km:tipitaka:sut:an:10:sut.an.10.021

សីហនាទសូត្រ ទី១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.021 បាលី cs-km: sut.an.10.021 អដ្ឋកថា: sut.an.10.021_att PTS: ?

សីហនាទសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. សីហនាទសុត្តំ)

[២១] ម្នាលភិក្ខុទាំងឡាយ ក្នុងសាយណ្ហសម័យ សត្វសីហជាស្តេចម្រឹគ ចេញពីលំនៅ លុះចេញពីលំនៅហើយ ក៏មិតពត់ខ្លួន លុះមិតពត់ខ្លួនរួចហើយ ក៏ក្រឡេកមៀងមើលទិសទាំង ៤ ជុំវិញ លុះក្រឡេកមៀងមើលទិសទាំង ៤ ជុំវិញហើយ ក៏បន្លឺសីហនាទ ៣ ដង លុះបន្លឺសីហនាទ ៣ ដងហើយ ទើបចេញទៅរកចំណី។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា សត្វសីហៈគិតថា អាត្មាអញ កុំធ្វើពួកសត្វតូច ៗ ដែលដើរទៅរកស៊ីក្នុងទីក្រហេងក្រហូងឲ្យស្លាប់។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា សីហៈ នេះ ជាឈ្មោះរបស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតសំដែងធម៌ដល់បរិស័ទ ដោយហេតុណា នេះជាសីហនាទ របស់ព្រះតថាគតនោះ។ ម្នាលភិក្ខុទាំងឡាយ តថាគតពល របស់ព្រះតថាគតនេះ មាន ១០ ប្រការ គឺព្រះតថាគត ប្រកបដោយពលៈទាំងឡាយហើយ ទើបប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ (ចក្រដ៏ប្រសើរ) ឲ្យប្រព្រឹត្តទៅ។ តថាគតពល ១០ ប្រការ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតក្នុងលោកនេះ រមែងជ្រាបច្បាស់នូវហេតុតាមហេតុផង ជ្រាបច្បាស់នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង ដោយសេចក្តីជាក់លាក់។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់នូវហេតុ តាមហេតុផង ជ្រាបច្បាស់នូវអំពើ មិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង ដោយសេចក្តីជាក់លាក់ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពលរបស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវវិបាកនៃកុសលកម្ម និងអកុសលកម្ម ដែលសត្វបានធ្វើហើយ ទាំងអតីត អនាគត និងបច្ចុប្បន្ន តាមថ្នាក់ តាមហេតុ ដោយសេចក្តីជាក់លាក់។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់នូវវិបាកនៃកុសលកម្ម និងអកុសលកម្ម ដែលសត្វបានធ្វើហើយ ទាំងអតីត អនាគត និងបច្ចុប្បន្ន តាមថ្នាក់ តាមហេតុ ដោយសេចក្តីជាក់លាក់ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវផ្លូវ ដែលទៅកាន់ទីទាំងពួង ដោយសេចក្តីជាក់លាក់។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់នូវផ្លូវ ដែលទៅកាន់ទីទាំងពួង ដោយសេចក្តីជាក់លាក់ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុ ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវលោក ដែលមានធាតុច្រើនយ៉ាង មានធាតុផ្សេង ៗ គ្នា ដោយសេចក្តីជាក់លាក់។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់នូវលោក ដែលមានធាតុច្រើនយ៉ាង មានធាតុផ្សេង ៗ គ្នា ដោយសេចក្តីជាក់លាក់ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវអធ្យាស្រ័យផ្សេង ៗ គ្នា របស់ពួកសត្វ ដោយសេចក្តីជាក់លាក់។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់នូវអធ្យាស្រ័យផ្សេង ៗ គ្នា របស់ពួកសត្វ ដោយសេចក្តីជាក់លាក់ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវឥន្រ្ទិយក្លៀវក្លា និងទន់របស់ពួកសត្វដទៃ ពួកបុគ្គលដទៃ ដោយសេចក្តីជាក់លាក់។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់នូវឥន្រ្ទិយក្លៀវក្លា និងទន់របស់ពួកសត្វដទៃ ពួកបុគ្គលដទៃ ដោយសេចក្តីជាក់លាក់ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវសេចក្តីសៅហ្មង ផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិ ដោយសេចក្តីជាក់លាក់។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់នូវសេចក្តីសៅហ្មង ផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិ ដោយសេចក្តីជាក់លាក់ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត រលឹកឃើញជាតិ ដែលបាននៅអាស្រ័យ ក្នុងកាលមុន ជាអនេកជាតិ គឺ ១ ជាតិខ្លះ ២ ជាតិខ្លះ ៣ ជាតិខ្លះ ៤ ជាតិខ្លះ ៥ ជាតិខ្លះ ១០ ជាតិខ្លះ ២០ ជាតិខ្លះ ៣០ ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ ជាតិខ្លះ ១០០ ជាតិខ្លះ ១.០០០ ជាតិខ្លះ ១០.០០០ ជាតិខ្លះ រលឹកឃើញបានច្រើនសំវដ្តកប្បខ្លះ ច្រើនវិវដ្តកប្បខ្លះ ច្រើនសំវដ្តវិវដ្តកប្បខ្លះថា ក្នុងភពឯណោះ អាត្មាអញ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ អាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះទៀត អាត្មាអញ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ ទើបមកកើតក្នុងភពនេះ។ ព្រះតថាគត រលឹកឃើញជាតិ ដែលបាននៅអាស្រ័យក្នុងកាលមុន ជាអនេកជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេសយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត រលឹកឃើញជាតិ ដែលបាននៅអាស្រ័យក្នុងកាលមុន ជាអនេកជាតិ គឺ ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ រលឹកឃើញជាតិ ដែលបាននៅអាស្រ័យក្នុងកាលមុន ជាអនេកជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេសយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ឃើញនូវពួកសត្វដែលកំពុងច្យុត កំពុងកើត ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានសម្បុរល្អខ្លះ មានសម្បុរអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ ជ្រាបច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ សត្វអម្បាលនេះ ដែលជាអ្នកប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត តិះដៀលពួកអរិយៈ ជាមិច្ឆាទិដ្ឋិ ប្រកាន់កម្មជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក អើហ្ន៎ ចំណែកខាងសត្វទាំងនេះ ដែលជាអ្នកប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀលពួកអរិយៈ ជាសម្មាទិដ្ឋិ ប្រកាន់កម្មជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ទេវលោក។ ព្រះតថាគត មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ឃើញនូវពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ជ្រាបច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា។បេ។ ជ្រាបច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ប្រសើរ ដោយខ្លួនឯងក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ប្រសើរ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ។ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល ១០ ប្រការ របស់ព្រះតថាគត ព្រោះព្រះតថាគត ប្រកបដោយពលៈទាំងឡាយ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.021.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann