km:tipitaka:sut:an:10:sut.an.10.060

គិរិមានន្ទសូត្រ ទី១០

សង្ខេប

ព្រះពុទ្ធ​​ទ្រង់​​ប្រោស​​សញ្ញា ​១០ ​យ៉ាង ជា​​ថ្នាំ​​ព្យាបាល ​ដល់​​ព្រះ​សង្ឃ​​ដែល​​ឈឺ​​ធ្ងន់ និង​ការ​ពន្យល់​លម្អិត អំពី​សញ្ញា​ទាំង​នោះ។

an 10.060 បាលី cs-km: sut.an.10.060 អដ្ឋកថា: sut.an.10.060_att PTS: ?

គិរិមានន្ទសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ (២០២៣)

អានដោយ ព្រះខេមានន្ទ

(១០. គិរិមានន្ទសុត្តំ)

[៦០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះគិរិមានន្ទដ៏មានអាយុ លោកមានអាពាធ ប្រកបដោយទុក្ខវេទនា ជាជម្ងឺធ្ងន់។ គ្រានោះឯង ព្រះអានន្ទត្ថេរដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ ត្រង់ទីដែលព្រះអង្គគង់ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទត្ថេរដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលនូវពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន គិរិមានន្ទដ៏មានអាយុ មានអាពាធ ប្រកបដោយទុក្ខវេទនា ជាជម្ងឺធ្ងន់ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់អនុគ្រោះ (ចំពោះគិរិមានន្ទ) សូមស្តេចចូលទៅត្រង់កន្លែង ដែលគិរិមានន្ទអាស្រ័យនៅ។ ព្រះដ៏មានព្រះភាគ ត្រាស់តបថា ម្នាលអានន្ទ ប្រសិនបើអ្នកចូលទៅកាន់សំណាក់នៃគិរិមានន្ទភិក្ខុ សំដែងប្រាប់សញ្ញា ទាំង ១០ ប្រការ ដំណើរនេះ ជាហេតុនឹងនាំឲ្យអាពាធរបស់គិរិមានន្ទភិក្ខុនោះ បានរម្ងាប់សះស្បើយទៅមួយរំពេច ព្រោះគិរិមានន្ទភិក្ខុ បានស្តាប់នូវសញ្ញាទាំង ១០ ប្រការ។ សញ្ញាទាំង ១០ ប្រការនោះ ដូចម្តេចខ្លះ។ គឺ អនិច្ចសញ្ញា ១ អនត្តសញ្ញា ១ អសុភសញ្ញា ១ អាទីនវសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ សព្វសង្ខារេសុ អនិច្ចសញ្ញា ១ អានាបានស្សតិ ១។

ម្នាលអានន្ទ អនិច្ចសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះដ៏ស្ងាត់ក្តី ពិចារណាឃើញដូច្នេះថា រូបមិនទៀង វេទនាមិនទៀង សញ្ញាមិនទៀង សង្ខារទាំងឡាយមិនទៀង វិញ្ញាណមិនទៀង។ ភិក្ខុពិចារណាឃើញរឿយ ៗ ថាមិនទៀង ក្នុងឧបាទានក្ខន្ធទាំង ៥ នេះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ នេះហៅថា អនិច្ចសញ្ញា។

ម្នាលអានន្ទ អនត្តសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ពិចារណាឃើញដូច្នេះថា ភ្នែកមិនមែនជារបស់ខ្លួនទេ រូបមិនមែនជារបស់ខ្លួនទេ ត្រចៀកមិនមែនជារបស់ខ្លួនទេ សម្លេងទាំងឡាយ មិនមែនជារបស់ខ្លួនទេ ច្រមុះមិនមែនជារបស់ខ្លួនទេ ក្លិនទាំងឡាយ មិនមែនជារបស់ខ្លួនទេ អណ្តាតមិនមែនជារបស់ខ្លួនទេ រសទាំងឡាយ មិនមែនជារបស់ខ្លួនទេ កាយមិនមែនជារបស់ខ្លួនទេ ផោដ្ឋព្វៈទាំងឡាយ មិនមែនជារបស់ខ្លួនទេ ចិត្តមិនមែនជារបស់ខ្លួនទេ ធម៌ទាំងឡាយ មិនមែនជារបស់ខ្លួនទេ។ ភិក្ខុពិចារណាឃើញរឿយ ៗ ដូច្នេះថា មិនមែនជារបស់ខ្លួន ក្នុងអាយតនៈ ខាងក្នុង ៦ និងអាយតនៈខាងក្រៅ ៦ នេះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ នេះហៅថា អនត្តសញ្ញា។

ម្នាលអានន្ទ អសុភសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយនេះឯង ខាងលើអំពីផ្ទៃនៃបាតជើងឡើងទៅ ខាងក្រោមអំពីចុងសក់ចុះមក ព័ទ្ធជុំវិញដោយស្បែក ពេញដោយគ្រឿងមិនស្អាត មានប្រការផ្សេង ៗ ដូច្នេះថា ក្នុងរូបកាយនេះ សក់ទាំងឡាយ រោមទាំងឡាយ ក្រចកទាំងឡាយ ធេ្មញទាំងឡាយ ស្បែក សាច់ សរសៃទាំងឡាយ ឆ្អឹងទាំងឡាយ ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ ឬលំពែងអរឹស សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ។ ភិក្ខុពិចារណាឃើញរឿយ ៗ ថា មិនល្អ ក្នុងរូបកាយនេះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ នេះហៅថា អសុភសញ្ញា។

ម្នាលអានន្ទ អាទីនវសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ពិចារណាឃើញដូច្នេះថា រូបកាយនេះ មានទុក្ខច្រើន មានទោសច្រើនដោយពិត។ អាពាធទាំងឡាយផ្សេង ៗ តែងកើតឡើង ក្នុងកាយនេះដូច្នេះ អាពាធនោះ ដូចម្តេចខ្លះ គឺរោគក្នុងភ្នែក រោគក្នុងត្រចៀក រោគក្នុងច្រមុះ រោគក្នុងអណ្តាត រោគក្នុងកាយ រោគក្នុងក្បាល រោគស្លឹកត្រចៀក រោគក្នុងមាត់ រោគត្រង់គល់ធ្មេញ រោគក្អក រោគហឺត រោគខាងក្រៅច្រមុះ រោគក្តៅក្រហាយ រោគស្គាំងស្គម រោគក្នុងផ្ទៃ រោគខ្យល់ចាប់ វិលមុខ រោគធ្លាក់ឈាម រោគចុកសៀត រោគចុះរាក រោគឃ្លង់ រោគមួល រោគស្រែង រោគរីងរៃ រោគឆ្កួតជ្រូក រោគដំនួចពិស រោគរមាស់ រោគកមក្រិន រោគកើតក្នុងទីដែលខ្វារដោយក្រចក រោគឃ្លង់ដែក រោគឈាម រោគប្រមាត់ រោគទឹកនោមផ្អែម រោគឫសដូងដុះ រោគរលកកែវ រោគឫសដូងបាត1) អាពាធបណ្តាលអំពីប្រមាត់ អាពាធបណ្តាលអំពីស្លេស្ម អាពាធបណ្តាលអំពីខ្យល់ អាពាធបណ្តាលអំពីសន្និបាត គឺការកម្រើកប្រមាត់ ស្លេស្ម និងខ្យល់ប្រជុំគ្នា អាពាធកើតអំពីរដូវប្រែប្រួល អាពាធកើតអំពីការផ្លាស់ប្តូរឥរិយាបថមិនស្មើគ្នា អាពាធកើតអំពីសេចក្តីព្យាយាមរបស់អ្នកឯទៀត (មានចាប់ចងវាយជាដើម) អាពាធកើតអំពីវិបាករបស់កម្ម ការត្រជាក់ ការក្តៅ សេចក្តីឃ្លាន សេចក្តីស្រេក ឧច្ចារៈ (អាចម៍) បស្សាវៈ (មូត្រ)។ ភិក្ខុពិចារណាឃើញរឿយ ៗ ថាជាទោស ក្នុងរូបកាយនេះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ នេះហៅថា អាទីនវសញ្ញា។

ម្នាលអានន្ទ បហានសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មិនទទួលទុក លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតទៀតនូវកាមវិតក្ក ដែលកើតឡើងហើយ មិនទទួលទុក លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតទៀត នូវព្យាបាទវិតក្ក ដែលកើតឡើងហើយ មិនទទួលទុក លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត នូវវិហឹសាវិតក្ក ដែលកើតឡើងហើយ មិនទទួលទុក លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត នូវធម៌ដែលជាបាបអកុសលដែលកើតឡើងហើយរឿយ ៗ។ ម្នាលអានន្ទ នេះហៅថា បហានសញ្ញា។

ម្នាលអានន្ទ វិរាគសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ពិចារណាឃើញរឿយ ៗ ដូច្នេះថា ធម៌ជាគ្រឿងរម្ងាប់សង្ខារទាំងពួង លះបង់នូវឧបធិទាំងពួង អស់ទៅនៃតណ្ហា ប្រាសចាករាគៈ រំលត់ទុក្ខ នេះជាធម៌ស្ងប់ ធម៌ឧត្តម។ ម្នាលអានន្ទ នេះហៅថា វិរាគសញ្ញា។

ម្នាលអានន្ទ និរោធសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះដ៏ស្ងាត់ក្តី ពិចារណាឃើញដូច្នេះថា ធម៌ជាគ្រឿងរម្ងាប់សង្ខារទាំងពួង លះបង់នូវឧបធិទាំងពួង អស់ទៅនៃតណ្ហា ប្រាសចាករាគៈ រលត់ទុក្ខ នេះជាធម៌ស្ងប់ ជាធម៌ឧត្តម។ ម្នាលអានន្ទ នេះហៅថា និរោធសញ្ញា។

ម្នាលអានន្ទ សព្វលោកេ អនភិរតសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ឧបាយ គឺតណ្ហា និងទិដ្ឋិណា ឧបាទាន គឺសេចក្តីប្រកាន់មាំណា អភិនិវេសៈ គឺសស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ជាទីអាស្រ័យនៅនៃចិត្តណា អនុស័យ គឺកិលេសដែលដេកនៅរឿយ ៗ ក្នុងសត្តសន្តានណា ក្នុងលោក ភិក្ខុក្នុងសាសនានេះ កាលបើលះបង់នូវបាបធម៌ទាំងនោះ មិនបានប្រកាន់មាំដោយចិត្ត ក៏រមែងវៀរ (ចាកបាបធម៌ទាំងនោះ) បាន។ ម្នាលអានន្ទ នេះហៅថា សព្វលោកេ អនភិរតសញ្ញា។

ម្នាលអានន្ទ សព្វសង្ខារេសុ អនិច្ចសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នឿយណាយ ធុញទ្រាន់ ស្អប់ខ្ពើម ចាកសង្ខារទាំងពួង។ ម្នាលអានន្ទ នេះហៅថា សព្វសង្ខារេសុ អនិច្ចសញ្ញា

ម្នាលអានន្ទ អានាបានស្សតិ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះដ៏ស្ងាត់ក្តី អង្គុយផ្គត់ភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតីឲ្យឆ្ពោះ ត្រង់ (ទៅរកកម្មដ្ឋាន)។ ភិក្ខុនោះ មានស្មារតី ដកដង្ហើមចេញ មានស្មារតីដកដង្ហើមចូល កាលដកដង្ហើមចេញវែង ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញខ្លី កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី ភិក្ខុសិក្សា2) ថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវកាយ3) គឺដង្ហើមចេញទាំងអស់ឲ្យប្រាកដ ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវកាយ4) គឺដង្ហើមចូលទាំងអស់ឲ្យប្រាកដ ទើបដកដង្ហើមចូល ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នករម្ងាប់នូវកាយសង្ខារ5) គឺដង្ហើមចេញ ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នករម្ងាប់នូវកាយសង្ខារ6) គឺដង្ហើមចូល ទើបដកដង្ហើមចូល ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវបីតិ ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវបីតិ ទើបដកដង្ហើមចូល ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់ នូវសេចក្តីសុខ ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់ នូវសេចក្តីសុខ ទើបដកដង្ហើមចូល ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវចិត្តសង្ខារ7) ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវចិត្តសង្ខារ ទើបដកដង្ហើមចូល ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នករម្ងាប់នូវចិត្តសង្ខារ ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នករម្ងាប់នូវចិត្តសង្ខារ ទើបដកដង្ហើមចូល ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវចិត្ត ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវចិត្ត ទើបដកដង្ហើមចូល ភិក្ខុសិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរីករាយ… ដំកល់ចិត្តឲ្យស្មើក្នុងអារម្មណ៍… ដោះចិត្តឲ្យរួចចាកនីវរណធម៌ ជាដើម8) … ឃើញរឿយ ៗ នូវបញ្ចក្ខន្ធថា មិនទៀង… ឃើញរឿយ ៗ នូវធម៌ដែលប្រាសចាករាគៈ… ឃើញរឿយ ៗ នូវធម៌ ដែលរលត់បង់នូវកងទុក្ខ… ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកឃើញរឿយ ៗ នូវធម៌ ជាគ្រឿងលះបង់នូវកិលេស ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកឃើញរឿយ ៗ នូវធម៌ ជាគ្រឿងលះចោលនូវកិលេស ទើបដកដង្ហើមចូល។ ម្នាលអានន្ទ នេះហៅថា អានាបានស្សតិ។ ម្នាលអានន្ទ បើអ្នកចូលទៅ (កាន់សំណាក់) នៃគិរិមានន្ទភិក្ខុហើយ គប្បីសំដែងនូវសញ្ញា ទាំងឡាយ ១០ ប្រការនេះ ដំណើរនេះ ជាហេតុនឹងឲ្យអាពាធរបស់គិរិមានន្ទភិក្ខុនោះ រម្ងាប់សះស្បើយទៅ ១ រំពេច ព្រោះគិរិមានន្ទភិក្ខុ បានស្តាប់សញ្ញាទាំងឡាយ ១០ ប្រការនេះ។ លំដាប់នោះ ព្រះអានន្ទត្ថេរដ៏មានអាយុ ក៏រៀនសញ្ញាទាំងឡាយ ១០ ប្រការនេះ ក្នុងសំណាក់នៃព្រះដ៏មានព្រះភាគ ហើយចូលទៅត្រង់កន្លែងដែលគិរិមានន្ទលោកគង់នៅ លុះចូលទៅដល់ហើយ បានសំដែងសញ្ញាទាំងឡាយ ១០ ប្រការនេះ ដល់គិរិមានន្ទដ៏មានអាយុ។ លំដាប់នោះឯង អាពាធរបស់គិរិមានន្ទដ៏មានអាយុនោះ ក៏រម្ងាប់សះស្បើយទៅ ១ រំពេច ព្រោះបានស្តាប់សញ្ញាទាំងឡាយ ១០ ប្រការនេះ ឯគិរិមានន្ទដ៏មានអាយុ ក៏បានជាសះស្បើយ ចាកអាពាធនោះ ក៏អាពាធនោះ គិរិមានន្ទដ៏មានអាយុ លះបង់បានហើយ ដោយកិរិយាបានស្តាប់សញ្ញាទាំង ១០ ប្រការ ដែលព្រះអានន្ទត្ថេរ សំដែងហើយដូច្នោះ ដោយប្រការដូច្នេះឯង។

ចប់ សចិត្តវគ្គ ទី១។

ឧទ្ទាននៃសចិត្តវគ្គនោះ

និយាយអំពីការឈ្លាសក្នុងវារៈចិត្តរបស់ខ្លួន ១ អំពីព្រះសារីបុត្ត ១ អំពីការតាំងនៅដដែល ១ អំពីសមថៈ ១ អំពីបរិហានៈ ១ អំពីសញ្ញាពីរលើក អំពីធម៌ជាមូល ១ ចិត្តសន្សំដោយបព្វជ្ជា ១ អាពាធ ១។

 

លេខយោង

1)
ឫសដូងបាត ដែលដុះខាងក្នុង ត្រង់ចន្លោះទ្វារធំ និងទ្វារតូច។ អដ្ឋកថា។
2)
អដ្ឋកថា ថា ព្យាយាម។
3)
ធ្វើខាងដើម ខាងកណ្តាល និងទីបំផុតនៃកាយ គឺដង្ហើមចេញទាំងអស់ឲ្យប្រាកដ។
4)
ធ្វើខាងដើម ខាងកណ្តាល និងទីបំផុតនៃកាយ គឺដង្ហើមចូលទាំងអស់ឲ្យប្រាកដ។
5) , 6)
កាយសង្ខារដ៏គ្រោតគ្រាត។
7)
បានដល់វេទនាខន្ធ និងសញ្ញាខន្ធ។
8)
អដ្ឋកថា ពន្យល់ថា ភិក្ខុដោះចិត្តឲ្យរួចចាកនីវរណធម៌ ដោយបឋមជ្ឈាន ឲ្យរួចចាកវិតក្កៈ និងវិចារៈ ដោយទុតិយជ្ឈាន ឲ្យរួចចាកបីតិ ដោយតតិយជ្ឈាន ឲ្យរួចចាកសុខ និងទុក្ខ ដោយចតុត្ថជ្ឈាន ឲ្យរួចចាកនិច្ចសញ្ញា ដោយអនិច្ចានុបស្សនា ឲ្យរួចចាកសុខសញ្ញា ដោយទុក្ខានុបស្សនា ឲ្យរួចចាកអត្តសញ្ញា ដោយអនត្តានុបស្សនា ឲ្យរួចចាកនន្ទិ ដោយនិព្វិទានុបស្សនា ឲ្យរួចចាករាគៈ ដោយវិរាគានុបស្សនា ឲ្យរួចចាកសមុទយៈ ដោយនិរោធានុបស្សនា ឲ្យរួចចាកអាទានៈ ដោយបដិនិស្សគ្គានុបស្សនា។
km/tipitaka/sut/an/10/sut.an.10.060.txt · ពេលកែចុងក្រោយ: 2023/05/16 11:09 និពន្ឋដោយ Johann