km:tipitaka:sut:an:10:sut.an.10.003

បឋមឧបនិសសូត្រ ទី៣

សង្ខេប

ធ្វើ​​កិច្ច​ការ​ មិន​​បំពាន​​សិក្ខាបទ អ្នក​​នៅ​​ត្រេកអរ​​ចំពោះ​ខ្លួន​ ហើយ​​មិន​​ដាច់​គ្នា​​​ពី​រក​​ការ​​រំដោះ​ទេ។

an 10.003 បាលី cs-km: sut.an.10.003 អដ្ឋកថា: sut.an.10.003_att PTS: ?

បឋមឧបនិសសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា sut.an.10.003.jpg

(៣. បឋមឧបនិសសុត្តំ)

[៣] ម្នាលភិក្ខុទាំងឡាយ អវិប្បដិសារៈ របស់បុគ្គលទ្រុស្តសីល វិបត្តិចាកសីល រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើអវិប្បដិសារៈមិនមានហើយ បាមុជ្ជៈរបស់បុគ្គលវិបត្តិចាកអវិប្បដិសារៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើបាមុជ្ជៈ មិនមានហើយ បីតិ របស់បុគ្គលវិបត្តិចាកបាមុជ្ជៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើបីតិមិនមានហើយ បស្សទ្ធិរបស់បុគ្គលវិបត្តិចាកបីតិ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើបស្សទ្ធិមិនមានហើយ សុខៈរបស់បុគ្គលវិបត្តិចាកបស្សទ្ធិ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើសុខៈ មិនមានហើយ សម្មាសមាធិ របស់បុគ្គលវិបត្តិចាកសុខៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើសម្មាសមាធិ មិនមានហើយ យថាភូតញ្ញាណទស្សនៈ របស់បុគ្គលវិបត្តិចាកសម្មាសមាធិ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើយថាភូតញ្ញាណទស្សនៈ មិនមានហើយ និព្វិទា និងវិរាគៈ របស់បុគ្គលវិបត្តិចាកយថាភូតញ្ញាណទស្សនៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើនិព្វិទា និងវិរាគៈមិនមានហើយ វិមុត្តិញ្ញាណទស្សនៈរបស់បុគ្គលវិបត្តិចាកនិព្វិទា និងវិរាគៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចដើមឈើ ដែលមិនមានមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ក៏មិនសូវបរិបូណ៌ សំបកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនសូវបរិបូណ៌ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អវិប្បដិសារៈ របស់បុគ្គលទ្រុស្តសីល វិបត្តិចាកសីល រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើអវិប្បដិសារៈ មិនមានហើយ បាមុជ្ជៈរបស់បុគ្គលវិបត្តិចាកអវិប្បដិសារៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ។បេ។ វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ អវិប្បដិសារៈ របស់បុគ្គលមានសីល បរិបូណ៌ដោយសីល រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើមានអវិប្បដិសារៈហើយ បាមុជ្ជៈ របស់បុគ្គលបរិបូណ៌ដោយអវិប្បដិសារៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើបាមុជ្ជៈ មានហើយ បីតិរបស់បុគ្គលបរិបូណ៌ដោយបាមុជ្ជៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើបីតិ មានហើយ បស្សទ្ធិរបស់បុគ្គលបរិបូណ៌ដោយបីតិ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើបស្សទ្ធិ មានហើយ សុខៈរបស់បុគ្គលបរិបូណ៌ដោយបស្សទ្ធិ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើសុខៈ មានហើយ សម្មាសមាធិរបស់បុគ្គលបរិបូណ៌ដោយសុខៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើសម្មាសមាធិ មានហើយ យថាភូតញ្ញាណទស្សនៈ របស់បុគ្គលបរិបូណ៌ដោយសម្មាសមាធិ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើយថាភូតញ្ញាណទស្សនៈមានហើយ និព្វិទា និងវិរាគៈ របស់បុគ្គលបរិបូណ៌ដោយយថាភូតញ្ញាណទស្សនៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើនិព្វិទា និងវិរាគៈមានហើយ វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គលបរិបូណ៌ដោយនិព្វិទា និងវិរាគៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចដើមឈើ ដែលបរិបូណ៌ដោយមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ក៏រមែងបរិបូណ៌ សំបកក្តី ស្រាយក្តី ខ្លឹមក្តី ក៏រមែងបរិបូណ៌ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អវិប្បដិសារៈ របស់បុគ្គលមានសីល បរិបូណ៌ដោយសីល រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើអវិប្បដិសារៈមានហើយ បាមុជ្ជៈរបស់បុគ្គលបរិបូណ៌ដោយអវិប្បដិសារៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ។បេ។ វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.003.txt · ពេលកែចុងក្រោយ: 2024/07/01 10:02 និពន្ឋដោយ Cheav Villa