(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 10.045 បាលី cs-km: sut.an.10.045 អដ្ឋកថា: sut.an.10.045_att PTS: ?
រាជន្តេបុរប្បវេសនសូត្រ ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៥. រាជន្តេបុរប្បវេសនសុត្តំ)
[៤៥] ម្នាលភិក្ខុទាំងឡាយ ទោស ១០ យ៉ាងនេះ រមែងមានក្នុងការចូលទៅខាងក្នុងរាជបុរី។ ទោស ១០ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាក្នុងលោកនេះ កំពុងគង់នៅជាមួយនឹងមហេសី បើភិក្ខុចូលទៅក្នុងទីនោះ មហេសីបានឃើញភិក្ខុនោះ រមែងធ្វើនូវញញឹមឲ្យប្រាកដខ្លះ ភិក្ខុឃើញមហេសីហើយ ធ្វើនូវញញឹមឲ្យប្រាកដខ្លះ ព្រះរាជា រមែងរង្កៀសក្នុងរឿងនោះ យ៉ាងនេះថា ការកន្លងនូវមេថុននៃអ្នកទាំងពីរនេះ បានធ្វើហើយ ឬថានឹងធ្វើនូវការកន្លងនូវមេថុនមិនខាន។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស ទី១ ក្នុងការចូលទៅក្នុងរាជបុរី។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះរាជា ជាបុគ្គលមានកិច្ចច្រើន មានការងារច្រើន ទ្រង់ស្តេចទៅប្រោសប្រាណស្រ្តីណាមួយ ហើយក៏ភ្លេចទៅ ឯស្រ្តីនោះ ក៏មានគភ៌ ដោយព្រះរាជានោះ ព្រះរាជា រមែងរង្កៀសក្នុងរឿងនោះ យ៉ាងនេះថា បុគ្គលនីមួយដទៃ មិនដែលចូលទៅក្នុងទីនេះទេ លើកលែងតែបព្វជិតចេញ ទំនងជាកម្មរបស់បព្វជិតទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស ទី២ ក្នុងការចូលទៅខាងក្នុងរាជបុរី។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រតនៈណាមួយ ក្នុងរាជបុរីបាត់ទៅ ព្រះរាជា រមែងរង្កៀសក្នុងរឿងនោះ យ៉ាងនេះថា បុគ្គលនីមួយដទៃ មិនដែលចូលទៅក្នុងទីនេះទេ លើកលែងតែបព្វជិតចេញ ទំនងជាកម្មរបស់បព្វជិតទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស ទី៣ ក្នុងការចូលទៅក្នុងរាជបុរី។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រឿងរ៉ាវទាំងឡាយ ដែលព្រះរាជា ត្រូវបិទបាំងទុកខាងក្នុង មាននៅខាងក្នុងបុរីរបស់ព្រះរាជា ត្រឡប់បែកខ្ចរខ្ចាយទៅខាងក្រៅ ព្រះរាជា ទ្រង់រង្កៀសក្នុងរឿងនោះ យ៉ាងនេះថា បុគ្គលនីមួយដទៃ មិនដែលចូលទៅក្នុងទីនេះទេ លើកលែងតែបព្វជិតចេញ ទំនងជាកម្មរបស់បព្វជិតទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៤ ក្នុងការចូលទៅខាងក្នុងរាជបុរី។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះរាជបិតា រមែងប្រាថ្នា (ដើម្បីសម្លាប់) ព្រះរាជបុត្រខាងក្នុងរាជបុរី ឬថា ព្រះរាជបុត្រ ប្រាថ្នា (ដើម្បីសម្លាប់) ព្រះរាជបិតា ព្រះរាជបិតា និងព្រះរាជបុត្រ ទ្រង់រង្កៀសយ៉ាងនេះថា បុគ្គលនីមួយដទៃ មិនដែលចូលទៅក្នុងទីនេះទេ លើកលែងតែបព្វជិតចេញ ទំនងជាកម្មរបស់បព្វជិតទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៥ ក្នុងការចូលទៅខាងក្នុងរាជបុរី។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចទ្រង់តាំងមន្រ្តី ដែលតាំងនៅក្នុងដំណែងទាប ឲ្យឡើងកាន់ដំណែងខ្ពស់ ការតាំងនោះ មិនជាទីគាប់ចិត្តរបស់ជនទាំងឡាយណា ជនទាំងឡាយនោះ រមែងរង្កៀសយ៉ាងនេះថា ស្តេចតែងនៅច្រឡូកច្រឡំ ដោយបព្វជិត ទំនងជាកម្មរបស់បព្វជិតទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៦ ក្នុងការចូលទៅខាងក្នុងរាជបុរី។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះរាជាទ្រង់បន្ថយមន្រ្តី ដែលតាំងនៅក្នុងដំណែងខ្ពស់ ឲ្យថយចុះ ក្នុងដំណែងទាបវិញ ការតាំងនោះមិនជាទីគាប់ចិត្ត របស់ជនទាំងឡាយណា ជនទាំងឡាយនោះ រមែងរង្កៀសយ៉ាងនេះថា ព្រះរាជាតែងនៅច្រឡូកច្រឡំ ដោយបព្វជិត ទំនងជាកម្មរបស់បព្វជិតទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៧ ក្នុងការចូលទៅខាងក្នុងរាជបុរី។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះរាជា ទ្រង់បញ្ជូនកងទ័ពទៅក្នុងកាលមិនគួរ ការបញ្ជូនកងទ័ពទៅនោះ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយណា ជនទាំងឡាយនោះ រមែងរង្កៀសយ៉ាងនេះថា ព្រះរាជានៅច្រឡូកច្រឡំដោយបព្វជិត ទំនងជាកម្មរបស់បព្វជិតទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៨ ក្នុងការចូលទៅខាងក្នុងរាជបុរី។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះរាជាបញ្ជូនកងទ័ពទៅ ក្នុងកាលគួរ ហើយឲ្យត្រឡប់មកវិញ ពាក់កណ្តាលផ្លូវ ការឲ្យត្រឡប់មកវិញនោះ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយណា ជនទាំងឡាយនោះ រមែងរង្កៀសយ៉ាងនេះថា ព្រះរាជានៅច្រឡូកច្រឡំ ដោយបព្វជិត ទំនងជាកម្មរបស់បព្វជិតទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៩ ក្នុងការចូលទៅក្នុងរាជបុរី។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ខាងក្នុងរាជបុរី តែងចង្អៀតដោយដំរី ចង្អៀតដោយសេះ ចង្អៀតដោយរថ ទាំងរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ជាហេតុនៃសេចក្តីត្រេកអរ សុទ្ធតែជារបស់មិនសមគួរ ដល់បព្វជិតទេ។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ១០ ក្នុងការចូលទៅខាងក្នុងរាជបុរី។ ម្នាលភិក្ខុទាំងឡាយ ទោស ១០ យ៉ាងនេះឯង រមែងមានក្នុងការចូលទៅខាងក្នុងរាជបុរី។