km:tipitaka:sut:an:10:sut.an.10.066

ទុតិយសុខសូត្រ ទី៦

សង្ខេប

«អ្វី​ហ្ន៎ ឈ្មោះ​ថា សុខ អ្វី​ឈ្មោះ​ថា ទុក្ខ ក្នុង​ធម្មវិន័យ​នេះ?»

an 10.066 បាលី cs-km: sut.an.10.066 អដ្ឋកថា: sut.an.10.066_att PTS: ?

ទុតិយសុខសូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៦. ទុតិយសុខសុត្តំ)

[៦៦] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ នៅក្នុងនាលកគ្រាម ក្នុងដែនមគធៈ។ គ្រានោះ បរិញ្វជកឈ្មោះសាមណ្ឌកានិ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះបរិញ្វជក ឈ្មោះសាមណ្ឌកានិ អង្គុយក្នុងទីដ៏សមគួរហើយ បានសួរព្រះសារីបុត្ត ដ៏មានអាយុដូច្នេះថា ម្នាលអាវុសោសារីបុត្ត អ្វីហ្ន៎ ឈ្មោះថា សុខ អ្វីឈ្មោះថា ទុក្ខ ក្នុងធម្មវិន័យនេះ។ ព្រះសារីបុត្តឆ្លើយថា ម្នាលអាវុសោ សេចក្តីមិនត្រេកអរនេះឯង ឈ្មោះថា ទុក្ខ សេចក្តីត្រេកអរ ឈ្មោះថា សុខ ក្នុងធម្មវិន័យនេះ។ ម្នាលអាវុសោ កាលបើមិនមានសេចក្តីត្រេកអរ សេចក្តីទុក្ខនេះ រមែងប្រាកដ គឺបុគ្គលកាលដើរទៅក្តី រមែងមិនមានសេចក្តីសុខជាទីត្រេកអរ ឈរនៅក្តី … អង្គុយនៅក្តី … ដេកនៅក្តី … នៅក្នុងស្រុកក្តី… នៅក្នុងព្រៃក្តី… នៅជិតគល់ឈើក្តី … នៅក្នុងផ្ទះស្ងាត់ក្តី … នៅក្នុងទីវាលក្តី … នៅក្នុងកណ្តាលភិក្ខុក្តី ក៏រមែងមិនបានសេចក្តីសុខ ជាទីត្រេកអរឡើយ។ ម្នាលអាវុសោ កាលបើមិនមានសេចក្តីត្រេកអរ សេចក្តីទុក្ខនេះ រមែងប្រាកដ។ ម្នាលអាវុសោ កាលបើមានសេចក្តីត្រេកអរ សេចក្តីសុខនេះ រមែងប្រាកដ គឺបុគ្គលកាលដើរទៅ ក៏បានប្រសព្វសេចក្តីសុខ ជាទីត្រេកអរ ឈរក្តី… អង្គុយក្តី… ដេកក្តី… នៅក្នុងស្រុកក្តី … នៅក្នុងព្រៃក្តី… នៅជិតគល់ឈើក្តី… នៅក្នុងផ្ទះស្ងាត់ក្តី… នៅទីវាលក្តី… នៅកណ្តាលភិក្ខុក្តី… រមែងបានប្រសព្វសេចក្តីសុខ ជាទីត្រេកអរ។ ម្នាលអាវុសោ កាលបើមានសេចក្តីត្រេកអរ សេចក្តីសុខនេះ រមែងប្រាកដ។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.066.txt · ពេលកែចុងក្រោយ: 2023/05/16 12:48 និពន្ឋដោយ Johann