ជំហានដ៏ប្រសើរ នៃការចម្រើនឡើងរបស់ភិក្ខុ ដែលមានសទ្ធា និងសីល។
an 10.008 បាលី cs-km: sut.an.10.008 អដ្ឋកថា: sut.an.10.008_att PTS: ?
ឈានសូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៨. ឈានសុត្តំ)
[៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសទ្ធាហើយ តែមិនមានសីល ភិក្ខុនោះ ឈ្មោះថា មិនពេញលេញ ដោយអង្គនោះ យ៉ាងនេះ ភិក្ខុនោះ គប្បីបំពេញអង្គនោះ ឲ្យពេញលេញឡើង ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យអាត្មាអញ មានសទ្ធាផង មានសីលផង។ ម្នាលភិក្ខុទាំងឡាយ កាលណា ភិក្ខុមានសទ្ធាផង មានសីលផង ទើបភិក្ខុនោះ ឈ្មោះថា ពេញលេញដោយអង្គនោះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសទ្ធា ទាំងមានសីលហើយ តែថាមិនបានចេះដឹងច្រើន។បេ។ ចេះដឹងច្រើនហើយ តែមិនចេះសំដែងធម៌ ចេះសំដែងធម៌ហើយ តែចូលកាន់បរិសទ្យមិនកើត ចូលកាន់បរិសទ្យកើតហើយ តែមិនក្លៀវក្លាសំដែងធម៌ដល់បរិសទ្យ ក្លៀវក្លាសំដែងធម៌ដល់បរិសទ្យហើយ តែមិនទ្រទ្រង់វិន័យ ទ្រទ្រង់វិន័យហើយ តែមិនប្រព្រឹត្តនៅក្នុងព្រៃ ដែលមានសេនាសនៈស្ងាត់ នៅក្នុងព្រៃ មានសេនាសនៈស្ងាត់ហើយ តែមិនបានតាមប្រាថ្នា មិនបានដោយមិនលំបាក មិនបានដោយងាយ នូវចតុត្ថជ្ឈាន ដែលអាស្រ័យនូវចិត្តដ៏ប្រសើរ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវចតុត្ថជ្ឈាន ដែលអាស្រ័យនូវចិត្តដ៏ប្រសើរ ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្នហើយ តែមិនធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ភិក្ខុនោះ ឈ្មោះថា នៅមិនទាន់ពេញលេញ ដោយអង្គនោះ យ៉ាងនេះ ភិក្ខុនោះ ត្រូវបំពេញអង្គនោះ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យអាត្មាអញមានសទ្ធាផង មានសីលផង ជាអ្នកចេះដឹងច្រើនផង ចេះសំដែងធម៌ផង ចូលកាន់បរិសទ្យកើតផង ក្លៀវក្លាសំដែងធម៌ដល់បរិសទ្យផង ទ្រទ្រង់វិន័យផង ប្រព្រឹត្តនៅក្នុងព្រៃ មានសេនាសនៈស្ងាត់ផង បានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវចតុត្ថជ្ឈាន ដែលអាស្រ័យនូវចិត្តដ៏ប្រសើរ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នផង បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលណា ភិក្ខុមានសទ្ធាផង មានសីលផង ជាអ្នកចេះដឹងច្រើនផង ចេះសំដែងធម៌ផង ចូលកាន់បរិសទ្យកើតផង ក្លៀវក្លាសំដែងធម៌ដល់បរិសទ្យផង ទ្រទ្រង់វិន័យផង ប្រព្រឹត្តនៅក្នុងព្រៃ មានសេនាសនៈស្ងាត់ផង បានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវចតុត្ថជ្ឈាន ដែលអាស្រ័យនូវចិត្តដ៏ប្រសើរ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នផង ធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នផង។ ភិក្ខុនោះ ទើបពេញលេញ ដោយអង្គនោះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយធម៌ទាំង ១០ នេះហើយ ឈ្មោះថា នាំឲ្យកើតសេចក្តីជ្រះថ្លា ដោយជុំវិញផង បរិបូណ៌ដោយអាការគ្រប់យ៉ាងផង។