km:tipitaka:sut:an:09:sut.an.09.v03

សត្តាវាសវគ្គ ទី៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 09.v03 បាលី cs-km: sut.an.09.v03 អដ្ឋកថា: sut.an.09.v03_att PTS: ?

សត្តាវាសវគ្គ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. សត្តាវាសវគ្គោ)

(តិឋានសូត្រ ទី១)

(១. តិឋានសុត្តំ)

[២១] ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សអ្នកនៅក្នុងឧត្តរកុរុទ្វីប ខ្ពង់ខ្ពស់ ហួសពួក ទេវតាជាន់តាវត្តឹង្សផង និងពួកមនុស្សអ្នកនៅក្នុងជម្ពូទ្វីបផង ដោយស្ថាន ៣ យ៉ាង។ ស្ថាន ៣ យ៉ាង តើដូចម្តេចខ្លះ។ គឺមិនមានសេចក្តីអន្ទះសា ១ មិនមានសេចក្តីហួងហែង ១ មានអាយុទៀង មានកំណើតដ៏វិសេស ១។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សនៅក្នុងឧត្តរកុរុទី្វប តែងខ្ពង់ខ្ពស់ ហួសពួកទេវតាជាន់តាវត្តឹង្សផង និងពួកមនុស្សអ្នកនៅក្នុង ជម្ពូទ្វីបផង ដោយស្ថាន ៣ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាជាន់តាវត្តឹង្ស ខ្ពង់ខ្ពស់ហួសពួកមនុស្សអ្នកនៅក្នុងឧត្តរកុរុទ្វីបផង និងពួកមនុស្សអ្នកនៅក្នុងជម្ពូទ្វីបផង ដោយស្ថាន ៣ យ៉ាង។ ស្ថាន ៣ យ៉ាង តើដូចម្តេចខ្លះ។ គឺអាយុជាទិព្វ ១ សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាជាន់តាវតឹ្តង្ស តែងខ្ពង់ខ្ពស់ហួសពួកមនុស្សអ្នកនៅក្នុងឧត្តរកុរុទ្វីបផង និងពួកមនុស្សអ្នកនៅក្នុងជម្ពូទ្វីបផង ដោយស្ថាន ៣ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សអ្នកនៅក្នុងជម្ពូទ្វីប ខ្ពង់ខ្ពស់ហួសពួកមនុស្សអ្នកនៅក្នុងឧត្តរកុរុទ្វីបផង និងពួកទេវតាជាន់តាវតឹ្តង្សផង ដោយស្ថាន ៣ យ៉ាង។ ស្ថាន ៣ យ៉ាង តើដូចម្តេចខ្លះ។ គឺមានសេចក្តីក្លៀវក្លា ១ មានស្មារតី (ខ្ជាប់ខ្ជួន) ១ មានការបំពេញព្រហ្មចរិយធម៌ដ៏វិសេស ១។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សនៅក្នុងជម្ពូទ្វីប តែងខ្ពង់ខ្ពស់ ហួសពួកមនុស្សអ្នកនៅក្នុងឧត្តរកុរុទ្វីបផង និងពួក ទេវតាជាន់តាវត្តឹង្សផង ដោយស្ថាន ៣ យ៉ាងនេះឯង។

(អស្សខឡុង្កសូត្រ ទី២)

(២. អស្សខឡុង្កសុត្តំ)

[២២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសេះខឡុង្គៈ1) ៣ ពួកផង នូវបុរសខឡុង្គៈ ៣ ពួកផង នូវសេះ2) សទស្សៈ ៣ ពួកផង នូវបុរសសទស្សៈ ៣ ពួកផង នូវសេះអាជានេយ្យ3) ដ៏ប្រសើរ ៣ ពួកផង នូវបុរសអាជានេយ្យដ៏ប្រសើរ ៣ ពួកផង ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ។ ម្នាលភិក្ខុទាំងឡាយ ចុះសេះខឡុង្គៈ ៣ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេះខឡុង្គៈខ្លះ ក្នុងលោកនេះ ជាសត្វបរិបូណ៌ដោយសន្ទុះ តែមិនបរិបូណ៌ដោយសម្បុរ មិនបរិបូណ៌ដោយកំពស់ និងទំហំ ១។ ម្នាលភិក្ខុទាំងឡាយ សេះខឡុង្គៈខ្លះ ក្នុងលោកនេះ ជាសត្វបរិបូណ៌ដោយសន្ទុះ បរិបូណ៌ដោយពណ៌សម្បុរតែមិនបរិបូណ៌ដោយកំពស់ និងទំហំ ១។ ម្នាលភិក្ខុទាំងឡាយ សេះខឡុង្គៈខ្លះ ក្នុងលោកនេះ បរិបូណ៌ដោយសន្ទុះផង បរិបូណ៌ដោយពណ៌សម្បុរផង បរិបូណ៌ដោយកំពស់ និងទំហំផង ១។ ម្នាលភិក្ខុទាំងឡាយ សេះខឡុង្គៈ មាន ៣ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសខឡុង្គៈ ៣ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុរសខឡុង្គៈខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌ដោយសន្ទុះ តែមិនបរិបូណ៌ដោយគុណ មិនបរិបូណ៌ដោយកំពស់ និងទំហំ ១។ ម្នាលភិក្ខុទាំងឡាយ បុរសខឡុង្គៈខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌ដោយសន្ទុះ បរិបូណ៌ដោយគុណ តែមិនបរិបូណ៌ដោយកំពស់ និងទំហំ ១។ ម្នាលភិក្ខុទាំងឡាយ បុរសខឡុង្គៈខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌ដោយសន្ទុះផង បរិបូណ៌ដោយគុណផង បរិបូណ៌ដោយកំពស់ និងទំហំផង ១។ ម្នាលភិក្ខុទាំងឡាយ បុរសខឡុង្គៈមាន ៣ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសខឡុង្គៈ ជាអ្នកបរិបូណ៌ដោយសន្ទុះ តែមិនបរិបូណ៌ដោយគុណ មិនបរិបូណ៌ដោយកំពស់ និងទំហំ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះជាធម៌រំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ តថាគតពោលថា នេះជាសន្ទុះរបស់ភិក្ខុនោះ កាលបើគេសួរប្រស្នាក្នុងអភិធម្ម ឬក្នុងអភិវិន័យ ដោះស្រាយមិនបរិបូណ៌ តថាគតពោលថា នេះមិនមែនជាគុណរបស់ភិក្ខុនោះទេ ទាំងជាអ្នកឆ្នែងលាភចំពោះ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តថាគតពោលថា នេះមិនមែនជាកំពស់ និងទំហំរបស់ភិក្ខុនោះទេ។ ម្នាលភិក្ខុទាំងឡាយ បុរសខឡុង្គៈ អ្នកបរិបូណ៌ដោយសន្ទុះ តែមិនបរិបូណ៌ដោយគុណ មិនបរិបូណ៌ដោយកំពស់ និងទំហំ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសអ្នកបរិបូណ៌ដោយសន្ទុះផង បរិបូណ៌ដោយគុណផង តែមិនបរិបូណ៌ដោយកំពស់ និងទំហំ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ តថាគតពោលថា នេះជាសន្ទុះរបស់ភិក្ខុនោះ កាលបើគេសួរប្រស្នាក្នុងអភិធម្ម ឬក្នុងអភិវិន័យ ដោះស្រាយរួច មិនទើសទាល់ឡើយ តថាគតពោលថា នេះជាគុណរបស់ភិក្ខុនោះ ប៉ុន្តែជាអ្នកឆ្នែងលាភចំពោះចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តថាគតពោលថា នេះមិនមែនជាកំពស់ និងទំហំរបស់ភិក្ខុនោះទេ។ ម្នាលភិក្ខុទាំងឡាយ បុរសខឡុង្គៈ អ្នកបរិបូណ៌ដោយសន្ទុះផង បរិបូណ៌ដោយគុណផង តែមិនបរិបូណ៌ដោយកំពស់ និងទំហំ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសខឡុង្គៈ អ្នកបរិបូណ៌ដោយសន្ទុះផង បរិបូណ៌ដោយគុណផង បរិបូណ៌ដោយកំពស់ និងទំហំផង តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ តថាគតពោលថា នេះជាសន្ទុះរបស់ភិក្ខុនោះ កាលបើគេសួរប្រស្នាក្នុងអភិធម្ម ឬក្នុងអភិវិន័យ ដោះស្រាយរួច មិនទើសទាល់ឡើយ តថាគតពោលថា នេះជាគុណរបស់ភិក្ខុនោះ ទាំងជាអ្នកស្វាក់លាភចំពោះ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តថាគតពោលថា នេះជាកំពស់ និងទំហំរបស់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ បុរសខឡុង្គៈ អ្នកបរិបូណ៌ដោយសន្ទុះផង បរិបូណ៌ដោយគុណផង បរិបូណ៌ដោយកំពស់ និងទំហំផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុរសខឡុង្គៈ មាន ៣ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះសេះសទស្សៈ ៣ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេះសទស្សៈខ្លះ ក្នុងលោកនេះ។បេ។ ជាសត្វបរិបូណ៌ដោយសន្ទុះផង បរិបូណ៌ដោយពណ៌សម្បុរផង បរិបូណ៌ដោយកំពស់ និងទំហំផង។ ម្នាលភិក្ខុទាំងឡាយ សេះ សទស្សៈមាន ៣ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសសទស្សៈ ៣ ពួក តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុរសសទស្សៈខ្លះ ក្នុងលោកនេះ។បេ។ អ្នកបរិបូណ៌ដោយសន្ទុះផង បរិបូណ៌ដោយគុណផង បរិបូណ៌ដោយកំពស់ និងទំហំផង។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសសទស្សៈ អ្នកបរិបូណ៌ដោយសន្ទុះផង បរិបូណ៌ដោយគុណផង បរិបូណ៌ដោយកំពស់ និងទំហំផង តើដោយប្រការដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ជាឱបបាតិកសត្វ បរិនិព្វានក្នុងទីនោះ មានសភាពមិនបានត្រឡប់ចាកលោកនោះ តថាគតពោលថា នេះជាសន្ទុះរបស់ភិក្ខុនោះ កាលបើគេសួរប្រស្នាក្នុងអភិធម្ម ឬក្នុងអភិវិន័យ ដោះស្រាយរួច មិនទើសទាល់ តថាគតពោលថា នេះជាគុណរបស់ភិក្ខុនោះ ទាំងជាអ្នកស្វាក់លាភចំពោះ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិកា្ខរ តថាគតពោលថា នេះជាកំពស់ និងទំហំរបស់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ បុរសសទស្សៈ អ្នកបរិបូណ៌ដោយសន្ទុះផង បរិបូណ៌ដោយគុណផង បរិបូណ៌ដោយកំពស់ និងទំហំផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុរសសទស្សៈ មាន ៣ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះសេះអាជានេយ្យដ៏ប្រសើរ ៣ ពួក តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើរខ្លះ ក្នុងលោកនេះ។បេ។ ជាសត្វបរិបូណ៌ដោយសន្ទុះផង បរិបូណ៌ដោយពណ៌សម្បុរផង បរិបូណ៌ដោយកំពស់ និងទំហំផង។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើរ មាន៣ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសអាជានេយ្យដ៏ប្រសើរ ៣ ពួក តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ប្រសើរខ្លះ ក្នុងលោកនេះ។បេ។ ជាអ្នកបរិបូណ៌ដោយសន្ទុះផង បរិបូណ៌ដោយគុណផង បរិបូណ៌ដោយកំពស់ និងទំហំផង។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសអាជានេយ្យដ៏ប្រសើរ តើដោយប្រការដូចម្ដេច។បេ។ ជាអ្នកបរិបូណ៌ដោយសន្ទុះផង បរិបូណ៌ដោយគុណផង បរិបូណ៌ដោយកំពស់ និងទំហំផង។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ប្រសើរ ក្នុងលោកនេះ ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន តថាគតពោលថា នេះជាសន្ទុះរបស់ភិក្ខុនោះ កាលបើគេសួរប្រស្នាក្នុងអភិធម្ម ឬក្នុងអភិវិន័យ អាចដោះស្រាយរួច មិនទើសទាល់ឡើយ តថាគតពោលថា នេះជាគុណរបស់ភិក្ខុនោះ ទាំងជាអ្នកស្វាក់លាភចំពោះ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិកា្ខរ តថាគតពោលថា នេះជាកំពស់ និងទំហំរបស់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ប្រសើរ ជាអ្នកបរិបូណ៌ដោយសន្ទុះផង បរិបូណ៌ដោយគុណផង បរិបូណ៌ដោយកំពស់ និងទំហំផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ប្រសើរ មាន ៣ ពួកនេះឯង។

(តណ្ហាមូលកសូត្រ ទី៣)

(៣. តណ្ហាមូលកសុត្តំ)

[២៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវពួកធម៌ ដែលមានតណ្ហាជាឫសគល់ ៩ យ៉ាង អ្នកទាំងឡាយ ចូរស្ដាប់នូវធម៌នោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ ដែលមានតណ្ហាជាឫសគល់ ៩ យ៉ាង តើដូចម្ដេចខ្លះ។ គឺការអាស្រ័យតណ្ហា ទើបមានការស្វែងរក ១ អាស្រ័យការស្វែងរក ទើបកើតលាភ ១ អាស្រ័យលាភ ទើបកើតសេចក្ដីត្រិះរិះ ១ អាស្រ័យសេចក្ដីត្រិះរិះ ទើបកើតសេចក្ដីប្រាថ្នា សេចក្ដីត្រេកអរ ១ អាស្រ័យសេចក្ដីប្រាថ្នា សេចក្ដីត្រេកអរ ទើបកើតសេចក្ដីជឿស៊ប់ ១ អាស្រ័យសេចក្ដីជឿស៊ប់ ទើបកើតការហួងហែងទុក ១ អាស្រ័យការហួងហែងទុក ទើបកើតសេចក្ដីកំណាញ់ ១ អាស្រ័យសេចក្ដីកំណាញ់ ទើបកើតការរក្សាទុក ១ អាស្រ័យការរក្សា ជាហេតុហើយ ទើបអកុសលធម៌ទាំងឡាយដ៏លាមកជាច្រើន គឺការកាន់ដំបង កាន់គ្រឿងសស្រ្ដាវុធ ឈ្លោះទាស់ទែង ជជែកគ្នាថាឯង ៗ ទាំងនិយាយញុះញង់ និយាយកុហក ក៏កើតឡើង ១។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌មានតណ្ហាជាឫសគល់ មាន ៩ យ៉ាងនេះឯង។

(សត្តាវាសសូត្រ ទី៤)

(៤. សត្តាវាសសុត្តំ)

[២៤] ម្នាលភិក្ខុទាំងឡាយ សត្តាវាស (ប្រទេសជាទីនៅរបស់សត្វ) នេះ មាន ៩ យ៉ាង។ សត្តាវាស ៩ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ក៏មាន ដូចពួកមនុស្ស និងទេវតាពួកខ្លះ និងអសុរកាយ ពួកខ្លះ នេះជាសត្តាវាស ទី១។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា ក៏មាន ដូចពួកព្រហ្មកាយិកទេវតា ដែលកើតក្នុងជាន់បឋមជ្ឈានភូមិ នេះជាសត្តាវាស ទី២។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ក៏មាន ដូចពួកទេវតាជាន់អាភស្សរៈ នេះជាសត្តាវាស ទី៣។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានកាយដូចគ្នា មានសញ្ញាដូចគ្នា ក៏មាន ដូចពួកទេវតាជាន់សុភកិណ្ហៈ នេះជាសត្តាវាស ទី៤។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វឥតសញ្ញា ឥតមានទទួលការដឹង ក៏មាន ដូចពួកទេវតាជាន់អសញ្ញីសត្វ នេះជាសត្តាវាស ទី៥។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វលុះបានកន្លងរូបសញ្ញា បានរម្ងាប់បដិឃសញ្ញា មិនបានធ្វើទុកក្នុងចិត្ត ចំពោះនានត្តសញ្ញា ដោយប្រការទាំងពួង ហើយបានដល់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាស មិនមានទីបំផុតដូច្នេះ ក៏មាន នេះជាសត្តាវាស ទី៦។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វកន្លងអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណ មិនមានទីបំផុតដូច្នេះ ក៏មាន នេះជាសត្តាវាស ទី៧។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វកន្លងវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុតិចតួចមិនមាន ដូច្នេះ នេះជាសត្តាវាស ទី៨។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វកន្លងអាកិញ្ចញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នេវសញ្ញានាសញ្ញាយតនជ្ឈាន នេះជាសត្តាវាស ទី៩។ ម្នាលភិក្ខុទាំងឡាយ សត្តាវាស មាន ៩ យ៉ាងនេះឯង។

(បញ្ញាសូត្រ ទី៥)

(៥. បញ្ញាសុត្តំ)

[២៥] ម្នាលភិក្ខុទាំងឡាយ កាលណាបើចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយប្រាជ្ញា ម្នាលភិក្ខុទាំងឡាយ ការសន្សំរបស់ភិក្ខុនោះ គួរពោលថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយប្រាជ្ញា តើដោយប្រការដូចម្ដេច។ ចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្តរបស់អាត្មាអញ ប្រាសចាករាគៈហើយ ចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្តរបស់អាត្មាអញ ប្រាសចាកទោសៈហើយ ចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្តរបស់អាត្មាអញ ប្រាសចាកមោហៈហើយ ចិត្តដែលភិក្ខុសន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្តរបស់អាត្មាអញ មានសភាពមិនប្រកបដោយរាគៈ ចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្តរបស់អាត្មាអញ មានសភាពមិនប្រកបដោយទោសៈ ចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្តរបស់អាត្មាអញ មានសភាពមិនប្រកបដោយមោហៈ ចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្តរបស់អាត្មាអញ មានសភាពមិនត្រឡប់ទៅ ដើម្បីកាមរាគ ចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្តរបស់អាត្មាអញ មានសភាពមិនត្រឡប់ទៅដើម្បីរូបរាគៈ ចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្តរបស់អាត្មាអញ មានសភាពមិនត្រឡប់ទៅដើម្បីអរូបរាគ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើ ចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយប្រាជ្ញា ម្នាលភិក្ខុទាំងឡាយ ការសន្សំរបស់ភិក្ខុនោះ គួរពោលថា ភិក្ខុនោះ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ច ក៏អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(សិលាយូបសូត្រ ទី៦)

(៦. សិលាយូបសុត្តំ)

