km:tipitaka:sut:an:10:sut.an.10.062

ឌ្តណ្ហាសូត្រ ទី២

សង្ខេប

ហេតុកើតឡើងនៃតណ្ហា ​ដែលជាធម្មជាតិ ហើយហេតុកើតឡើងនៃវិជ្ជា និងវិមុត្ត ដែលជាពិសេស។ ស្រដៀងគ្នានឹង អវិជ្ជាសូត្រ បន្ថែមដោយ ភវតណ្ហា។

an 10.062 បាលី cs-km: sut.an.10.062 អដ្ឋកថា: sut.an.10.062_att PTS: ?

ឌ្តណ្ហាសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(២. ឌ្តណ្ហាសុត្តំ)

[៦២] ម្នាលភិក្ខុទាំងឡាយ ទីបំផុតខាងដើមរបស់ភវតណ្ហា មិនប្រាកដទេ ភវតណ្ហា (សេចក្តីប្រាថ្នាក្នុងភព) មិនមានក្នុងកាលមុន អំពីកាលនេះ ឬថា កើតឡើងក្នុងខាងក្រោយឡើយ ហេតុនោះ ម្នាលភិក្ខុទាំងឡាយ ក៏ពាក្យថា ភវតណ្ហានេះ តថាគតពោលយ៉ាងនេះ តែថា ភវតណ្ហា រមែងប្រាកដ ព្រោះមានរបស់នេះជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ភវតណ្ហា ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ភវតណ្ហា។ គប្បីឆ្លើយថា អវិជ្ជា។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អវិជ្ជា ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់អវិជ្ជា។ គប្បីឆ្លើយថា នីវរណៈ ៥។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា នីវរណៈ ៥ ប្រកបដោយអាហារ មិនបានពោថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់នីវរណៈ ៥។ គប្បីឆ្លើយថា ទុច្ចរិត ៣។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទុច្ចរិត ៣ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ទុច្ចរិត ៣។ គប្បីឆ្លើយថា ការមិនសង្រួមឥន្រ្ទិយ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការមិនសង្រួមឥន្រ្ទិយ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ការមិនសង្រួមឥន្រ្ទិយ។ គប្បីឆ្លើយថា ការមិនមានសតិ មិនមានសម្បជញ្ញៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការមិនមានសតិ មិនមានសម្បជញ្ញៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ការមិនមានសតិ មិនមានសម្បជញ្ញៈ។ គប្បីឆ្លើយថា អយោនិសោមនសិការៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អយោនិសោមនសិការៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់អយោនិសោមនសិការៈ។ គប្បីឆ្លើយថា អស្សទ្ធិយៈ (សេចក្តីមិនជឿ)។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អស្សទ្ធិយៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់អស្សទ្ធិយៈ។ គប្បីឆ្លើយថា អស្សទ្ធម្មស្សវនៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អស្សទ្ធម្មស្សវនៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់អស្សទ្ធម្មស្សវនៈ។ គប្បីឆ្លើយថា អសប្បុរិសសំសេវៈ។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិសសំសេវៈ ពេញបរិបូណ៌ហើយ រមែងញុំាងអស្សទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ លុះអស្សទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងអស្សទ្ធិយៈ ឲ្យពេញបរិបូណ៌ លុះអស្សទ្ធិយៈ ពេញបរិបូណ៌ហើយ រមែងញុំាងអយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ លុះអយោនិសោមនសិការៈ ពេញបរិបូណ៌ហើយ រមែងញុំាងការមិនមានសតិ មិនមានសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ លុះការមិនមានសតិ មិនមានសម្បជញ្ញៈពេញបរិបូណ៌ហើយ រមែងញុំាងការមិនសង្រួមឥន្រ្ទិយ ឲ្យពេញបរិបូណ៌ លុះការមិនសង្រួមឥន្រ្ទិយពេញបរិបូណ៌ហើយ រមែងញុំាងទុច្ចរិត ៣ ឲ្យពេញបរិបូណ៌ លុះទុច្ចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងនីវរណៈ ៥ ឲ្យពេញបរិបូណ៌ លុះនីវរណៈ ៥ ពេញបរិបូណ៌ហើយ រមែងញុំាងអវិជ្ជាឲ្យពេញបរិបូណ៌ លុះអវិជ្ជាពេញបរិបូណ៌ហើយ រមែងញុំាងភវតណ្ហា ឲ្យពេញបរិបូណ៌ដោយប្រការដូច្នេះឯង។ អាហាររបស់ភវតណ្ហានេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកភ្លៀង មានដំណក់ដ៏ថ្លោស កាលបង្អោរ កាលរំលា ហូរធ្លាក់លើកំពូលភ្នំ ទឹកនោះក៏ហូរទៅកាន់ទីទាប រមែងញុំាងជ្រោះភ្នំ ល្អាង និងអូរតូចឲ្យពេញ លុះជ្រោះភ្នំ ល្អាង និងអូរតូចពេញហើយ រមែងញុំាងត្រពាំងតូច ឲ្យពេញ លុះត្រពាំងតូចពេញហើយ រមែងញុំាងត្រពាំងធំ ឲ្យពេញ លុះត្រពាំងធំពេញហើយ រមែងញុំាងស្ទឹងតូចឲ្យពេញ លុះស្ទឹងតូចពេញហើយ រមែងញុំាងស្ទឹងធំឲ្យពេញ លុះស្ទឹងធំ ពេញហើយ រមែងញុំាងមហាសមុទ្រសាគរឲ្យពេញ អាហារនៃមហាសមុទ្រសាគរនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌ហើយយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជា អសប្បុរិសសំសេវៈ ពេញបរិបូណ៌ហើយ រមែងញុំាងអស្សទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ លុះអស្សទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងអស្សទ្ធិយៈ ឲ្យពេញបរិបូណ៌ លុះអស្សទ្ធិយៈ ពេញបរិបូណ៌ហើយ រមែងញុំាងអយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ លុះអយោនិសោមនសិការៈពេញបរិបូណ៌ហើយ រមែងញុំាងការមិនមានសតិ មិនមានសម្បជញ្ញៈឲ្យពេញបរិបូណ៌ លុះការមិនមានសតិ មិនមានសម្បជញ្ញៈ ពេញបរិបូណ៌ហើយ រមែងញុំាងការមិនសង្រួមឥន្រ្ទិយ ឲ្យពេញបរិបូណ៌ លុះការមិនសង្រួមឥន្រ្ទិយ ពេញបរិបូណ៌ហើយ រមែងញុំាងទុច្ចរិត ៣ ឲ្យពេញបរិបូណ៌ លុះទុច្ចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងនីវរណៈ ៥ ឲ្យពេញបរិបូណ៌ លុះនីវរណៈ ៥ ពេញបរិបូណ៌ហើយ រមែងញុំាងអវិជ្ជាឲ្យពេញបរិបូណ៌ លុះអវិជ្ជាពេញបរិបូណ៌ហើយ រមែងញុំាងភវតណ្ហា ឲ្យពេញបរិបូណ៌។ អាហាររបស់ភវតណ្ហានេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា វិជ្ជា និងវិមុត្តិ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់វិជ្ជា និងវិមុត្តិ។ គប្បីឆ្លើយថា ពោជ្ឈង្គ ៧ ប្រការ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ពោជ្ឈង្គ ៧ ប្រការ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់ពោជ្ឈង្គ ៧ ប្រការ។ គប្បីឆ្លើយថា សតិប្បដ្ឋាន ៤។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សតិប្បដ្ឋាន ៤ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់សតិប្បដ្ឋាន ៤។ គប្បីឆ្លើយថា សុចរិត ៣។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សុចរិត ៣ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សុចរិត ៣។ គប្បីឆ្លើយថា ការសង្រួមឥន្រ្ទិយ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការសង្រួមឥន្រ្ទិយ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ការសង្រួមឥន្រ្ទិយ។ គប្បីឆ្លើយថា សតិ និងសម្បជញ្ញៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សតិ និងសម្បជញ្ញៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សតិ និងសម្បជញ្ញៈ។ គប្បីឆ្លើយថា យោនិសោមនសិការៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា យោនិសោមនសិការៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់យោនិសោមនសិការៈ។ គប្បីឆ្លើយថា សទ្ធា។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សទ្ធាប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សទ្ធា។ គប្បីឆ្លើយថា សទ្ធម្មស្សវនៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សទ្ធម្មស្សវនៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សទ្ធម្មស្សវនៈ។ គប្បីឆ្លើយថា សប្បុរិសសំសេវៈ។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសសំសេវៈ ពេញបរិបូណ៌ហើយ រមែងញុំាងសទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ លុះសទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងសទ្ធា ឲ្យពេញបរិបូណ៌ លុះសទ្ធាពេញបរិបូណ៌ហើយ រមែងញុំាងយោនិសោមនសិការៈឲ្យពេញបរិបូណ៌ លុះយោនិសោមនសិការៈពេញបរិបូណ៌ហើយ រមែងញុំាងសតិ និងសម្បជញ្ញៈឲ្យពេញបរិបូណ៌ លុះសតិ និងសម្បជញ្ញៈ ពេញបរិបូណ៌ហើយ រមែងញុំាងការសង្រួមឥន្រ្ទិយឲ្យពេញបរិបូណ៌ លុះការសង្រួមឥន្រ្ទិយ ពេញបរិបូណ៌ហើយ រមែងញុំាងសុចរិត ៣ ឲ្យពេញបរិបូណ៌ លុះសុចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងសតិប្បដ្ឋាន ៤ ឲ្យពេញបរិបូណ៌ លុះសតិប្បដ្ឋាន ៤ ពេញបរិបូណ៌ហើយ រមែងញុំាងពោជ្ឈង្គ ៧ ប្រការ ឲ្យពេញបរិបូណ៌ លុះពោជ្ឈង្គ ៧ ប្រការ ពេញបរិបូណ៌ហើយ រមែងញុំាងវិជ្ជា និងវិមុត្តិ ឲ្យពេញបរិបូណ៌ដោយប្រការដូច្នេះឯង។ អាហាររបស់វិជ្ជា និងវិមុត្តិនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកភ្លៀង មានដំណក់ដ៏ថ្លោស កាលបង្អោរ កាលរំលា ហូរធ្លាក់លើកំពូលភ្នំ ទឹកនោះក៏ហូរទៅកាន់ទីទាប រមែងញុំាងជ្រោះភ្នំ ល្អាង និងអូរតូចឲ្យពេញ លុះជ្រោះភ្នំ ល្អាង និងអូរតូចពេញ រមែងញុំាងត្រពាំងតូច ឲ្យពេញ លុះត្រពាំងតូចពេញ រមែងញុំាងត្រពាំងធំ ឲ្យពេញ លុះត្រពាំងធំពេញ រមែងញុំាងស្ទឹងតូចឲ្យពេញ លុះស្ទឹងតូចពេញ រមែងញុំាងស្ទឹងធំឲ្យពេញ លុះស្ទឹងធំពេញហើយ រមែងញុំាងមហាសមុទ្រសាគរ ឲ្យពេញ អាហាររបស់មហាសមុទ្រសាគរនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជាសប្បុរិសសំសេវៈ ពេញបរិបូណ៌ហើយ រមែងញុំាងសទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ លុះសទ្ធម្មស្សវនៈ ពេញបរិបូណ៌ រមែងញុំាងសទ្ធាឲ្យពេញបរិបូណ៌ លុះសទ្ធាពេញបរិបូណ៌ រមែងញុំាងយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ លុះយោនិសោមនសិការៈពេញបរិបូណ៌ហើយ រមែងញុំាងសតិសម្បជញ្ញៈឲ្យពេញបរិបូណ៌ លុះសតិ និងសម្បជញ្ញៈពេញបរិបូណ៌ រមែងញុំាងការសង្រួមឥន្រ្ទិយឲ្យពេញបរិបូណ៌ លុះការសង្រួមឥន្រ្ទិយពេញបរិបូណ៌ រមែងញុំាងសុចរិត ៣ ឲ្យពេញបរិបូណ៌ លុះសុចរិត ៣ ពេញបរិបូណ៌ រមែងញុំាងសតិប្បដ្ឋាន ៤ ឲ្យពេញបរិបូណ៌ លុះសតិប្បដ្ឋាន ៤ ពេញបរិបូណ៌ រមែងញុំាងពោជ្ឈង្គ ៧ ប្រការ ឲ្យពេញបរិបូណ៌ លុះពោជ្ឈង្គ ៧ ប្រការ ពេញបរិបូណ៌ រមែងញុំាងវិជ្ជា និងវិមុត្តិ ឲ្យពេញបរិបូណ៌។ អាហាររបស់វិជ្ជា និងវិមុត្តិនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះឯង។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.062.txt · ពេលកែចុងក្រោយ: 2023/05/16 11:59 និពន្ឋដោយ Johann