km:tipitaka:sut:an:10:sut.an.10.014

ចេតោខិលសូត្រ ទី៤

សង្ខេប

៥ មន្ទិល​​ដែល​​នាំ​​ទៅ​​រក​​សេចក្តី​​វិនាស ដល់​ភិក្ខុ​នេះ។

an 10.014 បាលី cs-km: sut.an.10.014 អដ្ឋកថា: sut.an.10.014_att PTS: ?

ចេតោខិលសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា ស៊ុនហ៊ាង

(៤. ចេតោខិលសុត្តំ)

[១៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយ មិនបានលះសេចក្តីរឹងត្អឹងនៃចិត្ត ៥ មិនបានផ្តាច់ផ្តិលចំណងរបស់ចិត្ត ៥ ទេ យប់ ឬថ្ងៃមកដល់ភិក្ខុ ឬភិក្ខុនីនោះ សេចក្តីសាបសូន្យក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដឡើង មិនមានសេចក្តីចំរើនឡើយ។ សេចក្តីរឹងត្អឹងនៃចិត្ត ៥ ដែលភិក្ខុមិនបានលះបង់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ក្នុងព្រះសាស្តា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះសាស្តា ចិត្តរបស់ភិក្ខុនោះ មិនបង្អោនទៅ ដើម្បីព្យាយាមជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម។ ចិត្តរបស់ភិក្ខុណា មិនបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាម ភិក្ខុនោះឈ្មោះថា មិនបានលះបង់សេចក្តីរឹងត្អឹងនៃចិត្ត ទី១ នេះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុសង្ស័យក្នុងធម៌។បេ។ សង្ស័យក្នុងសង្ឃ សង្ស័យក្នុងសិក្ខា ក្រោធខឹង មិនពេញចិត្ត មានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មានសេចក្តីរឹងរូសក្នុងសព្រហ្មចារីទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាអ្នកក្រោធខឹង មិនពេញចិត្ត មានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មានសេចក្តីរឹងរូសក្នុងសព្រហ្មចារីទាំងឡាយហើយ ចិត្តរបស់ភិក្ខុនោះ រមែងមិនបង្អោនទៅដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាម។ ចិត្តរបស់ភិក្ខុណា មិនបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម ភិក្ខុនោះឈ្មោះថា មិនបានលះបង់សេចក្តីរឹងត្អឹងនៃចិត្តទាំង ៥ នេះ យ៉ាងនេះឯង។ នេះជាសេចក្តីរឹងត្អឹងនៃចិត្តទាំង ៥ ដែលភិក្ខុមិនបានលះបង់ហើយ។ ចុះចំណងរបស់ចិត្ត ៥ ដែលភិក្ខុមិនបានផ្តាច់ផ្តិល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកសេចក្តីប្រាថ្នា មិនទាន់ប្រាសចាកសេចក្តីគាប់ចិត្ត មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្តីក្តៅក្រហាយ មិនទាន់ប្រាសចាកបំណងក្នុងកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកសេចក្តីប្រាថ្នា មិនទាន់ប្រាសចាកសេចក្តីគាប់ចិត្ត មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្តីក្តៅក្រហាយ មិនទាន់ប្រាសចាកបំណងក្នុងកាមទាំងឡាយហើយ ចិត្តរបស់ភិក្ខុនោះ រមែងមិនបង្អោនទៅដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បតាំងទុកព្យាយាម។ ចិត្តរបស់ភិក្ខុណា មិនបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាមទេ ភិក្ខុនោះឈ្មោះថា មិនបានផ្តាច់ផ្តិលនូវចំណងរបស់ចិត្ត ទី១ នេះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមិនទាន់ប្រាសចាកតម្រេកក្នុងកាយ។បេ។ មិនទាន់ប្រាសចាកតម្រេកក្នុងរូប បរិភោគអាហារពេញពោះដរាបដល់ឆ្អែត រៀបចំតែទីដេកឲ្យស្រួល ទីផ្អែកឲ្យស្រួល ទីលក់ឲ្យស្រួល ប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះដំកល់ទុកនូវសេចក្តីប្រាថ្នា ឲ្យបានជាពួកទេវតាណាមួយថា ខ្ញុំសូមឲ្យបានជាទេវតាធំ ឬទេវតាតូចណាមួយ ដោយសីល ឬវ័ត ឬតបៈ ឬក៏ព្រហ្មចរិយៈនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះដំកល់ទុកនូវសេចក្តីប្រាថ្នាឲ្យបានជាពួកទេវតាណាមួយថា ខ្ញុំសូមឲ្យបានជាទេវតាធំ ឬទេវតាតូចណាមួយ ដោយសីល ឬវ័ត ឬតបៈ ឬក៏ព្រហ្មចរិយៈនេះ ចិត្តរបស់ភិក្ខុនោះ រមែងមិនបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម។ ចិត្តរបស់ភិក្ខុណា មិនបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាមមិនដាច់ទេ ភិក្ខុនោះឈ្មោះថា មិនបានផ្តាច់ផ្តិល នូវចំណងរបស់ចិត្តទី ៥ នេះ យ៉ាងនេះឯង។ នេះជាចំណងរបស់ចិត្តទាំង ៥ ដែលភិក្ខុមិនបានផ្តាច់ផ្តិល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយ មិនបានលះបង់នូវសេចក្តីរឹងត្អឹងរបស់ចិត្តទាំង ៥ នេះ មិនបានផ្តាច់ផ្តិលនូវចំណងរបស់ចិត្តទាំង ៥ នេះហើយ យប់ និងថ្ងៃ មកដល់ភិក្ខុ ឬភិក្ខុនីនោះ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ មិនមានសេចក្តីចំរើនឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាយប់ និងថ្ងៃ រមែងមកដល់ព្រះចន្រ្ទក្នុងកាលបក្ខ តែងសាបសូន្យចាកវណ្ណៈ សាបសូន្យចាកមណ្ឌល សាបសូន្យចាករស្មី សាបសូន្យចាកទំហំ និងកំពស់ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយ មិនបានលះបង់នូវសេចក្តីរឹងត្អឹងរបស់ចិត្តទាំង ៥ នេះ មិនបានផ្តាច់ផ្តិល នូវចំណងរបស់ចិត្ត ទាំង ៥ នេះហើយ យប់ និងថ្ងៃមកដល់ភិក្ខុ ឬភិក្ខុនីនោះ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ មិនមានសេចក្តីចំរើនឡើយ ក៏ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយ បានលះបង់នូវចំណងរបស់ចិត្ត ៥ បានផ្តាច់ផ្តិលនូវចំណងរបស់ចិត្ត ៥ ហើយ យប់ និងថ្ងៃមកដល់ភិក្ខុ ឬភិក្ខុនីនោះ សេចក្តីចំរើន ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ មិនបានសាបសូន្យឡើយ។ សេចក្តីរឹងត្អឹងរបស់ចិត្តទាំង ៥ ដែលភិក្ខុ ឬភិក្ខុនីបានលះបង់ហើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនងឿងឆ្ងល់ មិនសង្ស័យ ចុះចិត្តស៊ប់ ជ្រះថ្លា ក្នុងព្រះសាស្តា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនងឿងឆ្ងល់ មិនសង្ស័យ ចុះចិត្តស៊ប់ ជ្រះថ្លាក្នុងព្រះសាស្តាហើយ ចិត្តរបស់ភិក្ខុនោះ រមែងបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម។ ចិត្តរបស់ភិក្ខុណា បង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម ភិក្ខុនោះឈ្មោះថា បានលះបង់នូវសេចក្តីរឹងត្អឹងរបស់ចិត្តទី ១ នេះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមិនងឿងឆ្ងល់ ក្នុងធម៌។បេ។ មិនងឿងឆ្ងល់ ក្នុងសង្ឃ… មិនងឿងឆ្ងល់ ក្នុងសិក្ខា មិនក្រោធខឹង មិនអន់ចិត្ត មិនមានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មិនមានសេចក្តីរឹងរូស ក្នុងពួកសព្រហ្មចារី។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនក្រោធខឹង មិនអន់ចិត្ត មិនមានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មិនមានសេចក្តីរឹងរូស ក្នុងពួកសព្រហ្មចារីហើយ ចិត្តរបស់ភិក្ខុនោះ រមែងបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម ចិត្តរបស់ភិក្ខុណា បង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម ភិក្ខុនោះឈ្មោះថា លះបង់នូវសេចក្តីរឹងត្អឹងរបស់ចិត្តទី ៥ នេះ យ៉ាងនេះឯង។ នេះជាសេចក្តីរឹងត្អឹង របស់ចិត្តទាំង ៥ ដែលភិក្ខុបានលះបង់ហើយ។ ចំណងរបស់ចិត្ត ៥ ដែលភិក្ខុបានផ្តាច់ផ្តិលហើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាសចាកតម្រេក ប្រាសចាកសេចក្តីប្រាថ្នា ប្រាសចាកសេចក្តីស្រឡាញ់ ប្រាសចាកសម្រេក ប្រាសចាកសេចក្តីក្តៅក្រហាយ ប្រាសចាកចំណង់ក្នុងកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នកប្រាសចាកតម្រេក ប្រាសចាកសេចក្តីប្រាថ្នា ប្រាសចាកសេចក្តីស្រឡាញ់ ប្រាសចាកសម្រេក ប្រាសចាកសេចក្តីក្តៅក្រហាយ ប្រាសចាកចំណង់ ក្នុងកាមទាំងឡាយហើយ ចិត្តរបស់ភិក្ខុនោះ រមែងបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម។ ចិត្តរបស់ភិក្ខុណា បង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម ភិក្ខុនោះឈ្មោះថា បានផ្តាច់ផ្តិលនូវចំណងរបស់ចិត្តទី ១ នេះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រាសចាកតម្រេកក្នុងកាយ។បេ។ ប្រាសចាកតម្រេកក្នុងរូប មិនបរិភោគពេញពោះដរាបដល់ឆ្អែត ហើយរៀបចំតែទីដេកឲ្យស្រួល ទីផ្អែកឲ្យស្រួល ទីលក់ឲ្យស្រួល មិនប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះដំកល់ទុក នូវសេចក្តីប្រាថ្នា ឲ្យបានជាពួកទេវតាណាមួយថា អាត្មាអញ សូមឲ្យបានជាទេវតាធំ ឬទេវតាតូចណាមួយ ដោយសីល ឬវ័ត ឬក៏តបៈ ឬក៏ព្រហ្មចរិយៈនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនប្រព្រឹត្តព្រហ្មចរិយៈ ព្រោះដំកល់ទុកនូវសេចក្តីប្រាថ្នា ឲ្យបានជាពួកទេវតាណាមួយថា អាត្មាអញ សូមឲ្យបានជាទេវតាធំ ឬទេវតាតូចណាមួយ ដោយសីល ឬវ័ត ឬក៏តបៈ ឬក៏ព្រហ្មចរិយៈនេះហើយ ចិត្តរបស់ភិក្ខុនោះ រមែងបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម។ ចិត្តរបស់ភិក្ខុណា បង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម។ ភិក្ខុនោះឈ្មោះថា ផ្តាច់ផ្តិលនូវចំណងរបស់ចិត្តទី ៥ នេះ យ៉ាងនេះឯង។ នេះជាចំណងរបស់ចិត្តទាំង ៥ ដែលភិក្ខុបានផ្តាច់ផ្តិល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយ បានលះបង់នូវសេចក្តីរឹងត្អឹងរបស់ចិត្តទាំង ៥ នេះ បានផ្តាច់ផ្តិលនូវចំណងរបស់ចិត្តទាំង ៥ នេះហើយ យប់ និងថ្ងៃមកដល់ភិក្ខុ ឬភិក្ខុនីនោះ សេចក្តីចំរើន ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ មិនមានសេចក្តីសាបសូន្យឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចយប់ និងថ្ងៃ រមែងមកដល់ព្រះចន្ទ្រខាងខ្នើត តែងចំរើនដោយវណ្ណៈ ចំរើនដោយមណ្ឌល ចំរើនដោយរស្មី ចំរើនដោយកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយ បានលះបង់នូវសេចក្តីរឹងត្អឹងរបស់ចិត្តទាំង ៥ នេះ បានផ្តាច់ផ្តិលនូវសេចក្តីរឹងត្អឹងរបស់ចិត្តទាំង ៥ នេះហើយ យប់ និងថ្ងៃ មកដល់ភិក្ខុ ឬភិក្ខុនីនោះ សេចក្តីចំរើន ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ មិនមានសេចក្តីសាបសូន្យឡើយ ក៏យ៉ាងនោះដែរ។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.014.txt · ពេលកែចុងក្រោយ: 2024/07/10 09:04 និពន្ឋដោយ Johann