[២៦] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ និងព្រះចន្ទិកាបុត្តដ៏មានអាយុ គង់ក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះចន្ទិកាបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោទាំងឡាយ ទេវទត្តសំដែងធម៌ ដល់ភិក្ខុទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ វេលាណា ចិត្តដែលភិក្ខុចំរើនល្អហើយដោយចិត្ត ចិត្តនុ៎ះ របស់ភិក្ខុនោះ គួរដើម្បីព្យាករថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ កាលបើព្រះចន្ទិកាបុត្តដ៏មានអាយុ ពោលយ៉ាងនេះហើយ ព្រះសារីបុត្តដ៏មានអាយុ ក៏ពោលទៅនឹងព្រះចន្ទិកាបុត្តដ៏មានអាយុដូច្នេះថា ម្នាលអាវុសោចន្ទិកាបុត្ត ទេវទត្តមិនសំដែងធម៌ដល់ភិក្ខុទាំងឡាយ យ៉ាងនេះទេថា ម្នាលអាវុសោទាំងឡាយ វេលាណា ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្ត ចិត្តនុ៎ះរបស់ភិក្ខុនោះ គួរដើម្បីព្យាករថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលអាវុសោចន្ទិកាបុត្ត ទេវទត្តបានតែសំដែងធម៌ដល់ភិក្ខុទាំងឡាយ យ៉ាងនេះទេ ម្នាលអាវុសោទាំងឡាយ វេលាណា ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្ត ចិត្តនុ៎ះ របស់ភិក្ខុនោះ គួរដើម្បីព្យាករថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះចន្ទិកាបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយមក ជាគំរប់ពីរដងទៀតថា ម្នាលអាវុសោទាំងឡាយ ទេវទត្តសំដែងធម៌ដល់ភិក្ខុទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ វេលាណា ចិត្តដែលភិក្ខុចំរើនល្អហើយដោយចិត្ត ចិត្តនុ៎ះ របស់ភិក្ខុនោះ គួរដើម្បីព្យាករថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះសារីបុត្តដ៏មានអាយុ ពោលទៅនឹងព្រះចន្ទិកាបុត្តដ៏មានអាយុ ជាគំរប់ពីរដងទៀតដូច្នេះថា ម្នាលអាវុសោចិន្ទកាបុត្ត ទេវទត្តមិនសំដែងធម៌ ដល់ភិក្ខុទាំងឡាយយ៉ាងនេះទេថា ម្នាលអាវុសោទាំងឡាយ វេលាណា ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្ត ចិត្តនុ៎ះ របស់ភិក្ខុនោះ គួរដើម្បីព្យាករថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលអាវុសោចន្ទិកាបុត្ត ទេវទត្តបានតែសំដែងធម៌ ដល់ភិក្ខុទាំងឡាយយ៉ាងនេះទេថា ម្នាលអាវុសោទាំងឡាយ វេលាណា ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្ត ចិត្តនុ៎ះ របស់ភិក្ខុនោះ គួរដើម្បីព្យាករថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះចន្ទិកាបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយមក ជាគំរប់បីដងទៀតថា ម្នាលអាវុសោទាំងឡាយ ទេវទត្តសំដែងធម៌ ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ វេលាណា ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្ត ចិត្តនុ៎ះរបស់ភិក្ខុនោះ គួរដើម្បីព្យាករថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះសារីបុត្តដ៏មានអាយុ ពោលទៅនឹងព្រះចន្ទិកាបុត្តដ៏មានអាយុ ជាគំរប់ ៣ ដងដូច្នេះថា ម្នាលអាវុសោចន្ទិកាបុត្ត ទេវទត្តមិនសំដែងធម៌ដល់ភិក្ខុទាំងឡាយយ៉ាងនេះទេថា ម្នាលអាវុសោទាំងឡាយ វេលាណា ចិត្តដែលភិក្ខុចំរើនល្អហើយដោយចិត្ត ចិត្តនុ៎ះ របស់ភិក្ខុនោះ គួរដើម្បីព្យាករថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលអាវុសោចនិ្ទកាបុត្ត ទេវទត្តបានតែសំដែងធម៌ ដល់ភិក្ខុទាំងឡាយយ៉ាងនេះទេថា ម្នាលអាវុសោទាំងឡាយ វេលាណា ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្ត ចិត្តនុ៎ះរបស់ភិក្ខុនោះ គួរដើម្បីព្យាករថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលអាវុសោ ចិត្តដែលភិក្ខុចំរើនល្អហើយដោយចិត្ត តើដូចម្ដេច។ ចិត្តដែលភិក្ខុចំរើនល្អហើយដោយចិត្តថា ចិត្តរបស់អាត្មាអញ ប្រាសចាករាគៈហើយ ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្តថា ចិត្តរបស់អាត្មាអញ ប្រាសចាកទោសៈហើយ ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្តថា ចិត្តរបស់អាត្មាអញ ប្រាសចាកមោហៈហើយ ចិត្តដែលភិក្ខុចំរើនល្អហើយដោយចិត្តថា ចិត្តរបស់អាត្មាអញ មានសភាពមិនប្រកបដោយរាគៈ ចិត្តដែលភិក្ខុចំរើនល្អហើយដោយចិត្តថា ចិត្តរបស់អាត្មាអញ មានសភាពមិនប្រកបដោយទោសៈ ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្តថា ចិត្តរបស់អាត្មាអញ មានសភាពមិនប្រកបដោយមោហៈ ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្តថា ចិត្តរបស់អាត្មាអញ មានសភាពមិនបានត្រឡប់មក ដើម្បីកាមភព ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្តថា ចិត្តរបស់អាត្មាអញ មានសភាពមិនបានត្រឡប់មក ដើម្បីរូបភព ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្តថា ចិត្តរបស់អាត្មាអញ មានសភាពមិនបានត្រឡប់មក ដើម្បីអរូបភព។ ម្នាលអាវុសោ ភិក្ខុដែលមានចិត្តរួចស្រះដោយប្រពៃ យ៉ាងនេះហើយ ទោះរូបដ៏ក្រៃលែង ដែលគប្បីដឹងដោយចក្ខុ មកកាន់គន្លងនៃចក្ខុ ក៏គ្របសង្កត់ចិត្តរបស់ភិក្ខុនោះមិនបានឡើយ ចិត្តភិក្ខុនោះ មិនជាប់ស្អិត ជាចិត្តតាំងនៅ ដល់នូវការមិនញាប់ញ័រ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់នូវសេចក្តីវិនាសទៅនៃចិត្តនោះ ទោះបីសំឡេងដ៏ក្រៃលែង គប្បីដឹងដោយត្រចៀក។បេ។ ក្លិនគប្បីដឹងដោយច្រមុះ រស គប្បីដឹងដោយអណ្ដាត ផោដ្ឋព្វៈ គប្បីដឹងដោយកាយ ធម្មារម្មណ៍ គប្បីដឹងដោយចិត្ត មកកាន់គន្លងនៃចិត្ត ក៏គ្របសង្កត់ចិត្តរបស់ភិក្ខុនោះមិនបានឡើយ ចិត្តភិក្ខុនោះ មិនជាប់ស្អិត ជាចិត្តតាំងនៅ ដល់នូវការមិនញាប់ញ័រ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់នូវសេចក្ដីវិនាសទៅនៃចិត្តនោះ ម្នាលអាវុសោ ដូចសសរថ្ម មានប្រវែង ១៦ ហត្ថ សសរថ្មនោះ ដាំចុះទៅខាងក្រោមរណ្ដៅ ៨ ហត្ថ សល់នៅខាងលើរណ្ដៅ ៨ ហត្ថ ខាងក្រោយមក ទោះបីភ្លៀងប្រកបដោយខ្យល់យ៉ាងខ្លាំង មកពីទិសខាងកើត ក៏មិនកម្រើក មិនញាប់ញ័រ មិនរំភើប ទោះបីភ្លៀងប្រកបដោយខ្យល់យ៉ាងខ្លាំង មកពីទិសខាងលិច មកពីទិសខាងជើង ឬមកពីទិសខាងត្បូង ក៏មិនកម្រើក មិនញាប់ញ័រ មិនរំភើបដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអាវុសោ ព្រោះថា សសរថ្ម ដែលគេជីកដាំជ្រៅល្អ យ៉ាងណាមិញ ម្នាលអាវុសោ ភិក្ខុដែលមានចិត្តរួចស្រឡះដោយប្រពៃ យ៉ាងនេះហើយ ទោះបីរូបដ៏ក្រៃលែង ដែលគប្បីដឹងដោយចក្ខុ មកកាន់គន្លងនៃចក្ខុ ក៏គ្របសង្កត់ចិត្តរបស់ភិក្ខុនោះមិនបានឡើយ ចិត្តភិក្ខុនោះ មិនជាប់ស្អិត ជាចិត្តតាំងនៅ ដល់នូវការមិនញាប់ញ័រ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់នូវសេចក្ដីវិនាសទៅនៃចិត្តនោះ ទោះបីសំឡេងដ៏ក្រៃលែង គប្បីដឹងដោយត្រចៀក។បេ។ ក្លិនគប្បីដឹងដោយច្រមុះ រសគប្បីដឹងដោយអណ្ដាត ផោដ្ឋព្វៈគប្បីដឹងដោយកាយ ធម្មារម្មណ៍ គប្បីដឹងដោយចិត្ត មកកាន់គន្លងនៃចិត្ត ក៏គ្របសង្កត់ចិត្តរបស់ភិក្ខុនោះ មិនបានឡើយ ចិត្តរបស់ភិក្ខុនោះ មិនជាប់ស្អិត ជាចិត្តតាំងនៅ ដល់នូវការមិនញាប់ញ័រ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់ នូវសេចក្ដីវិនាសទៅនៃចិត្តនោះ ក៏យ៉ាងនោះដែរ។

(បឋមវេរសូត្រ ទី៧)

(៧. បឋមវេរសុត្តំ)

[២៧] គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី វេលាណា អរិយសាវក បានរម្ងាប់នូវភ័យ និងពៀរទាំង ៥ និងប្រកបដោយអង្គនៃសោតាបតិ្ត ៤ យ៉ាងហើយ អរិយសាវកនោះ កាលប្រាថ្នា គប្បីព្យាករនូវខ្លួនដោយខ្លួនឯងបានថា អាត្មាអញ មាននរកអស់ហើយ មានតិរច្ឆានកំណើតអស់ហើយ មានបិត្តិវិស័យអស់ហើយ មានអបាយ ទុគ្គតិ វិនិបាតអស់ហើយ អាត្មាអញ ជាអ្នកដល់នូវសោតៈ មានសភាពមិនបានធ្លាក់ចុះ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។ ភ័យ និងពៀរ ៥ ដែលអរិយសាវកបានរម្ងាប់ហើយ តើដូចម្ដេច។ ម្នាលគហបតី បុគ្គលជាអ្នកសម្លាប់សត្វ រមែងបាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នផង បាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅក្នុងលោកខាងមុខផង ទទួលនូវទុក្ខ និងទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះការសម្លាប់សត្វជាបច្ច័យ បុគ្គលជាអ្នកវៀរចាកបាណាតិបាត រមែងមិនបាននូវភ័យ និងពៀរដែលប្រពឹត្តទៅ ក្នុងបច្ចុប្បន្នផង មិនបាននូវភ័យ និងពៀរដែលប្រព្រឹត្តទៅ ក្នុងលោកខាងមុខផង មិនទទួលនូវទុក្ខ និងទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង កាលបើបុគ្គលវៀរចាកបាណាតិបាតហើយ ទើបភ័យ និងពៀរនោះ ស្ងប់រម្ងាប់ទៅបានយ៉ាងនេះ។ ម្នាលគហបតី បុគ្គលជាអ្នកកាន់យកនូវរបស់ដែលគេមិនបានឲ្យ។បេ។ ជាអ្នកប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ជាអ្នកពោលពាក្យកុហក ជាអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទ តែងបាននូវភ័យ និងពៀរដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នផង បាននូវភ័យ និងពៀរដែលប្រព្រឹត្តទៅ ក្នុងលោកខាងមុខផង ទទួលនូវទុក្ខ និងទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទជាបច្ច័យ បុគ្គលជាអ្នកវៀរចាកការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទហើយ រមែងមិនបាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្នផង មិនបាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅក្នុងលោកខាងមុខផង មិនទទួលនូវទុក្ខ និងទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង កាលបើបុគ្គលវៀរចាកការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទហើយ ទើបភ័យ និងពៀរនោះស្ងប់រម្ងាប់ទៅបាន យ៉ាងនេះឯង។ ភ័យ និងពៀរ ដែលអរិយសាវកបានរម្ងាប់ ហើយ មាន ៥ យ៉ាងនេះឯង។ អរិយសាវក ប្រកបដោយអង្គនៃសោតាបត្តិ ៤ យ៉ាង តើដូចម្ដេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ឆ្ងាយចាកសេចក្ដីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ អរិយសាវក ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើកក្នុងព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយល្អ ជាធម៌ដែលបុគ្គល គប្បីឃើញច្បាស់ដោយខ្លួនឯង ជាធម៌ឲ្យនូវផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌ដែលបុគ្គលគប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួន។ អរិយសាវក ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើកក្នុងព្រះសង្ឃថា ព្រះសង្ឃសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដោយប្រពៃ ព្រះសង្ឃសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិត្រង់ ព្រះសង្ឃសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដើម្បីត្រាស់ដឹងនូវព្រះនិព្វាន ព្រះសង្ឃសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិសមគួរ គឺប្រតិបត្តិគួរដល់សីល សមាធិ បញ្ញា បុរសបុគ្គលណា បើរាប់ជាគូ បាន ៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន ៨ ព្រះសង្ឃសាវករបស់ព្រះដ៏មានព្រះភាគនុ៎ះ លោកគួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលនាំមកបូជា គួរទទួលនូវអាគន្តុកទាន គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។ អរិយសាវកនោះ ប្រកបដោយសីល ជាទីត្រេកអររបស់ព្រះអរិយៈ ជាសីលមិនដាច់ មិនធ្លុះ មិនពព្រុស មិនពពាល ជាសីលជានា ដែលពួកអ្នកប្រាជ្ញសរសើរហើយ ជាសីលមិនបបោសអង្អែលដោយតណ្ហា ជាសីលប្រព្រឹត្តទៅដើម្បីសមាធិ។ អរិយសាវក ជាអ្នកប្រកបដោយអង្គនៃសោតាបតិ្ត ៤ យ៉ាងនេះឯង។ ម្នាលគហបតី វេលាណា អរិយសាវក បានរម្ងាប់នូវភ័យ និងពៀរទាំង ៥ នេះ ទាំងប្រកបដោយអង្គនៃសោតាបត្តិទាំង ៤ យ៉ាងនេះហើយ អរិយសាវកនោះ កាលបើប្រាថ្នា គប្បីព្យាករខ្លួន ដោយខ្លួនឯងបានថា អាត្មាអញ មាននរកអស់ហើយ មានតិរច្ឆានកំណើតអស់ហើយ មានបិត្តិវិស័យអស់ហើយ មានអបាយ ទុគ្គតិ និងវិនិបាតអស់ហើយ អាត្មាអញ ជាអ្នកដល់នូវសោតៈហើយ ជាអ្នកមានសភាព មិនបានធ្លាក់ចុះ ជាអ្នកទៀង មានសេចក្តីត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ។

(ទុតិយវេរសូត្រ ទី៨)

(៨. ទុតិយវេរសុត្តំ)

[២៨] ម្នាលភិក្ខុទាំងឡាយ វេលាណា អរិយសាវក បានរម្ងាប់នូវភ័យ និងពៀរទាំង ៥ ទាំងប្រកបដោយអង្គនៃសោតាបត្តិទាំង ៤ យ៉ាងហើយ អរិយសាវកនោះ កាលបើប្រាថ្នា គប្បីព្យាករនូវខ្លួនដោយខ្លួនឯងបានថា អាត្មាអញ មាននរកអស់ហើយ មានតិរច្ឆានកំណើតអស់ហើយ មានបិត្តិវិស័យអស់ហើយ មានអបាយ ទុគ្គតិ និងវិនិបាតអស់ហើយ អាត្មាអញជាអ្នកដល់នូវសោតៈ ជាអ្នកមានសភាពមិនបានធ្លាក់ចុះ ជាអ្នកទៀង មានសេចក្តីត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ។ ភ័យ និងពៀរទាំង ៥ ដែលអរិយសាវក បានរម្ងាប់ហើយ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាអ្នកសម្លាប់សត្វ តែងបាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្នផង បាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅ ក្នុងលោកខាងមុខផង ទទួលនូវទុក្ខ និងទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះការសម្លាប់សត្វ ជាបច្ច័យ បុគ្គលជាអ្នកវៀរចាកការសម្លាប់សត្វ។បេ។ ទើបភ័យ និងពៀរនោះ រម្ងាប់ទៅបាន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាន់យកទ្រព្យដែលគេមិនបានឲ្យ។បេ។ បុគ្គលជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ជាអ្នកពោលពាក្យកុហក ជាអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទ តែងបាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្នផង បាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅ ក្នុងលោកខាងមុខផង ទទួលនូវទុក្ខ និងទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទ ជាបច្ច័យ បុគ្គលអ្នកវៀរចាកការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទហើយ តែងមិនបាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នផង មិនបាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅ ក្នុងលោកខាងមុខផង មិនទទួលនូវទុក្ខ និងទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង កាលបើបុគ្គលវៀរចាកការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទហើយ ទើបភ័យ និងពៀរនោះ រម្ងាប់ទៅបាន យ៉ាងនេះ។ ភ័យ និងពៀរដែលអរិយសាវក បានរម្ងាប់ហើយ មាន ៥ យ៉ាងនេះឯង។ ចុះអរិយសាវក ដែលប្រកបដោយអង្គនៃសោតាបត្តិ ៤ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត។ ក្នុងព្រះធម៌។បេ។ ក្នុងព្រះសង្ឃ។ អរិយសាវក ប្រកបដោយសីលទាំងឡាយ ដែលជាទីត្រេកអររបស់ព្រះអរិយៈ ជាសីលមិនដាច់ មិនធ្លុះ មិនពព្រុស មិនពពាល ជាសីលជានា ដែលពួកអ្នកប្រាជ្ញសរសើរហើយ ជាសីលមិនបបោសអង្អែលដោយតណ្ហា ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ អរិយសាវក ប្រកបដោយអង្គនៃសោតាបតិ្ត ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ វេលាណា អរិយសាវក បានរម្ងាប់នូវភ័យ និងពៀរ ៥ យ៉ាងនេះ ទាំងប្រកបហើយដោយអង្គនៃសោតាបត្តិទាំង ៤ យ៉ាងនេះហើយ អរិយសាវកនោះ កាលបើប្រាថ្នា គប្បីព្យាករនូវខ្លួនដោយខ្លួនឯងបានថា អាត្មាអញ មាននរកអស់ហើយ មានតិរច្ឆានកំណើតអស់ហើយ មានបិត្តិវិស័យអស់ហើយ មានអបាយ ទុគ្គតិ និងវិនិបាតអស់ហើយ អាត្មាអញ ជាអ្នកដល់នូវសោតៈ ជាអ្នកមានសភាពមិនបានធ្លាក់ចុះ ជាអ្នកទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ។

(អាឃាតវត្ថុសូត្រ ទី៩)

(៩. អាឃាតវត្ថុសុត្តំ)

[២៩] ម្នាលភិក្ខុទាំងឡាយ អាឃាតវត្ថុ (ហេតុជាទីតាំងនៃសេចក្ដីគុំគួន) នេះ មាន ៩ យ៉ាង។ អាឃាតវត្ថុទាំង ៩ យ៉ាង តើដូចម្ដេចខ្លះ។ គឺបុគ្គលចងគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ ១ ចងគំនុំ ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ ១ ចងគំនុំ ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ ១ ចងគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តហើយនូវអំពើមិនជាប្រយោជន៍ដល់សត្វ និងសង្ខារជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញ ១ ចងគំនុំ ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់សត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីពេញចិត្តរបស់អាត្មាអញ ១ ចងគំនុំ ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់សត្វ និងសង្ខារជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញ ១ ចងគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើជាប្រយោជន៍ដល់សត្វ និងសង្ខារ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញ ១ ចងគំនុំ ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើជាប្រយោជន៍ដល់សត្វ និងសង្ខារ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញ ១ ចងគំនុំ ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍ដល់សត្វ និងសង្ខារ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញ ១។ ម្នាលភិក្ខុទាំងឡាយ អាឃាតវត្ថុ មាន ៩ យ៉ាងនេះឯង។

(អាឃាតបដិវិនយសូត្រ ទី១០)

(១០. អាឃាតបដិវិនយសុត្តំ)

[៣០] ម្នាលភិក្ខុទាំងឡាយ អាឃាតប្បដិវិន័យ (ការកំចាត់បង់នូវសេចក្ដីគុំគួន) នេះ មាន ៩ យ៉ាង។ អាឃាតប្បដិវិន័យទាំង ៩ យ៉ាង តើដូចម្ដេច។ គឺបុគ្គលកំចាត់បង់ នូវគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ ព្រោះហេតុនោះ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ ព្រោះហេតុនោះ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ ព្រោះហេតុនោះ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់សត្វ និងសង្ខារជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់អាត្មាអញ ព្រោះហេតុនោះ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់សត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញ ព្រោះហេតុនោះ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់សត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញ ព្រោះហេតុនោះ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើជាប្រយោជន៍ ដល់សត្វ និងសង្ខារ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញ ព្រោះហេតុនោះ អាត្មាអញ គប្បីបាននូវអំពើជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះអំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើជាប្រយោជន៍ដល់សត្វ និងសង្ខារ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញ ព្រោះហេតុនោះ អាត្មាអញ គប្បីបាននូវអំពើជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍ដល់សត្វ និងសង្ខារ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញ ព្រោះហេតុនោះ អាត្មាអញ គប្បីបាននូវអំពើជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះអំពីណា ១។ ម្នាលភិក្ខុទាំងឡាយ អាឃាតប្បដិវិន័យ មាន ៩ យ៉ាងនេះឯង។

(អនុបុព្វនិរោធសូត្រ ទី១១)

(១១. អនុបុព្វនិរោធសុត្តំ)

[៣១] ម្នាលភិក្ខុទាំងឡាយ អនុបុព្វនិរោធ (ធម៌ជាគ្រឿងរលត់ដោយលំដាប់ឈាន) នេះ មាន ៩ យ៉ាង។ អនុបុព្វនិរោធទាំង ៩ យ៉ាង តើដូចម្តេច។ គឺកាលបុគ្គលចូលបឋមជ្ឈានហើយ អាមិសសញ្ញា រលត់ទៅ ១ កាលចូលទុតិយជ្ឈាន វិតក្កៈវិចារៈរលត់ទៅ ១ កាលចូលតតិយជ្ឈាន បីតិរលត់ទៅ ១ កាលចូលចតុត្ថជ្ឈាន អស្សាសៈ និងបស្សាសៈ រលត់ទៅ ១ កាលចូលអាកាសានញ្ចាយតនជ្ឈាន រូបសញ្ញា រលត់ទៅ ១ កាលចូលវិញ្ញាណញ្ចាយតនជ្ឈាន អាកាសានញ្ចាយតនជ្ឈានរលត់ទៅ ១ កាលចូលអាកិញ្ចញ្ញាយតនជ្ឈាន វិញ្ញាណញ្ចាយតនសញ្ញារលត់ទៅ ១ កាលចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន អាកិញ្ចញ្ញាយតនសញ្ញា រលត់ទៅ ១ កាលចូលសញ្ញាវេទយិតនិរោធ សញ្ញា និងវេទនារលត់ទៅ ១។ ម្នាលភិក្ខុទាំងឡាយ អនុបុព្វនិរោធ មាន ៩ យ៉ាងនេះឯង។

ចប់ សត្តាវាសវគ្គ ទី៣។

ឧទ្ទានក្នុងសត្តាវាសវគ្គនោះគឺ

និយាយអំពីហេតុដ៏ប្រសើរ ១ អំពីគោត្រ ១ អំពីតណ្ហាមូលកធម៌ ១ អំពីវវត្ថសញ្ញា ១ អំពីការប្រៀបដោយសសរថ្ម ១ អំពីពៀរ មានពីរលើក អំពីអាឃាតវត្ថុ មានពីរលើក អំពីអនុបុព្វនិរោធ ១។

 

លេខយោង

1)
ពាក្យថា ខឡុង្គៈនេះ គឺជាគោត្ររបស់សេះមួយពួកៗ សំដៅយកពួកសេះធុនអន់ជាងគេបំផុត។
2)
សំដៅយកសេះធុនកណ្តាល (ល្អជាងពួកសេះខឡុង្គៈ)។
3)
ពួកសេះដែលស្គាល់ហេតុខុសត្រូវ (សេះធុនល្អបំផុត)។
km/tipitaka/sut/an/09/sut.an.09.v03.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann