km:tipitaka:sut:an:10:sut.an.10.039

បឋមអានន្ទសូត្រ ទី៩

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.039 បាលី cs-km: sut.an.10.039 អដ្ឋកថា: sut.an.10.039_att PTS: ?

បឋមអានន្ទសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៩. បឋមអានន្ទសុត្តំ)

[៣៧] គ្រានោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា ការបែកសង្ឃ ៗ បពិត្រព្រះអង្គដ៏ចំរើន សង្ឃបែកគ្នា តើដោយហេតុប៉ុន្មានយ៉ាង។ ម្នាលអានន្ទ ពួកភិក្ខុក្នុងសាសនានេះ សំដែងនូវសភាពមិនមែនធម៌ ថាជាធម៌ ១ សំដែងនូវធម៌ថា មិនមែនជាធម៌ ១ សំដែងនូវសភាពមិនមែនវិន័យ ថាជាវិន័យ ១ សំដែងនូវវិន័យ ថាមិនមែនជាវិន័យ ១ សំដែងនូវធម្មវិន័យ ដែលតថាគត មិនបានសំដែង មិនបានពោលហើយ ថាជាធម្មវិន័យ ដែលតថាគត បានសំដែង បានពោលហើយ ១ សំដែងនូវធម្មវិន័យ ដែលតថាគត បានសំដែង បានពោលហើយ ថាជាធម្មវិន័យ ដែលតថាគត មិនបានសំដែង មិនបានពោលវិញ ១ សំដែងនូវវត្តដែលតថាគតមិនបានសន្សំហើយ ថាជាវត្ត ដែលតថាគតបានសន្សំហើយ ១ សំដែងនូវវត្ត ដែលតថាគតបានសន្សំហើយ ថាជាវត្ត ដែលតថាគត មិនបានសន្សំវិញ ១ សំដែងនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ ១ សំដែងនូវសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគត មិនបានបញ្ញត្តវិញ ១។ ភិក្ខុទាំងនោះ ដឹកនាំបង្ខំ ធ្វើនូវសង្ឃកម្មផ្សេងគ្នា សំដែងនូវបាតិមោក្ខផ្សេងគ្នា ដោយវត្ថុ ១០ យ៉ាងនេះឯង។ ម្នាលអានន្ទ សង្ឃបែកគ្នា ដោយហេតុប៉ុណ្ណេះឯង។

[៣៨] បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុបំបែកសង្ឃ ដែលព្រមព្រៀងគ្នានោះ តើទទួលនូវផលដូចម្តេច។ ម្នាលអានន្ទ ភិក្ខុនោះ រមែងទទួលផលដ៏ខ្លោចផ្សា តាំងនៅអស់មួយកប្ប។1) បពិត្រព្រះអង្គដ៏ចំរើន ផលដ៏ខ្លោចផ្សា តាំងនៅអស់មួយកប្ប តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុនោះ ឆេះនៅក្នុងនរក អស់មួយកប្ប។

ភិក្ខុអ្នកបំបែកសង្ឃ ត្រេកអរក្នុងពួក មិនតាំងខ្លួននៅក្នុងធម៌ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរក តាំងនៅអស់មួយកប្ប រមែងឃ្លាតចាកធម៌ ជាគ្រឿងក្សេមចាកយោគៈ ភិក្ខុបំបែកសង្ឃ ដែលព្រមព្រៀងគ្នា រមែងឆេះនៅក្នុងនរក អស់មួយកប្ប។

 

លេខយោង

1)
អស់ ១ អាយុកប្បក្នុងនរក (អដ្ឋកថា)។
km/tipitaka/sut/an/10/sut.an.10.039.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann