km:tipitaka:sut:an:10:sut.an.10.054

សមថសូត្រ ទី៤

សង្ខេប

«មាន​លាភ ឱហ្ន៎ មុខ​របស់​អាត្មា​អញ បរិសុទ្ធ» និងហេតុ​ខាង​ក្រៅ ចំនួន​ប្រាំ ដើម្បី​ឈាន​ដល់​វា។

an 10.054 បាលី cs-km: sut.an.10.054 អដ្ឋកថា: sut.an.10.054_att PTS: ?

សមថសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៤. សមថសុត្តំ)

[៥៤] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនឆ្លាស ក្នុងវារៈនៃចិត្តអ្នកដទៃទេ គួរគិតថា យើងទាំងឡាយ ជាអ្នកឆ្លាសក្នុងវារៈនៃចិត្តរបស់ខ្លួន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុឆ្លាសក្នុងវារៈនៃចិត្តរបស់ខ្លួន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្រ្តី ឬបុរសកំឡោះ ឬជំទង់ ប្រកបដោយជាតិជាអ្នកស្អិតស្អាង ពិចារណាមើលស្រមោលមុខរបស់ខ្លួន ក្នុងកញ្ចក់ដ៏បរិសុទ្ធផូរផង់ ឬក្នុងភាជន៍ទឹកថ្លា បើឃើញនូវធូលី ឬកន្ទួលក្នុងកញ្ចក់ ឬទឹកនោះ ក៏ព្យាយាម ដើម្បីលះបង់នូវធូលី ឬកន្ទួលនោះចេញ បើមិនឃើញធូលី ឬកន្ទួលនៃមុខនោះទេ ក៏មានចិត្តត្រេកអរ មានតម្រិះគ្រប់គ្រាន់ ដោយហេតុនោះថា ឱហ្ន៎ អាត្មាអញ មានលាភ ឱហ្ន៎ មុខរបស់អាត្មាអញ បរិសុទ្ធ ឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជា ការពិចារណា ក្នុងកុសលធម៌ទាំងឡាយ រមែងមានឧបការៈច្រើន ដល់ភិក្ខុថា អាត្មាអញ ជាអ្នកបាននូវចេតោសមថៈ ខាងក្នុងសន្តានឬហ្ន៎ អាត្មាអញ ជាអ្នកមិនបាននូវចេតោសមថៈ ខាងក្នុងសន្តានឬហ្ន៎ អាត្មាអញ ជាអ្នកបានអធិប្បញ្ញាធម្មវិបស្សនាឬហ្ន៎ អាត្មាអញ ជាអ្នកមិនបានអធិប្បញ្ញាធម្មវិបស្សនាឬហ្ន៎។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា អាត្មាអញ បានចេតោសមថៈខាងក្នុងសន្តាន តែមិនបានអធិប្បញ្ញាធម្មវិបស្សនាទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គួរឋិតនៅក្នុងចេតោសមថៈ ខាងក្នុងសន្តាន ហើយធ្វើព្យាយាម ក្នុងអធិប្បញ្ញាធម្មវិបស្សនា។ លុះសម័យខាងក្រោយមក ភិក្ខុនោះ ក៏បាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុពិចារណា រមែងដឹងយ៉ាងនេះថា អាត្មាអញ បាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបានចេតោសមថៈខាងក្នុងសន្តានទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គួរឋិតនៅក្នុងអធិប្បញ្ញាធម្មវិបស្សនា ហើយធ្វើសេចក្តីព្យាយាម ក្នុងចេតោសមថៈខាងក្នុងសន្តាន។ លុះសម័យខាងក្រោយមក ភិក្ខុនោះ បាននូវអធិប្បញ្ញាធម្មវិបស្សនាផង បាននូវចេតោសមថៈ ខាងក្នុងសន្តានផង។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុពិចារណា រមែងដឹងយ៉ាងនេះថា អាត្មាអញ មិនបានចេតោសមថៈខាងក្នុងសន្តាន ទាំងមិនបានអធិប្បញ្ញាធម្មវិបស្សនា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីធ្វើសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីបាននូវពួកធម៌ ជាកុសលទាំងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ដូចជាសំពត់ដែលត្រូវភ្លើងឆេះ ឬក្បាលដែលត្រូវភ្លើងឆេះ បុគ្គលគប្បីប្រញាប់ធ្វើសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលត់នូវសំពត់ ឬក្បាលនោះឯង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីបាននូវពួកកុសលធម៌ទាំងនោះ ក៏យ៉ាងនោះដែរ។ លុះសម័យខាងក្រោយមក ភិក្ខុនោះ បាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុពិចារណា រមែងដឹងយ៉ាងនេះថា អាត្មាអញ បានចេតោសមថៈខាងក្នុងសន្តាន បានអធិប្បញ្ញាធម្មវិបស្សនា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គួរតាំងនៅក្នុងកុសលធម៌ទាំងនោះ ហើយធ្វើព្យាយាមដើម្បីឲ្យអស់ទៅនៃអាសវៈទាំងឡាយតទៅ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវចីវរដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវបិណ្ឌបាត ដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវសេនាសនៈ ដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវស្រុក ឬនិគមដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវជនបទ ឬប្រទេសដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវបុគ្គល ដោយចំណែកពីរ គឺគួរសេព ១ មិនគួរសេព ១។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវចីវរ ដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យនេះ តថាគតពោលហើយ ដោយប្រការដូច្នេះឯង ពាក្យដែលតថាគតពោលហើយនុ៎ះ ព្រោះអាស្រ័យ ហេតុដូចម្តេច។ បណ្តាចីវរទាំងពីរប្រការនោះ ភិក្ខុគប្បីដឹងនូវចីវរណាថា កាលបើអាត្មាអញ សេពចីវរនេះឯង អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ចីវរបែបនេះ ភិក្ខុមិនគួរសេពឡើយ។ បណ្តាចីវរទាំងពីរប្រការនោះ ភិក្ខុគប្បីដឹងចីវរណាមួយ កាលបើអាត្មាអញ សេពចីវរណា អកុសលធម៌ទាំងឡាយ សាបសូន្យ កុសលធម៌ទាំងឡាយ តែងចំរើនឡើង ចីវរបែបនេះភិក្ខុគួរសេព។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវចីវរដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យណាដែលតថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យនេះ តថាគតពោលហើយ ព្រោះសំដៅហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវបិណ្ឌបាត ដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យនុ៎ះ តថាគតពោលហើយ ដោយប្រការដូច្នេះនេះ ពាក្យដែលតថាគត ពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុដូចម្តេច។ បណ្តាបិណ្ឌបាតទាំងនោះ ភិក្ខុគប្បីដឹងនូវបិណ្ឌបាតណាថា កាលបើអាត្មាអញ សេពបិណ្ឌបាតនេះឯង អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ បិណ្ឌបាតបែបនេះ ភិក្ខុមិនគួរសេពឡើយ។ បណ្តាបិណ្ឌបាតទាំងនោះ ភិក្ខុគប្បីដឹងនូវបិណ្ឌបាតណាថា កាលបើអាត្មាអញ សេពបិណ្ឌបាតនេះឯង អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង បិណ្ឌបាតបែបនេះ ភិក្ខុគួរសេព។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវបិណ្ឌបាត ដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យណា ដែលតថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យនេះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវសេនាសនៈ ដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យនុ៎ះ តថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យដែលតថាគតពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុដូចម្តេច។ បណ្តាសេនាសនៈទាំងនោះ ភិក្ខុគប្បីដឹងនូវសេនាសនៈណាថា កាលបើអាត្មាអញ សេពសេនាសនៈនេះឯង អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ សេនាសនៈបែបនេះ ភិក្ខុមិនគួរសេពឡើយ។ បណ្តាសេនាសនៈទាំងនោះ ភិក្ខុដឹងនូវសេនាសនៈណាថា កាលបើអាត្មាអញ សេពសេនាសនៈនេះឯង អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង សេនាសនៈបែបនេះ ភិក្ខុគួរសេព។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវសេនាសនៈ ដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យណា ដែលតថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវស្រុក ឬនិគមដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យនុ៎ះ តថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យដែលតថាគត ពោលហើយ អាស្រ័យហេតុដូចម្តេច។ បណ្តាស្រុក ឬនិគមនោះ ភិក្ខុគប្បីដឹងនូវស្រុក ឬនិគមណាថា កាលបើអាត្មាអញ សេពស្រុក ឬនិគមនោះឯង អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ស្រុក ឬនិគមបែបនេះ ភិក្ខុមិនគួរសេពឡើយ។ បណ្តាស្រុក ឬនិគមទាំងនោះ ភិក្ខុគប្បីដឹងស្រុក ឬនិគមណាថា កាលបើអាត្មាអញ សេពស្រុក ឬនិគមនេះឯង អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង ស្រុក ឬនិគមបែបនេះ ភិក្ខុគួរសេព។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវស្រុក ឬនិគម ដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យណា ដែលតថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវជនបទ ឬប្រទេសដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យនុ៎ះ តថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យដែលតថាគតពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុដូចម្តេច។ បណ្តាជនបទ ឬប្រទេសទាំងនោះ ភិក្ខុគប្បីដឹងជនបទ ឬប្រទេសណាថា កាលបើអាត្មាអញសេពជនបទ ឬប្រទេសនេះឯង អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយសាបសូន្យទៅ ជនបទ ឬប្រទេសបែបនេះ ភិក្ខុមិនគួរសេពឡើយ។ បណ្តាជនបទ ឬប្រទេសទាំងនោះ ភិក្ខុគប្បីដឹងនូវជនបទ ឬប្រទេសណាថា កាលបើអាត្មាអញ សេពជនបទ ឬប្រទេសនេះឯង អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង ជនបទ ឬប្រទេសបែបនេះ ភិក្ខុគួរសេព។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវជនបទ ឬប្រទេសដោយចំណែកពីរប្រការ គឺគួរសេព ១ មិនគួរសេព ១ ពាក្យណាដែលតថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវបុគ្គលដោយចំណែកពីរ គឺគួរសេព ១ មិនគួរសេព ១ ពាក្យនុ៎ះ តថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យដែលតថាគតពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុដូចម្តេច។ បណ្តាបុគ្គលទាំងនោះ ភិក្ខុគប្បីដឹងនូវបុគ្គលណាថា កាលបើអាត្មាអញសេព បុគ្គលនេះឯង អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ បុគ្គលបែបនេះ ភិក្ខុមិនគួរសេព។ បណ្តាបុគ្គលទាំងនោះ ភិក្ខុគប្បីដឹងនូវបុគ្គលណាថា កាលបើអាត្មាអញ សេពបុគ្គលនេះឯង អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង បុគ្គលបែបនេះ ភិក្ខុគួរសេព។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវបុគ្គលដោយចំណែកពីរ គឺគួរសេព ១ មិនគួរសេព ១ ពាក្យណា ដែលតថាគតពោលហើយ ដោយប្រការដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.054.txt · ពេលកែចុងក្រោយ: 2023/05/16 02:11 និពន្ឋដោយ Johann