km:tipitaka:sut:an:09:sut.an.09.v04

មហាវគ្គ ទី៤

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 09.v04 បាលី cs-km: sut.an.09.v04 អដ្ឋកថា: sut.an.09.v04_att PTS: ?

មហាវគ្គ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៤. មហាវគ្គោ)

(អនុបុព្វវិហារសូត្រ ទី១)

(១. អនុបុព្វវិហារសុត្តំ)

[៣២] ម្នាលភិក្ខុទាំងឡាយ អនុបុព្វវិហារ (ធម៌ជាគ្រឿងនៅតាមលំដាប់) នេះ មាន ៩ យ៉ាង។ អនុបុព្វវិហារ ៩ យ៉ាង តើដូចម្ដេច។ គឺបឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១ អាកាសានញ្ចាយតនជ្ឈាន ១ វិញ្ញាណញ្ចាយតនជ្ឈាន ១ អាកិញ្ចញ្ញាយតនជ្ឈាន ១ នេវសញ្ញានាសញ្ញាយតនជ្ឈាន ១ សញ្ញាវេទយិតនិរោធ ១។ ម្នាលភិក្ខុទាំងឡាយ អនុបុព្វវិហារ មាន ៩ យ៉ាងនេះឯង។

(អនុបុព្វវិហារសមាបត្តិសូត្រ ទី២)

(២. អនុបុព្វវិហារសមាបត្តិសុត្តំ)

[៣៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវអនុបុព្វវិហារសមាបត្តិ ៩ យ៉ាង នេះ អ្នកទាំងឡាយ ចូរប្រុងស្ដាប់នូវអនុបុព្វវិហារសមាបត្តិនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ អនុបុព្វវិហារសមាបត្តិ ៩ យ៉ាង តើដូចម្ដេចខ្លះ។ តថាគតពោលថា កាមទាំងឡាយរលត់ទៅក្នុងទីណា មួយទៀត ជនទាំងឡាយណា បានរំលត់អស់ហើយ នូវកាមទាំងឡាយ អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ បានដល់នូវត្រើយ ដោយអង្គនៃឈាននោះដោយពិត។ (បើ) បុគ្គលណាមួយ គប្បីពោលយ៉ាងនេះដូច្នេះថា កាមទាំងឡាយរលត់ទៅក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្ដេច ដែលរំលត់អស់ហើយ នូវកាមទាំងឡាយ ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្ដីស្ងប់ស្ងាត់ កាមទាំងឡាយ តែងរលត់ទៅ ក្នុងបឋមជ្ឈាននុ៎ះ បុគ្គលទាំងនោះឈ្មោះថា បានរំលត់អស់ហើយ នូវកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនានូវភាសិតថា សាធុ ដូច្នេះ ដោយពិត លុះត្រេកអរ និងអនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា វិតក្កៈ និងវិចារៈទាំងឡាយ រលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយ នូវវិតក្កៈ និងវិចារៈទាំងឡាយ អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ បានដល់នូវត្រើយ ដោយអង្គនៃឈាននោះដោយពិត។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា វិតក្កៈ និងវិចារៈ រលត់ទៅក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្ដេច ដែលរំលត់នូវវិតក្កៈ និងវិចារៈ ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ បានដល់នូវទុតិយជ្ឈាន វិតក្កៈ និងវិចារៈ តែងរលត់ទៅ ក្នុងទុតិយជ្ឈាននុ៎ះ បុគ្គលទាំងនោះឈ្មោះថា រំលត់អស់ហើយ នូវវិតក្កៈ និងវិចារៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនា នូវភាសិតថា សាធុ ដូច្នេះ ដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា បីតិរលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយ នូវបីតិ អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ បានដល់នូវត្រើយដោយអង្គនៃឈាននោះដោយពិត។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា បីតិរលត់ទៅ ក្នុងទីដូចម្ដេច មួយវិញទៀត ពួកជនដូចម្ដេច ដែលរំលត់អស់ហើយនូវបីតិ ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះប្រាសចាកបីតិផង។បេ។ បានដល់តតិយជ្ឈាន បីតិ តែងរលត់ទៅ ក្នុងតតិយជ្ឈាននុ៎ះ បុគ្គលទាំងនោះ ឈ្មោះថា រំលត់អស់ហើយនូវបីតិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនា នូវភាសិតថា សាធុ ដូច្នេះ ដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា សេចក្ដីសុខក្នុងឧបេក្ខា រលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយនូវសេចក្ដីសុខ ក្នុងឧបេក្ខា អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ បានដល់នូវត្រើយ ដោយអង្គនៃឈាននោះដោយពិត។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា សេចក្ដីសុខក្នុងឧបេក្ខា រលត់ទៅក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្ដេច ដែលរលត់អស់ហើយ នូវសេចក្ដីសុខក្នុងឧបេក្ខា ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់នូវសុខផង។បេ។ បានដល់ចតុត្ថជ្ឈាន សេចក្ដីសុខក្នុងឧបេក្ខា តែងរលត់ទៅក្នុងចតុត្ថជ្ឈាននុ៎ះ ជនទាំងនោះ ឈ្មោះថា បានរំលត់អស់ហើយ នូវសេចក្ដីសុខក្នុងឧបេក្ខា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនានូវភាសិតថា សាធុ ដូច្នេះ ដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា រូបសញ្ញា រលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយ នូវរូបសញ្ញា អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ បានដល់នូវត្រើយ ដោយអង្គនៃឈាននោះដោយពិត។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា រូបសញ្ញារលត់ទៅ ក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្ដេច ដែលរំលត់អស់ហើយនូវរូបសញ្ញា ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយគួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះអស់ទៅនៃបដិឃសញ្ញាហើយ លែងធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ហើយបានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ រូបសញ្ញាតែងរលត់ទៅក្នុងអាកាសានញ្ចាយតនជ្ឈាននុ៎ះ ជនទាំងនោះ ឈ្មោះថា បានរំលត់អស់ហើយនូវរូបសញ្ញា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនា នូវភាសិតថា សាធុ ដូច្នេះដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា អាកាសានញ្ចាយតនសញ្ញា រលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយ នូវអាកាសានញ្ចាយតនសញ្ញា អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ ហើយបានដល់នូវត្រើយ ដោយអង្គនៃឈាននោះ ដោយពិត។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា អាកាសានញ្ចាយតនសញ្ញា រលត់ទៅ ក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្តេច ដែលរំលត់អស់ហើយនូវអាកាសានញ្ចាយតនសញ្ញា ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ អាកាសានញ្ចាយតនសញ្ញា តែងរលត់ទៅក្នុងវិញ្ញាណញ្ចាយតនៈនុ៎ះ ជនទាំងនោះ ឈ្មោះថា បានរំលត់អស់ហើយនូវអាកាសានញ្ចាយតនសញ្ញា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនា នូវភាសិតថា សាធុ ដូច្នេះ ដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា វិញ្ញាណញ្ចាយតនសញ្ញា រលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយនូវវិញ្ញាណញ្ចាយតនសញ្ញា អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ ហើយបានដល់នូវត្រើយ ដោយអង្គនៃឈាននោះ ដោយពិត។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា វិញ្ញាណញ្ចាយតនសញ្ញា តែងរលត់ទៅ ក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្ដេច ដែលរំលត់អស់ហើយនូវវិញ្ញាណញ្ចាយតនសញ្ញា ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា របស់អ្វីបន្តិចបន្តួចមិនមាន ដូច្នេះ វិញ្ញាណញ្ចាយតនសញ្ញា តែងរលត់ទៅ ក្នុងអាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជនទាំងនោះ ឈ្មោះថា បានរំលត់អស់ហើយនូវវិញ្ញាណញ្ចាយតនសញ្ញា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនានូវភាសិតថា សាធុ ដូច្នេះ លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា អាកិញ្ចញ្ញាយតនសញ្ញា តែងរលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយ នូវអាកិញ្ចញ្ញាយតនសញ្ញា អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ បានដល់នូវត្រើយ ដោយអង្គនៃឈាននោះ។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា អាកិញ្ចញ្ញាយតនសញ្ញា តែងរលត់ទៅក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្ដេច ដែលរំលត់អស់ហើយនូវអាកិញ្ចញ្ញាយតនសញ្ញា ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនោះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង ហើយបានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន អាកិញ្ចញ្ញាយតនសញ្ញា តែងរលត់ទៅ ក្នុងនេវសញ្ញានាសញ្ញាយតនៈនុ៎ះ ជនទាំងនោះ ឈ្មោះថា បានរំលត់អស់ហើយនូវអាកិញ្ចញ្ញាយតនសញ្ញា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនានូវភាសិតថា សាធុ ដូច្នេះដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា នេវសញ្ញានាសញ្ញាយតនសញ្ញា តែងរលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយ នូវនេវសញ្ញានាសញ្ញាយតនសញ្ញា អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយហើយ បានដល់នូវត្រើយដោយអង្គនៃឈាននោះដោយពិត។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា នេវសញ្ញានាសញ្ញាយតនសញ្ញា តែងរលត់ទៅក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្ដេច ដែលរំលត់អស់ហើយ នូវនេវសញ្ញានាសញ្ញាយតនសញ្ញា ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង បានដល់នូវសញ្ញាវេទយិតនិរោធ នេវសញ្ញានាសញ្ញាយតនសញ្ញា តែងរលត់ទៅក្នុងសញ្ញាវេទយិតនិរោធនុ៎ះ ជនទាំងនោះ ឈ្មោះថា បានរំលត់អស់ហើយ នូវនេវសញ្ញានាសញ្ញាយតនសញ្ញា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនានូវភាសិតថា សាធុ ដូច្នេះដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ ម្នាលភិក្ខុទាំងឡាយ អនុបុព្វវិហារសមាបត្តិ មាន ៩ យ៉ាងនេះឯង។

(និព្វានសុខសូត្រ ទី៣)

(៣. និព្វានសុខសុត្តំ)

[៣៤] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ គង់ក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោទាំងឡាយ និព្វាននេះជាសុខ ម្នាលអាវុសោទាំងឡាយ និព្វាននេះជាសុខ។ កាលបើព្រះសារីបុត្តពោលយ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏បានពោលទៅនឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ការដឹងណា ក្នុងព្រះនិព្វាននុ៎ះ មិនមានទេ ចុះសុខក្នុងព្រះនិព្វាននុ៎ះ តើដូចម្ដេច។ ម្នាលអាវុសោ ការដឹងណា ក្នុងព្រះនិព្វាននុ៎ះ មិនមានទេ ហ្នឹងហើយជាសុខក្នុងព្រះនិព្វាននុ៎ះឯង។ ម្នាលអាវុសោ កាមគុណទាំងឡាយនេះ មាន ៥ យ៉ាង។ កាមគុណ ៥ យ៉ាង តើដូចម្ដេចខ្លះ។ គឺរូប ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីរីករាយ សំឡេងដែលគប្បីដឹងដោយត្រចៀក។បេ។ ក្លិនដែលគប្បីដឹងដោយច្រមុះ រសដែលគប្បីដឹងដោយអណ្ដាត ផោដ្ឋព្វៈដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីរីករាយ។ ម្នាលអាវុសោ កាមគុណមាន ៥ យ៉ាងនេះឯង។ ម្នាលអាវុសោ សុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យនូវកាមគុណ ៥ យ៉ាងនេះ ម្នាលអាវុសោ នេះហៅថា កាមសុខ។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌នេះហើយ សញ្ញាមនសិការៈ (ការធ្វើទុកក្នុងចិត្តនូវសញ្ញា) ប្រកបដោយកាម ក៏ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលមានសេចក្ដីសុខជាហេតុ ឲ្យកើតអាពាធជាកំណត់ យ៉ាងណាមិញ សញ្ញាមនសិការៈ ប្រកបដោយកាមទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិព្វាន ដែលមានសេចក្ដីសុខយ៉ាងណានុ៎ះ គប្បីដឹងដោយបរិយាយនេះចុះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈទាំងឡាយ។បេ។ បានដល់ទុតិយជ្ឈាន ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌នេះហើយ សញ្ញាមនសិការៈ ដែលប្រកបដោយវិតក្កៈ ក៏ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលមានសេចក្ដីសុខជាហេតុឲ្យកើតអាពាធ ជាកំណត់យ៉ាងណាមិញ សញ្ញាមនសិការៈ ដែលប្រកបដោយវិតក្កៈទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិញ្វន ដែលមានសេចក្ដីសុខយ៉ាងណានុ៎ះ គប្បីដឹងដោយបរិយាយនេះចុះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុព្រោះនឿយណាយចាកបីតិផង។បេ។ បានដល់តតិយជ្ឈាន ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌នេះហើយ សញ្ញាមនសិការៈ ដែលប្រកបដោយបីតិ ក៏ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើតឡើងដល់បុគ្គល ដែលមានសេចក្ដីសុខជាហេតុ ឲ្យកើតអាពាធជាកំណត់ យ៉ាងណាមិញ សញ្ញាមនសិការៈ ដែលប្រកបដោយបីតិទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិព្វាន ដែលមានសេចក្ដីសុខយ៉ាងណានុ៎ះ គប្បីដឹងដោយបរិយាយនេះចុះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុព្រោះលះបង់នូវសុខផង។បេ។ បានដល់ចតុត្ថជ្ឈាន ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌នេះហើយ សញ្ញាមនសិការៈ ដែលប្រកបដោយឧបេក្ខា ក៏ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើតឡើងដល់បុគ្គលដែលមានសេចក្ដីសុខ ជាហេតុឲ្យកើតអាពាធជាកំណត់ យ៉ាងណាមិញ សញ្ញាមនសិការៈ ដែលប្រកបដោយឧបេក្ខាទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធ របស់ភិក្ខុនោះ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិព្វាន ដែលមានសេចក្ដីសុខយ៉ាងណានុ៎ះ គប្បីដឹងដោយបរិយាយនេះចុះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុព្រោះកន្លងបង់នូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះវិនាសទៅនៃបដិឃសញ្ញា ព្រោះមិនបានធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ហើយបានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌នេះហើយ សញ្ញាមនសិការៈ ដែលប្រកបដោយរូប ក៏ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលមានសេចក្ដីសុខជាហេតុឲ្យកើតអាពាធ យ៉ាងណាមិញ សញ្ញាមនសិការៈ ដែលប្រកបដោយរូបទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិព្វានដែលមានសេចក្ដីសុខយ៉ាងណានុ៎ះ គប្បីដឹងដោយបរិយាយនេះចុះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុព្រោះកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួងហើយ បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌នេះហើយ សញ្ញាមនសិការៈ ដែលប្រកបដោយអាកាសានញ្ចាយតនជ្ឈាន ក៏ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើតឡើងដល់បុគ្គល ដែលមានសេចក្ដីសុខជាហេតុឲ្យកើតអាពាធជាកំណត់ យ៉ាងណាមិញ សញ្ញាមនសិការៈ ដែលប្រកបដោយអាកាសានញ្ចាយតនជ្ឈានទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិព្វាន ដែលមានសេចក្ដីសុខយ៉ាងណានុ៎ះ គប្បីដឹងដោយបរិយាយនេះចុះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុ ព្រោះកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា របស់បន្តិចបន្តួចមិនមាន ដូច្នេះ ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌នេះហើយ សញ្ញាមនសិការៈ ដែលប្រកបដោយវិញ្ញាណញ្ចាយតនជ្ឈាន ក៏ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលមានសេចក្ដីសុខជាហេតុឲ្យកើតអាពាធជាកំណត់ យ៉ាងណាមិញ សញ្ញាមនសិការៈ ដែលប្រកបដោយវិញ្ញាណញ្ចាយតនជ្ឈានទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ យ៉ាងនោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិព្វាន ដែលមានសេចក្ដីសុខយ៉ាងណានុ៎ះ គប្បីដឹងដោយបរិយាយនេះចុះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុព្រោះកន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នេវសញ្ញានាសញ្ញាយតនជ្ឈាន ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌នេះហើយ សញ្ញាមនសិការៈ ដែលប្រកបដោយអាកិញ្ចញ្ញាយតនជ្ឈាន ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលមានសេចក្ដីសុខជាហេតុឲ្យកើតអាពាធជាកំណត់ យ៉ាងណាមិញ សញ្ញាមនសិការៈ ដែលប្រកបដោយអាកិញ្ចញ្ញាយតនជ្ឈានទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិព្វាន ដែលមានសេចក្ដីសុខយ៉ាងណានុ៎ះ គប្បីដឹងដោយបរិយាយនេះចុះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុ ព្រោះកន្លងបង់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់សញ្ញាវេទយិតនិរោធ អាសវៈទាំងឡាយ របស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះបានឃើញដោយបញ្ញា។ ម្នាលអាវុសោ ព្រះនិព្វានដែលមានសេចក្ដីសុខយ៉ាងណានុ៎ះ គប្បីដឹងដោយបរិយាយនេះចុះ។

(គាវីឧបមាសូត្រ ទី៤)

(៤. គាវីឧបមាសុត្តំ)

[៣៥] ម្នាលភិក្ខុទាំងឡាយ ដូចមេគោ ដើរទៅកាន់ភ្នំ ជាសត្វល្ងង់ មិនឈ្លាសវៃ មិនស្គាល់ខេត្ត មិនប្រសប់ ត្រាច់ទៅលើភ្នំដែលមិនស្មើ មេគោនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា បើដូច្នេះ គួរតែអាត្មាអញ ទៅកាន់ទិសដែលអញមិនធ្លាប់ទៅផង ទំពាស៊ីនូវស្មៅដែលអញមិនធ្លាប់ទំពាស៊ីផង ផឹកទឹកដែលអញមិនធ្លាប់ផឹកផង។ មេគោនោះ មិនទាន់ឈរជើងមុខឲ្យស៊ប់ស្រួល ហើយលើកនូវជើងខាងក្រោយឡើង មេគោនោះ មិនគប្បីទៅកាន់ទិសដែលខ្លួនមិនធ្លាប់ទៅបានផង មិនគប្បីទំពាស៊ីនូវស្មៅដែលខ្លួនមិនធ្លាប់ទំពាស៊ីបានផង មិនគប្បីផឹកទឹកដែលខ្លួនមិនធ្លាប់ផឹកបានផង មេគោនោះ ឈរក្នុងប្រទេសណា តែងមានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញទៅកាន់ទិសដែលអញមិនធ្លាប់ទៅផង ទំពាស៊ីនូវស្មៅដែលអញមិនធ្លាប់ទំពាស៊ីផង ផឹកទឹកដែលអញមិនធ្លាប់ផឹកផង។ មេគោនោះ មិនគប្បីត្រឡប់មកកាន់ប្រទេសនោះ ដោយសួស្ដីបានវិញទេ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះតែមេគោនោះ ត្រាច់ទៅកាន់ភ្នំ ជាសត្វល្ងង់ មិនឈ្លាសវៃ មិនស្គាល់ខេត្ត មិនប្រសប់ ត្រាច់ទៅលើភ្នំ ដែលមិនស្មើ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុខ្លះ ក្នុងសាសនានេះ ជាអ្នកល្ងង់ មិនឈ្លាសវៃ មិនស្គាល់ខេត្ត មិនប្រសប់ ក្នុងការស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្ដីស្ងាត់ ក៏យ៉ាងនោះដែរ។ ភិក្ខុនោះ មិនសេព មិនចំរើន មិនធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ មិនតាំងទុកនូវនិមិត្តដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ រម្ងាប់វិតក្កៈ និងវិចារៈរួចហើយ ចូលកាន់ទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្ដាននៃខ្លួន ប្រកបដោយសេចក្ដីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈឡើយ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិគឺ បឋមជ្ឈាន។ ភិក្ខុនោះ មិនអាចដើម្បីរម្ងាប់វិតក្កៈវិចារៈ។បេ។ បានដល់ទុតិយជ្ឈាន។ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ហើយ ដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសេចក្ដីស្ងាត់។ ភិក្ខុនោះ មិនអាចស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈានហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ជាអ្នកដឹងផង ជាអ្នកអង់អាចផង ជាអ្នកសាបសូន្យចាកកាម និងអកុសលធម៌ទាំងពីរផង ដូចជាមេគោនោះ ត្រាច់ទៅកាន់ភ្នំ ជាសត្វល្ងង់ មិនឈ្លាសវៃ មិនស្គាល់ខេត្ត មិនប្រសប់ ត្រាច់ទៅលើភ្នំ ដែលមិនស្មើ។ ម្នាលភិក្ខុទាំងឡាយ ដូចមេគោ ត្រាច់ទៅលើភ្នំ ជាសត្វមានបញ្ញា ឈ្លាសវៃ ស្គាល់នូវខេត្ត ប្រសប់ ត្រាច់ទៅលើភ្នំ ដែលមិនស្មើ មេគោនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ទៅកាន់ទិសដែលអញមិនធ្លាប់ទៅផង ទំពាស៊ីនូវស្មៅដែលអញមិនធ្លាប់ទំពាស៊ីផង ផឹកទឹកដែលអញមិនធ្លាប់ផឹកផង។ មេគោនោះ ឈរជើងមុខឲ្យស៊ប់ល្អហើយ លើកជើងខាងក្រោយឡើង មេគោនោះ ទើបគប្បីទៅកាន់ទិស ដែលខ្លួនមិនធ្លាប់ទៅបានផង ទំពាស៊ីនូវស្មៅដែលខ្លួនមិនធ្លាប់ទំពាស៊ីបានផង ផឹកទឹកដែលខ្លួនមិនធ្លាប់ផឹកបានផង កាលបើមេគោនោះ ឈរក្នុងប្រទេសណា មេគោនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ទៅកាន់ទិសដែលអញមិនធ្លាប់ទៅផង ទំពាស៊ីស្មៅដែលអញមិនធ្លាប់ទំពាស៊ីផង ផឹកទឹកដែលអញមិនធ្លាប់ផឹកផង។ មេគោនោះ គប្បីត្រឡប់មកកាន់ប្រទេសនោះវិញដោយសួស្ដី។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មេគោនោះ ត្រាច់ទៅកាន់ភ្នំ ជាសត្វមានបញ្ញាឈ្លាសវៃ ស្គាល់នូវខេត្ត ប្រសប់ ត្រាច់ទៅលើភ្នំដែលមិនស្មើ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុខ្លះ ក្នុងសាសនានេះ ជាអ្នកមានបញ្ញា ឈ្លាសវៃ ស្គាល់នូវខេត្ត ជាអ្នកប្រសប់ ក្នុងការស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសេចក្ដីស្ងាត់ ក៏យ៉ាងនោះដែរ។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុកនូវនិមិត្តដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ រម្ងាប់វិតក្កៈ និងវិចារៈ ហើយដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្ដាននៃខ្លួន ប្រកបដោយសេចក្ដីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិគឺ បឋមជ្ឈាន។ ភិក្ខុនោះ មិនបានសម្រេចទុតិយជ្ឈាន ក៏រម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ បានដល់ទុតិយជ្ឈាន។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុកនូវនិមិត្តដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញនឿយណាយចាកបីតិ ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង សោយនូវសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គលដែលបាននូវតតិយជ្ឈាននោះថា បុគ្គលប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខដូច្នេះ ព្រោះតតិយជ្ឈានណា ក៏គួរដល់នូវតតិយជ្ឈាននោះ។ ភិក្ខុនោះ មិនបានសម្រេចនូវតតិយជ្ឈាន ព្រោះនឿយណាយចាកបីតិ។បេ។ បានដល់នូវតតិយជ្ឈាន។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុកនូវនិមិត្តដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ លះបង់នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ហើយ ក្នុងកាលមុនផង ហើយគួរដល់នូវចតុត្ថជ្ឈាន ជាធម្មជាតមានអារម្មណ៍មិនជាទុក្ខ មិនជាសុខ មានតែសតិដ៏បរិសុទ្ធ កើតអំពីឧបេក្ខា។ ភិក្ខុនោះ មិនបានសម្រេចចតុត្ថជ្ឈាន ព្រោះលះបង់នូវសុខផង។បេ។ បានដល់នូវចតុត្ថជ្ឈាន។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុកនូវនិមិត្តដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ កន្លងនូវរូបសញ្ញា ដោយប្រការទាំងពួង អស់ទៅនៃបដិឃសញ្ញា លែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ហើយគួរដល់អាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ។ ភិក្ខុនោះ មិនបានសម្រេចអាកាសានញ្ចាយតនជ្ឈាន ព្រោះកន្លងនូវរូបសញ្ញា ដោយប្រការទាំងពួង។បេ។ បានដល់អាកាសានញ្ចាយតនជ្ឈាន។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុកនូវនិមិត្ត ដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ កន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ។ ភិក្ខុនោះ មិនបានសម្រេចវិញ្ញាណញ្ចាយតនជ្ឈាន ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុកនូវនិមិត្តដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ កន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វត្ថុតិចតួច មិនមានដូច្នេះ។ ភិក្ខុនោះ មិនបានសម្រេចអាកិញ្ចញ្ញាយតនជ្ឈាន ហើយកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វត្ថុតិចតួចមិនមានដូច្នេះ។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុកនូវនិមិត្ត ដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ កន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន។ ភិក្ខុនោះ មិនបានសម្រេចនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុកនូវនិមិត្តដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ កន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយដល់នូវសញ្ញាវេទយិតនិរោធ។ ភិក្ខុនោះ មិនបានសម្រេចសញ្ញាវេទយិតនិរោធ ក៏កន្លងនូវនេវសញ្ញានាសញ្ញា យតនជ្ឈាន ដោយប្រការទាំងពួង ហើយដល់នូវសញ្ញាវេទយិតនិរោធ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុ ចូលកាន់សមាបត្ដិនោះ ៗ ក្តី ចេញចាកសមាបតិ្តនោះ ៗ ក្ដី ចិត្តរបស់ភិក្ខុនោះ ក៏ទន់ គួរដល់ភាវនាកម្ម សមាធិដែលមានប្រមាណមិនបានដោយចិត្ត ក៏ទន់គួរដល់ភាវនាកម្ម ឈ្មោះថា ភិក្ខុនោះ បានចំរើនហើយ ដោយប្រពៃ ភិក្ខុនោះ ក៏បង្អោនចិត្តទៅចំពោះធម៌ណា ដែលគប្បីធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយសមាធិ ដែលមានប្រមាណមិនបាន ដែលខ្លួនបានចំរើន ដោយប្រពៃ ដើម្បីធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម កាលបើហេតុមានហើយ ភិក្ខុនោះ ក៏ដល់នូវភាវៈដែលគួរជាក់ច្បាស់ក្នុងធម៌នោះ ៗ បាន។ បើភិក្ខុនោះ ប្រាថ្នាថា អាត្មាអញ គប្បីសំដែងនូវការតាក់តែងឫទិ្ធបានច្រើនប្រការ គឺ អាត្មាអញតែម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន ឬអាត្មាអញច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញក៏បាន។បេ។ អាត្មាអញ ធ្វើអំណាចឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន កាលបើហេតុមានហើយ ភិក្ខុនោះ ក៏ដល់នូវភាវៈ ដែលគួរជាក់ច្បាស់ក្នុងធម៌នោះ ៗ។ បើភិក្ខុនោះ ប្រាថ្នាដោយសោតធាតុជាទិព្យ។បេ។ កាលបើហេតុមានហើយ។ បើភិក្ខុនោះ ប្រាថ្នាថា អត្មាអញគប្បីកំណត់ដឹងចិត្ត របស់សត្វដទៃ របស់បុគ្គលដទៃ ដោយចិត្តរបស់ខ្លួន គឺចិត្តដែលប្រកបដោយរាគៈក្តី អាត្មាអញ ក៏ស្គាល់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្ដី ក៏ស្គាល់ថា ចិត្តប្រាសចាករាគៈ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈក្ដី ក៏ស្គាល់ថា ចិត្តប្រាសចាកទោសៈ ចិត្តដែលប្រកបដោយមោហៈក្ដី ក៏ស្គាល់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈក្ដី ក៏ស្គាល់ថា ចិត្តប្រាសចាកមោហៈ ចិត្តដែលរួញរាក្ដី ចិត្តដែលរាយមាយក្ដី ចិត្តដែលជាមហគ្គតៈ គឺរូបាវចរ និងអរូបាវចរក្ដី ចិត្តដែលមិនមែនជាមហគ្គតៈក្ដី ចិត្តដែលជាសឧត្តរ គឺចិត្តដែលមានចិត្តដទៃក្រៃលែងជាងក្ដី ចិត្តដែលជាអនុត្តរ គឺចិត្តដែលមិនមានចិត្តដទៃក្រៃលែងជាងក្ដី ចិត្តដែលមិនតាំងមាំក្ដី ចិត្តដែលតាំងមាំក្ដី ចិត្តដែលផុតស្រឡះក្ដី ចិត្តដែលមិនផុតស្រឡះក្ដី ក៏ស្គាល់ថា ចិត្តមិនទាន់ផុតស្រឡះ កាលបើហេតុមានហើយ ភិក្ខុនោះ ក៏ដល់នូវភាវៈដែលគួរជាក់ច្បាស់ក្នុងធម៌នោះ ៗ។ បើភិក្ខុនោះ ប្រាថ្នាថា អាត្មាអញ គប្បីរលឹកឃើញនូវបុព្វេនិវាស មានប្រការដ៏ច្រើន គឺរលឹកឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ អាត្មាអញ គប្បីរលឹកឃើញនូវបុព្វេនិវាស មានប្រការដ៏ច្រើន ព្រមទាំងអាការ ព្រមទាំងឧទេ្ទស ដោយប្រការដូច្នេះ កាលបើហេតុមានហើយ ភិក្ខុនោះ ក៏ដល់នូវភាវៈដែលគួរជាក់ច្បាស់ក្នុងធម៌នោះ ៗ។ បើភិក្ខុនោះ ប្រាថ្នាថា អាត្មាអញមានចក្ខុជាទិព្យដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុរបស់មនុស្សធម្មតា។បេ។ អត្មាអញ ក៏ដឹងច្បាស់ នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម (របស់ខ្លួន) កាលបើហេតុមានហើយ ភិក្ខុនោះ ក៏ដល់នូវភាវៈដែលគួរជាក់ច្បាស់ក្នុងធម៌នោះ ៗ។ បើភិក្ខុនោះ ប្រាថ្នាថា អាត្មាអញ គប្បីធ្វើឲ្យជាក់ច្បាស់ បានដល់។បេ។ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ កាលបើហេតុ មានហើយ ភិក្ខុនោះ ក៏ដល់នូវភាវៈដែលគួរជាក់ច្បាស់ក្នុងធម៌នោះ ៗ។

(ឈានសូត្រ ទី៥)

(៥. ឈានសុត្តំ)

[៣៦] ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យបឋមជ្ឈានខ្លះ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យទុតិយជ្ឈានខ្លះ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យតតិយជ្ឈានខ្លះ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យចតុត្ថជ្ឈានខ្លះ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យអាកាសានញ្ចាយតនជ្ឈានខ្លះ។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យនេវសញ្ញានាសញ្ញាយតនជ្ឈានខ្លះ។

ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យបឋមជ្ឈាន ព្រោះហេតុនោះ ពាក្យដែលតថាគតពោលហើយនុ៎ះ ពាក្យនុ៎ះតថាគត ពោលព្រោះអាស្រ័យសេចក្ដីដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន។ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា ដែលប្រព្រឹត្តទៅ ក្នុងបឋមជ្ឈាននោះ ភិក្ខុនោះ ក៏រមែងពិចារណាឃើញច្បាស់នូវធម៌ គឺបព្ចាក្ខន្ធទាំងនោះ ថាជារបស់មិនទៀង ជាទុក្ខ ជារោគ ជាពក ជាសរ ជាគ្រឿងបៀតបៀន ជាអាពាធ ជារបស់ដទៃ ជារបស់ទ្រុឌទ្រោម ជារបស់សូន្យ ជារបស់អនត្តា។ ភិក្ខុនោះ ញុំាងចិត្តឲ្យដំកល់នៅស៊ប់ ដោយធម៌ទាំងនោះ លុះភិក្ខុនោះ ញុំាងចិត្តឲ្យដំកល់នៅស៊ប់ ដោយធម៌ទាំងនោះហើយ ក៏ប្រមូលមកនូវចិត្តទុកក្នុងអមតធាតុថា ការរម្ងាប់នូវសង្ខារទាំងពួង ការលះបង់នូវកិលេសទាំងពួង ការអស់ទៅនៃតណ្ហា សេចក្ដីនឿយណាយ សេចក្ដីរលត់តណ្ហា គឺព្រះនិព្វានណា ព្រះនិព្វាននុ៎ះ ជាទីស្ងប់ ព្រះនិព្វាននុ៎ះ ជារបស់ប្រសើរ។ ភិក្ខុនោះ បានឋិតនៅក្នុងវិបស្សនា ដែលមានត្រៃលក្ខណ៍ជាអារម្មណ៍នោះ ហើយរមែងដល់នូវការអស់ទៅនៃអាសវៈទាំងឡាយ បើមិនបានដល់នូវការអស់ទៅនៃអាសវៈទេ ក៏គង់បានទៅកើតជាឱបបាតិកៈកំណើត ព្រោះសេចក្ដីត្រេកអរចំពោះសមថធម៌ និងវិបស្សនាធម៌នោះ ព្រោះសេចក្ដីរីករាយ ចំពោះធម៌នោះ ព្រោះអស់ទៅនៃឱរម្ភាគិយសំយោជនៈ ៥ ហើយនឹងបរិនិព្វានក្នុងទីនោះ មិនត្រឡប់អំពីលោកនោះមកវិញឡើយ ម្នាលភិក្ខុទាំងឡាយ ដូចខ្មាន់ធ្នូក្តី កូនសិស្សរបស់ខ្មាន់ធ្នូក្ដី ធ្វើនូវការប្រកបក្នុងរូបភាពបុរសជាវិការនៃស្មៅក្ដី ក្នុងដុំដីស្អិតក្ដី សម័យខាងក្រោយមក ខ្មាន់ធ្នូនោះ បាញ់បានឆ្ងាយផង បាញ់ត្រង់ផង អាចទំលាយនូវកាយដ៏ធំផង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ក៏យ៉ាងនោះដែរ។ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា ដែលប្រព្រឹត្តទៅ ក្នុងបឋមជ្ឈាននោះ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់នូវធម៌ គឺបព្ចាក្ខន្ធទាំងនោះថា ជារបស់មិនទៀង ជាទុក្ខ ជារោគ ជាពក ជាសរ ជាគ្រឿងបៀតបៀន ជាអាពាធ ជារបស់ដទៃ ជារបស់ទ្រុឌទ្រោម ជារបស់សូន្យ ជារបស់អនត្តា។ ភិក្ខុនោះ ញុំាងចិត្តឲ្យដំកល់នៅស៊ប់ ដោយធម៌ទាំងនោះ លុះភិក្ខុនោះ ញុំាងចិត្តឲ្យដំកល់នៅស៊ប់ ដោយធម៌ទាំងនោះហើយ ក៏ប្រមូលមកនូវចិត្ត ទុកក្នុងអមតធាតុថា ការរម្ងាប់នូវសង្ខារទាំងពួង លះបង់នូវកិលេសទាំងពួង ការអស់ទៅនៃតណ្ហា សេចក្ដីនឿយណាយ សេចក្ដីរលត់តណ្ហា គឺព្រះនិព្វានណា ព្រះនិព្វាននុ៎ះ ជាទីស្ងប់ ព្រះនិព្វាននុ៎ះ ជារបស់ប្រសើរ។ ភិក្ខុនោះ បានឋិតនៅក្នុងវិបស្សនា ដែលមានត្រៃលក្ខណ៍ជាអារម្មណ៍នោះហើយ រមែងដល់នូវការអស់ទៅនៃអាសវៈទាំងឡាយ បើមិនបានដល់នូវការអស់ទៅនៃអាសវៈទេ ក៏គង់បានទៅកើតជាឱបបាតិកៈកំណើត ព្រោះសេចក្ដីត្រេកអរ ចំពោះធម៌នោះ ព្រោះសេចក្តីរីករាយ ចំពោះធម៌នោះ ព្រោះអស់ទៅនៃឱរម្ភាគិយសំយោជនៈ ៥ ហើយនឹងបរិនិញ្វនក្នុងទីនោះ មិនត្រឡប់អំពីលោកនោះមកវិញឡើយ។ ម្នាលភិក្ខុទាំងឡាយ ពាក្យណាដែលតថាគតពោលថា តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យបឋមជ្ឈាន ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យនូវហេតុនេះ។ ម្នាលភិក្ខុទាំងឡាយ តថាគត ព្រោះអាស្រ័យនូវទុតិយជ្ឈាន។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគត ព្រោះអាស្រ័យនូវតតិយជ្ឈាន។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យនូវចតុត្ថជ្ឈាន ព្រោះហេតុនោះ ពាក្យដែលតថាគត ពោលហើយនុ៎ះ ពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យនូវហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុន ហើយដល់នូវចតុត្ថជ្ឈាន ដែលជាធម្មជាត មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា។ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា ដែលប្រព្រឹត្តទៅក្នុងចតុត្ថជ្ឈាននោះ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់នូវធម៌ គឺបញ្ចក្ខន្ធទាំងនោះថា ជារបស់មិនទៀង ជាទុក្ខ ជារោគ ជាពក ជាសរ ជាគ្រឿងបៀតបៀន ជាអាពាធ ជារបស់ដទៃ ជារបស់ទ្រុឌទ្រោម ជារបស់សូន្យ ជារបស់អនត្តា។ ភិក្ខុនោះ ញុំាងចិត្តឲ្យដំកល់នៅស៊ប់ ដោយធម៌ទាំងនោះ លុះភិក្ខុនោះ ញុំាងចិត្តឲ្យដំកល់នៅស៊ប់ ដោយធម៌ទាំងនោះហើយ ក៏ប្រមូលមកនូវចិត្តទុកក្នុងអមតធាតុថា ការរម្ងាប់បង់នូវសង្ខារទាំងពួង ការលះបង់នូវកិលេសទាំងពួង ការអស់ទៅនៃតណ្ហា សេចក្តីនឿយណាយ សេចក្តីរលត់តណ្ហា គឺព្រះនិញ្វនណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វននុ៎ះ ជារបស់ប្រសើរ។ ភិក្ខុនោះ បានឋិតនៅក្នុងវិបស្សនា ដែលមានត្រៃលក្ខណ៍ ជាអារម្មណ៍នោះហើយ រមែងដល់នូវការអស់ទៅនៃអាសវៈទាំងឡាយ បើមិនបានដល់នូវការអស់ទៅនៃអាសវៈទេ ក៏គង់បានទៅកើតជាឱបបាតិកៈកំណើត ព្រោះសេចក្តីត្រេកអរចំពោះធម៌នោះ ព្រោះសេចក្តីរីករាយចំពោះធម៌នោះ ព្រោះអស់ទៅនៃឱរម្ភាគិយសំយោជនៈ ៥ ហើយនឹងបរិនិញ្វនក្នុងទីនោះ មិនត្រឡប់អំពីលោកនោះមកវិញឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចនាយខ្មាន់ធ្នូក្តី កូនសិស្សរបស់ខ្មាន់ធ្នូក្ដី ធ្វើនូវគ្រឿងប្រកបក្នុងរូបភាពបុរស ជាវិការនៃស្មៅក្ដី ក្នុងដុំដីស្អិតក្ដី លុះសម័យខាងក្រោយមក ខ្មាន់ធ្នូនោះ បាញ់បានឆ្ងាយផង បាញ់ត្រង់ផង អាចទំលាយនូវកាយដ៏ធំបានផង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ព្រោះលះបង់នូវសុខផង។បេ។ បានដល់ចតុត្ថជ្ឈាន ក៏យ៉ាងនោះដែរ។ រូប វេទនាណា ដែលប្រព្រឹត្តទៅក្នុងចតុត្ថជ្ឈាននោះ ភិក្ខុនោះ។បេ។ មានសភាពមិនត្រឡប់អំពីលោកនោះមកវិញឡើយ។ ម្នាលភិក្ខុទាំងឡាយ ពាក្យណា ដែលតថាគតពោលហើយថា តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យនូវចតុត្ថជ្ឈាន ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យនូវហេតុនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យនូវអាកាសានញ្ចាយតនជ្ឈាន ព្រោះហេតុនោះ ពាក្យដែលតថាគតពោលហើយនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យនូវហេតុដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងបង់នូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះអស់បដិឃសញ្ញាហើយ លែងធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ហើយដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត។ វេទនា សញ្ញា សង្ខារ វិញ្ញាណណា ដែលប្រព្រឹត្តទៅក្នុងអាកាសានញ្ចាយតនជ្ឈាននោះ ភិក្ខុនោះ ក៏រមែងពិចារណាឃើញនូវធម៌ គឺខន្ធទាំងនោះ ថាជារបស់មិនទៀង ជាទុក្ខ ជារោគ ជាពក ជាសរ ជាសេចក្តីបៀតបៀន ជាអាពាធ ជារបស់ដទៃ ជារបស់ទ្រុឌទ្រោម ជារបស់សូន្យ ជារបស់អនត្តា។ ភិក្ខុនោះ ញុំាងចិត្តឲ្យដំកល់នៅស៊ប់ ដោយធម៌ទាំងនោះ លុះភិក្ខុនោះ បានញុំាងចិត្តឲ្យដំកល់នៅស៊ប់ ដោយធម៌ទាំងនោះហើយ ក៏ប្រមូលចិត្តទៅក្នុងអមតធាតុថា ការរម្ងាប់បង់នូវសង្ខារទាំងពួង លះបង់នូវកិលេសទាំងពួង ការអស់ទៅនៃតណ្ហា សេចក្ដីនឿយណាយ សេចក្ដីរលត់តណ្ហា គឺព្រះនិព្វានណា ព្រះនិព្វាននុ៎ះ ជាទីស្ងប់ ព្រះនិព្វាននុ៎ះ ជារបស់ប្រសើរ។ ភិក្ខុនោះ បានឋិតនៅក្នុងវិបស្សនា ដែលមានត្រៃលក្ខណ៍ជាអារម្មណ៍នោះហើយ រមែងដល់នូវការអស់ទៅនៃអាសវៈទាំងឡាយ បើមិនបានដល់នូវការអស់ទៅ នៃអាសវៈទេ ក៏គង់បានទៅកើតជាឱបបាតិកៈកំណើត ព្រោះសេចក្ដីត្រេកអរចំពោះធម៌នោះ ព្រោះសេចក្ដីរីករាយចំពោះធម៌នោះ ព្រោះអស់ទៅនៃឱរម្ភាគិយសំយោជនៈ ៥ ហើយ នឹងបរិនិព្វានក្នុងទីនោះ មិនត្រឡប់អំពីលោកនោះមកវិញឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចខ្មាន់ធ្នូក្តី កូនសិស្សរបស់ខ្មាន់ធ្នូក្ដី ធ្វើនូវការប្រកបក្នុងរូបភាពបុរស ជាវិការនៃស្មៅក្ដី ក្នុងដុំដីស្អិតក្ដី លុះសម័យខាងក្រោយមក ខ្មាន់ធ្នូនោះ បាញ់បានឆ្ងាយផង បាញ់ត្រង់ផង អាចទំលាយនូវកាយដ៏ធំផង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ព្រោះកន្លងបង់នូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះអស់បដិឃសញ្ញាហើយ លែងធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ហើយដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ។ វេទនា សញ្ញាណា ដែលប្រព្រឹត្តទៅក្នុងអាកាសានញ្ចាយតនជ្ឈាននោះ ភិក្ខុនោះ។បេ។ មានសភាពមិនបានត្រឡប់អំពីលោកនោះមកវិញឡើយ។ ម្នាលភិក្ខុទាំងឡាយ ពាក្យណា ដែលតថាគតពោលថា តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យនូវអាកាសានញ្ចាយតនជ្ឈាន ពាក្យនេះ តថាគតពោលហើយ ព្រោះអាស្រ័យនូវហេតុនេះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះអាស្រ័យនូវវិញ្ញាណញ្ចាយតនជ្ឈាន។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យនូវអាកិញ្ចញ្ញាយតនជ្ឈាន ព្រោះហេតុនោះ ពាក្យដែលតថាគតពោលហើយនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យនូវហេតុដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វត្ថុតិចតួចមិនមានដូច្នេះ។ វេទនា សញ្ញា សង្ខារ វិញ្ញាណណា ដែលប្រព្រឹត្តទៅក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះ ភិក្ខុនោះ ក៏រមែងពិចារណាឃើញនូវធម៌ គឺខន្ធទាំងនោះ ថាជារបស់មិនទៀង ជាទុក្ខ ជារោគ ជាពក ជាសរ ជាគ្រឿងបៀតបៀន ជាអាពាធ ជារបស់ដទៃ ជារបស់ទ្រុឌទ្រោម ជារបស់សូន្យ ជារបស់អនត្តា។ ភិក្ខុនោះ ញុំាងចិត្តឲ្យដំកល់នៅស៊ប់ដោយធម៌ទាំងនោះ លុះភិក្ខុនោះ ញុំាងចិត្តឲ្យដំកល់នៅស៊ប់ដោយធម៌ទាំងនោះហើយ ក៏ប្រមូលចិត្តទៅក្នុងអមតធាតុថា ការរម្ងាប់បង់នូវសង្ខារទាំងពួង លះបង់នូវកិលេសទាំងពួង ការអស់ទៅនៃតណ្ហា សេចក្ដីនឿយណាយ សេចក្ដីរលត់តណ្ហា គឺព្រះនិព្វានណា ព្រះនិព្វាននុ៎ះ ជាទីស្ងប់ ព្រះនិព្វាននុ៎ះ ជារបស់ប្រសើរ។ ភិក្ខុនោះ បានឋិតនៅក្នុងវិបស្សនា ដែលមានត្រៃលក្ខណ៍ ជាអារម្មណ៍ ហើយរមែងដល់នូវការអស់ទៅនៃអាសវៈទាំងឡាយ បើមិនបានដល់នូវការអស់ទៅនៃអាសវៈទេ ក៏គង់បានទៅកើតជាឱបបាតិកៈកំណើត ព្រោះសេចក្ដីត្រេកអរចំពោះធម៌នោះ ព្រោះសេចក្ដីរីករាយចំពោះធម៌នោះ ព្រោះអស់ទៅនៃឱរម្ភាគិយសំយោជនៈ ៥ ហើយនឹងបរិនិព្វានក្នុងទីនោះ មិនត្រឡប់អំពីលោកនោះមកវិញឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចខ្មាន់ធ្នូក្តី កូនសិស្សរបស់ខ្មាន់ធ្នូក្ដី ធ្វើនូវការប្រកបក្នុងរូបភាពបុរស ជាវិការនៃស្មៅក្ដី ក្នុងដុំដីស្អិតក្ដី លុះសម័យខាងក្រោយមក ខ្មាស់ធ្នូនោះ បាញ់បានឆ្ងាយផង បាញ់ត្រង់ផង អាចទំលាយនូវកាយដ៏ធំផង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ព្រោះកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វត្ថុតិចតួចមិនមានដូច្នេះ យ៉ាងនោះដែរ។ វេទនា សញ្ញា សង្ខារ វិញ្ញាណណា ដែលប្រព្រឹត្តទៅក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះ ភិក្ខុនោះ ក៏រមែងពិចារណាឃើញនូវធម៌ គឺខន្ធទាំងនោះ ថាជារបស់មិនទៀង ជាទុក្ខ ជារោគ ជាពក ជាសរ ជាគ្រឿងបៀតបៀន ជាអាពាធ ជារបស់ដទៃ ជារបស់ទ្រុឌទ្រោម ជារបស់សូន្យ ជារបស់អនត្តា។ ភិក្ខុនោះ ញុំាងចិត្តឲ្យដំកល់នៅស៊ប់ ដោយធម៌ទាំងនោះ លុះភិក្ខុនោះ ញុំាងចិត្តឲ្យដំកល់នៅស៊ប់ ដោយធម៌ទាំងនោះហើយ ក៏ប្រមូលចិត្តទៅក្នុងអមតធាតុថា ការរម្ងាប់នូវសង្ខារទាំងពួង ការលះបង់នូវកិលេសទាំងពួង ការអស់ទៅនៃតណ្ហា សេចក្ដីនឿយណាយ សេចក្ដីរលត់តណ្ហា គឺព្រះនិព្វានណា ព្រះនិព្វាននុ៎ះ ជាទីស្ងប់ ព្រះនិព្វាននុ៎ះ ជារបស់ប្រសើរ។ ភិក្ខុនោះ បានឋិតនៅក្នុងវិបស្សនា ដែលមានត្រៃលក្ខណ៍ ជាអារម្មណ៍នោះហើយ រមែងដល់នូវការអស់ទៅ នៃអាសវៈទាំងឡាយ បើមិនបានដល់នូវការអស់ទៅនៃអាសវៈទេ ក៏គង់បានទៅកើតជាឱបបាតិកៈកំណើត ព្រោះសេចក្ដីត្រេកអរចំពោះធម៌នោះ ព្រោះសេចក្ដីរីករាយ ចំពោះធម៌នោះ ព្រោះអស់ទៅ នៃឱរម្ភាគិយសំយោជនៈ ៥ ហើយនឹងបរិនិព្វានក្នុងទីនោះ មិនត្រឡប់អំពីលោកនោះមកវិញឡើយ។ ម្នាលភិក្ខុទាំងឡាយ ពាក្យណា ដែលតថាគតពោលហើយថា តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យនូវអាកិញ្ចញ្ញាយតនជ្ឈាន ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យនូវហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ សញ្ញាសមាបត្ដិ មាននៅដរាបណា សញ្ញាបដិវេធៈ ក៏មាននៅដរាបនោះ ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានឈាន ព្រោះអាស្រ័យនូវអាយតនៈទាំងពីរណា គឺនេវសញ្ញានាសញ្ញាយតនសមាបត្ដិ ១ សញ្ញាវេទយិតនិរោធ ១ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវអាយតនៈទាំងនុ៎ះថា ភិក្ខុដែលមានឈាន ឈ្លាសវៃ ក្នុងការចូលកាន់សមាបត្តិ ឈ្លាសវៃក្នុងការចេញចាកសមាបត្តិ គួរពោលថា ចូលចេញដោយប្រពៃ។

(អានន្ទសូត្រ ទី៦)

(៦. អានន្ទសុត្តំ)

[៣៧] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ ក្នុងទីនោះឯង ព្រះអានន្ទដ៏មានអាយុ មានថេរវាចានឹងភិក្ខុទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលតបព្រះអានន្ទដ៏មានអាយុថា ករុណា អាវុសោ។ ព្រះអានន្ទដ៏មានអាយុ មានថេរវាចាដូច្នេះថា ម្នាលអាវុសោទាំងឡាយ អស្ចារ្យណាស់ ម្នាលអាវុសោទាំងឡាយ ចំឡែកណាស់ ព្រោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ព្រះអង្គត្រាស់ដឹងនូវការបាននូវឱកាស ដើម្បីសេចក្ដីបរិសុទ្ធ ដើម្បីកន្លងបង់នូវសេចក្ដីសោក និងខ្សឹកខ្សួល ដើម្បីរលត់ទុក្ខ និងទោមនស្ស ដើម្បីបាននូវព្រះនិព្វាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន របស់សត្វទាំងឡាយ (ការបាននូវឱកាសនោះគឺ) ចក្ខុប្បសាទនោះ ក៏មាន រូបទាំងឡាយនោះ មកកាន់រង្វង់ចក្ខុ តែមិនទទួលដឹងចំពោះរូបាយតនៈនោះ ១ សោតប្បសាទ ក៏មាន សម្លេងទាំងឡាយនោះក៏មក តែមិនទទួលដឹងចំពោះសទ្ទាយតនៈនោះ ១ ឃានប្បសាទនោះ ក៏មាន សំឡេងទាំងឡាយនោះ ក៏មក តែមិនទទួលដឹងចំពោះគន្ធាយតនៈនោះ ១ ជិវ្ហាបសាទនោះ ក៏មាន រសទាំងឡាយនោះ ក៏មក តែមិនទទួលដឹងចំពោះរសាយតនៈនោះ ១ កាយប្បសាទនោះ ក៏មាន សម្ផស្សទាំងឡាយ ក៏មក តែមិនទទួលដឹងចំពោះផោដ្ឋព្វាយនតៈនោះ ១។ កាលដែលអានន្ទដ៏មានអាយុ មានថេរវាចាយ៉ាងនេះហើយ ព្រះឧទាយីដ៏មានអាយុ បានសួរព្រះអានន្ទដ៏មានអាយុដូច្នេះថា អើ អាវុសោអានន្ទ ចុះដែលមិនទទួលដឹងចំពោះអាយតនៈនោះ តើមានសញ្ញាឬទេ ឬក៏មិនមានសញ្ញា។ ព្រះអានន្ទដ៏មានអាយុតបថា បុគ្គលដែលទទួលដឹងចំពោះអាយតនៈនោះ សុទ្ធតែជាអ្នកមានសញ្ញា មិនមែនជាមិនមានសញ្ញាទេ។ ព្រះឧទាយីដ៏មានអាយុ សួរទៀតថា ម្នាលអាវុសោ ចុះបុគ្គលមានសញ្ញាបែបណាទៅ ទើបមិនទទួលដឹងចំពោះអាយតនៈនោះ។

ព្រះអានន្ទដ៏មានអាយុតបថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងបង់នូវរូបសញ្ញា ព្រោះរលត់នូវបដិឃសញ្ញា ព្រោះមិនបានធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ក៏បានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត។ ម្នាលអាវុសោ ភិក្ខុមានសញ្ញាយ៉ាងនេះឯង តែងមិនទទួលដឹងចំពោះអាយតនៈនោះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុ ព្រោះកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត។ ម្នាលអាវុសោ ភិក្ខុមានសញ្ញា យ៉ាងនេះឯង តែងមិនទទួលដឹងចំពោះអាយតនៈនោះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុ ព្រោះកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន។ ម្នាលអាវុសោ ភិក្ខុមានសញ្ញា យ៉ាងនេះឯង តែងមិនទទួលដឹងចំពោះអាតនៈនោះ។

ម្នាលអាវុសោ សម័យមួយ ខ្ញុំនៅក្នុងអញ្ជនវន (ព្រៃអញ្ជ័ន) ជាទីឲ្យអភ័យដល់ម្រឹគ ជិតក្រុងសាកេត។ ម្នាលអាវុសោ គ្រានោះ នាងភិក្ខុនី ជាបងប្អូននឹងជដិល បានចូលមករកខ្ញុំ លុះចូលមកដល់ហើយ ថ្វាយបង្គំខ្ញុំ ហើយឋិតនៅក្នុងទីដ៏សមគួរ។ ម្នាលអាវុសោ លុះភិក្ខុនី ជាបងប្អូននឹងជដិល ឋិតនៅក្នុងទីដ៏សមគួរស៊ប់ហើយ បានសួរខ្ញុំដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន សមាធិដែលលែងទោរទៅ (ដោយអំណាចរាគៈ) លែងងប់ទៅ (ដោយអំណាចទោសៈ) លែងសង្កត់សង្កិន ហាមឃាត់នូវកិលេសដោយព្យាយាម (ទៀតហើយ) ជាសមាធិ ឈ្មោះថា តាំងនៅហើយ ព្រោះផុតស្រឡះចាកកិលេស ជាសមាធិ ឈ្មោះថា ត្រេកអរព្រោះតាំងនៅ ជាសមាធិ ឈ្មោះថា មិនតក់ស្លុតព្រោះត្រេកអរ បពិត្រព្រះអានន្ទដ៏ចំរើន តើសមាធិនេះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានអ្វីជាផល។ ម្នាលអាវុសោ កាលភិក្ខុនីនោះ សួរយ៉ាងនេះហើយ ខ្ញុំក៏បានឆ្លើយតបនឹងនាងភិក្ខុនី ជាបងប្អូននឹងជដិលនោះថា ម្នាលនាង សមាធិ ដែលលែងទោរទៅ (ដោយអំណាចរាគៈ) លែងងប់ទៅ (ដោយអំណាចទោសៈ) លែងសង្កត់សង្កិន ហាមឃាត់នូវកិលេសដោយព្យាយាម (ទៀតហើយ) ជាសមាធិឈ្មោះថាតាំងនៅ ព្រោះផុតស្រឡះចាកកិលេស ជាសមាធិឈ្មោះថាត្រេកអរ ព្រោះតាំងនៅ ជាសមាធិឈ្មោះថា មិនតក់ស្លុត ព្រោះសេចក្ដីត្រេកអរ ម្នាលនាង សមាធិនេះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានអរហត្តជាផល។ ម្នាលអាវុសោ បុគ្គលមានសញ្ញា យ៉ាងនេះឯង តែង មិនទទួលដឹងចំពោះអាយតនៈនោះ។

(លោកាយតិកសូត្រ ទី៧)

(៧. លោកាយតិកសុត្តំ)

[៣៨] គ្រានោះឯង ព្រាហ្មណ៍ពីរនាក់ ជាអ្នកចេះស្ទាត់នូវគម្ពីរលោកាយតៈ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ពោលពាក្យរាក់ទាក់ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹករួចហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រាហ្មណ៍ទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន គ្រូឈ្មោះបូរណកស្សប ជាអ្នកដឹងនូវហេតុទាំងពួង ឃើញនូវហេតុទាំងពួង តែងប្ដេជ្ញានូវការដឹង ការឃើញ មិនមានសេសសល់ថា កាលអញដើរក្ដី ឈរក្ដី កាលអញដេកក្ដី ភ្ញាក់ឡើងក្ដី ការដឹង និងការឃើញ (នូវហេតុទាំងពួង) តែងដំកល់នៅស៊ប់ សព្វពេលវេលា ជានិរន្ដរ។ បូរណកស្សបនោះ និយាយយ៉ាងនេះថា អញតែងដឹង តែងឃើញនូវលោក ដែលមិនមានទីបំផុត ដោយសារញាណមិនមានទីបំផុត។ បពិត្រព្រះគោតមដ៏ចំរើន សូម្បីគ្រូឈ្មោះនិគ្គន្ថនាដបុត្តនេះ ក៏ជាអ្នកដឹងនូវហេតុទាំងពួង ឃើញនូវហេតុទាំងពួងដែរ តែងប្តេជ្ញានូវការដឹង ការឃើញ មិនមានសេសសល់ថា កាលអញដើរក្ដី ឈរក្ដី អញដេកក្ដី ភ្ញាក់ឡើងក្ដី ការដឹង ការឃើញ (នូវហេតុទាំងពួង) តែងដំកល់នៅស៊ប់ សព្វពេលវេលា ជានិរន្តរ។ និគ្គន្ថនាដបុត្តនោះ និយាយយ៉ាងនេះថា អញតែងដឹង តែងឃើញនូវលោក ដែលមិនមានទីបំផុត ដោយសារញាណ មិនមានទីបំផុត។ បពិត្រព្រះគោតមដ៏ចំរើន បណ្ដាញាណវាទៈទាំងពីរ និងវិបច្ចនិកវាទៈ ទៅវិញទៅមកទាំងពីរនេះ តើវាទៈណាពិត វាទៈណាកុហក។

ម្នាលព្រាហ្មណ៍ទាំងឡាយ ណ្ហើយកុំសួរត្រង់ពាក្យថា បណ្ដាញាណវាទៈទាំងពីរ និងវិបច្ចនិកវាទៈ ទៅវិញទៅមកទាំងពីរនេះ តើវាទៈណាពិត វាទៈណាកុហក ដូច្នេះនុ៎ះ ចូរផ្អាកទុកទៅចុះ ម្នាលព្រាហ្មណ៍ទាំងឡាយ តថាគតនឹងសំដែងធម៌ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្ដាប់ធម៌នោះសិន ចូរធ្វើទុកក្នុងចិត្តឲ្យល្អ តថាគតនឹងសំដែង។ ព្រាហ្មណ៍ទាំងនោះ បានទទួលស្ដាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ទាំងឡាយ ដូចបុរស ៤ នាក់ ឈរនៅក្នុងទិសទាំង ៤ ដែលបរិបូណ៌ដោយដំណើររបស់បុរសផង ដោយសន្ទុះផង ដោយជំហានជើងដ៏រហ័សក្រៃលែងផង ជាអ្នកប្រកបដោយសន្ទុះ មានសភាពយ៉ានេះឯង (ក្នុងបុរសម្នាក់ ៗ សុទ្ធតែជាអ្នកប្រកប) ដោយជំហានជើង (ដែលអាចដើរឆ្លងចក្កវាឡ ដោយឆាប់រហ័សបាន) មានភាពដូចជាខ្មាន់ធ្នូដែលខ្លាំងពូកែ បានសិក្សារួចហើយ មានដៃស្ទាត់ហើយ ធ្លាប់ចូលចំណោមហើយ ក៏យកព្រួញដ៏ស្រាល បាញ់ស្រមោលដើមត្នោត ត្រង់ពាក់កណ្ដាលដើម ដោយមិនលំបាកដូច្នោះឯង មានតួយ៉ាងដូចសមុទ្រទិសខាងកើត និងសមុទ្រទិសខាងលិច គ្រានោះ បុរសដែលឈរក្នុងទិសខាងកើត និយាយយ៉ាងនេះថា អញនឹងដើរទៅឲ្យដល់ទីបំផុតនៃលោក បុរសនោះ មានអាយុ ១០០ ឆ្នាំ រស់នៅ ១០០ ឆ្នាំ ក៏ដើរទៅអស់ ១០០ ឆ្នាំ (មិនឈប់) វៀរលែងតែស៊ី ទំពាស៊ី លិទ្ធ ភ្លក្សអាហារ វៀរលែងតែការធ្វើឧច្ចារៈ និងបស្សាវៈ វៀរលែងតែដេក និងការបន្ទោបង់ នូវសេចក្ដីនឿយហត់ចេញ ក៏មិនបានដល់ដូចបំណងឡើយ ហើយធ្វើមរណកាល ក្នុងទីជាចន្លោះ ៗ នៃលោក ចំណែកបុរសដែលឈរក្នុងទិសខាងលិច។បេ។ ចំណែកបុរស ដែលឈរក្នុងទិសខាងត្បូង ក៏និយាយយ៉ាងនេះថា អញនឹងដើរទៅឲ្យដល់ទីបំផុតនៃលោក បុរសនោះ មានអាយុ ១០០ ឆ្នាំ រស់នៅ ១០០ ឆ្នាំ ក៏ដើរទៅអស់ ១០០ ឆ្នាំ (មិនឈប់) វៀរលែងតែស៊ី ទំពាស៊ី លិទ្ធ ភ្លក្សអាហារ វៀរលែងតែការធ្វើឧច្ចារៈ និងបស្សាវៈ វៀរលែងតែដេក និងការបន្ទោបង់នូវសេចក្ដីនឿយហត់ចេញ ក៏មិនបានដល់ដូចបំណងឡើយ ហើយធ្វើមរណកាល ក្នុងទីជាចន្លោះ ៗ នៃលោក ដំណើរនុ៎ះ ព្រោះហេតុអ្វី ម្នាលព្រាហ្មណ៍ទាំងឡាយ ព្រោះតថាគតមិនពោលថា ទីបំផុតនៃលោក បុគ្គលត្រូវដឹង ត្រូវឃើញ ត្រូវទៅដល់បាន ដោយសារសន្ទុះជើងមានសភាពយ៉ាងនោះឡើយ។ ម្នាលព្រាហ្មណ៍ទាំងឡាយ ឯតថាគត មិនធ្លាប់ពោលអំពីដំណើរសត្វ ដែលមិនទាន់បានដល់នូវទីបំផុតនៃលោកហើយ (ថា) ធ្វើនូវទីបំផុតនៃទុក្ខសោះឡើយ។

ម្នាលព្រាហ្មណ៍ទាំងឡាយ កាមគុណ ៥ ប្រការនេះ តថាគត ហៅថាលោក លោកក្នុងអរិយវិន័យ។ កាមគុណ ៥ ប្រការនោះ តើដូចម្ដេចខ្លះ។ រូបទាំងឡាយ ដែលគប្បីដឹងបានដោយចក្ខុ ជាទីប្រាថ្នា ត្រេកអរ ពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាមជាទីគាប់ចិត្ត ១ សំឡេងទាំងឡាយ ដែលគប្បីដឹងដោយត្រចៀក ១។បេ។ ក្លិនទាំងឡាយ ដែលគប្បីដឹងដោយច្រមុះ ១ រសទាំងឡាយ ដែលគប្បីដឹងដោយអណ្ដាត ១ ផោដ្ឋព្វៈទាំងឡាយ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ត្រេកអរ ពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាមជាទីគាប់ចិត្ត ១។ ម្នាលព្រាហ្មណ៍ទាំងឡាយ កាមគុណ ៥ ប្រការនេះឯង តថាគតហៅថាលោក លោកក្នុងអរិយវិន័យ។

ម្នាលព្រាហ្មណ៍ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈដែលកើតអំពីសេចក្ដីស្ងប់ស្ងាត់។ ម្នាលព្រាហ្មណ៍ទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានដល់ទីបំផុតនៃលោក ឋិតនៅក្នុងទីបំផុតនៃលោក។ ពួកជនឯទៀត បាននិយាយចំពោះភិក្ខុនោះ យ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូលក្នុងលោកផង ភិក្ខុនេះ មិនរលាស់ចេញចាកលោកបានផង។ ម្នាលព្រាហ្មណ៍ទាំងឡាយ ឯតថាគត ក៏ពោលយ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូលក្នុងលោកផង ភិក្ខុនេះ មិនរលាស់ចេញចាកលោកបានផង ដូច្នេះដែរ។

ម្នាលព្រាហ្មណ៍ទាំងឡាយ មួយទៀត ភិក្ខុ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ក៏បានដល់ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ ម្នាលព្រាហ្មណ៍ទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានដល់ទីបំផុតនៃលោក ឋិតនៅក្នុងទីបំផុតនៃលោក។ ពួកជនឯទៀត បាននិយាយចំពោះភិក្ខុនោះ យ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូលក្នុងលោកផង ភិក្ខុនេះ មិនរលាស់ចេញចាកលោកបានផង។ ម្នាលព្រាហ្មណ៍ទាំងឡាយ ឯតថាគតពោលយ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូលក្នុងលោកផង ភិក្ខុនេះ មិនរលាស់ចេញចាកលោកបានផង ដូច្នេះដែរ។

ម្នាលព្រាហ្មណ៍ទាំងឡាយ មួយទៀត ភិក្ខុ ព្រោះកន្លងបង់រូបសញ្ញា ព្រោះរលត់បដិឃសញ្ញា ព្រោះធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ក៏បានដល់អាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត។ ម្នាលព្រាហ្មណ៍ទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានដល់ទីបំផុតនៃលោក ឋិតនៅក្នុងទីបំផុតនៃលោក។ ពួកជនឯទៀត បាននិយាយចំពោះភិក្ខុនោះ យ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូលក្នុងលោកផង ភិក្ខុនេះ មិនទាន់រលាស់ចេញចាកលោកបានផង។ ម្នាលព្រាហ្មណ៍ទាំងឡាយ ឯតថាគតក៏ពោលយ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូលក្នុងលោកផង ភិក្ខុនេះ មិនទាន់រលាស់ចេញចាកលោកបានផង ដូច្នេះដែរ។

ម្នាលព្រាហ្មណ៍ទាំងឡាយ មួយទៀត ភិក្ខុ ព្រោះកន្លងបង់អាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់វិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត។បេ។ ព្រោះកន្លងបង់វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន ព្រោះកន្លងបង់អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលញ្រហ្មណ៍ទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានដល់ទីបំផុតនៃលោក ឋិតនៅក្នុងទីបំផុតនៃលោក។ ពួកជនឯទៀត បាននិយាយចំពោះភិក្ខុនោះ យ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូលក្នុងលោកផង ភិក្ខុនេះ មិនទាន់រលាស់ចេញ ចាកលោកបានផង។ ម្នាលញ្រហ្មណ៍ទាំងឡាយ តថាគត ក៏និយាយយ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូលក្នុងលោកផង ភិក្ខុនេះ មិនទាន់រលាស់ចេញចាកលោកបានផង ដូច្នេះដែរ។

ម្នាលព្រាហ្មណ៍ទាំងឡាយ មួយទៀត ភិក្ខុ ព្រោះកន្លងបង់នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់សញ្ញាវេទយិតនិរោធ។ អាសវៈរបស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះយល់ឃើញដោយប្រាជ្ញា។ ម្នាលព្រាហ្មណ៍ទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានដល់ទីបំផុតនៃលោក ឋិតនៅក្នុងទីបំផុតនៃលោក បានឆ្លង ផុតនូវតណ្ហាក្នុងលោកហើយ។

(ទេវាសុរសង្គាមសូត្រ ទី៨)

(៨. ទេវាសុរសង្គាមសុត្តំ)

[៣៩] ម្នាលភិក្ខុទាំងឡាយ មានរឿងពីព្រេងនាយមកថា សង្រ្គាមនៃអសុរ មួយអន្លើដោយពួកទេវតា ជាសង្រ្គាមតទល់ ប្រឡូកកៀកគ្នាហើយ ម្នាលភិក្ខុទាំងឡាយ ក្នុងសង្រ្គាមនោះឯង ពួកអសុរឈ្នះ ពួកទេវតាចាញ់ ម្នាលភិក្ខុទាំងឡាយ លុះពួកទេវតាបរាជ័យហើយ ក៏បានរត់ឆ្ពោះមុខទៅកាន់ទិសខាងជើង ពួកអសុរក៏ដេញតាម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកទេវតា មានសេចក្ដីត្រិះរិះយ៉ាងនេះថា ពួកអសុរ នាំគ្នានៅតែដេញតាមមិនលែងសោះ បើដូច្នេះ គួរតែពួកយើងតយុទ្ធនឹងពួកអសុរឲ្យអស់ពីរគ្រា។

ម្នាលភិក្ខុទាំងឡាយ ពួកទេវតា បានតយុទ្ធនឹងពួកអសុរ ក្នុងលើកទី ២ ទៀត ម្នាលភិក្ខុទាំងឡាយ ក្នុងលើកទីពីរនោះឯង ពួកអសុរឈ្នះ ពួកទេវតាចាញ់ (ទៀត)។ ម្នាលភិក្ខុទាំងឡាយ លុះពួកទេវតាបរាជ័យហើយ ក៏បានរត់ឆ្ពោះមុខទៅកាន់ទិសខាងជើង ពួកអសុរ ក៏នាំគ្នាដេញតាម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកទេវតា មានសេចក្ដីត្រិះរិះយ៉ាងនេះថា ពួកអសុរ នៅតែនាំគ្នាដេញតាមមិនលែងសោះ បើដូច្នេះ គួរតែពួកយើងតយុទ្ធនឹងពួកអសុរឲ្យអស់ ៣ គ្រា។

ម្នាលភិក្ខុទាំងឡាយ ពួកទេវតា បានតយុទ្ធនឹងពួកអសុរ ក្នុងលើកទី ៣ ទៀត។ ម្នាលភិក្ខុទាំងឡាយ ក្នុងលើកទី ៣ នោះឯង ពួកអសុរឈ្នះ ពួកទេវតាចាញ់ទៀត ម្នាលភិក្ខុទាំងឡាយ លុះពួកទេវតាបរាជ័យហើយ ក៏ភ័យ រត់ចូលទៅក្នុងទេវបុរីវិញ។ ម្នាលភិក្ខុទាំងឡាយ ឯពួកទេវតា ដែលបានចូលទៅដល់ទេវបុរីហើយ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ពួកយើងមានខ្លួនបានដល់នូវទីការពារភ័យហើយ ទាំងពួកអសុរ ក៏មិនគប្បីធ្វើអ្វីយើងបាន។ ម្នាលភិក្ខុទាំងឡាយ ចំណែកពួកអសុរ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ពួកទេវតាមានខ្លួនបានដល់នូវទីការពារភ័យហើយ ពួកយើងមិនគប្បីធ្វើអ្វីបានទេ។

ម្នាលភិក្ខុទាំងឡាយ មានរឿងពីព្រេងនាយមកថា សង្រ្គាមនៃអសុរ មួយអន្លើដោយទេវតា ជាសង្រ្គាមតទល់ ប្រឡូកកៀកគ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសង្រ្គាមនោះឯង ពួកទេវតាឈ្នះ ពួកអសុរចាញ់ ម្នាលភិក្ខុទាំងឡាយ លុះពួកអសុរបរាជ័យហើយ ក៏បានរត់ឆ្ពោះមុខទៅទិសខាងត្បូង ពួកទេវតាក៏នាំគ្នាដេញតាម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកអសុរ មានសេចក្ដីត្រិះរិះយ៉ាងនេះថា ពួកទេវតា នៅតែនាំគ្នាដេញតាមមិនលែងសោះ បើដូច្នោះ គួរតែពួកយើងតយុទ្ធនឹងពួកទេវតាឲ្យ អស់ពីរគ្រាចុះ។

ម្នាលភិក្ខុទាំងឡាយ ពួកអសុរ បានតយុទ្ធនឹងពួកទេវតា ក្នុងលើកទី ២ ទៀត។ ម្នាលភិក្ខុទាំងឡាយ ក្នុងលើកទី ២ នោះឯង ពួកទេវតាឈ្នះ ពួកអសុរចាញ់ទៀត ម្នាលភិក្ខុទាំងឡាយ លុះពួកអសុរបរាជ័យហើយ ក៏បានរត់ឆ្ពោះមុខទៅកាន់ទិសខាងត្បូង ពួកទេវតា ក៏នាំគ្នាដេញតាម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកអសុរ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ពួកទេវតានៅតែនាំគ្នាដេញតាមមិនលែងសោះ បើដូច្នេះ គួរតែពួកយើងតយុទ្ធនឹងពួកទេវតា ឲ្យអស់ ៣ គ្រា។

ម្នាលភិក្ខុទាំងឡាយ ពួកអសុរច្បាំងតនឹងពួកទេវតា ក្នុងលើកទី ៣ ទៀត។ ម្នាលភិក្ខុទាំងឡាយ ក្នុងលើកទី ៣ នោះឯង ពួកទេវតាឈ្នះ ពួកអសុរចាញ់ទៀត ម្នាលភិក្ខុទាំងឡាយ លុះពួកអសុរបរាជ័យហើយ ក៏ភ័យ រត់ចូលទៅកាន់អសុរបុរី ម្នាលភិក្ខុទាំងឡាយ ឯពួកអសុរ ដែលទៅដល់អសុរបុរីហើយ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ពួកយើងមានខ្លួនបានដល់នូវទីការពារភ័យហើយ ទាំងពួកទេវតា ក៏មិនគប្បីធ្វើអ្វីយើងបាន។ ម្នាលភិក្ខុទាំងឡាយ ចំណែកពួកទេវតា មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ពួកអសុរ មានខ្លួនបានដល់នូវទីការពារភ័យហើយ ពួកយើងមិនគប្បីធ្វើអ្វីបានទេ។

ម្នាលភិក្ខុទាំងឡាយ រឿងនេះមានឧបមេយ្យ ដូចភិក្ខុដែលស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ ដែលកើតអំពីសេចក្ដីស្ងប់ស្ងាត់ ក្នុងសម័យណា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ភិក្ខុមានសេចក្ដីត្រិះរិះ យ៉ាងនេះថា អញមានខ្លួនបានដល់នូវធម៌ ជាគ្រឿងការពារភ័យហើយ មារមិនគប្បីធ្វើអ្វីអញបាន ម្នាលភិក្ខុទាំងឡាយ ចំណែកមារមានចិត្តបាប មានសេចក្ដីត្រិះរិះយ៉ាងនេះថា ឥឡូវនេះ ភិក្ខុមានខ្លួនបានដល់នូវគ្រឿងការពារភ័យហើយ អញមិនគប្បីធ្វើអ្វីបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ក៏បានដល់ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ក្នុងសម័យណា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ភិក្ខុមានសេចក្ដីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ អញមានខ្លួនបានដល់នូវគ្រឿងការពារភ័យហើយ មារមិនគប្បីធ្វើអ្វីអញបាន ម្នាលភិក្ខុទាំងឡាយ ចំណែកមារមានចិត្តបាប ក៏មានសេចក្ដីត្រិះរិះយ៉ាងនេះថា ឥឡូវនេះ ភិក្ខុមានគ្រឿងការពារភ័យបានហើយ អញមិនគប្បីធ្វើអ្វីបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុព្រោះកន្លងបង់រូបសញ្ញា ព្រោះរលត់បដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ក៏បានដល់អាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត ក្នុងសម័យណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ភិក្ខុនេះ តថាគតហៅថា បានធ្វើមារឲ្យផុតជើង ហៅថា រុំខ្ទប់ភ្នែកមារឲ្យជិតស្លុង ហៅថា ដល់នូវការមិនឃើញនៃមារ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ព្រោះកន្លងបង់អាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត។បេ។ ភិក្ខុ ព្រោះកន្លងបង់វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន។បេ។ ភិក្ខុ ព្រោះកន្លងបង់អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នេវសញ្ញានាសញ្ញាយតនជ្ឈាន។បេ។ ភិក្ខុ ព្រោះកន្លងបង់នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់សញ្ញាវេទយិតនិរោធ អាសវៈរបស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះឃើញដោយប្រាជ្ញា ក្នុងសម័យណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ភិក្ខុនេះ តថាគតហៅថា បានធ្វើមារឲ្យផុតជើង ហៅថា រុំខ្ទប់ភ្នែកមារឲ្យជិតស្លុង ហៅថា បានដល់នូវការមិនឃើញនៃមារ ហៅថា ឆ្លងផុតនូវតណ្ហាក្នុងលោកហើយ។

(នាគសូត្រ ទី៩)

(៩. នាគសុត្តំ)

[៤០] ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ដំរីឈ្មោលក្ដី ដំរីញីក្ដី ដំរីស្ទាវក្ដី កូនដំរីក្ដី ទៅកាត់ចុងស្មៅមុន ៗ ជាងដំរីដ៏ប្រសើរដែលនៅក្នុងព្រៃ ខ្វល់ខ្វាយរកចំណី ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ដំរីដ៏ប្រសើរនៅក្នុងព្រៃ តែងធុញទ្រាន់ នឿយណាយ ជិនឆ្អន់ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ដំរីឈ្មោលក្ដី ដំរីញីក្ដី ដំរីស្ទាវក្ដី កូនដំរីក្ដី ទំពាស៊ីមែកឈើបាក់ ដែលដំរីដ៏ប្រសើរនៅក្នុងព្រៃខ្វល់ខ្វាយរកចំណី បានកាច់បំបាក់ ខ្ទេចខ្ទីហើយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ដំរីដ៏ប្រសើរនៅក្នុងព្រៃ តែងធុញទ្រាន់ នឿយណាយ ជិនឆ្អន់ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ដំរីដ៏ប្រសើរនៅក្នុងព្រៃ ចុះកាន់កំពង់ទឹក ដំរីឈ្មោលក្តី ដំរីញីក្ដី ដំរីស្ទាវក្ដី កូនដំរីក្ដី តែងទៅកូរទឹក ដោយប្រមោយមុន ៗ (ជាងដំរីនោះ) ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ដំរីដ៏ប្រសើរនៅក្នុងព្រៃ រមែងធុញទ្រាន់ នឿយណាយ ជិនឆ្អន់ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ដំរីដ៏ប្រសើរនៅក្នុងព្រៃ ចុះកាន់កំពង់ទឹក ដំរីញីទាំងឡាយ តែងដើរដដុសកាយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ដំរីដ៏ប្រសើរនៅក្នុងព្រៃ រមែងធុញទ្រាន់ នឿយណាយ ជិនឆ្អន់។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ដំរីដ៏ប្រសើរនៅក្នុងព្រៃ មានសេចក្ដីត្រិះរិះយ៉ាងនេះថា ក្នុងកាលឥឡូវនេះ អញនៅច្រឡូកច្រឡំ ដោយដំរីឈ្មោល ដំរីញី ដំរីស្ទាវ កូនដំរី អញតែងទំពាស៊ីស្មៅ ដែលដំរីទាំងនោះកាត់ចុងផង អញទំពាស៊ីមែកឈើបាក់ ដែលដំរីទាំងនោះ កាច់បំបាក់ខ្ទេចខ្ទីហើយផង អញផឹកទឹកដ៏ល្អក់ផង កាលដែលអញឡើងអំពីកំពង់ទឹក ដំរីញីទាំងឡាយ តែងដើរដដុសកាយផង បើដូច្នោះ គួរតែអញគេចចេញចាកហ្វូង ទៅនៅតែម្នាក់ឯង។ ក្នុងសម័យខាងក្រោយមក ដំរីនោះ ក៏គេចចេញចាកហ្វូង ទៅនៅតែម្នាក់ឯង ក៏ទំពាស៊ីនូវស្មៅមិនរេចចុងផង មិនទំពាស៊ីមែកឈើបាក់ ដែលដំរីទាំងនោះ កាច់បំបាក់ខ្ទេចខ្ទីហើយផង ផឹកទឹកមិនល្អក់ផង កាលដែលឡើងអំពីកំពង់ទឹក ដំរីញីទាំងឡាយមិនបានដើរដដុសកាយផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ដំរីដ៏ប្រសើរនៅក្នុងព្រៃ មានសេចក្ដីត្រិះរិះយ៉ាងនេះថា ក្នុងកាលពីដើម អញនៅច្រឡូកច្រឡំ ដោយដំរីឈ្មោល ដំរីញី ដំរីស្ទាវ កូនដំរី អញទំពាស៊ីនូវស្មៅដែលដំរីទាំងនោះ កាត់ចុងហើយផង អញទំពាស៊ីនូវមែកឈើបាក់ ដែលដំរីទាំងនោះ កាច់បំបាក់ខ្ទេចខ្ទីហើយផង អញផឹកទឹកល្អក់ផង កាលដែលអញឡើងអំពីកំពង់ទឹក ដំរីញីទាំងឡាយ ដើរដដុសកាយផង ឥឡូវនេះ អញនោះ ចៀសចេញចាកហ្វូង មកនៅតែម្នាក់ឯង បានទំពាស៊ីនូវស្មៅមិនបានរេចចុងផង អញមិនទំពាស៊ីមែកឈើបាក់ ដែលដំរីទាំងនោះ កាច់បំបាក់ខ្ទេចខ្ទីហើយផង អញផឹកទឹកមិនល្អក់ផង កាលដែលអញឡើងអំពីកំពង់ទឹក ដំរីញីទាំងឡាយ មិនដើរដដុសកាយអញផង។ ដំរីនោះ ក៏កាច់បំបាក់មែកឈើ ដោយប្រមោយ ហើយយកមែកឈើបាក់នោះ មកបបោសកាយ មានចិត្តត្រេកអរ កំចាត់បង់សេចក្ដីស្កៀបរមាស់។ ម្នាលភិក្ខុទាំងឡាយ រឿងនេះ មានឧបមេយ្យដូចជាភិក្ខុដែលនៅច្រឡូកច្រឡំ ដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ព្រះរាជា រាជមហាមាត្យ តិរ្ថិយ និងសាវកនៃតិរិ្ថយ ក្នុងសម័យណា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ភិក្ខុ រមែងមានសេចក្ដីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ អញនៅច្រឡូកច្រឡំដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ព្រះរាជា រាជមហាមាត្យ តិរិ្ថយ និងសាវកនៃតិរិ្ថយ បើដូច្នោះ គួរតែអញគេចចេញចាកពួក ទៅនៅតែម្នាក់ឯង។ ភិក្ខុនោះ រមែងគប់រកនូវសេនាសនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ញកភ្នំ គុហាភ្នំ ព្រៃស្មសាន ព្រៃស្រោង ទីវាល គំនរចំបើង ភិក្ខុនោះ ទៅនៅក្នុងព្រៃក្ដី នៅក្នុងម្លប់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី តែងអង្គុយពែនភ្នែន តម្រង់កាយឲ្យត្រង់ហើយ តាំងស្មារតីឲ្យឆ្ពោះមុខទៅកាន់កម្មដ្ឋាន ភិក្ខុនោះ លះបង់អភិជ្ឈាក្នុងលោក ក៏មានចិត្តប្រាសចាកអភិជ្ឈា ធ្វើចិត្តឲ្យបរិសុទ្ធចាកអភិជ្ឈា។ លះបង់នូវការប្រទូស្ត គឺព្យាបាទ ជាអ្នកមិនមានចិត្តព្យាបាទ ជាអ្នកអនុគ្រោះដោយប្រយោជន៍ ដល់សត្វទាំងពួង ធ្វើចិត្តឲ្យស្អាត ចាកការប្រទូស្ដ គឺព្យាបាទ។ លះបង់ថីនមិទ្ធ ជាអ្នកប្រាសចាកថីនមិទ្ធ មានសេចក្ដីសំគាល់នូវពន្លឺ មានស្មារតី ជាអ្នកដឹងខ្លួន ធ្វើចិត្តឲ្យស្អាត ចាកថីនមិទ្ធ។ លះបង់ឧទ្ធច្ចកុក្កុច្ចៈ ជាអ្នកមានចិត្តមិនរវើរវាយ មានចិត្តស្ងប់រម្ងាប់ខាងក្នុងសន្តាន ធ្វើចិត្តឲ្យស្អាតចាកឧទ្ធច្ចកុក្កុច្ចៈ។ លះបង់វិចិកិច្ឆា ជាអ្នកឆ្លងផុតវិចិកិច្ឆា មិនមានសេចក្ដីងឿងឆ្ងល់ ក្នុងកុសលធម៌ទាំងឡាយ ហើយធ្វើចិត្តឲ្យស្អាត ចាកវិចិកិច្ឆា។ ភិក្ខុនោះ លុះលះបង់នូវនីវរណៈទាំង ៥ ប្រការ ដែលជាឧបក្កិលេសនៃចិត្ត ជាធម៌ធ្វើប្រាជ្ញា ឲ្យមានកំឡាំងថយនេះហើយ ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈដែលកើតអំពីសេចក្ដីស្ងប់ស្ងាត់ ភិក្ខុនោះ រមែងមានចិត្តត្រេកអរ កំចាត់បង់នូវសេចក្ដីស្កៀបរមាស់។ ព្រោះរម្ងាប់បង់នូវវិតក្កៈ និងវិចារៈ។បេ។ ក៏បានដល់ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ភិក្ខុនោះ រមែងមានចិត្តត្រេកអរ កំចាត់បង់នូវសេចក្ដីស្កៀបរមាស់ចេញ។ ព្រោះកន្លងបង់នូវរូបសញ្ញា ព្រោះរលត់បដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ក៏បានដល់អាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត ភិក្ខុនោះ រមែងមានចិត្តត្រេកអរ កំចាត់បង់នូវសេចក្ដីស្កៀបរមាស់។ ព្រោះកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់វិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត។បេ។ ព្រោះកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន ព្រោះកន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នេវសញ្ញានាសញ្ញាយតនជ្ឈាន ព្រោះកន្លងបង់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់សញ្ញាវេទយិតនិរោធ អាសវៈទាំងឡាយ របស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះយល់ឃើញដោយប្រាជ្ញា ភិក្ខុនោះ រមែងមានចិត្តត្រេកអរ កំចាត់បង់នូវសេចក្ដីស្កៀបរមាស់បាន។

(តបុស្សសូត្រ ទី១០)

(១០. តបុស្សសុត្តំ)

[៤១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឧរុវេលកប្បនិគមរបស់ពួកមល្លជន ក្នុងដែនមល្លៈ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្ដេចចូលទៅកាន់ឧរុវេលកប្បនិគម ដើម្បីបិណ្ឌបាត។ លុះសេ្តចទៅបិណ្ឌបាត ក្នុងឧរុវេលកប្បនិគមហើយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលខាងក្រោយភត្តវិញ បានត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរនៅក្នុងទីនេះសិន ទំរាំតថាគតចូលទៅកាន់មហាវន (ព្រៃធំ) ដើម្បីសម្រាកក្នុងវេលាថ្ងៃ។ ព្រះអានន្ទដ៏មានអាយុ បានទទួលស្ដាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្ដេចចូលទៅកាន់មហាវន ហើយគង់សម្រាកក្នុង វេលាថ្ងៃ ក្នុងម្លប់ឈើមួយ។

លំដាប់នោះ តបុស្សគហបតី បានចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះតបុស្សគហបតី អង្គុយក្នុងទីសមគួរហើយ បានទូលសួរព្រះអានន្ទដ៏មានអាយុដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគ្រឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម បពិត្រលោកម្ចាស់ដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគ្រឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម យល់ឃើញប្រាកដថា ដូចជាជ្រោះធំ បពិត្រលោកម្ចាស់ដ៏ចំរើន យើងខ្ញុំបានឮថា ពួកភិក្ខុកម្លោះ ៗ ក្នុងធម្មវិន័យនេះ ដែលយល់ឃើញថា នេក្ខម្មៈ គឺបព្វជ្ជានុ៎ះ ជាធម្មជាតស្ងប់ដូច្នេះ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងនេក្ខម្មៈ គឺបព្វជ្ជា បពិត្រលោកដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា ដែលជារបស់ពួកភិក្ខុក្នុងធម្មវិន័យនេះ ជាទំនាស់នឹងជន (ជាគ្រហស្ថ) ច្រើនគ្នា។ ព្រះអានន្ទដ៏មានអាយុតបថា ម្នាលគហបតី នេះពាក្យជាប្រធាន ដែលនាំឲ្យជួបព្រះដ៏មានព្រះភាគ ម្នាលគហបតី យើងមកទៅ យើងនឹងចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ នឹងក្រាបទូលរឿងនុ៎ះ ដល់ព្រះដ៏មានព្រះភាគ បើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករដល់យើងយ៉ាងណា យើងនឹងធ្វើតាមយ៉ាងនោះ។ ឯតបុស្សគហបតី ទទួលស្តាប់ព្រះអានន្ទដ៏មានអាយុថា ព្រះករុណា លោកម្ចាស់ដ៏ចំរើន។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ ជាមួយនឹងតបុស្សគហបតី លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់នៅក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន តបុស្សគហបតីនេះ បាននិយាយនឹងខ្ញុំព្រះអង្គយ៉ាងនេះថា បពិត្រព្រះអានន្ទដ៏ចំរើន យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម បពិត្រលោកម្ចាស់ដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគ្រឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម យល់ឃើញប្រាកដថា ដូចជាជ្រោះធំ បពិត្រលោកម្ចាស់ដ៏ចំរើន យើងខ្ញុំបានឮថា ពួកភិក្ខុកម្លោះ ៗ ក្នុងធម្មវិន័យនេះ ដែលយល់ឃើញថា នេក្ខម្មៈ គឺបព្វជ្ជានុ៎ះ ជាធម្មជាតស្ងប់ដូច្នេះ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងនេក្ខម្មៈ គឺបព្វជ្ជា បពិត្រលោកម្ចាស់ដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា ដែលជារបស់ពួកភិក្ខុ ក្នុងធម្មវិន័យនេះ ជាទំនាស់នឹងជន (ជាគ្រហស្ថ) ច្រើនគ្នាណាស់។

ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ដំណើរនោះ យ៉ាងនេះឯង ម្នាលអានន្ទ ដំណើរនោះ យ៉ាងនេះឯង ម្នាលអានន្ទ សូម្បីតថាគត កាលនៅជាពោធិសត្វ មិនទាន់ត្រាស់ដឹង ក្នុងកាលមុន អំពីកាលជាទីត្រាស់ដឹងនៅឡើយ គង់មានសេចក្ដីយល់ឃើញថា នេក្ខម្មៈ ជាគុណជាតប្រពៃ សេចក្ដីស្ងប់ស្ងាត់ ជាគុណជាតប្រពៃ ដូច្នេះដែរ។ ម្នាលអានន្ទ តែកាលតថាគតយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេក្ខម្មៈឡើយ ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេក្ខម្មៈ ម្នាលអានន្ទ តថាគតមានសេចក្ដីយល់ឃើញដូច្នេះថា ឱទោសក្នុងកាមទាំងឡាយ អញមិនទាន់ឃើញទេ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងនេក្ខម្មៈ អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថា្ល មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេក្ខម្មៈ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងកាមទាំងឡាយហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បើបានអានិសង្ស ក្នុងនេក្ខម្មៈហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនុ៎ះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថា្ល តាំងនៅ ចុះស៊ប់ ក្នុងនេក្ខម្មៈបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះ ឃើញទោស ក្នុងកាមទាំងឡាយហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បានអានិសង្ស ក្នុងនេក្ខម្មៈហើយ ក៏សេពគប់អានិសង្សនោះ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងនេក្ខម្មៈឡើង ម្នាលអានន្ទ តថាគតនោះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្ដីស្ងប់ស្ងាត់។ ម្នាលអានន្ទ កាលតថាគត ប្រព្រឹត្តនៅដោយវិហារធម៌នេះ សញ្ញា (ការសំគាល់) និងមនសិការៈ (ការធ្វើទុកក្នុងចិត្ត) ប្រកបដោយកាម ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលធ្លាប់មានសេចក្ខីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចសញ្ញា និងមនសិការៈ របស់តថាគត ប្រកបដោយកាម ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ដូច្នោះឯង។

ម្នាលអានន្ទ តថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញរម្ងាប់បង់នូវវិតក្កៈ និងវិចារៈ។បេ។ ហើយចូលកាន់ទុតិយជ្ឈាន។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអវិតក្កជ្ឈានឡើយ ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថា្ល មិនតាំងនៅ មិនចុះស៊ប់ ក្នុងអវិតក្កជ្ឈាន ម្នាលអានន្ទ តថាគត មានសេចក្ដីយល់ឃើញដូច្នេះថា ឱ ទោសក្នុងវិតក្កជ្ឈានទាំងឡាយ អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងអវិតក្កជ្ឈាន អញមិនទាន់បានទេ ទាំងអានិស្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអវិតក្កជ្ឈាន ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងវិតក្កជ្ឈានទាំងឡាយហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បើបាននូវអានិសង្ស ក្នុងអវិតក្កជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថា្ល តាំងនៅ ចុះស៊ប់ក្នុងអវិតក្កជ្ឈានបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះ ឃើញនូវទោសក្នុងវិតក្កជ្ឈានទាំងឡាយហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងអវិតក្កជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថា្ល តាំងនៅ ចុះស៊ប់ក្នុងអវិតក្កជ្ឈានឡើង ម្នាលអានន្ទ តថាគត ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ ហើយចូលកាន់ទុតិយជ្ឈាន។ ម្នាលអានន្ទ កាលតថាគត ប្រព្រឹត្តនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយវិតក្កៈ ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើងដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចសញ្ញា និងមនសិការៈរបស់តថាគត ប្រកបដោយវិតក្កៈ ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ដូច្នោះឯង។

ម្នាលអានន្ទ តថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ អញគួរជាអ្នកព្រងើយកន្តើយ ព្រោះប្រាសចាកបីតិផង ជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈផង សោយសេចក្ដីសុខ ដោយនាមកាយផង រួចចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ សរសើរថា បុគ្គលអ្នកដល់តតិយជ្ឈាន ជាអ្នកព្រងើយកន្តើយ មានស្មារតីនៅជាសុខ។ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា និប្បីតិកជ្ឈាន (ឈានមិនមានបីតិ) នុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនិប្បីតិកជ្ឈានឡើយ ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា និប្បីតិកជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនិប្បីតិកជ្ឈាន ម្នាលអានន្ទ តថាគត មានសេចក្ដីយល់ឃើញដូច្នេះថា ឱទោសក្នុងបីតិ អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងនិប្បីតិកជ្ឈាន អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា និប្បីតិកជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនិប្បីតិកជ្ឈាន ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងបីតិហើយ គប្បីធ្វើនូវការឃើញទោសនោះ ឲ្យច្រើន បានអានិសង្ស ក្នុងនិប្បីតិកជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា និប្បីតិកជ្ឈានុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងនិប្បីតិកជ្ឈានបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះ ឃើញទោសក្នុងបីតិហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បានអានិសង្ស ក្នុងនិប្បីតិកជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា និប្បីតិកជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងនិប្បីតិកជ្ឈានឡើង ម្នាលអានន្ទ តថាគតនោះឯង ព្រោះប្រាសចាកបីតិផង។បេ។ ក៏បានចូលកាន់តតិយជ្ឈាន។ ម្នាលអានន្ទ តថាគត កាលប្រព្រឹត្តនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយបីតិ ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើងដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យ ដូចសញ្ញា និងមនសិការៈរបស់តថាគត ប្រកបដោយបីតិ ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគតដូច្នោះឯង។ ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញចូលកាន់ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ មានឧបេក្ខាដ៏បរិសុទ្ធ ដោយសតិ ព្រោះលះបង់សេចក្ដីសុខផង លះបង់សេចក្ដីទុក្ខផង វិនាសសោមនស្ស និងទោមនស្សផង ក្នុងកាលមុន។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ ដូច្នេះ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខឡើយ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ ម្នាលអានន្ទ តថាគតមានសេចក្ដីយល់ឃើញដូច្នេះថា ឱទោស ក្នុងសេចក្ដីសុខក្នុងឧបេក្ខា អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា ចតុត្ថជ្ឈានដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខឡើយ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងសេចក្ដីសុខ ក្នុងឧបេក្ខាហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខបាន ម្នាលអានន្ទ លុះសម័យខាងក្រោយ តថាគតនោះឯង ឃើញទោស ក្នុងសេចក្ដីសុខក្នុងឧបេក្ខាហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បានអានិសង្ស ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខឡើយ ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ព្រោះលះបង់នូវសុខផង។បេ។ ក៏ចូលកាន់ចតុត្ថជ្ឈាន។ ម្នាលអានន្ទ កាលតថាគតប្រព្រឹត្តនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយឧបេក្ខា ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចសញ្ញា និងមនសិការៈ របស់តថាគត ប្រកបដោយឧបេក្ខា ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធ របស់តថាគត ដូច្នោះឯង។

ម្នាលអានន្ទ តថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ ព្រោះកន្លងបង់នូវរូបសញ្ញា ព្រោះរលត់បដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈានឡើយ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ហេតុអ្វី បច្ច័យអ្វី កាលអញយល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈាន ម្នាលអានន្ទ តថាគត មានសេចក្ដីយល់ឃើញ ដូច្នេះថា ឱទោសក្នុងរូបទាំងឡាយ អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្ស ក្នុងអាកាសានញ្ចាយតនជ្ឈាន អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈាន ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងរូបទាំងឡាយហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បានអានិសង្ស ក្នុងអាកាសានញ្ចាយតនជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈានបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោស ក្នុងរូបទាំងឡាយហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងអាកាសានញ្ចាយតនជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈានឡើង ម្នាលអានន្ទ តថាគតនោះឯង ព្រោះកន្លងបង់នូវរូបសញ្ញា ព្រោះរលត់បដិឃសញ្ញា ព្រោះមិនបានធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ក៏ចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត។ ម្នាលអានន្ទ កាលតថាគតនោះ ប្រព្រឹត្តនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយរូប ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើងដល់បុគ្គល ដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យ ដូចសញ្ញា និងមនសិការៈរបស់តថាគត ប្រកបដោយរូប ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ដូច្នោះឯង។

ម្នាលអានន្ទ តថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត។ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា វិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងវិញ្ញាណញ្ចាយតនជ្ឈានឡើយ ម្នាលអានន្ទ ទើបតថាគត មានសេចក្តីងឿងឆ្ងល់ថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា វិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងវិញ្ញាណញ្ចាយតនជ្ឈាន ម្នាលអានន្ទ តថាគត មានសេចក្តីយល់ឃើញថា ឱទោសក្នុងអាកាសានញ្ចាយតនជ្ឈាន អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងវិញ្ញាណញ្ចាយតនជ្ឈាន អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា វិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងវិញ្ញាណញ្ចាយតនជ្ឈាន ម្នាលអានន្ទ ទើបតថាគត មានសេចក្តីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងអាកាសានញ្ចាយតនជ្ឈានហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងវិញ្ញាណញ្ចាយតនជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា វិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងវិញ្ញាណញ្ចាយតនជ្ឈានបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោស ក្នុងអាកាសានញ្ចាយតនជ្ឈានហើយ ក៏ធ្វើនូវការឃើញទោសនោះ ឲ្យច្រើន បាននូវអានិសង្ស ក្នុងវិញ្ញាណញ្ចាយតនជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគត យល់ឃើញថាវិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងវិញ្ញាណញ្ចាយតនជ្ឈានឡើង ម្នាលអានន្ទ តថាគតនោះឯង កន្លងបង់នូវអាកាសានញ្ចាយតនជ្ឈានហើយ ចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត។ ម្នាលអានន្ទ កាលតថាគត នៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយអាកាសានញ្ចាយតនជ្ឈាន ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធ របស់តថាគត ម្នាលអានន្ទ សេចក្តីទុក្ខ គប្បីកើតឡើងដល់បុគ្គលដែលធ្លាប់មានសេចក្តីសុខ សេចក្តីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្តេចមិញ មានឧបមេយ្យ ដូចសញ្ញា និងមនសិការៈរបស់តថាគត ប្រកបដោយអាកាសានញ្ចាយតនជ្ឈាន ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធ របស់តថាគតដូច្នោះឯង។

ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអាត្មាអញ កន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈានឡើយ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន ម្នាលអានន្ទ តថាគតមានសេចក្ដីយល់ឃើញ ដូច្នេះថា ឱទោសក្នុងវិញ្ញាណញ្ចាយតនជ្ឈាន អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្ស ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងវិញ្ញាណញ្ចាយតនជ្ឈានហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងអាកិញ្ចញ្ញាយតនជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈានបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោសក្នុងវិញ្ញាណញ្ចាយតនជ្ឈានហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងអាកិញ្ចញ្ញាយតនជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននោះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈានឡើង ម្នាលអានន្ទ តថាគតនោះ កន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន។ ម្នាលអានន្ទ កាលតថាគតនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយវិញ្ញាណញ្ចាយតនជ្ឈាន ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចសញ្ញា និងមនសិការៈរបស់តថាគត ប្រកបដោយវិញ្ញាណញ្ចាយតនជ្ឈាន ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធ របស់តថាគតដូច្នោះឯង។

ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញកន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានឡើយ ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន ម្នាលអានន្ទ តថាគតមានសេចក្ដីយល់ឃើញដូច្នេះថា ឱ ទោស ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន អញមិនទាន់បាន ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញ យល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងអាកិញ្ចញ្ញាយតនជ្ឈានហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បើបានអានិសង្ស ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញ យល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោសក្នុងអាកិញ្ចញ្ញាយតនជ្ឈានហើយ ក៏ធ្វើនូវការឃើញទោសនោះ ឲ្យច្រើន បាននូវអានិសង្ស ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានឡើង ម្នាលអានន្ទ តថាគតនោះឯង កន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលអានន្ទ កាលតថាគតនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ដែលប្រកបដោយអាកិញ្ចញ្ញាយតនជ្ឈាន ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចសញ្ញា និងមនសិការៈរបស់តថាគត ដែលប្រកបដោយអាកិញ្ចញ្ញាយតនជ្ឈាន ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគតដូច្នោះឯង។

ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញកន្លងបង់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយចូលកាន់សញ្ញាវេទយិតនិរោធ។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងសញ្ញាវេទយិតនិរោធឡើយ ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងសញ្ញាវេទយិតនិរោធ ម្នាលអានន្ទ តថាគត មានសេចក្ដីយល់ឃើញដូច្នេះថា ឱទោស ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងសញ្ញាវេទយិតនិរោធ អញមិនទាន់បាន ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញ សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ក្នុងសញ្ញាវេទយិតនិរោធ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្សក្នុងសញ្ញាវេទយិតនិរោធហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងសញ្ញាវេទយិតនិរោធបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោសក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានហើយ ក៏ធ្វើនូវការឃើញទោសនោះ ឲ្យច្រើន បាននូវអានិសង្សក្នុងសញ្ញាវេទយិតនិរោធហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងសញ្ញាវេទយិតនិរោធឡើង ម្នាលអានន្ទ តថាគតនោះឯង កន្លងបង់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់សញ្ញាវេទយិតនិរោធ ឯអាសវៈទាំងឡាយ របស់តថាគត ក៏ដល់នូវការអស់រលីងទៅ ព្រោះឃើញដោយប្រាជ្ញា។

ម្នាលអានន្ទ អនុបុព្វវិហារសមាបត្តិទាំង ៩ នេះ តថាគត មិនទាន់ចូលផង មិនទាន់ចេញផង ជាអនុលោមប្បដិលោម យ៉ាងនេះបាន ដរាបណា ម្នាលអានន្ទ តថាគត ក៏មិនទាន់ហ៊ានប្ដេជ្ញាថា ជាអ្នកត្រាស់ដឹងច្បាស់ នូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ដរាបនោះឡើយ ម្នាលអានន្ទ លុះតែអនុបុព្វវិហារសមាបត្តិទាំង ៩ នេះ តថាគតចូលផង ចេញផង ជាអនុលោមប្បដិលោម យ៉ាងនេះបាន ក្នុងកាលណា ម្នាលអានន្ទ ទើបតថាគត ហ៊ានប្ដេជ្ញាថា ជាអ្នកត្រាស់ដឹងច្បាស់ នូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក្នុងកាលនោះ ឯញាណទស្សនៈ (ការដឹង និងការឃើញ) ក៏កើតឡើងដល់តថាគតថា ចេតោវិមុត្តិរបស់អញ មិនកម្រើក នេះជាតិជាទីបំផុត (របស់អញ) ភពថ្មីក្នុងកាលឥឡូវនេះ មិនមានឡើយ។

ចប់ មហាវគ្គ ទី៤។

ឧទ្ទានក្នុងមហាវគ្គនោះ គឺ

និយាយអំពីអនុបុព្វវិហារធម៌ ២ លើក ព្រះនិព្វាន ១ មេគោ ១ ឈាន ជាគំរប់ ៥ ព្រះអានន្ទ ១ លោកាយតិកព្រាហ្មណ៍ ១ សង្រ្គាមរបស់ទេវតា និងអសុរ ១ ដំរីដ៏ប្រសើរ ១ តបុស្សគហបតី ១។

 

លេខយោង

km/tipitaka/sut/an/09/sut.an.09.v04.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann