ដូចជាឧត្តមភាពនៅក្នុងពិភពមនុស្ស និងទេវៈ ស្ថានភាពនៃចិត្តដ៏ខ្ពង់ខ្ពស់ … សូម្បីតែបទពិសោធន៍នៃពន្លឺពណ៌ស និងមនសិការដែលមិនមែនជាពីរ - សុទ្ធតែជាកម្មវត្ថុនៃការផ្លាស់ប្តូរ និងភាពខុសឆ្គង។ មនុស្សមួយចំនួនរិះគន់ព្រះពុទ្ធដែលបង្ហាញផ្លូវទៅ។
an 10.029 បាលី cs-km: sut.an.10.029 អដ្ឋកថា: sut.an.10.029_att PTS: ?
បឋមកោសលសូត្រ ទី៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា ស៊ុនហ៊ាង
(៩. បឋមកោសលសុត្តំ)
[២៩] ម្នាលភិក្ខុទាំងឡាយ ជនអ្នកនៅក្នុងកាសីជនបទ និងកោសលជនបទ កំណត់ត្រឹមណា ដែនរបស់ស្តេចបសេនទិកោសល កំណត់ត្រឹមណា ស្តេចបសេនទិកោសល ប្រាកដថា ជាអ្នកប្រសើរក្នុងដែននោះ (កំណត់ត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែស្តេចបសេនទិកោសល គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកអ្នកចេះដឹង កាលបើឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងការឋិតនៅក្នុងរាជសម្បត្តិនោះ កាលនឿយណាយ ក្នុងការឋិតនៅក្នុងរាជសម្បត្តិនោះហើយ រមែងមិនត្រេកអរ ក្នុងភាពនៃខ្លួនជាស្តេចក្នុងដែនកោសល ដ៏ប្រសើរ ដោយរាជសម្បត្តិឡើយ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ និងព្រះអាទិត្យទាំងឡាយ គោចរទៅត្រឹមណា ទិសទាំងឡាយ ក៏ភ្លឺរុងរឿង កំណត់ត្រឹមណោះ លោកធាតុត្រឹមមួយពាន់ ក្នុងលោកមួយពាន់នោះ មានព្រះចន្ទមួយពាន់ ព្រះអាទិត្យមួយពាន់ ស្តេចភ្នំសិនេរុមួយពាន់ ជម្ពូទ្វីបមួយពាន់ អមរគោយានទ្វីបមួយពាន់ ឧត្តរកុរុទ្វីបមួយពាន់ បុព្វវិទេហទ្វីបមួយពាន់ មហាសមុទ្ទ ៤ ពាន់ មហារាជ ៤ ពាន់ ចាតុម្មហារាជិកៈមួយពាន់ តាវត្តិង្សមួយពាន់ យាមៈមួយពាន់ តុសិតមួយពាន់ និម្មានរតីមួយពាន់ បរនិម្មិតវសវត្តីមួយពាន់ ព្រហ្មលោកមួយពាន់ ម្នាលភិក្ខុទាំងឡាយ លោកធាតុមួយពាន់ កំណត់ត្រឹមណា មហាព្រហ្ម ប្រាកដថាជាអ្នកប្រសើរ ក្នុងលោកធាតុមួយពាន់នោះ កំណត់ត្រឹមណោះ។ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែមហាព្រហ្ម គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកអ្នកចេះដឹង កាលឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងការឋិតនៅក្នុងសម្បត្តិនោះ កាលនឿយណាយ ក្នុងការឋិតនៅក្នុងសម្បត្តិនោះហើយ រមែងមិនត្រេកអរ ក្នុងភាពនៃខ្លួនជាអ្នកប្រសើរឡើយ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលលោកនេះកំពុងវិនាស ម្នាលភិក្ខុទាំងឡាយ កាលលោកកំពុងវិនាស ពួកសត្វជាច្រើន រមែងទៅកើតក្នុងព្រហ្មលោកជាន់អាភស្សរៈ។ ពួកសត្វក្នុងជាន់អាភស្សរៈនោះ កើតដោយឈានចិត្ត មានបីតិជាអាហារ មានពន្លឺខ្លួនឯង ចរទៅក្នុងអាកាស ឋិតនៅក្នុងវិមានដ៏ល្អ ឋិតនៅអស់កាលដ៏យូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ កាលលោកកំពុងវិនាស ពួកទេវតាជាន់អាភស្សរៈ រមែងប្រសើរជាងគេ។ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែពួកទេវតាជាន់អាភស្សរៈ គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកចេះដឹង កាលឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងការឋិតនៅក្នុងសម្បត្តិនោះ កាលនឿយណាយ ក្នុងការឋិតនៅក្នុងសម្បត្តិនោះហើយ រមែងមិនត្រេកអរ ក្នុងភាពនៃខ្លួនជាអ្នកប្រសើរ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ កសិណាយតនៈមាន ១០ យ៉ាង។ កសិណាយតនៈ ១០ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គលពួកមួយ ស្គាល់ច្បាស់នូវបឋវីកសិណ ទាំងខាងលើ ខាងក្រោម ទទឹង មិនមានចំណែកពីរ រកប្រមាណមិនបាន។ បុគ្គលពួកមួយ ស្គាល់ច្បាស់នូវអាបោកសិណ…បុគ្គលពួកមួយ ស្គាល់ច្បាស់នូវតេជោកសិណ… បុគ្គលពួកមួយ ស្គាល់ច្បាស់នូវវាយោកសិណ… បុគ្គលពួកមួយ ស្គាល់ច្បាស់នូវនីលកសិណ… បុគ្គលពួកមួយ ស្គាល់ច្បាស់នូវបីតកសិណ… បុគ្គលពួកមួយ ស្គាល់ច្បាស់នូវលោហិតកសិណ… បុគ្គលពួកមួយ ស្គាល់ច្បាស់នូវឱទាតកសិណ… បុគ្គលពួកមួយ ស្គាល់ច្បាស់នូវអាកាសកសិណ… បុគ្គលពួកមួយ ស្គាល់ច្បាស់នូវវិញ្ញាណកសិណ ទាំងខាងលើ ខាងក្រោម ទទឹង មិនមានចំណែកពីរ រកប្រមាណមិនបាន។ ម្នាលភិក្ខុទាំងឡាយ កសិណាយតនៈ មាន ១០ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាកសិណាយតនៈទាំង ១០ នេះ កសិណាយតនៈដ៏ប្រសើរនុ៎ះ បានដល់បុគ្គលពួកមួយ ស្គាល់ច្បាស់នូវវិញ្ញាណកសិណ ទាំងខាងលើ ខាងក្រោម ទទឹង មិនមានចំណែកពីរ រកប្រមាណមិនបាន។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ តែងមានសេចក្តីសំគាល់យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែពួកសត្វ ដែលមានសញ្ញាយ៉ាងនេះ គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកចេះដឹង កាលឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងវិញ្ញាណកសិណនោះ កាលនឿយណាយក្នុងវិញ្ញាណកសិណនោះហើយ រមែងមិនត្រេកអរក្នុងរបស់ដ៏ប្រសើរ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ អភិភាយតនៈ (ហេតុជាគ្រឿងគ្របសង្កត់នូវបច្ចនីកធម៌) នេះមាន ៨ យ៉ាង។ អភិភាយតនៈ ៨ យ៉ាង តើដូចម្តេចខ្លះ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ មានប្រមាណតិច មានសម្បុរល្អ ឬសម្បុរអាក្រក់ គ្របសង្កត់រូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជាអភិភាយតនៈទី ១។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ មាន ប្រមាណច្រើន មានសម្បុរល្អ ឬសម្បុរអាក្រក់ គ្របសង្កត់នូវរូបទាំងនោះហើយ មានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ នេះជាអភិភាយតនៈទី ២។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ មានប្រមាណតិច មានសម្បុរល្អ ឬសម្បុរអាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ នេះជាអភិភាយតនៈទី ៣។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ហើយឃើញនូវរូបខាងក្រៅ មានប្រមាណច្រើន មានសម្បុរល្អ ឬសម្បុរអាក្រក់ គ្របសង្កត់នូវរូបទាំងនោះហើយ មានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ នេះជាអភិភាយតនៈទី ៤។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូបខៀវ មានសម្បុរខៀវ ជាទីចង្អុលបង្ហាញថា នេះមានសម្បុរខៀវ មានពន្លឺខៀវ។ ប្រៀបដូចជាផ្កាត្រកៀតខៀវ មានពណ៌ខៀវ ជាទីចង្អុលបង្ហាញថា នេះមានពណ៌ខៀវ មានពន្លឺខៀវ ពុំនោះសោត រូបនោះ ប្រៀបដូចជាសំពត់កើតក្នុងក្រុងពារាណសី មានសាច់មដ្ឋ ទាំងពីរខាង ហៅថា សំពត់ខៀវ មានពណ៌ខៀវ ជាទីចង្អុលបង្ហាញថា នេះមានពណ៌ខៀវ មានពន្លឺខៀវ យ៉ាងណាមិញ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូបខៀវ មានសម្បុរខៀវ ជាទីចង្អុលបង្ហាញថា នេះមានសម្បុរខៀវ មានពន្លឺខៀវ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ ក៏យ៉ាងនោះដែរ នេះជាអភិភាយតនៈទី ៥។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូបលឿង មានសម្បុរលឿង ជាទីចង្អុលបង្ហាញថា នេះមានសម្បុរលឿង មានពន្លឺលឿង។ ប្រៀបដូចជាផ្កាកណ្ណិការលឿង មានពណ៌លឿង ជាទីចង្អុលបង្ហាញថា នេះមានពណ៌លឿង មានពន្លឺលឿង ពុំនោះសោត រូបនោះ ប្រៀបដូចជាសំពត់ កើតក្នុងក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់លឿង ជាទីចង្អុលបង្ហាញថា នេះមានពណ៌លឿង មានពន្លឺលឿង យ៉ាងណាមិញ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូបលឿង មានសម្បុរលឿង ជាទីចង្អុលបង្ហាញថា នេះមានសម្បុរលឿង មានពន្លឺលឿង គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ ក៏យ៉ាងនោះដែរ នេះជាអភិភាយតនៈទី ៦។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូបក្រហម មានសម្បុរក្រហម ជាទីចង្អុលបង្ហាញថា នេះមានសម្បុរក្រហម មានពន្លឺក្រហម។ ប្រៀបដូចជាផ្កាច្បារក្រហម មានពណ៌ក្រហម ជាទីចង្អុលបង្ហាញថា នេះមានពណ៌ក្រហម មានពន្លឺក្រហម ពុំនោះសោត រូបនោះ ប្រៀបដូចសំពត់ កើតក្នុងក្រុងពារាណសី មានសាច់មដ្ឋ ទាំងពីរខាង ដែលជាសំពត់ក្រហម មានពណ៌ក្រហម ជាទីចង្អុលបង្ហាញថា នេះមានពណ៌ក្រហម មានពន្លឺក្រហម យ៉ាងណាមិញ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូបក្រហម មានសម្បុរក្រហម ជាទីចង្អុលបង្ហាញថា នេះមានសម្បុរក្រហម មានពន្លឺក្រហម គ្របសង្កត់នូវរូបទាំងនោះហើយ មានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ ក៏យ៉ាងនោះដែរ នេះជាអភិភាយតនៈទី ៧។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូប ស មានសម្បុរ ស ជាទីចង្អុលបង្ហាញថា នេះមានសម្បុរ ស មានពន្លឺ ស។ ប្រៀបដូចជាផ្កាយព្រឹក ស មានពណ៌ ស ជាទីចង្អុលបង្ហាញថា នេះមានពណ៌ ស មានពន្លឺ ស ពុំនោះសោត រូបនោះ ប្រៀបដូចជាសំពត់ កើតក្នុងក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ដែលជាសំពត់ ស មានពណ៌ ស ជាទីចង្អុលបង្ហាញថា នេះមានពណ៌ ស មានពន្លឺ ស យ៉ាងណាមិញ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូប ស មានសម្បុរ ស ជាទីចង្អុលបង្ហាញថា នេះមានសម្បុរ ស មានពន្លឺ ស គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ ក៏យ៉ាងនោះដែរ នេះជាអភិភាយតនៈទី ៨។ ម្នាលភិក្ខុទាំងឡាយ អភិភាយតនៈមាន ៨ យ៉ាង នេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាអភិភាយតនៈទាំង ៨ នេះ អភិភាយតនៈដ៏ប្រសើរនុ៎ះ បានដល់បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូប ស មានសម្បុរ ស ជាទីចង្អុលបង្ហាញថា នេះមានសម្បុរ ស មានពន្លឺ ស គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានសេចក្តីសំគាល់យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែពួកសត្វដែលមានសញ្ញាយ៉ាងនេះ គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកចេះដឹង កាលឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងអត្តភាព នៃពួកសត្វនោះ កាលនឿយណាយ ក្នុងអត្តភាព នៃពួកសត្វនោះ រមែងមិនត្រេកអរ ក្នុងរបស់ដ៏ប្រសើរ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រតិបត្តិនេះ មាន ៤ យ៉ាង។ សេចក្តីប្រតិបត្តិ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺសេចក្តីប្រតិបត្តិលំបាក ទាំងត្រាស់ដឹងបានដោយយឺតយូរ ១ សេចក្តីប្រតិបត្តិលំបាក តែត្រាស់ដឹងបានដោយឆាប់រហ័ស ១ សេចក្តីប្រតិបត្តិស្រួល តែត្រាស់ដឹងបានដោយយឺតយូរ ១ សេចក្តីប្រតិបត្តិស្រួល ទាំងត្រាស់ដឹងបានដោយឆាប់រហ័ស ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រតិបត្តិ មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីប្រតិបត្តិទាំង ៤ យ៉ាងនេះ សេចក្តីប្រតិបត្តិ ដ៏ប្រសើរនុ៎ះ បានដល់សេចក្តីប្រតិបត្តិស្រួល ទាំងត្រាស់ដឹងបានដោយឆាប់រហ័ស។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ តែងមានសេចក្តីប្រតិបត្តិយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែពួកសត្វដែលមានសេចក្តីប្រតិបត្តិយ៉ាងនេះ គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកអ្នកចេះដឹង កាលឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងអត្តភាពនៃពួកសត្វនោះ កាលនឿយណាយ ក្នុងអត្តភាពនៃពួកសត្វនោះហើយ រមែងមិនត្រេកអរក្នុងរបស់ដ៏ប្រសើរ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ សញ្ញានេះ មាន ៤ យ៉ាង។ សញ្ញា ៤ តើដូចម្តេចខ្លះ។ បុគ្គលពួកមួយ ស្គាល់នូវបរិត្តារម្មណ៍គឺ កាមាវចរ បុគ្គលពួកមួយ ស្គាល់នូវមហគ្គតារម្មណ៍ គឺរូបាវចរ បុគ្គលពួកមួយ ស្គាល់នូវអប្បមាណារម្មណ៍ គឺលោកុត្តរ បុគ្គលពួកមួយ ស្គាល់នូវអាកិញ្ចញ្ញាយតនៈថា វត្ថុតិចតួចមិនមាន។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាសញ្ញាទាំង ៤ យ៉ាងនេះ សញ្ញាដ៏ប្រសើរនុ៎ះ បានដល់បុគ្គលពួកមួយ ស្គាល់នូវអាកិញ្ចញ្ញាយតនៈថា វត្ថុតិចតួច មិនមាន ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានសញ្ញាយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែពួកសត្វដែលមានសញ្ញាយ៉ាងនេះ គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកអ្នកចេះដឹង កាលឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងអត្តភាព នៃពួកសត្វនោះ កាលនឿយណាយ ក្នុងអត្តភាពនៃពួកសត្វនោះហើយ រមែងមិនត្រេកអរក្នុងរបស់ដ៏ប្រសើរ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ បណ្តាទិដ្ឋិ (សេចក្តីយល់) ទាំងឡាយ ដែលប្រព្រឹត្តទៅខាងក្រៅសាសនា សេចក្តីយល់ដ៏លើសនុ៎ះ បានដល់សេចក្តីយល់ថា បើអាត្មាអញ មិនមាន ក្នុងអតីតទេ អត្តភាពរបស់អាត្មាអញនេះ ក៏មិនមាន ក្នុងបច្ចុប្បន្នដែរ បើអាត្មាអញ នឹងមិនមាន ក្នុងអនាគតទេ គ្រឿងកង្វល់បន្តិចបន្តួច ក៏មិនមានដល់អាត្មាអញដែរ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ តែងកើតប្រាកដ ដល់បុគ្គលអ្នកមានទិដ្ឋិ យ៉ាងនេះថា ការមិនខ្ពើមរអើម ក្នុងភពណា របស់បុគ្គលនោះ ការមិនខ្ពើមរអើមនោះ នឹងមិនមានដល់បុគ្គលនោះផង ការខ្ពើមរអើម ក្នុងធម៌ជាគ្រឿងរលត់ភពណា របស់បុគ្គលនោះ ការខ្ពើមរអើមនោះ នឹងមិនមាន ដល់បុគ្គលនោះផង។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ តែងមានទិដ្ឋិយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែ ពួកសត្វដែលមានទិដ្ឋិយ៉ាងនេះ ក៏គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកចេះដឹង កាលឃើញយ៉ាងនេះហើយ រមែងនឿយណាយ ក្នុងពួកសត្វនោះ កាលនឿយណាយ ក្នុងពួកសត្វនោះហើយ រមែងមិនត្រេកអរ ក្នុងរបស់ដ៏ប្រសើរ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ មានសមណញ្រហ្មណ៍ពួកមួយ រមែងបញ្ញត្តនូវសេចក្តីបរិសុទ្ធិ ក្នុងសត្វដ៏ឧត្តម។1) ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណញ្រហ្មណ៍ កាលបញ្ញត្តនូវសេចក្តីបរិសុទ្ធិ ក្នុងពួកសត្វដ៏ឧត្តម ការបញ្ញត្តិដ៏ប្រសើរនុ៎ះ បានដល់បុគ្គល ដែលកន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង ហើយបានដល់នូវនេវសញ្ញានាសញ្ញាយតនៈ។ ពួកសមណញ្រហ្មណ៍ទាំងនោះ ដឹងនូវនេវសញ្ញានាសញ្ញាយតនៈនោះហើយ ក៏សំដែងធម៌ដើម្បីធ្វើឲ្យជាក់ច្បាស់នូវនេវសញ្ញានាសញ្ញាយតនៈនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទុកជាមានវាទៈយ៉ាងនេះហើយ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែពួកសត្វដែលមានវាទៈយ៉ាងនេះ គង់មានសភាពក្លាយទៅ ប្រែប្រួលទៅ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកចេះដឹង កាលឃើញយ៉ាងនេះ រមែងនឿយណាយ ក្នុងពួកសត្វនោះ កាលនឿយណាយ ក្នុងពួកសត្វនោះហើយ រមែងមិនត្រេកអរ ក្នុងរបស់ដ៏ប្រសើរ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ មានសមណញ្រហ្មណ៍ពួកមួយ តែងបញ្ញត្តនូវព្រះនិញ្វនដ៏ឧត្តម ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណញ្រហ្មណ៍ កាលបញ្ញត្តនូវនិញ្វនដ៏ឧត្តម ក្នុងបច្ចុប្បន្ន ការបញ្ញត្តិដ៏ប្រសើរនុ៎ះ បានដល់ការរួចស្រឡះ ដោយមិនប្រកាន់ ព្រោះដឹងតាមពិតនូវការកើតឡើងផង នូវការរលត់ទៅផង នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នៃផស្សាយតនៈទាំង ៦ មានសមណញ្រហ្មណ៍ពួកមួយ តែងនិយាយបង្កាច់តថាគត ដែលពោលយ៉ាងនេះ ប្រាប់យ៉ាងនេះ ដោយពាក្យមិនទៀងទាត់ មិនពិត ជាពាក្យកុហកថា សមណគោតម មិនបញ្ញត្តនូវការកំណត់ដឹងពួកកាមផង មិនបញ្ញត្តនូវការកំណត់ដឹងនូវពួករូបផង មិនបញ្ញត្តនូវការកំណត់ដឹង ពួកវេទនាផង។ ម្នាលភិក្ខុទាំងឡាយ តថាគត បញ្ញត្តនូវការកំណត់ដឹង2) នូវកាមទាំងឡាយផង បញ្ញត្តនូវការកំណត់ដឹង3) នូវរូបទាំងឡាយផង បញ្ញត្តនូវការកំណត់ដឹង4) នូវវេទនាទាំងឡាយផង តថាគតមិនមានសេចក្តីស្រេកឃ្លាន មានទុក្ខរលត់ហើយ មានត្រជាក់កើតហើយ រមែងបញ្ញត្តនូវបរិនិញ្វន ដោយមិនមានសេចក្តីប្រកាន់ ក្នុងបច្ចុប្បន្ន ដូច្នេះ។