km:tipitaka:sut:an:10:sut.an.10.040

ទុតិយអានន្ទសូត្រ ទី១០

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.040 បាលី cs-km: sut.an.10.040 អដ្ឋកថា: sut.an.10.040_att PTS: ?

ទុតិយអានន្ទសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១០. ទុតិយអានន្ទសុត្តំ)

[៣៩] បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថាសេចក្តីព្រមព្រៀងគ្នានៃសង្ឃ ៗ បពិត្រព្រះអង្គដ៏ចំរើន សង្ឃព្រមព្រៀងគ្នា តើដោយហេតុប៉ុន្មានយ៉ាង។ ម្នាលអានន្ទ ពួកភិក្ខុក្នុងសាសនានេះ សំដែងនូវសភាពមិនមែនធម៌ ថាមិនមែនធម៌ ១ សំដែងនូវធម៌ ថាជាធម៌ ១ សំដែងនូវសភាពមិនមែនជាវិន័យ ថាមិនមែនជាវិន័យ ១ សំដែងនូវវិន័យ ថាជាវិន័យ ១ សំដែងនូវធម្មវិន័យដែលតថាគត មិនបានសំដែង មិនបានពោលហើយ ថាជាធម្មវិន័យ ដែលតថាគត មិនបានសំដែង មិនបានពោលហើយ ១ សំដែងនូវធម្មវិន័យ ដែលតថាគត បានសំដែង បានពោលហើយ ថាជាធម្មវិន័យដែលតថាគតបានសំដែង បានពោលហើយ ១ សំដែងនូវវត្តដែលតថាគត មិនបានសន្សំហើយ ថាជាវត្តដែលតថាគត មិនបានសន្សំហើយ ១ សំដែងនូវវត្ត ដែលតថាគតបានសន្សំហើយ ថាជាវត្តដែលតថាគតបានសន្សំហើយ ១ សំដែងនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគត មិនបានបញ្ញត្តហើយ ១ សំដែងនូវសិក្ខាបទ ដែលព្រះតថាគត បានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគតបានបញ្ញត្ត ១។ ភិក្ខុទាំងនោះ មិនដឹកនាំ មិនបង្ខំ មិនធ្វើសង្ឃកម្មផ្សេងគ្នា មិនសំដែងបាតិមោក្ខផ្សេងគ្នា ដោយវត្ថុ ១០ យ៉ាងនេះឯង។ ម្នាលអានន្ទ សង្ឃព្រមព្រៀងគ្នា ដោយហេតុប៉ុណ្ណេះឯង។

[៤០] បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកសង្រួបសង្រួមសង្ឃ ដែលបែកគ្នាហើយ ឲ្យបានព្រមព្រៀងគ្នាទៅវិញនោះ តើទទួលផលដូចម្តេច។ ម្នាលអានន្ទ ភិក្ខុនោះ រមែងទទួលនូវបុណ្យដ៏ប្រសើរ។ បពិត្រព្រះអង្គដ៏ចំរើន បុណ្យដ៏ប្រសើរ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុនោះ រមែងបានរីករាយ ក្នុងឋានសួគ៌ អស់មួយកប្ប។

សេចក្តីព្រមព្រៀងគ្នានៃសង្ឃ រមែងនាំមកនូវសេចក្តីសុខ ភិក្ខុអ្នកអនុគ្រោះពួកភិក្ខុដែលព្រមព្រៀងគ្នាផង អ្នកត្រេកអរក្នុងការព្រមព្រៀងគ្នាផង តាំងខ្លួនក្នុងធម៌ផង រមែងមិនឃ្លាតចាកធម៌ជាគ្រឿងក្សេមចាកយោគៈ ភិក្ខុអ្នកសង្រួបសង្រួមសង្ឃ ឲ្យព្រមព្រៀងគ្នា រមែងរីករាយ ក្នុងឋានសួគ៌ អស់មួយកប្ប។

ចប់ ឧបាលិវគ្គ ទី៤។

ឧទ្ទាននៃឧបាលិវគ្គនោះគឺ

និយាយអំពីព្រះឧបាលិ ១ ឧញ្វហិកាកម្មវាចា ១ ភិក្ខុគួរឲ្យឧបសម្បទាដល់កុលបុត្រ ១ ភិក្ខុគួរឲ្យនិស្ស័យ ១ ភិក្ខុគួរឲ្យសាមណេរបំរើ ១ សង្ឃភេទ ២ លើក សង្ឃភេទ ២ លើក ដទៃទៀត ដែលព្រះឧបាលិ និងព្រះអានន្ទទូលសួរ។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.040.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann