km:tipitaka:sut:an:10:sut.an.10.023

កាយសូត្រ ទី៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.023 បាលី cs-km: sut.an.10.023 អដ្ឋកថា: sut.an.10.023_att PTS: ?

កាយសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. កាយសុត្តំ)

[២៣] ម្នាលភិក្ខុទាំងឡាយ ពួកធម៌ ដែលបុគ្គលគប្បីលះដោយកាយ មិនបាច់វាចាក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកធម៌ ដែលបុគ្គលគប្បីលះដោយវាចា មិនបាច់កាយ ក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកធម៌ ដែលបុគ្គលមិនគប្បីលះដោយកាយ មិនគប្បីលះដោយវាចា គប្បីលះចេញ ព្រោះឃើញជាក់ស្តែងដោយប្រាជ្ញាក៏មាន។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ ដែលបុគ្គលគប្បីលះដោយកាយ មិនបាច់វាចា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកត្រូវនូវចំណែកនៃអាបត្តិណាមួយ ជាអកុសល ដោយកាយ។ ពួកវិញ្ញូជន ជាសព្រហ្មចារី ដៀងមើលរឿយ ៗ នូវភិក្ខុនោះ ហើយនិយាយយ៉ាងនេះថា លោកដ៏មានអាយុ បានត្រូវនូវចំណែកនៃអាបត្តិណាមួយ ជាអកុសលដោយកាយហើយ លោកដ៏មានអាយុ ចូរលះកាយទុច្ចរិត ហើយចំរើនកាយសុចរិត ឲ្យត្រឹមត្រូវឡើង។ កាលពួកវិញ្ញូជន ជាសព្រហ្មចារី ដៀងមើលរឿយ ៗ ហើយស្តីថា ភិក្ខុនោះ ក៏លះកាយទុច្ចរិត ហើយចំរើនកាយសុចរិតទៅ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលបុគ្គលគប្បីលះដោយកាយ មិនបាច់វាចា។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ ដែលបុគ្គលគប្បីលះដោយវាចា មិនបាច់កាយ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកត្រូវនូវចំណែកនៃអាបត្តិណាមួយ ជាអកុសល ដោយវាចា។ ពួកវិញ្ញូជន ជាសព្រហ្មចារី ដៀងមើលរឿយ ៗ នូវភិក្ខុនោះ ហើយនិយាយយ៉ាងនេះថា លោកដ៏មានអាយុ បានត្រូវនូវចំណែកនៃអាបត្តិណាមួយ ជាអកុសល ដោយវាចាហើយ លោកដ៏មានអាយុ ចូរលះវចីទុច្ចរិត ហើយចំរើនវចីសុចរិតឲ្យត្រឹមត្រូវឡើង។ កាលពួកវិញ្ញូជន ជាសព្រហ្មចារី ដៀងមើលរឿយ ៗ ហើយស្តីថា ភិក្ខុនោះ ក៏លះវចីទុច្ចរិត ហើយចំរើនវចីសុចរិតទៅ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលបុគ្គលគប្បីលះ ដោយវាចា មិនបាច់កាយ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ ដែលបុគ្គលមិនគប្បីលះ ដោយកាយ មិនគប្បីលះដោយវាចា គប្បីលះចេញ ព្រោះឃើញជាក់ស្តែងដោយប្រាជ្ញាបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ លោភៈ បុគ្គលមិនគប្បីលះដោយកាយ មិនគប្បីលះដោយវាចាទេ គប្បីលះចេញ ព្រោះឃើញជាក់ស្តែងដោយប្រាជ្ញាបាន។ ម្នាលភិក្ខុទាំងឡាយ ទោសៈ… ម្នាលភិក្ខុទាំងឡាយ មោហៈ… ម្នាលភិក្ខុទាំងឡាយ កោធៈ… ម្នាលភិក្ខុទាំងឡាយ ឧបនាហៈ… ម្នាលភិក្ខុទាំងឡាយ មក្ខៈ… ម្នាលភិក្ខុទាំងឡាយ បលាសៈ… ម្នាលភិក្ខុទាំងឡាយ មច្ឆរិយៈ បុគ្គលមិនគប្បីលះដោយកាយ មិនគប្បីលះដោយវាចា គប្បីលះចេញ ព្រោះឃើញជាក់ស្តែង ដោយប្រាជ្ញាបាន។ ម្នាលភិក្ខុទាំងឡាយ ឥស្សា ដ៏លាមក បុគ្គលមិនគប្បីលះដោយកាយ មិនគប្បីលះដោយវាចាទេ គប្បីលះចេញ ព្រោះឃើញជាក់ស្តែងដោយប្រាជ្ញាបាន។ ម្នាលភិក្ខុទាំងឡាយ ចុះឥស្សា ដ៏លាមក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ គហបតី ឬគហបតិបុត្ត ក្នុងលោកនេះ បរិបូណ៌ដោយទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី។ ខ្ញុំកំដរ ឬអ្នកដែលនៅជ្រកកោនណាមួយ មានសេចក្តីច្រណែន នឹងគហបតី ឬគហបតិបុត្តនោះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ កុំឲ្យគហបតី ឬគហបតិបុត្តនេះ បានបរិបូណ៌ដោយទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី ដូច្នេះឡើយ។ ចំណែកខាង សមណៈ ឬញ្រហ្មណ៍វិញ ដែលជាអ្នកបាននូវចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ។ សមណៈ ឬញ្រហ្មណ៍ណាមួយ មានសេចក្តីច្រណែននឹងសមណៈ ឬញ្រហ្មណ៍នោះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ កុំឲ្យលោកដ៏មានអាយុនេះ បានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥស្សា ដ៏លាមក។ ម្នាលភិក្ខុទាំងឡាយ ឥស្សា ដ៏លាមក បុគ្គលមិនគប្បីលះដោយកាយ មិនគប្បីលះដោយវាចាទេ គប្បីលះចេញ ព្រោះឃើញជាក់ស្តែងដោយប្រាជ្ញាបាន។ ម្នាលភិក្ខុទាំងឡាយ ឥច្ឆា ដ៏លាមក បុគ្គលមិនគប្បីលះដោយកាយ មិនគប្បីលះដោយវាចាទេ គប្បីលះចេញ ព្រោះឃើញជាក់ស្តែង ដោយប្រាជ្ញាបាន។ ម្នាលភិក្ខុទាំងឡាយ ចុះឥច្ឆា ដ៏លាមក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុខ្លះ ក្នុងសាសនានេះ ជាបុគ្គលមិនមានសទ្ធា តែប្រាថ្នាថា អ្នកផង គប្បីស្គាល់អញ ថាជាអ្នកមានសទ្ធា ជាបុគ្គលទ្រុស្តសីល តែប្រាថ្នាថា អ្នកផងគប្បីស្គាល់អញ ថាជាអ្នកមានសីល ជាបុគ្គលចេះដឹងតិច តែប្រាថ្នាថា អ្នកផង គប្បីស្គាល់អញ ថាជាអ្នកចេះដឹងច្រើន ជាបុគ្គលត្រេកអរ ក្នុងការច្របូកច្របល់ដោយគ្នីគ្នា តែប្រាថ្នាថា អ្នកផង គប្បីស្គាល់អញ ថាជាអ្នកស្ងាត់កាយ ជាបុគ្គលខ្ជិល តែប្រាថ្នាថា អ្នកផង គប្បីស្គាល់អញថា ជាអ្នកមានប្រារព្ធព្យាយាម ជាបុគ្គលភ្លេចភ្លាំងស្មារតី តែប្រាថ្នាថា អ្នកផង គប្បីស្គាល់អញ ថាជាអ្នកមានស្មារតីតាំងមាំ ជាបុគ្គលមិនបានសមាធិ តែប្រាថ្នាថា អ្នកផងគប្បីស្គាល់អញ ថាជាអ្នកបានសមាធិ ជាបុគ្គលអប្បប្រាជ្ញា តែប្រាថ្នាថា អ្នកផងគប្បីស្គាល់អញ ថាជាអ្នកមានប្រាជ្ញា ជាបុគ្គលមិនទាន់អស់អាសវៈ តែប្រាថ្នាថា អ្នកផង គប្បីស្គាល់អញ ថាជាអ្នកអស់អាសវៈហើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥច្ឆាដ៏លាមក។ ម្នាលភិក្ខុទាំងឡាយ ឥច្ឆា ដ៏លាមក បុគ្គលមិនគប្បីលះដោយកាយ មិនគប្បីលះដោយវាចាទេ គប្បីលះចេញ ព្រោះឃើញជាក់ស្តែង ដោយប្រាជ្ញាបាន។ ម្នាលភិក្ខុទាំងឡាយ បើលោភៈ គ្របសង្កត់ភិក្ខុនោះ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា ដ៏លាមក ឥច្ឆាដ៏លាមក គ្របសង្កត់ភិក្ខុនោះ អ្នកទាំងឡាយ គប្បីដឹងយ៉ាងនេះថា លោភៈមិនកើតមានដល់បុគ្គលដែលដឹងច្បាស់យ៉ាងនេះថា លោកដ៏មានអាយុនេះ មិនដឹងច្បាស់យ៉ាងនោះទេ ហេតុដូច្នោះ បានជាលោភៈ មកគ្របសង្កត់លោកដ៏មានអាយុនេះបាន។ ទោសៈ មិនមានដល់បុគ្គល ដែលដឹងច្បាស់យ៉ាងណា លោកដ៏មានអាយុនេះ មិនដឹងច្បាស់យ៉ាងនោះទេ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា ដ៏លាមក ឥច្ឆា ដ៏លាមក មិនមាន ហេតុដូច្នោះ ទើបឥច្ឆា ដ៏លាមក គ្របសង្កត់លោកដ៏មានអាយុនេះបាន។ ម្នាលភិក្ខុទាំងឡាយ បើលោភៈ មិនគ្របសង្កត់ភិក្ខុនោះទេ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា ដ៏លាមក ឥច្ឆាដ៏លាមក មិនគ្របសង្កត់ភិក្ខុនោះ អ្នកទាំងឡាយ គប្បីដឹងយ៉ាងនេះថា លោភៈមិនមានដល់បុគ្គល ដែលដឹងច្បាស់ យ៉ាងណា លោកដ៏មានអាយុនេះ ក៏ដឹងច្បាស់ យ៉ាងនោះដែរ ហេតុដូច្នោះ បានជាលោភៈមិនគ្របសង្កត់លោកដ៏មានអាយុនេះបាន។ ទោសៈ មិនមានដល់បុគ្គលដែលដឹងច្បាស់យ៉ាងណា លោកដ៏មានអាយុនេះ ដឹងច្បាស់យ៉ាងនោះដែរ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សា ដ៏លាមក ឥច្ឆា ដ៏លាមក មិនមាន ហេតុដូច្នោះ បានជាឥច្ឆាដ៏លាមក មិនគ្របសង្កត់លោកដ៏មានអាយុនេះបាន។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.023.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann