km:tipitaka:sut:an:10:sut.an.10.001

កិមត្ថិយសូត្រ ទី១

សង្ខេប

ព្រះ​បរមសាស្តា ទ្រង់​ឆ្លើយ​នឹង​សំណួរ ព្រះ​អាននន្ទ​ពី​ប្រយោជន៍ នៃ​ការ​បំពេញ​សីល​ជា​កុសល តាម​លំដាប់ រហូត​ដល់​អរហត្តផល។

an 10.001 បាលី cs-km: sut.an.10.001 អដ្ឋកថា: sut.an.10.001_att PTS: ?

កិមត្ថិយសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១. កិមត្ថិយសុត្តំ)

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូល ព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកសីលជាកុសល មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ ពួកសីលជាកុសល មានអវិប្បដិសារៈ (សេចក្តីមិនក្តៅក្រហាយ) ជាប្រយោជន៍ មានអវិប្បដិសារៈ ជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន ចុះអវិប្បដិសារៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ អវិប្បដិសារៈ មានបាមុជ្ជៈ (សេចក្តីរីករាយ) ជាប្រយោជន៍ មានបាមុជ្ជៈជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន ចុះបាមុជ្ជៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ បាមុជ្ជៈ មានបីតិ (សេចក្តីឆ្អែតចិត្ត) ជាប្រយោជន៍ មានបីតិជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន ចុះបីតិ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ បីតិ មានបស្សទ្ធិ (សេចក្តីស្ងប់) ជាប្រយោជន៍ មានបស្សទ្ធិ ជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន ចុះបស្សទ្ធិ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ បស្សទិ្ធ មានសុខៈជាប្រយោជន៍ មានសុខៈជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន ចុះសុខៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ សុខៈ មានសមាធិ ជាប្រយោជន៍ មានសមាធិ ជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន ចុះសមាធិ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ មា្នលអានន្ទ សមាធិ មានយថាភូតញ្ញាណទស្សនៈ (វិបស្សនាញាណទន់ខ្ចី) ជាប្រយោជន៍ មានយថាភូតញ្ញាណទស្សនៈ ជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន ចុះយថាភូតញ្ញាណទស្សនៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ យថាភូតញ្ញាណទស្សនៈ មាននិព្វិទា និងវិរាគៈ (វិបស្សនាញាណដ៏មានកំឡាំង និងមគ្គ) ជាប្រយោជន៍ មាននិព្វិទា និងវិរាគៈ ជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន ចុះនិព្វិទា និងវិរាគៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ និព្វិទា និងវិរាគៈ មានវិមុត្តិញ្ញាណទស្សនៈ (អរហត្តផល និងបច្ចវេក្ខណញ្ញាណ) ជាប្រយោជន៍ មានវិមុត្តិញ្ញាណទស្សនៈ ជាអានិសង្ស។ ម្នាលអានន្ទ ពួកសីលជាកុសល មានអវិប្បដិសារៈ ជាប្រយោជន៍ មានអវិប្បដិសារៈ ជាអានិសង្ស អវិប្បដិសារៈ មានបាមុជ្ជៈ ជាប្រយោជន៍ មានបាមុជ្ជៈ ជាអានិសង្ស បាមុជ្ជៈ មាន បីតិ ជាប្រយោជន៍ មានបីតិ ជាអានិសង្ស បីតិ មានបស្សទ្ធិ ជាប្រយោជន៍ មានបស្សទ្ធិ ជាអានិសង្ស បស្សទ្ធិ មានសុខៈ ជាប្រយោជន៍ មានសុខៈ ជាអានិសង្ស សុខៈ មានសមាធិជាប្រយោជន៍ មានសមាធិ ជាអានិសង្ស សមាធិ មានយថាភូតញ្ញាណទស្សនៈជាប្រយោជន៍ មានយថាភូតញ្ញាណទស្សនៈ ជាអានិសង្ស យថាភូតញ្ញាណទស្សនៈ មាននិព្វិទា និងវិរាគៈ ជាប្រយោជន៍ មាននិព្វិទា និងវិរាគៈ ជាអានិសង្ស និព្វិទា និងវិរាគៈ មានវិមុត្តិញ្ញាណៈទស្សនៈ ជាប្រយោជន៍ មានវិមុត្តិញ្ញាណទស្សនៈ ជាអានិសង្ស ដោយប្រការដូច្នេះឯង។ ម្នាលអានន្ទ ពួកសីលជាកុសល រមែងញុំាងធម៌ទាំងនោះ ឲ្យពេញតាមលំដាប់ ដើម្បីព្រះអរហត្តដោយប្រការដូច្នេះ។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.001.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann