km:tipitaka:sut:an:10:sut.an.10.015

អប្បមាទសូត្រ ទី៥

សង្ខេប

ស្នាម​ជើង​ដំរី គឺ​ស្មើ​នឹង​គុណភាព​នៃ​អប្បមាទ។

an 10.015 បាលី cs-km: sut.an.10.015 អដ្ឋកថា: sut.an.10.015_att PTS: ?

អប្បមាទសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៥. អប្បមាទសុត្តំ)

[១៥] ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងអម្បាលមាណ ទោះបីមិនមានជើងក្តី មានជើងពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី មិនមានរូបក្តី មានសញ្ញាក្តី មិនមានសញ្ញាក្តី មានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែនក្តី ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងអម្បាលនោះ (យ៉ាងណាមិញ) ម្នាលភិក្ខុទាំងឡាយ កងធម៌ជាកុសលឯណានីមួយ កងធម៌ជាកុសលទាំងអស់នោះ មានអប្បមាទ ជាឫស ប្រជុំចុះក្នុងអប្បមាទ អប្បមាទ ប្រាកដជាប្រសើរជាងកងធម៌ជាកុសលទាំងនោះ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាស្នាមជើងទាំងឡាយណាមួយ របស់ពួកសត្វ ដែលដើរលើផ្ទៃផែនដី ស្នាមជើងទាំងអស់នោះ រមែងដល់នូវការប្រជុំចុះ ក្នុងស្នាមជើងនៃដំរី ស្នាមជើងនៃដំរី ប្រាកដជាប្រសើរជាងស្នាមជើងនៃសត្វទាំងនោះ ព្រោះជាស្នាមជើងធំ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កងធម៌ជាកុសលឯណានីមួយ កងធម៌ជាកុសលទាំងអស់នោះ មានអប្បមាទ ជាឫស ប្រជុំចុះក្នុងអប្បមាទ អប្បមាទ ប្រាកដជាប្រសើរជាងកងធម៌ជាកុសលទាំងអស់នោះ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបង្កង់ទាំងឡាយឯណានីមួយ របស់កូដាគារ (ផ្ទះដែលគេសង្គ្រោះដោយកំពូល) បង្កង់ទាំងអស់នោះ ឈមទៅរកកំពូល ទេរទៅរកកំពូល ប្រជុំទៅត្រង់កំពូល កំពូលប្រាកដជាប្រសើរជាងបង្កង់ទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កងធម៌ជាកុសលឯណានីមួយ កងធម៌ជាកុសលទាំងអស់នោះ មានអប្បមាទ ជាឫស ប្រជុំចុះក្នុងអប្បមាទ អប្បមាទ ប្រាកដជាប្រសើរជាងកងធម៌ជាកុសលទាំងនោះ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាក្លិនឫសឈើទាំងឡាយឯណានីមួយ ក្លិនឫសក្លាំពាក់ ប្រាកដជាប្រសើរជាងក្លិនឫសឈើទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ។បេ។ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាក្លិនខ្លឹមទាំងឡាយណានីមួយ ក្លិនខ្លឹមចន្ទន៍ក្រហមប្រាកដជាប្រសើរជាងក្លិនខ្លឹមទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ។បេ។ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាក្លិនផ្កាឈើទាំងឡាយ ឯណានីមួយ ក្លិនផ្កាម្លិះ ប្រាកដជាប្រសើរជាងក្លិនផ្កាឈើទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ។បេ។ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាពួកស្តេចតូច ៗ ឯណានីមួយ ពួកស្តេចតូច ៗ ទាំងអស់នោះ រមែងជាចំណុះរបស់ស្តេចចក្រពត្តិ ស្តេចចក្រពត្តិ ប្រាកដជាប្រសើរជាងពួកស្តេចតូច ៗ ទាំងនោះយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ។បេ។ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាពន្លឺ របស់រូបផ្កាយទាំងឡាយឯណានីមួយ ពន្លឺទាំងអស់នោះ មិនបានដល់នូវចំណិត ជាគំរប់ ១៦ ៗ ដង នៃពន្លឺព្រះចន្រ្ទ ពន្លឺព្រះចន្ទ្រ ប្រាកដជាប្រសើរជាងពន្លឺនៃរូបផ្កាយទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ។បេ។ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាព្រះអាទិត្យ កាលបើភ្លៀងស្វាង ប្រាសចាកពពក ក្នុងសរទសម័យ ខ្ពស់ផុតពពក កំចាត់បង់នូវងងឹតទាំងអស់ ដែលនៅលើអាកាស ហើយភ្លឺស្វាងរុងរឿង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ។បេ។ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាទន្លេធំទាំងឡាយ ឯណានីមួយ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេទាំងអស់នោះ ក៏ឈមទៅរកសមុទ្រ ឱនទៅរកសមុទ្រ ទេរទៅរកសមុទ្រ ញោចទៅរកសមុទ្រ មហាសមុទ្រ ប្រាកដជាប្រសើរជាងទន្លេធំទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កងធម៌ជាកុសលឯណានីមួយ កងធម៌ជាកុសលទាំងអស់នោះ មានអប្បមាទ ជាឫស ប្រជុំចុះក្នុងអប្បមាទ អប្បមាទ ប្រាកដជាប្រសើរជាងកងធម៌ជាកុសលទាំងនោះ ក៏យ៉ាងនោះដែរ។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.015.txt · ពេលកែចុងក្រោយ: 2023/06/24 04:32 និពន្ឋដោយ Cheav Villa