។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ ដល់នូវភាពផ្សេងគ្នា ក្នុងទីដូចម្តេច។ បពិត្រលោកម្ចាស់ដ៏ចំរើន ក្នុងពួកធាតុ។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វីជាដែនកើត។ បពិត្រលោកម្ចាស់ដ៏ចំរើន មានផស្សៈ ជាដែនកើត។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វីជាទីប្រជុំចុះ។ បពិត្រលោកម្ចាស់ដ៏ចំរើន មានវេទនា ជាទីប្រជុំចុះ។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វីជាប្រធាន។ បពិត្រលោកម្ចាស់ដ៏ចំរើន មានសមាធិ ជាប្រធាន។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វីជាអធិបតី។ បពិត្រលោកម្ចាស់ដ៏ចំរើន មានសតិ ជាអធិបតី។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជារបស់ខ្ពង់ខ្ពស់។ បពិត្រលោកម្ចាស់ដ៏ចំរើន មានបញ្ញា ជារបស់ខ្ពង់ខ្ពស់។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វីជាខ្លឹម។ បពិត្រលោកម្ចាស់ដ៏ចំរើន មានវិមុត្តិ ជាខ្លឹម។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជាទីតាំងនៅស៊ប់។ បពិត្រលោកម្ចាស់ដ៏ចំរើន មានអមតៈ ជាទីតាំងនៅស៊ប់។ កាលដែលខ្ញុំសួរថា ម្នាលសមិទ្ធិ វិតក្កៈ ជាសង្កប្បៈ របស់បុរស មានអ្វីជាអារម្មណ៍ ទើបកើតឡើង លោកឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន មាននាម និងរូប ជាអារម្មណ៍។ កាលដែលខ្ញុំសួរថា ម្នាលសមិទ្ធិ ធម៌ទាំងនោះ ដល់នូវភាពផ្សេងគ្នា ក្នុងទីដូចម្តេច លោកឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន ក្នុងពួកធាតុ។ កាលដែលខ្ញុំសួរថា ម្នាលសមិទិ្ធ ធម៌ទាំងនោះ មានអ្វី ជាដែនកើត លោកឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន មានផស្សៈ ជាដែនកើត។ កាលដែលខ្ញុំសួរថា ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជាទីប្រជុំចុះ លោកឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន មានវេទនា ជាទីប្រជុំចុះ។ កាលដែលខ្ញុំសួរថា ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជាប្រធាន លោកឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន មានសមាធិ ជាប្រធាន។ កាលដែលខ្ញុំសួរថា ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជាអធិបតី លោកឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន មានសតិ ជាអធិបតី។ កាលដែលខ្ញុំសួរថា ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជារបស់ខ្ពង់ខ្ពស់ លោកឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន មានបញ្ញា ជារបស់ខ្ពង់ខ្ពស់។ កាលដែលខ្ញុំសួរថា ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជាខ្លឹម លោកឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន មានវិមុត្តិ ជាខ្លឹម។ កាលដែលខ្ញុំសួរថា ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជាទីតាំងនៅស៊ប់ លោកឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន មានអមតៈ ជាទីតាំងនៅស៊ប់។ ម្នាលសមិទិ្ធ ប្រពៃណាស់ ម្នាលសមិទ្ធិ អ្នកវិសជ្ជនាប្រស្នា ដែលខ្ញុំសួរហើយ ត្រូវណាស់ មួយទៀត អ្នកកុំបានចិត្តព្រោះការវិសជ្ជនាប្រស្នានោះឡើយ។

(គណ្ឌសូត្រ ទី៥)

(៥. គណ្ឌសុត្តំ)

[១៥] ម្នាលភិក្ខុទាំងឡាយ ដូចបូសរាប់ដោយឆ្នាំមិនតែមួយ មុខដំបៅមាន ៩ គឺ មុខដំបៅដែលមិនមានអ្នកណាទំលាយទាំង ៩ របស់បូសនោះទេ វត្ថុនីមួយគប្បីហូរចេញ របស់មិនស្អាតក៏គប្បីហូរចេញ ក្លិនអាក្រក់ ក៏គប្បីផ្សាយចេញ របស់គួរខ្ពើមក៏គប្បីហូរចេញ វត្ថុនីមួយក៏គប្បីជ្រាបចេញ របស់មិនស្អាតក៏គប្បីជ្រាបចេញ ក្លិនអាក្រក់ក៏គប្បីផ្សាយចេញ របស់ដែលគួរខ្ពើមក៏គប្បីផ្សាយចេញអំពីមុខដំបៅនោះ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បូសនេះ ជាឈ្មោះរបស់កាយ ដែលប្រកបដោយមហាភូតរូប ៤ នេះ មានមាតាបិតា ជាដែនកើត ចំរើនដោយបាយ និងនំកុម្មាស មានសេចក្តីមិនទៀង មានកិរិយាប្រោះព្រំ គក់ច្របាច់ បែកធ្លាយ វិនាសខ្ចាត់ខ្ចាយជាធម្មតា មុខដំបៅមាន ៩ គឺ មុខដំបៅដែលមិនមានអ្នកណាទំលាយទាំង ៩ របស់កាយនោះទេ វត្ថុមួយតែងហូរចេញ របស់មិនស្អាតក៏ហូរចេញ ក្លិនអាក្រក់ក៏ហូរចេញ របស់គួរខ្ពើមក៏ហូរចេញ វត្ថុនីមួយក៏ជ្រាបចេញ របស់មិនស្អាតក៏ជ្រាបចេញ ក្លិនអាក្រក់ក៏ជ្រាបចេញ របស់គួរខ្ពើម ក៏ជ្រាបចេញ អំពីមុខដំបៅនោះ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ ចូរនឿយណាយក្នុងកាយនេះ។

(សញ្ញាសូត្រ ទី៦)

(៦. សញ្ញាសុត្តំ)

[១៦] ម្នាលភិក្ខុទាំងឡាយ សញ្ញា ៩ យ៉ាងនេះ ដែលបុគ្គលចំរើន ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានអមតៈ ជាទីតាំងនៅស៊ប់ មានអមតៈ ជាបរិយោសាន។ សញ្ញា ៩ យ៉ាង តើដូចម្តេចខ្លះ។ គឺ អសុភសញ្ញា ១ មរណសញ្ញា ១ អាហារេបដិកូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អនិច្ចសញ្ញា ១ អនិច្ចេទុក្ខសញ្ញា ១ ទុក្ខេអនត្តសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមាន ៩ យ៉ាងនេះឯង ដែលបុគ្គលចំរើន ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានអមតៈ ជាទីតាំងនៅស៊ប់ មានអមតៈជាបរិយោសាន។

(កុលសូត្រ ទី៧)

(៧. កុលសុត្តំ)

[១៧] ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៩ ដែលភិក្ខុមិនទាន់ចូលទៅ ក៏មិនគួរចូលទៅ បើភិក្ខុចូលជ្រុលទៅហើយ ក៏មិនគួរអង្គុយ។ ត្រកូលប្រកបដោយអង្គ ៩ តើដូចម្តេចខ្លះ។ គឺគេមិនក្រោកទទួល ដោយសេចក្តីពេញចិត្ត ១ មិនថ្វាយបង្គំដោយសេចក្តីពេញចិត្ត ១ មិនឲ្យអាសនៈ ដោយសេចក្តីពេញចិត្ត ១ លាក់របស់ដែលមាន ១ របស់មានច្រើន ឲ្យតិច ១ មានរបស់ដែលថ្លៃថ្លា ឲ្យរបស់សៅហ្មង ១ ឲ្យដោយមិនគោរព មិនឲ្យដោយគោរព ១ មិនចូលទៅអង្គុយជិត ដើម្បីស្តាប់ធម៌ដោយគោរព ១ មិនត្រេកអរនឹងភាសិតរបស់ភិក្ខុនោះ ១។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយ អង្គ ៩ នេះឯង ដែលភិក្ខុមិនធ្លាប់ចូលទៅ ក៏មិនគួរចូលទៅ ឬចូលជ្រុលទៅហើយ ក៏មិនគួរអង្គុយ។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៩ ដែលភិក្ខុមិនទាន់ចូលទៅ ក៏គួរចូលទៅបាន ឬចូលទៅហើយ ក៏គួរអង្គុយបាន។ ត្រកូលប្រកបដោយអង្គ ៩ តើដូចម្តេចខ្លះ។ គឺគេក្រោកទទួល ដោយសេចក្តីពេញចិត្ត ១ ថ្វាយបង្គំដោយសេចក្តីពេញចិត្ត ១ ឲ្យអាសនៈ ដោយសេចក្តីពេញចិត្ត ១ មិនលាក់របស់ដែលមាន ១ របស់ដែលមានច្រើន ឲ្យច្រើន ១ របស់ដែលថ្លៃថ្លា ឲ្យរបស់ថ្លៃថ្លា ១ ឲ្យដោយគោរព មិនឲ្យដោយមិនគោរព ១ ចូលទៅអង្គុយជិត ដើម្បីស្តាប់ធម៌ ១ ត្រេកអរនឹងភាសិតរបស់ភិក្ខុនោះ ១។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៩ នេះឯង ដែលភិក្ខុមិនទាន់ចូលទៅ ក៏គួរចូលទៅបាន ឬចូលទៅហើយ ក៏គួរអង្គុយបាន។

(នវង្គុបោសថសូត្រ ទី៨)

(៨. នវង្គុបោសថសុត្តំ)

[១៨] ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៩ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានការផ្សាយទៅច្រើន។ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៩ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានការផ្សាយទៅច្រើន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ពិចារណាដូច្នេះថា ព្រះអរហន្តទាំងឡាយ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាដាក់ចុះហើយ មានសេចក្តីខ្មាស ដល់នូវសេចក្តីអាណិតអាសូរ អនុគ្រោះដោយប្រយោជន៍ដល់សត្វទាំងអស់ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកអាត្មាអញ ក៏លះបង់នូវបាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាដាក់ចុះហើយ មានសេចក្តីខ្មាស ដល់នូវសេចក្តីអាណិតអាសូរ អនុគ្រោះដោយប្រយោជន៍ដល់សត្វទាំងពួង អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញ យកតម្រាប់ព្រះអរហន្តផង អាត្មាអញនឹងចាំរក្សាឧបោសថដោយអង្គនេះផង ឧបោសថប្រកបដោយអង្គទី ១ នេះ ដូច្នេះ។បេ។ ព្រះអរហន្ត លះបង់ទីដេកដ៏ខ្ពស់ និងទីដេកដ៏ប្រសើរ វៀរចាកទីដេកដ៏ខ្ពស់ និងទីដេកដ៏ប្រសើរ សម្រេចនូវទីដេកដ៏ទាប គឺលើគ្រែតូចក្តី លើកម្រាលស្មៅក្តី ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកអាត្មាអញ ក៏លះបង់ទីដេកដ៏ខ្ពស់ និងទីដេកដ៏ប្រសើរ វៀរចាកទីដេកដ៏ខ្ពស់ និងទីដេកដ៏ប្រសើរ សម្រេចទីដេកដ៏ទាប គឺលើគ្រែតូចក្តី លើកម្រាលស្មៅក្តី អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញ យកតម្រាប់ព្រះអរហន្តផង អាត្មាអញ នឹងរក្សាឧបោសថ ដោយអង្គនេះឯង ឧបោសថប្រកបដោយអង្គទី ៨ នេះ ដូច្នេះ បុគ្គលមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិស ទី១ ទី២ ទី៣ ទី៤ ក៏ដូច ៗ គ្នា ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង មានចិត្តប្រកបដោយមេត្តាធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយយកខ្លួនប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង ឧបោសថប្រកបដោយអង្គទី ៩ នេះដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៩ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានតេជះច្រើន មានការផ្សាយទៅច្រើន យ៉ាងនេះឯង។

(ទេវតាសូត្រ ទី៩)

(៩. ទេវតាសុត្តំ)

[១៩] ម្នាលភិក្ខុទាំងឡាយ ក្នុងវេលាយប់នេះ ពួកទេវតាជាច្រើន កាលដែលរាត្រី បឋមយាម កន្លងទៅហើយ មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពតទាំងអស់ ឲ្យភ្លឺច្បាស់ ចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត ហើយឋិតនៅក្នុងទី សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះពួកទេវតាទាំងនោះ ឋិតនៅក្នុងទីសមគួរហើយ បានពោលនឹងតថាគតដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកបព្វជិតបានមកកាន់ផ្ទះយើងខ្ញុំព្រះអង្គ កាលដែលកើតជាមនុស្ស ក្នុងកាលមុន បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គទាំងនោះ បានក្រោកទទួលហើយ តែមិនបានថ្វាយបង្គំ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គទាំងនោះ ជាអ្នកមានបុញ្ញកម្ម មិនបរិបូណ៌ គួរឲ្យមានសេចក្តីស្តាយ ក្តៅក្រហាយ ជាខាងក្រោយ ទើបបានទៅកើត ក្នុងពួកថោកទាប។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាជា ច្រើនពួកទៀត ចូលមករកតថាគត ហើយពោលដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកបព្វជិត ចូលមកកាន់ផ្ទះរបស់យើងខ្ញុំព្រះអង្គ កាលដែលកើតជាមនុស្ស ក្នុងកាលមុន យើងខ្ញុំព្រះអង្គទាំងនោះ បានក្រោកទទួលផង បានថ្វាយបង្គំផងហើយ តែមិនបានប្រគេនអាសនៈ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គទាំងនោះ ជាអ្នកមានបុញ្ញកម្ម មិនបរិបូណ៌ មានសេចក្តីស្តាយ ក្តៅក្រហាយជាខាងក្រោយ ទើបបានទៅកើត ក្នុងពួកថោកទាប។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាជាច្រើនផ្សេង ៗ ទៀត ចូលមករកតថាគត បានពោលដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកបព្វជិត បានចូលមកកាន់ផ្ទះរបស់យើងខ្ញុំព្រះអង្គ កាលដែលកើតជាមនុស្ស ក្នុងកាលមុន បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះ បានក្រោកទទួលផង ថ្វាយបង្គំផង បានប្រគេនអាសនៈផង តែមិនបានចាត់ចែង តាមសមគួរដល់យសស័ក្តិ តាមសមគួរដល់កម្លាំង។បេ។ ចាត់ចែងតាមសមគួរដល់យសស័ក្តិ តាមសមគួរដល់កម្លាំងហើយ តែមិនបានចូលទៅអង្គុយជិត ដើម្បីស្តាប់ធម៌ បានចូលទៅអង្គុយជិត ដើម្បីស្តាប់ធម៌ហើយ តែមិនបានផ្ចង់ត្រចៀកស្តាប់ធម៌ បានផ្ចង់ត្រចៀកស្តាប់ធម៌ហើយ តែថាស្តាប់ធម៌ហើយមិនបានចាំទុក បានស្តាប់ធម៌ចាំទុកហើយ តែថាមិនបានពិចារណាសេចក្តីនៃធម៌ដែលចាំទុក ពិចារណាសេចក្តីនៃធម៌ដែលចាំទុកបានហើយ តែថាយល់អត្ថ យល់ធម៌ហើយ មិនបានប្រតិបត្តិធម៌ តាមសមគួរ ដល់ធម៌ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គទាំងនោះ ជាអ្នកមានបុញ្ញកម្ម មិនបរិបូណ៌ គួរឲ្យមានសេចក្តីស្តាយ ក្តៅក្រហាយខាងក្រោយ ទើបទៅកើតក្នុងពួកថោក ទាប។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាជាច្រើនផ្សេងទៀត ចូលមករកតថាគត ហើយពោលដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកបព្វជិត ចូលមកកាន់ផ្ទះរបស់យើងខ្ញុំព្រះអង្គ កាលដែលកើតជាមនុស្ស ក្នុងកាលមុន យើងខ្ញុំព្រះអង្គទាំងនោះ បានក្រោកទទួលផង បានថ្វាយបង្គំផង បានប្រគេនអាសនៈផង បានចាត់ចែង តាមសមគួរដល់យសសក្តិ តាមសមគួរដល់កំឡាំងផង ចូលទៅអង្គុយជិតស្តាប់ធម៌ផង ផ្ចង់ត្រចៀកស្តាប់ធម៌ផង ស្តាប់ធម៌ហើយ បានចាំទុកផង បានពិចារណាសេចក្តីនៃធម៌ដែលចាំទុកផង យល់អត្ថ យល់ធម៌ ហើយប្រតិបត្តិធម៌ តាមសមគួរដល់ធម៌ផង បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គទាំងនោះ ជាអ្នកមានបុញ្ញកម្មបរិបូណ៌ មិនមានសេចក្តីស្តាយ ក្តៅក្រហាយខាងក្រោយ ទើបបានទៅកើត ក្នុងពួកខ្ពង់ខ្ពស់។ ម្នាលភិក្ខុទាំងឡាយ នុ៎ះជារុក្ខមូល នុ៎ះជាសុញ្ញាគារដ្ឋាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចំរើនឈាន ចូរកុំប្រមាទ ចូរកុំមានសេចក្តីស្តាយ ក្នុងកាលខាងក្រោយ ដូចជាពួកទេវតាមុននោះឡើយ។

(វេលាមសូត្រ ទី១០)

(១០. វេលាមសុត្តំ)

[២០] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលគហបតី ទានក្នុងត្រកូល អ្នកនៅតែឲ្យដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ទានក្នុងត្រកូល ខ្ញុំព្រះអង្គនៅតែឲ្យដែរ តែទាននោះឯងសៅហង្ម គឺបាយចុងអង្ករ និងទឹកជ្រក់ ជាគំរប់ពីរ។ ម្នាលគហបតី បុគ្គលឲ្យទានសៅហង្មក្តី ឲ្យទានថ្លៃថ្លាក្តី តែឲ្យទាននោះមិនគោរព ធ្វើសេចក្តីមិនកោតក្រែងហើយឲ្យ មិនឲ្យដោយដៃខ្លួនឯង បោះឲ្យ យល់ថាមិនមានផលហើយឲ្យ វិបាករបស់ទាននោះ ៗ កើតក្នុងត្រកូលណា ៗ ចិត្តក៏មិនឱនទៅ ដើម្បីប្រើប្រាស់នូវភត្តដ៏ថ្លៃថ្លា ចិត្តមិនឱនទៅ ដើម្បីប្រើប្រាស់នូវសំពត់ដ៏ថ្លៃថ្លា ចិត្តមិនឱនទៅ ដើម្បីប្រើប្រាស់យានដ៏ថ្លៃថ្លា ចិត្តមិនឱនទៅ ដើម្បីប្រើប្រាស់ក្នុងកាមគុណ ៥ ដ៏ថ្លៃថ្លា មួយទៀត ពួកជនណា ដែលជាកូនក្តី ប្រពន្ធក្តី ទាសៈក្តី អ្នកបំរើក្តី កម្មករក្តី របស់បុគ្គលនោះ ជនទាំងនោះ មិនស្តាប់ មិនផ្ចង់ត្រចៀកស្តាប់ រមែងបញ្ជូនចិត្តទៅក្នុងអារម្មណ៍ដទៃ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលគហបតី ព្រោះថា វិបាកនៃកម្មទាំងឡាយ ដែលបុគ្គលធ្វើដោយមិនគោរព រមែងមានយ៉ាងនេះឯង ម្នាលគហបតី បុគ្គលឲ្យទានសៅហង្មក្តី ថ្លៃថ្លាក្តី តែឲ្យទាននោះដោយគោរព ធ្វើសេចក្តីកោតក្រែងហើយឲ្យ ឲ្យដោយដៃខ្លួនឯង មិនបោះឲ្យ យល់ថាមានផលហើយឲ្យ វិបាករបស់ទាននោះ ៗ កើតក្នុងត្រកូលណា ៗ ចិត្តក៏រមែងឱនទៅ ដើម្បីប្រើប្រាស់ភត្តដ៏ថ្លៃថ្លា ចិត្តរមែងឱនទៅ ដើម្បីប្រើប្រាស់សំពត់ដ៏ថ្លៃថ្លា ចិត្តរមែងឱនទៅ ដើម្បីប្រើប្រាស់យាន ដ៏ថ្លៃថ្លា ចិត្តរមែងឱនទៅ ដើម្បីប្រើប្រាស់ក្នុងកាមគុណ ៥ ដ៏ថ្លៃថ្លា មួយទៀត ពួកជនណាដែលជាកូនក្តី ប្រពន្ធក្តី ទាសៈក្តី អ្នកបំរើក្តី កម្មករក្តី របស់បុគ្គលនោះ ជនទាំងនោះ រមែងស្តាប់ ផ្ចង់ត្រចៀកស្តាប់ មិនបញ្ជូនចិត្តទៅក្នុងអារម្មណ៍ដទៃឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលគហបតី ព្រោះថាវិបាករបស់កម្មទាំងឡាយ ដែលបុគ្គលធ្វើដោយគោរព រមែងមានយ៉ាងនេះឯង។ ម្នាលគហបតី កាលពីព្រេងនាយ មានព្រាហ្មណ៍ ឈ្មោះវេលាម លោកបានឲ្យទាន ជាមហាទាន មានសភាពយ៉ាងនេះ គឺបានឲ្យភាជន៍មាស ៨៤.០០០ ដែលពេញដោយប្រាក់ បានឲ្យភាជន៍ប្រាក់ ៨៤.០០០ ដែលពេញដោយមាស បានឲ្យភាជន៍សំរិទ្ធិ ៨៤.០០០ ដែលពេញដោយប្រាក់ បានឲ្យដំរី ៨៤.០០០ ដែលមានគ្រឿងអលង្ការមាស មានទង់ជ័យមាស ព្រមទាំងបាំងដោយបណ្តាញមាស បានឲ្យរថ ៨៤.០០០ ដែលពាសដោយស្បែកសីហៈ ដែលពាសដោយស្បែកខ្លាធំ ពាសដោយស្បែកខ្លាដំបង ពាសដោយសំពត់កម្ពល មានពណ៌លឿង មានគ្រឿងអលង្ការមាស មានទង់ជ័យមាស បិទបាំងដោយបណ្តាញមាស បានឲ្យមេគោ ៨៤.០០០ សម្រាប់រូតបង្ហូរ (ទឹកដោះ) មានភាជន៍សំរិទ្ធិសម្រាប់ត្រង បានឲ្យនាងកញ្ញា ៨៤.០០០ ដែលពាក់កែវមណី និងកណ្ឌល បានឲ្យបល្ល័ង្ក ៨៤.០០០ ដែលក្រាលដោយព្រំ ក្រាលដោយកម្រាលរោម មានពណ៌ស ក្រាលដោយកម្រាលរោមមានផ្កាជាចង្កោម ក្រាលដោយកម្រាលដ៏ប្រសើរ ធ្វើពីរោមម្រឹគ ឈ្មស់ មានខ្នើយមានពណ៌ក្រហមទាំងពីរខាង ព្រមទាំងពិតាន មានពណ៌ក្រហម បានឲ្យកោដិ2) នៃសំពត់ ៨៤.០០០ គឺសំពត់ថ្មីមានសាច់ល្អិត សំពត់សូត្រមានសាច់ល្អិត សំពត់អម្បោះមានសាច់ល្អិត បាច់និយាយថ្មី ដល់បាយ ទឹក បង្អែម ភោជន គ្រឿងលាប ទីដេក ដូចជាស្ទឹង តែងហូរទៅ ម្នាលគហបតី អ្នកប្រហែលជាមានសេចក្តីសំគាល់នូវវេលាមព្រាហ្មណ៍នុ៎ះយ៉ាងនេះថា ក្នុងសម័យនោះ វេលាមព្រាហ្មណ៍ ជាបុគ្គលដទៃដោយពិត (ក្រៅពីតថាគត) លោកបានឲ្យទាននោះ ជាមហាទាន។ ម្នាលគហបតី ហេតុនុ៎ះ អ្នកមិនត្រូវយល់យ៉ាងនេះឡើយ ក្នុងសម័យនោះ វេលាមព្រាហ្មណ៍ ក៏គឺតថាគត ទានដែលតថាគតបានឲ្យនោះ ជាមហាទាន។ ម្នាលគហបតី មិនមានទក្ខិណេយ្យបុគ្គលណាមួយ ក្នុងទាននោះទេ មិនមានបុគ្គលណាមួយ សំអាតទក្ខិណាទាននោះទេ។ ម្នាលគហបតី វេលាមព្រាហ្មណ៍ បានឲ្យទានណា ដែលឈ្មោះថាមហាទាន និងបុគ្គលណា ញុំាងបុគ្គលដែលមានទិដ្ឋិល្អ ១ រូប (សោតាបន្នបុគ្គល) ឲ្យបរិភោគ ទាននេះ ជាទានមានផលច្រើនជាងមហាទាន បុគ្គលណា ញុំាងបុគ្គលដែលមានទិដ្ឋិល្អ ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គលជាសកទាគាមី ១ រូប ឲ្យបរិភោគ។បេ។ បុគ្គលណា ញុំាងបុគ្គលជាសកទាគាមី ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គលជាអនាគាមី ១ រូប ឲ្យបរិភោគ បើបុគ្គលណា ញុំាងបុគ្គលជាអនាគាមី ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គលជាព្រះអរហន្ត ១ រូប ឲ្យបរិភោគ បុគ្គលណា ញុំាងបុគ្គលជាព្រះអរហន្ត ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងព្រះបច្ចេកពុទ្ធ ១ អង្គ ឲ្យបរិភោគ បុគ្គលណា ញុំាងព្រះបច្ចេកពុទ្ធ ១០០ អង្គ ឲ្យបរិភោគ និងបុគ្គលណា ញុំាងព្រះតថាគត អរហន្តសម្មាសម្ពុទ្ធឲ្យបរិភោគ បុគ្គលណា ញុំាងសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យបរិភោគ និងបុគ្គលណា ឲ្យគេធ្វើវិហារ ឧទ្ទិសចំពោះសង្ឃមកពីទិសទាំង ៤ បុគ្គលណា មានចិត្តជ្រះថ្លាដល់នូវព្រះពុទ្ធផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង និងបុគ្គលណា មានចិត្តជ្រះថ្លា សមាទាននូវសិក្ខាបទទាំងឡាយ គឺចេតនាវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ ដោយការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ បុគ្គលណា មានចិត្តជ្រះថ្លា សមាទាននូវសិក្ខាបទទាំងឡាយ គឺចេតនាវៀរចាកបាណាតិបាត។បេ។ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ ដោយការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដោយហោចទៅ បុគ្គលណា ចំរើននូវមេត្តាចិត្ត សូម្បីអស់កាលត្រឹមតែមួយរូតទឹកដោះគោប៉ុណ្ណោះ ការចំរើនមេត្តាចិត្តនេះ របស់បុគ្គលទាំងនោះ មានផលច្រើនជាងទាននោះទៅទៀត។ ម្នាលគហបតី វេលាមព្រាហ្មណ៍ បានឲ្យទានជាមហាទានណា និងបុគ្គលណា ញុំាងបុគ្គលមានទិដ្ឋិល្អ ១ រូប ឲ្យបរិភោគ បុគ្គលណា ញុំាងបុគ្គលមានទិដ្ឋិល្អ ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គលជាសកទាគាមី ១ រូប ឲ្យបរិភោគ បុគ្គលណា ញុំាងបុគ្គលជាសកទាគាមី ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គលជាអនាគាមី ១ រូប ឲ្យបរិភោគ បុគ្គលណា ញុំាងបុគ្គលជាអនាគាមី ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងព្រះអរហន្ត ១ អង្គ ឲ្យបរិភោគ បុគ្គលណា ញុំាងព្រះអរហន្ត ១០០ អង្គ ឲ្យបរិភោគ និងបុគ្គលណា ញុំាងព្រះបច្ចេកពុទ្ធ ១ អង្គ ឲ្យបរិភោគ បុគ្គលណា ញុំាងពួកព្រះបច្ចេកពុទ្ធ ១០០ អង្គ ឲ្យបរិភោគ និងបុគ្គលណា ញុំាងព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ឲ្យបរិភោគ បុគ្គលណា ញុំាងភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យបរិភោគ និងបុគ្គលណា ឲ្យគេធ្វើវិហារ ឧទ្ទិសចំពោះសង្ឃមកអំពីទិសទាំង ៤ បុគ្គលណា មានចិត្តជ្រះថ្លាដល់នូវព្រះពុទ្ធផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង និងបុគ្គលណា មានចិត្តជ្រះថ្លា សមាទាននូវសិក្ខាបទទាំងឡាយ គឺចេតនាវៀរចាកបាណាតិបាត។បេ។ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ ដោយការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដោយហោចទៅ និងបុគ្គលណា ចំរើននូវមេត្តាចិត្ត សូម្បីអស់កាលត្រឹមតែមួយរូតទឹកដោះគោប៉ុណ្ណោះ និងបុគ្គលណា ចំរើននូវអនិច្ចសញ្ញា សូម្បីអស់កាលគ្រាន់តែផ្ទាត់ម្រាមដៃប៉ុណ្ណោះ ការចំរើននេះ មានផលច្រើនជាងទាននោះទៅទៀត។

ចប់ សីហនាទវគ្គ ទី២។

ឧទ្ទានក្នុងសីហនាទវគ្គនោះគឺ

និយាយអំពីការចាំរក្សាឧបោសថ ១ សឧបាទិសេស និងអនុបាទិសេស ១ ព្រះកោដ្ឋិតៈភិក្ខុ ១ ព្រះសមិទ្ធិភិក្ខុ ១ កាយ ដូចជាបូស ១ សញ្ញា ១ ត្រកូល ១ មេត្តា ១ ទេវតា ១ វេលាមព្រាហ្មណ៍ ១។

 

លេខយោង

1)
មានដំណាលថា កាលព្រះសារីបុត្តថ្វាយបង្គំលាព្រះទសពលញ្ញាណ ហើយថយចេញពីទីនោះទៅ ជាយចីវរលោក ក៏បក់ទៅប៉ះសរីរៈភិក្ខុនោះបន្តិច ព្រោះហេតុនោះ បានជាភិក្ខុនោះចងគំនុំ លុះឃើញព្រះសារីបុត្ត ភិក្ខុបរិវារចោមរោមច្រើន ក៏យកសេចក្តីនេះ ក្រាបបង្គំទូលព្រះ ដើម្បីធ្វើឲ្យអាក់ខានដំណើរនោះ ដោយសេចក្តីក្រោធ។ អដ្ឋកថា។
2)
កោដិក្នុងទីនេះ សំដៅយក សំពត់សាកដ ១០ ហៅថាមួយកោដិ។ អដ្ឋកថា។
km/tipitaka/sut/an/09/sut.an.09.v02.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann