km:tipitaka:sut:an:10:sut.an.10.028

ទុតិយមហាបញ្ហាសូត្រ ទី៨

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.028 បាលី cs-km: sut.an.10.028 អដ្ឋកថា: sut.an.10.028_att PTS: ?

ទុតិយមហាបញ្ហាសូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៨. ទុតិយមហាបញ្ហាសុត្តំ)

[២៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ទៀបក្រុងកជង្គលា។ គ្រានោះ ពួកជង្គលឧបាសក (ឧបាសកអ្នកនៅក្នុងក្រុងកជង្គលា) ជាច្រើនគ្នា បានចូលទៅរកកជង្គលាភិក្ខុនី (ភិក្ខុនីនៅក្នុងក្រុងកជង្គលា) លុះចូលទៅដល់ ថ្វាយបង្គំកជង្គលាភិក្ខុនីហើយ អង្គុយក្នុងទីសមគួរ។ លុះពួកកជង្គលាឧបាសក អង្គុយក្នុងទីសមគួរហើយ ក៏ពោលទៅនឹងកជង្គលាភិក្ខុនីថា បពិត្រនាងម្ចាស់ ពាក្យដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ក្នុងមហាបញ្ហាថា បញ្ហា១ ឧទ្ទេស១ វេយ្យាករណ៍១ បញ្ហា២ ឧទ្ទេស២ វេយ្យាករណ៍២ បញ្ហា៣ ឧទ្ទេស៣ វេយ្យាករណ៍៣ បញ្ហា៤ ឧទ្ទេស៤ វេយ្យាករណ៍៤ បញ្ហា៥ ឧទ្ទេស៥ វេយ្យាករណ៍ បញ្ហា៦ ឧទ្ទេស៦ វេយ្យាករណ៍៦ បញ្ហា៧ ឧទ្ទេស៧ វេយ្យាករណ៍៧ បញ្ហា៨ ឧទ្ទេស៨ វេយ្យាករណ៍៨ បញ្ហា៩ ឧទ្ទេស៩ វេយ្យាករណ៍៩ បញ្ហា១០ ឧទ្ទេស១០ វេយ្យាករណ៍១០។ បពិត្រនាងម្ចាស់ សេចក្តីនៃពាក្យដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែង ដោយបំប្រួញនេះ តើគួរយល់ដោយពិស្តារ ដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ពាក្យនុ៎ះ អាត្មាមិនបានស្តាប់ ក្នុងទីចំពោះព្រះភក្រ្ត មិនបានត្រងត្រាប់ ក្នុងទីចំពោះព្រះភក្រ្ត នៃព្រះដ៏មានព្រះភាគទេ ទាំងមិនបានស្តាប់ ក្នុងទីចំពោះមុខ មិនបានត្រងត្រាប់ ក្នុងទីចំពោះមុខពួកភិក្ខុអ្នកអប់រំចិត្តទេ ប៉ុន្តែពាក្យនុ៎ះ អាត្មាយល់យ៉ាងណា អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្ត នូវពាក្យនុ៎ះ ឲ្យប្រពៃចុះ អាត្មានឹងសំដែងប្រាប់។ ពួកកជង្គលឧបាសក ក៏បានទទួលពាក្យ នៃកជង្គលាភិក្ខុនីថា ករុណានាងម្ចាស់។ កជង្គលាភិក្ខុនី បានពោលដូច្នេះថា ពាក្យដែលព្រះដ៏មានព្រះភាគសំដែងថា បញ្ហា១ ឧទ្ទេស១ វេយ្យាករណ៍១ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ ១ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ធម៌ ១ គឺអ្វី។ គឺសត្វទាំងពួង រស់ដោយសារអាហារ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌មួយនេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ពាក្យណា ដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា១ ឧទ្ទេស១ វេយ្យាករណ៍១ ដូច្នេះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុនេះ។ ពាក្យដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា២ ឧទ្ទេស២ វេយ្យាករណ៍២ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ ២ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ធម៌ ២ គឺអ្វី។ គឺនាម ១ រូប ១។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ទាំង ២ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ពាក្យណា ដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា២ ឧទ្ទេស២ វេយ្យាករណ៍២ ដូច្នេះ ពាក្យនុ៎ះ ព្រះមានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុនេះ។ ពាក្យដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា៣ ឧទ្ទេស៣ វេយ្យាករណ៍៣ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ទាំង ៣ ជាអ្នកធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ធម៌ ៣ គឺអ្វី។ គឺវេទនា ទាំង ៣។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ទាំង ៣ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ពាក្យណា ដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា៣ ឧទ្ទេស៣ វេយ្យាករណ៍៣ ដូច្នេះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុនេះ។ ពាក្យដែលព្រះដ៏មានព្រះភាគសំដែងថា បញ្ហា៤ ឧទ្ទេស៤ វេយ្យាករណ៍៤ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តចំរើនល្អ ដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ ៤ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ធម៌ ៤ គឺអ្វី។ គឺសតិប្បដ្ឋាន ៤។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តចំរើនល្អ ដោយប្រពៃ ឃើញនូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ទាំង ៤ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ពាក្យណា ដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា៤ ឧទ្ទេស៤ វេយ្យាករណ៍៤ ដូច្នេះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុនេះ។ ពាក្យដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា៥ ឧទ្ទេស៥ វេយ្យាករណ៍៥ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តបានចំរើនល្អ ដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ ៥ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ធម៌ ៥ គឺអ្វី។ គឺឥន្រ្ទិយទាំង ៥… ធម៌ ៦ គឺអ្វី។ គឺនិស្សរណីយធាតុទាំង ៦… ធម៌ ៧ គឺអ្វី។ គឺពោជ្ឈង្គទាំង ៧… ធម៌ ៨ គឺអ្វី។ គឺអដ្ឋង្គិកមគ្គដ៏ប្រសើរទាំង ៨។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តចំរើនល្អ ដោយប្រពៃ ឃើញនូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ទាំង ៨ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ពាក្យណា ដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា៨ ឧទ្ទេស៨ វេយ្យាករណ៍៨ ដូច្នេះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុនេះ។ ពាក្យដែលព្រះមានព្រះភាគ សំដែងថា បញ្ហា៩ ឧទ្ទេស៩ វេយ្យាករណ៍៩ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ ៩ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ធម៌ ៩ គឺអ្វី។ គឺសត្តាវាសៈទាំង ៩។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ទាំង ៩ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ពាក្យណា ដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា៩ ឧទ្ទេស៩ វេយ្យាករណ៍៩ ដូច្នេះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុនេះ។ ពាក្យដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា១០ ឧទ្ទេស១០ វេយ្យាករណ៍១០ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តបានចំរើនល្អដោយប្រពៃ ឃើញនូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ ១០ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ធម៌ ១០ គឺអ្វី។ គឺកុសលកម្មបថទាំង ១០។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តចំរើនល្អ ដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ទាំង ១០ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ពាក្យណា ដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា១០ ឧទ្ទេស១០ វេយ្យាករណ៍១០ ដូច្នេះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុនេះ។ ម្នាលអាវុសោទាំងឡាយ ពាក្យណា ដែលព្រះដ៏មានព្រះភាគ សំដែងហើយ ក្នុងមហាបញ្ហាថា បញ្ហា១ ឧទ្ទេស១ វេយ្យាករណ៍១។បេ។ បញ្ហា១០ ឧទ្ទេស១០ វេយ្យាករណ៍១០ ដូច្នេះនោះ ម្នាលអាវុសោទាំងឡាយ ពាក្យដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសង្ខេបនេះ អាត្មាយល់សេចក្តីដោយពិស្តារយ៉ាងនេះ។ ម្នាលអាវុសោទាំងឡាយ ប្រសិនណាបើអ្នកទាំងឡាយ ប្រាថ្នា (ចង់ដឹងច្បាស់) ត្រូវចូលទៅគាល់ព្រះដ៏មានព្រះភាគ ហើយទូលសួរបញ្ជាក់សេចក្តីនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ដោះស្រាយសេចក្តីនោះយ៉ាងណា អ្នកទាំងឡាយ ចូរចាំទុកនូវសេចក្តីនោះ យ៉ាងនោះចុះ។ ពួកកជង្គលឧបាសក ក៏ត្រេកអរអនុមោទនា នូវភាសិតរបស់កជង្គលាភិក្ខុនីថា ករុណានាងម្ចាស់ ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំកជង្គលាភិក្ខុនី រួចធ្វើប្រទក្សិណ ហើយក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះពួកកជង្គលឧបាសក អង្គុយក្នុងទីសមគួរហើយ ក្រាបទូលព្រះដ៏មានព្រះភាគ តាមទំនងពាក្យ ដែលខ្លួនបានសំណេះសំណាល ជាមួយនឹងកជង្គលាភិក្ខុនី ដោយសព្វគ្រប់។ (ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា) ម្នាលគហបតីទាំងឡាយ ល្អហើយ ល្អហើយ ម្នាលគហបតីទាំងឡាយ កជង្គលាភិក្ខុនី ជាអ្នកប្រាជ្ញ ម្នាលគហបតីទាំងឡាយ កជង្គលាភិក្ខុនី ជាមនុស្សមានប្រាជ្ញាច្រើនមែន ម្នាលគហបតីទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ ចូលមករកតថាគត ហើយសួរនូវសេចក្តីនុ៎ះ តថាគតក៏ដោះស្រាយសេចក្តីនោះ យ៉ាងនោះ ដូចជាកជង្គលាភិក្ខុនី ដែលដោះស្រាយដែរ។ នុ៎ះជាសេចក្តីនៃបញ្ហានោះ អ្នកទាំងឡាយ ត្រូវចាំទុកនូវសេចក្តីនោះ យ៉ាងនេះចុះ។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.028.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann