អំពីមានះត្រឹមត្រូវ និងការលោភចំពោះគុណសម្បត្តិល្អ។ រក្សាមុខដ៏ស្អាតរបស់!
an 10.052 បាលី cs-km: sut.an.10.052 អដ្ឋកថា: sut.an.10.052_att PTS: ?
សារិបុត្តសូត្រ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(២. សារិបុត្តសុត្តំ)
[៥២] ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ថេរវាចារបស់ព្រះសារីបុត្តដ៏មានអាយុថា ករុណា អាវុសោ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ បើភិក្ខុមិនឆ្លាស ក្នុងវារៈនៃចិត្តបុគ្គលដទៃទេ ត្រូវគិតថា យើងទាំងឡាយ គួរជាអ្នកឆ្លាស ក្នុងវារៈនៃចិត្តរបស់ខ្លួន។ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុជាអ្នកឆ្លាស ក្នុងវារៈនៃចិត្តរបស់ខ្លួន តើដោយប្រការដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ដូចជាស្រ្តី ឬបុរសកំឡោះជំទង់ ប្រកបដោយជាតិ ជាអ្នកស្អិតស្អាង កាលពិចារណាមើលស្រមោលរបស់ខ្លួនក្នុងកញ្ចក់ ដែលបរិសុទ្ធផូរផង់ ឬក្នុងភាជន៍ទឹកថ្លា បើឃើញធូលី ឬកន្ទួលក្នុងកញ្ចក់ ក៏រមែងព្យាយាមលះបង់នូវធូលី ឬកន្ទួលនោះចេញ បើមិនឃើញធូលី ឬកន្ទួលនោះទេ ក៏មានចិត្តត្រេកអរ មានតម្រិះគ្រប់គ្រាន់ ដោយហេតុនោះថា ឱហ្ន៎ អាត្មាអញ មានលាភ ឱហ្ន៎ (មុខ) របស់អាត្មាអញ បរិសុទ្ធ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ ឧបមេយ្យ ដូចជា ការពិចារណា ក្នុងកុសលធម៌ទាំងឡាយ រមែងមានឧបការៈច្រើន ដល់ភិក្ខុថា អាត្មាអញ ជាអ្នកមានអភិជ្ឈាច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមិនមានអភិជ្ឈាច្រើនឬហ្ន៎ អាត្មាអញ មានចិត្តព្យាបាទច្រើនឬហ្ន៎ អាត្មាអញ ត្រូវថីនមិទ្ធៈរួបរឹតច្រើនឬហ្ន៎ អាត្មាអញ មិនមានចិត្តព្យាបាទច្រើនឬហ្ន៎ អាត្មាអញ ប្រាសចាកថីនមិទ្ធៈច្រើនឬហ្ន៎ អាត្មាអញ មានចិត្តអណ្តែតអណ្តូងច្រើនឬហ្ន៎ អាត្មាអញ មិនមានចិត្តអណ្តែតអណ្តូងច្រើនឬហ្ន៎ អាត្មាអញ មានវិចិកិច្ឆាច្រើនឬហ្ន៎ អាត្មាអញ ឆ្លងវិចិកិច្ឆាច្រើនឬហ្ន៎ អាត្មាអញ មានសេចក្តីក្រោធច្រើនឬហ្ន៎ អាត្មាអញ មិនមានសេចក្តីក្រោធច្រើនឬហ្ន៎ អាត្មាអញ មានចិត្តសៅហ្មងច្រើនឬហ្ន៎ អាត្មាអញ មិនមានចិត្តសៅហ្មងច្រើនឬហ្ន៎ អាត្មាអញ មានកាយក្រវល់ក្រវាយច្រើនឬហ្ន៎ អាត្មាអញ មានកាយមិនក្រវល់ក្រវាយច្រើនឬហ្ន៎ អាត្មាអញ ខ្ជិលច្រអូសច្រើនឬហ្ន៎ អាត្មាអញ ប្រារព្ធព្យាយាមច្រើនឬហ្ន៎ អាត្មាអញ មានចិត្តមិនខ្ជាប់ខ្ជួនច្រើនឬហ្ន៎ អាត្មាអញ មានចិត្តខ្ជាប់ខ្ជួនច្រើនឬហ្ន៎។ ម្នាលអាវុសោទាំងឡាយ បើភិក្ខុពិចារណា រមែងដឹងយ៉ាងនេះថា អាត្មាអញ មានអភិជ្ឈាច្រើន។បេ។ អាត្មាអញ មានចិត្តមិនបានខ្ជាប់ខ្ជួនច្រើន។ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង មិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលះនូវពួកអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ ដូចជាសំពត់ដែលត្រូវភ្លើងឆេះ ឬក្បាលដែលត្រូវភ្លើងឆេះ បុគ្គលគប្បីប្រញាប់ធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលត់សំពត់ ឬក្បាលនោះឯង យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គប្បីប្រញាប់ធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលះបង់នូវពួកអកុសលធម៌ដ៏លាមកទាំងនោះចេញ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោទាំងឡាយ បើភិក្ខុពិចារណា រមែងដឹងយ៉ាងនេះថា អាត្មាអញ ជាអ្នកមិនមានអភិជ្ឈាច្រើន។បេ។ អាត្មាអញ មានចិត្តខ្ជាប់ខ្ជួនច្រើន។ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរតាំងនៅក្នុងកុសលធម៌ទាំងនោះ ហើយធ្វើនូវសេចក្តីព្យាយាម ដើម្បីអស់ទៅនៃអាសវៈទាំងឡាយតទៅ។