km:tipitaka:sut:an:09:sut.an.09.v07

សតិប្បដ្ឋានវគ្គ ទី២ (៧)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 09.v07 បាលី cs-km: sut.an.09.v07 អដ្ឋកថា: sut.an.09.v07_att PTS: ?

សតិប្បដ្ឋានវគ្គ ទី២ (៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((៧) ២. សតិបដ្ឋានវគ្គោ)

(សិក្ខាទុព្វល្យសូត្រ ទី១)

(១. សិក្ខាទុព្វល្យសុត្តំ)

[៦៣] ម្នាលភិក្ខុទាំងឡាយ ហេតុនៃសិក្ខាមានកំឡាំងថយនេះ មាន ៥ យ៉ាង។ ហេតុនៃសិក្ខាមានកំឡាំងថយ ៥ យ៉ាង តើអ្វីខ្លះ។ គឺ បាណាតិបាត ១ អទិន្នាទាន ១ កាមេសុមិច្ឆាចារ ១ មុសាវាទ ១ សុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលភិក្ខុទាំងឡាយ ហេតុនៃសិក្ខាមានកំឡាំងថយនេះមាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើនសតិប្បដ្ឋាន ៤ ដើម្បីលះបង់នូវហេតុនៃសិក្ខាមានកំឡាំងថយ ៥ យ៉ាងនេះឯង។ សតិប្បដ្ឋាន ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយ ក្នុងកាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ ១ ក្នុងវេទនាទាំងឡាយ ១។បេ។ ក្នុងចិត្ត ១ ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើននូវសតិប្បដ្ឋាន ៤ នេះ ដើម្បីលះបង់នូវហេតុនៃសិក្ខាមានកំឡាំងថយ ៥ យ៉ាងនេះឯង។

(នីវរណសូត្រ ទី២)

(២. នីវរណសុត្តំ)

[៦៤] ម្នាលភិក្ខុទាំងឡាយ នីវរណធម៌នេះ មាន ៥ យ៉ាង។ នីវរណធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺ កាមច្ឆឆ្ទនីវរណៈ ១ ព្យាបាទនីវរណៈ ១ ថីនមិទ្ធនីវរណៈ ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ១ វិចិកិច្ឆានីវរណៈ ១។ ម្នាលភិក្ខុទាំងឡាយ នីវរណធម៌មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើននូវសតិប្បដ្ឋាន ៤ ដើម្បីលះបង់នូវនីវរណៈ ៥ យ៉ាងនេះឯង។ សតិប្បដ្ឋាន ៤ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយ ក្នុងកាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ ១ ក្នុងវេទនាទាំងឡាយ ១។បេ។ ក្នុងចិត្ត ១ ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លូន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើននូវសតិប្បដ្ឋាន ៤ នេះ ដើម្បីលះបង់នូវនីវរណៈ ៥ យ៉ាងនេះឯង។

(កាមគុណសូត្រ ទី៣)

(៣. កាមគុណសុត្តំ)

[៦៥] ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន ៥ យ៉ាង។ កាមគុណ ៥ យ៉ាង តើដូចម្ដេចខ្លះ។ គឺរូបដែលគប្បីដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្ដីត្រេកអរ ១ សំឡេងដែលគប្បីដឹងដោយត្រចៀក ១។បេ។ ក្លិនដែលគប្បីដឹងដោយច្រមុះ ១ រសដែលដឹងដោយអណ្តាត ១ ផ្សព្វដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាត្រេកអរ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្ដីត្រេកអរ ១។ ម្នាលភិក្ខុទាំងឡាយ កាមគុណមាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើននូវសតិប្បដ្ឋាន ៤ យ៉ាងនេះ ដើម្បីលះបង់នូវកាមគុណ ៥ យ៉ាងនេះឯង។

(ឧបាទានក្ខន្ធសូត្រ ទី៤)

(៤. ឧបាទានក្ខន្ធសុត្តំ)

[៦៦] ម្នាលភិក្ខុទាំងឡាយ ឧបាទានក្ខន្ធនេះមាន ៥ យ៉ាង។ ឧបាទានក្ខន្ធ ៥ យ៉ាង តើដូចម្ដេចខ្លះ។ គឺរូបូបាទានក្ខន្ធ ១ វេទនូបាទានក្ខន្ធ ១ សញ្ញូបាទានក្ខន្ធ ១ សង្ខារូបាទានក្ខន្ធ ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ ឧបាទានក្ខន្ធមាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើននូវសតិប្បដ្ឋាន ៤ យ៉ាងនេះ ដើម្បីលះបង់នូវឧបាទានក្ខន្ធ ៥ យ៉ាងនេះឯង។

(ឱរម្ភាគិយសូត្រ ទី៥)

(៥. ឱរម្ភាគិយសុត្តំ)

[៦៧] ម្នាលភិក្ខុទាំងឡាយ សំយោជនៈ ជាចំណែកខាងក្រោមនេះមាន ៥ យ៉ាង។ សំយោជនៈ ៥ យ៉ាង តើដូចម្ដេចខ្លះ។ គឺ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាស ១ កាមច្ឆន្ទ ១ ព្យាបាទ ១។ ម្នាលភិក្ខុទាំងឡាយ សំយោជនៈ ជាចំណែកខាងក្រោម មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើននូវសតិប្បដ្ឋាន ៤ យ៉ាងនេះ ដើម្បីលះបង់នូវសំយោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងនេះឯង។

(គតិសូត្រ ទី៦)

(៦. គតិសុត្តំ)

[៦៨] ម្នាលភិក្ខុទាំងឡាយ គតិនេះមាន ៥ យ៉ាង។ គតិ ៥ យ៉ាង តើដូចម្ដេចខ្លះ។ គឺ និរយៈ ១ តិរច្ឆានយោនិ ១ បិតិ្តវិស័យ ១ មនុស្ស ១ ទេវតា ១។ ម្នាលភិក្ខុទាំងឡាយ គតិមាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើននូវសតិប្បដ្ឋាន ៤ យ៉ាងនេះ ដើម្បីលះបង់នូវគតិ ៥ យ៉ាងនេះឯង។

(មច្ឆរិយសូត្រ ទី៧)

(៧. មច្ឆរិយសុត្តំ)

[៦៩] ម្នាលភិក្ខុទាំងឡាយ សេចក្ដីកំណាញ់នេះមាន ៥ យ៉ាង។ សេចក្ដីកំណាញ់ ៥ យ៉ាង តើដូចម្ដេចខ្លះ។ គឺ កំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ កំណាញ់ធម៌ ១។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីកំណាញ់ មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើននូវសតិប្បដ្ឋាន ៤ យ៉ាងនេះ ដើម្បីលះបង់នូវសេចក្ដីកំណាញ់ ៥ យ៉ាងនេះឯង។

(ឧទ្ធម្ភាគិយសូត្រ ទី៨)

(៨. ឧទ្ធម្ភាគិយសុត្តំ)

[៧០] ម្នាលភិក្ខុទាំងឡាយ សំយោជនៈ ជាចំណែកខាងលើនេះមាន ៥ យ៉ាង។ សំយោជនៈ ៥ យ៉ាង តើដូចម្ដេចខ្លះ។ គឺ រូបរាគៈ ១ អរូបរាគៈ ១ មានៈ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ សំយោជនៈ ជាចំណែកខាងលើ មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើននូវសតិប្បដ្ឋាន ៤ យ៉ាងនេះ ដើម្បីលះបង់នូវសំយោជនៈ ជាចំណែកខាងលើ ៥ យ៉ាងនេះឯង។

(ចេតោខិលសូត្រ ទី៩)

(៩. ចេតោខិលសុត្តំ)

[៧១] ម្នាលភិក្ខុទាំងឡាយ សេចក្ដីរឹងត្អឹងនៃចិត្តនេះ មាន ៥ យ៉ាង។ សេចក្ដីរឹងត្អឹងនៃចិត្ត ៥ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ក្នុងព្រះសាស្ដា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ក្នុងព្រះសាស្ដា ចិត្តរបស់ភិក្ខុនោះ រមែងមិនឱនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបព្យាយាមរឿយ ៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាម។ ចិត្តរបស់ភិក្ខុណា មិនឱនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបព្យាយាមរឿយ ៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាម នេះជាសេចក្ដីរឹងត្អឹងនៃចិត្ត ទី១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុសង្ស័យក្នុងព្រះធម៌។បេ។ សង្ស័យក្នុងព្រះសង្ឃ សង្ស័យក្នុងសិក្ខា ជាមនុស្សខឹង មានចិត្តអាក់អន់ មានចិត្តត្រូវទោសខ្ទាំងខ្ទប់ហើយ មានចិត្តរឹងរូស ក្នុងពួកសព្រហ្មចារី។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាមនុស្សខឹង មានចិត្តអាក់អន់ មានចិត្តត្រូវទោសខ្ទាំងខ្ទប់ហើយ មានចិត្តរឹងរូស ក្នុងពួកសព្រហ្មចារី ចិត្តរបស់ភិក្ខុនោះ រមែងមិនឱនទៅដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបព្យាយាមរឿយ ៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាម។ ចិត្តរបស់ភិក្ខុណា រមែងមិនឱនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបព្យាយាមរឿយ ៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាម នេះជាសេចក្ដីរឹងត្អឹងនៃចិត្ត ទី៥។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើននូវសតិប្បដ្ឋាន ៤ យ៉ាងនេះ ដើម្បីលះបង់នូវសេចក្ដីរឹងត្អឹងនៃចិត្ត ៥ យ៉ាងនេះឯង។

(ចេតសោវិនិពន្ធសូត្រ ទី១០)

(១០. ចេតសោវិនិពន្ធសុត្តំ)

[៧២] ម្នាលភិក្ខុទាំងឡាយ ចំណងរបស់ចិត្តនេះមាន ៥ យ៉ាង។ ចំណងរបស់ចិត្ត ៥ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកសេចក្តីពេញចិត្ត មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្ដីក្ដៅក្រហាយ មិនទាន់ប្រាសចាកសេចក្តីប្រាថ្នា ក្នុងកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកសេចក្តីពេញចិត្ត មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្ដីក្ដៅក្រហាយ មិនទាន់ប្រាសចាកសេចក្តីប្រាថ្នា ក្នុងកាមទាំងឡាយ ចិត្តរបស់ភិក្ខុនោះ រមែងមិនឱនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបព្យាយាមរឿយ ៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាម។ ចិត្តរបស់ភិក្ខុណា មិនឱនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបព្យាយាមរឿយ ៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាម នេះជាចំណងនៃចិត្ត ទី១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមិនទាន់ប្រាសចាកតម្រេកក្នុងកាយ មិនទាន់ប្រាសចាកតម្រេកក្នុងរូប ជាអ្នកបរិភោគភោជន ដរាបដល់ឆ្អែតពេញផ្ទៃ ហើយប្រកបរឿយ ៗ នូវទីដេកស្រួល នូវទីផ្អែកស្រួល និងសេចក្ដីលក់ស្រួល ប្រព្រឹត្តព្រហ្មចារ្យ ប្រាថ្នានូវទេវនិកាយណាមួយ ដោយគិតថា អាត្មាអញនឹងបានជាទេវតាមានស័ក្ដិធំ ឬជាទេវតាមានស័ក្តិតូចណាមួយ ដោយសីល ឬវត្ត តបៈ ឬព្រហ្មចារ្យនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ប្រព្រឹត្តព្រហ្មចារ្យ ប្រាថា្ននូវទេវនិកាយណាមួយ ដោយគតិថា អាត្មាអញនឹងបានជាទេវតាមានស័ក្ដិធំ ឬជាទេវតាមានស័ក្តិតូចណាមួយ ដោយសីល ឬវត្ត តបៈ ឬព្រហ្មចារ្យនេះ ចិត្តរបស់ភិក្ខុនោះ រមែងមិនឱនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបព្យាយាមរឿយ ៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាម។ ចិត្តរបស់ភិក្ខុណា រមែងមិនឱនទៅដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបព្យាយាមរឿយ ៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាម នេះជាចំណងនៃចិត្ត ទី៥។ ម្នាលភិក្ខុទាំងឡាយ ចំណងរបស់ចិត្តមាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើននូវសតិប្បដ្ឋាន ៤ ដើម្បីលះបង់នូវចំណងរបស់ចិត្ត ៥ យ៉ាងនេះ។ សតិប្បដ្ឋាន ៤ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណារឿយ ៗ នូវកាយក្នុងកាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ ក្នុងវេទនាទាំងឡាយ។បេ។ ក្នុងចិត្ត ពិចារណារឿយ ៗ នូវធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើននូវសតិប្បដ្ឋាន ៤ យ៉ាងនេះ ដើម្បីលះបង់នូវចំណងរបស់ចិត្ត ៥ យ៉ាងនេះឯង។

ចប់ សតិប្បដ្ឋានវគ្គ ទី២។

ឧទ្ទានក្នុងសតិប្បដ្ឋានវគ្គនោះគឺ

និយាយអំពីសិក្ខា ១ នីវរណៈ ១ កាម ១ ឧបាទានក្ខន្ធ ១ សំយោជនៈ ជាចំណែកខាងក្រោម ១ គតិ ១ សេចក្ដីកំណាញ់ ១ សំយោជនៈ ជាចំណែកខាងលើ ជាគំរប់ប្រាំបី ១ សេចក្ដីរឹងត្អឹងនៃចិត្ត ១ និងចំណងរបស់ចិត្ត ១។

 

លេខយោង

km/tipitaka/sut/an/09/sut.an.09.v07.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann