km:tipitaka:sut:an:09:sut.an.09.v05

បញ្ចាលវគ្គ ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 09.v05 បាលី cs-km: sut.an.09.v05 អដ្ឋកថា: sut.an.09.v05_att PTS: ?

បញ្ចាលវគ្គ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. សាមញ្ញវគ្គោ)

(សម្ពាធសូត្រ ទី១)

(១. សម្ពាធសុត្តំ)

[៤២] សម័យមួយ ព្រះអានន្ទដ៏មានអាយុ កាលគង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ដី។ គ្រានោះ ព្រះឧទាយិដ៏មានអាយុ បានចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្ដីរីករាយជាមួយព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះឧទាយិដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បាននិយាយនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសា ទេវបុត្រឈ្មោះបញ្ចាលចណ្ឌ ពោលនូវពាក្យនេះថា

បុគ្គលណា មានបញ្ញាក្រាស់ដូចផែនដី ជ្រាបច្បាស់នូវឱកាសដែលតាំងនៅក្នុងទីចង្អៀត ជាព្រះពុទ្ធ ត្រាស់ដឹងនូវឈាន បុគ្គលនោះ ជាអ្នកប្រាជ្ញលាក់ខ្លួន និងប្រសើរផុត។

ម្នាលអាវុសា ទីចង្អៀតនោះ តើដូចម្ដេចខ្លះ។ ការត្រាស់ដឹងនូវឱកាសក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគសំដែងហើយ តើដូចម្ដេចខ្លះ។ ម្នាលអាវុសា កាមគុណ ៥ យ៉ាងនេះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងថា ទីចង្អៀត។ កាមគុណ ៥ យ៉ាង តើដូចម្ដេចខ្លះ។ គឺរូប ដែលគប្បីដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្ដីត្រេកអរ ១ សំឡេងដែលគប្បីដឹងដោយសោតៈ ១។បេ។ ក្លិនដែលគប្បីដឹងដោយច្រមុះ ១ រសដែលគប្បីដឹងដោយ អណ្ដាត ១ ផ្សព្វដែលគប្បីដឹងច្បាស់ដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្ដីត្រេកអរ ១។ ម្នាលអាវុសោ កាមគុណ ៥ យ៉ាងនេះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងថា ទីចង្អៀត។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់នូវបឋមជ្ឈាន ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាសក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគត្រាស់សំដែងហើយ ដោយបរិយាយ មានប្រមាណប៉ុណ្ណេះឯង។ ទីចង្អៀតតែងមានក្នុងបឋមជ្ឈាននោះ ទីចង្អៀតក្នុងបឋមជ្ឈាននោះ តើដូចម្ដេច។ កាលណា បើវិតក្កៈ និងវិចារៈ ក្នុងបឋមជ្ឈាននោះ មិនទាន់រលត់ទៅទេ កាលនោះ វិតក្កៈ និងវិចារៈនេះ ឈ្មោះថាជាទីចង្អៀត ក្នុងបឋមជ្ឈាននុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុព្រោះស្ងប់រម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ បានដល់នូវទុតិយជ្ឈាន ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាស ក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគ សំដែងហើយ ដោយបរិយាយ មានប្រមាណប៉ុណ្ណេះឯង។ ទីចង្អៀតតែងមានក្នុងទុតិយជ្ឈាននោះ ទីចង្អៀតក្នុងទុតិយជ្ឈាននោះ តើដូចម្ដេច។ កាលណា បើបីតិ ក្នុងទុតិយជ្ឈាននោះ មិនទាន់រលត់ទៅទេ កាលនោះ ភាពមិនរលត់ទៅនៃបីតិនេះ ឈ្មោះថាទីចង្អៀត ក្នុងទុតិយជ្ឈាននុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុ ព្រោះប្រាសចាកបីតិផង។បេ។ បានដល់នូវតតិយជ្ឈាន ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាស ក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សំដែងហើយ ដោយបរិយាយ ត្រឹមប៉ុណ្ណេះឯង។ ទីចង្អៀត តែងមានក្នុងតតិយជ្ឈាននោះ ទីចង្អៀតក្នុងតតិយជ្ឈាននោះ តើដូចម្ដេច។ កាលណា បើឧបេក្ខា និងសុខៈ ក្នុងតតិយជ្ឈាននោះ មិនទាន់រលត់ទៅទេ កាលនោះ ភាពមិនរលត់ទៅនៃឧបេក្ខា និងសុខៈនេះ ឈ្មោះថា ទីចង្អៀត ក្នុងតតិយជ្ឈាននុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុព្រោះលះបង់នូវសេចក្ដីសុខផង។បេ។ បានដល់នូវចតុត្ថជ្ឈាន ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាស ក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយបរិយាយត្រឹមប៉ុណ្ណេះឯង។ ទីចង្អៀត រមែងមានក្នុងចតុត្ថជ្ឈាននោះ ទីចង្អៀតក្នុងចតុត្ថជ្ឈាននោះ តើដូចម្ដេច។ កាលណា បើរូបសញ្ញា ក្នុងចតុត្ថជ្ឈាននោះ មិនទាន់រលត់ទៅទេ កាលនោះ ភាពមិនរលត់ទៅនៃរូបសញ្ញានេះ ឈ្មោះថា ទីចង្អៀត ក្នុងចតុត្ថជ្ឈាននុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ ព្រោះកន្លងនូវរូបសញ្ញា ព្រោះរលត់នូវបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាស ក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយបរិយាយត្រឹមប៉ុណ្ណេះឯង។ ទីចង្អៀត រមែងមានក្នុងអាកាសានញ្ចាយតនជ្ឈាននោះ ទីចង្អៀត ក្នុងអាកាសានញ្ចាយតនជ្ឈាននោះ តើដូចម្ដេច។ កាលណាបើអាកាសានញ្ចាយតនសញ្ញា ក្នុងអាកាសានញ្ចាយតនជ្ឈាននោះ មិនទាន់រលត់ទៅទេ កាលនោះ ភាពមិនរលត់ទៅនៃអាកាសានញ្ចាយតនសញ្ញានេះ ឈ្មោះថា ទីចង្អៀត ក្នុងអាកាសានញ្ចាយតនជ្ឈាននុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាស ក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយបរិយាយត្រឹមប៉ុណ្ណេះឯង។ ទីចង្អៀត រមែងមានក្នុងវិញ្ញាណញ្ចាយតនជ្ឈាននោះ ទីចង្អៀតក្នុងវិញ្ញាណញ្ចាយតនជ្ឈាននោះ តើដូចម្ដេច។ កាលណា បើវិញ្ញាណញ្ចាយតនសញ្ញា ក្នុងវិញ្ញាណញ្ចាយតនជ្ឈាននោះ មិនទាន់រលត់ទៅទេ កាលនោះ ភាពមិនរលត់ទៅនៃវិញ្ញាណញ្ចាយតនសញ្ញានេះ ឈ្មោះថា ទីចង្អៀត ក្នុងវិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វត្ថុតិចតួចមិនមានដូច្នេះ ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាសក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយបរិយាយត្រឹមប៉ុណ្ណេះឯង។ ទីចង្អៀត រមែងមានក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះ ទីចង្អៀតក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះ តើដូចម្ដេច។ កាលណាបើអាកិញ្ចញ្ញាយតនសញ្ញា ក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះ មិនទាន់រលត់ទៅទេ កាលនោះ ភាពមិនរលត់ទៅនៃអាកិញ្ចញ្ញាយតនសញ្ញានេះ ឈ្មោះថា ទីចង្អៀត ក្នុងអាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាសក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សំដែងហើយ ដោយបរិយាយត្រឹមប៉ុណ្ណេះឯង។ ទីចង្អៀត រមែងមានក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាននោះ ទីចង្អៀត ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាននោះ តើដូចម្ដេច។ កាលណាបើនេវសញ្ញានាសញ្ញាយតនសញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាននោះ មិនទាន់រលត់ទៅទេ កាលនោះ ភាពមិនរលត់ទៅនៃនេវសញ្ញានាសញ្ញាយតនសញ្ញានេះ ឈ្មោះថាទីចង្អៀត ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវសញ្ញាវេទយិតនិរោធ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង អាសវៈទាំងឡាយរបស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះឃើញដោយបញ្ញា ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាសក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយនិប្បរិយាយ ត្រឹមប៉ុណ្ណេះឯង។

(កាយសក្ខីសូត្រ ទី២)

(២. កាយសក្ខីសុត្តំ)

[៤៣] ម្នាលអាវុសោ ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សំដែងថា កាយសក្ខិ កាយសក្ខិ ដូច្នេះ ម្នាលអាវុសោ កាយសក្ខិ ដែលព្រះមានព្រះភាគសំដែងហើយ តើដោយហេតុប៉ុន្មាន។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់នូវបឋមជ្ឈាន អាយតនៈ គឺបឋមជ្ឈាននោះមាន ព្រោះអាការណា ៗ ភិក្ខុក៏ពាល់ត្រូវនូវអាយតនៈនោះ ដោយកាយ ព្រោះអាការនោះ ៗ ម្នាលអាវុសោ កាយសក្ខិបុគ្គល ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយបរិយាយត្រឹមប៉ុណ្ណេះឯង។ ម្នាលអាវុសោ មួយទៀត ភិក្ខុ ព្រោះស្ងប់រម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ ក៏បានដល់នូវទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន អាយតនៈនោះកើត ព្រោះអាការណា ៗ ភិក្ខុក៏ពាល់ត្រូវនូវអាយតនៈនោះ ដោយកាយ ព្រោះអាការនោះ ៗ ម្នាលអាវុសោ កាយសក្ខិបុគ្គល ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយបរិយាយ ត្រឹមប៉ុណ្ណេះឯង។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ ព្រោះកន្លងនូវរូបសញ្ញា ព្រោះវិនាសនូវបដិឃសញ្ញា ព្រោះមិនបានធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង អាយតនៈនោះ កើតព្រោះអាការណា ៗ ភិក្ខុក៏ពាល់ត្រូវនូវអាយតនៈនោះ ដោយកាយ ព្រោះអាការនោះ ៗ ម្នាលអាវុសោ កាយសក្ខិបុគ្គល ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយបរិយាយ ត្រឹមប៉ុណ្ណេះឯង។បេ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវសញ្ញាវេទយិតនិរោធ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង អាសវៈទាំងឡាយរបស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះឃើញដោយបញ្ញា អាយតនៈនោះ កើតព្រោះអាការណា ៗ ភិក្ខុក៏ពាល់ត្រូវនូវអាយតនៈនោះ ដោយកាយ ព្រោះអាការនោះ ៗ ម្នាលអាវុសោ កាយសក្ខិបុគ្គល ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយនិប្បរិយាយ ត្រឹមប៉ុណ្ណេះឯង។

(បញ្ញាវិមុត្តសូត្រ ទី៣)

(៣. បញ្ញាវិមុត្តសុត្តំ)

[៤៤] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងថា បញ្ញាវិមុត្ត បញ្ញាវិមុត្ត ដូច្នេះ ម្នាលអាវុសោ បញ្ញាវិមុត្តបុគ្គល ដែលព្រះអង្គសំដែងហើយ តើដោយហេតុប៉ុន្មាន។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ក៏បានដល់នូវបឋមជ្ឈាន ទាំងដឹងច្បាស់ដោយបញ្ញា ម្នាលអាវុសោ បញ្ញាវិមុត្តបុគ្គល ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយបរិយាយ ត្រឹមប៉ុណ្ណេះឯង។បេ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវសញ្ញាវេទយិតនិរោធ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង អាសវៈទាំងឡាយរបស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះឃើញដោយបញ្ញា ទាំងភិក្ខុនោះ ក៏ដឹងច្បាស់ដោយបញ្ញា ម្នាលអាវុសោ បញ្ញាវិមុត្តបុគ្គល ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយនិប្បរិយាយ ត្រឹមប៉ុណ្ណេះឯង។

(ឧភតោភាគវិមុត្តសូត្រ ទី៤)

(៤. ឧភតោភាគវិមុត្តសុត្តំ)

[៤៥] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ឧភតោភាគវិមុត្ត ឧភតោភាគវិមុត្ត ដូច្នេះ ម្នាលអាវុសោ ឧភតោភាគវិមុត្តបុគ្គល ដែលព្រះមានព្រះភាគ សំដែងហើយ តើដោយហេតុប៉ុន្មាន។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ក៏បានដល់នូវបឋមជ្ឈាន អាយតនៈនោះ កើតព្រោះអាការណា ៗ ភិក្ខុពាល់ត្រូវនូវអាយតនៈនោះ ដោយកាយ ព្រោះអាការនោះ ៗ ទាំងដឹងច្បាស់ដោយបញ្ញា ម្នាលអាវុសោ ឧភតោភាគវិមុត្តបុគ្គល ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយបរិយាយ ត្រឹមប៉ុណ្ណេះឯង។បេ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវសញ្ញាវេទយិតនិរោធ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង អាសវៈទាំងឡាយរបស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះឃើញដោយបញ្ញា អាយតនៈនោះកើត ព្រោះអាការណា ៗ ភិក្ខុពាល់ត្រូវនូវអាយតនៈនោះ ដោយកាយ ព្រោះអាការនោះ ៗ ទាំងបានដឹងច្បាស់ដោយបញ្ញា ម្នាលអាវុសោ ឧភតោភាគវិមុត្តបុគ្គល ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយនិប្បរិយាយ ត្រឹមប៉ុណ្ណេះឯង។

(សន្ទិដ្ឋិកធម្មសូត្រ ទី៥)

(៥. សន្ទិដ្ឋិកធម្មសុត្តំ)

[៤៦] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា សន្ទិដ្ឋិកធម៌ សន្ទិដ្ឋិកធម៌ ដូច្នេះ ម្នាលអាវុសោ សន្ទិដ្ឋិកធម៌ ដែលព្រះអង្គសំដែងហើយ តើដោយហេតុប៉ុន្មាន។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ក៏បានដល់នូវបឋមជ្ឈាន ម្នាលអាវុសោ សន្ទិដ្ឋិកធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយបរិយាយត្រឹមប៉ុណ្ណេះឯង។បេ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវសញ្ញាវេទយិតនិរោធ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង អាសវៈទាំងឡាយរបស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះឃើញដោយបញ្ញា ម្នាលអាវុសោ សន្ទិដ្ឋិកធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយនិប្បរិយាយ ត្រឹមប៉ុណ្ណេះឯង។

(សន្ទិដ្ឋិកនិព្វានសូត្រ ទី៦)

(៦. សន្ទិដ្ឋិកនិព្វានសុត្តំ)

[៤៧] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា សន្ទិដ្ឋិកនិព្វាន សន្ទិដ្ឋិកនិព្វាន ដូច្នេះ ម្នាលអាវុសោ សន្ទិដ្ឋិកនិព្វាន ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ តើដោយហេតុប៉ុន្មាន។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ក៏បានដល់នូវបឋមជ្ឈាន ម្នាលអាវុសោ សន្ទិដ្ឋិកនិព្វាន ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយបរិយាយមានត្រឹមប៉ុណ្ណេះឯង។បេ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវសញ្ញាវេទយិតនិរោធ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង អាសវៈទាំងឡាយរបស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះឃើញដោយបញ្ញា ម្នាលអាវុសោ សន្ទិដ្ឋិកនិព្វាន ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយនិប្បរិយាយ ត្រឹមប៉ុណ្ណេះឯង។

(និព្វានសូត្រ ទី៧)

(៧. និព្វានសុត្តំ)

[៤៨] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា និពា្វន និព្វាន ដូច្នេះ។បេ។

(បរិនិព្វានសូត្រ ទី៨)

(៨. បរិនិព្វានសុត្តំ)

[៤៩] ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា បរិនិព្វាន បរិនិព្វាន ដូច្នេះ។បេ។

(តទង្គនិព្វានសូត្រ ទី៩)

(៩. តទង្គនិព្វានសុត្តំ)

[៥០] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា តទង្គនិព្វាន តទង្គនិព្វាន ដូច្នេះ។បេ។

(ទិដ្ឋធម្មនិព្វានសូត្រ ទី១០)

(១០. ទិដ្ឋធម្មនិព្វានសុត្តំ)

[៥១] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ទិដ្ឋធម្មនិព្វាន ទិដ្ឋធម្មនិព្វាន ដូច្នេះ ម្នាលអាវុសោ ទិដ្ឋធម្មនិព្វាន ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយហេតុប៉ុន្មាន។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ក៏បានដល់នូវបឋមជ្ឈាន ម្នាលអាវុសោ ទិដ្ឋធម្មនិព្វាន ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយបរិយាយត្រឹមប៉ុណ្ណេះឯង។បេ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវសញ្ញាវេទយិតនិរោធ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង អាសវៈទាំងឡាយ របស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះឃើញដោយបញ្ញា ម្នាលអាវុសោ ទិដ្ឋធម្មនិព្វាន ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយនិប្បរិយាយ ត្រឹមប៉ុណ្ណេះឯង។

ចប់ បញ្ចាលវគ្គ ទី៥។

ឧទ្ទានក្នុងបញ្ចាលវគ្គនោះគឺ

និយាយអំពីបញ្ចាលចណ្ឌទេវបុត្រ ១ ការបៀតបៀនកាម ១ បញ្ញាវិមុត្ត ១ ឧភតោភាគវិមុត្តបុគ្គល ១ សន្ទិដ្ឋិកៈ មាន ២ លើក និព្វាន ១ បរិនិព្វាន ១ តទង្គនិព្វាន ១ និងទិដ្ឋធម្មិកនិព្វាន ១។

ចប់ បណ្ណាសកៈ ក្នុងនវកនិបាត។

 

លេខយោង

km/tipitaka/sut/an/09/sut.an.09.v05.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann