km:tipitaka:sut:an:10:sut.an.10.068

ទុតិយនឡកបានសូត្រ ទី៨

សង្ខេប

គុណ​សម្បត្ដិ ១០ យ៉ាង​ ដែល​នាំ​ឱ្យ​ភ្លឺ​ថ្លា។

an 10.068 បាលី cs-km: sut.an.10.068 អដ្ឋកថា: sut.an.10.068_att PTS: ?

ទុតិយនឡកបានសូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា ស៊ុនហ៊ាង

(៨. ទុតិយនឡកបានសុត្តំ)

[៦៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងព្រៃចារ ទៀបនិគមឈ្មោះនឡកបានៈ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃចោមរោម គង់នៅក្នុងឧបោសថថ្ងៃនោះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ពន្យល់ពួកភិក្ខុឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា អស់វេលាយប់ជ្រៅ ទ្រង់រមិលមើលភិក្ខុសង្ឃ ដែលអង្គុយនៅស្ងប់ស្ងៀម ហើយត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត ភិក្ខុសង្ឃប្រាសចាកថីនមិទ្ធៈហើយ ម្នាលសារីបុត្ត លោកចូរបំភ្លឺធម្មីកថា ដល់ភិក្ខុទាំងឡាយចុះ តថាគតរួយខ្នង តថាគតនឹងសម្រាកខ្នងបន្តិច។ ព្រះសារីបុត្តដ៏មានអាយុ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យក្រាលសង្ឃាដីមានជាន់ ៤ ហើយទ្រង់សម្រេចនូវសីហសេយ្យាស ផ្អៀងទៅខាងស្តាំ តម្រួតព្រះបាទលើព្រះបាទ មានព្រះសតិ និងសម្បជញ្ញៈ ធ្វើមនសិការៈ នូវឧដ្ឋានសញ្ញា។ ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយនោះ ទទួលស្តាប់ពាក្យព្រះសារីបុត្តដ៏មានអាយុថា ករុណា អាវុសោ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន ហិរិ មិនមាន… ឱត្តប្បៈ មិនមាន… វីរិយៈ មិនមាន… បញ្ញា មិនមាន… ការផ្ចង់ដើម្បីស្តាប់ មិនមាន … ការទ្រទ្រង់ធម៌ មិនមាន… ការពិចារណាអត្ថ មិនមាន… ការប្រតិបត្តិធម៌ សមគួរតាមធម៌ មិនមាន… សេចក្តីមិនប្រមាទក្នុងកុសលធម៌ទាំងឡាយ មិនមាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ សេចក្តីចំរើន មិនប្រាកដឡើយ។ ម្នាលអាវុសោទាំងឡាយ ដូចជាយប់ និងថ្ងៃ របស់ព្រះចន្ទក្នុងកាឡបក្ខមកដល់ ព្រះចន្ទនោះ រមែងបាត់ចាកពណ៌ បាត់ចាកមណ្ឌល បាត់ចាករស្មី បាត់ចាកកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន ហិរិ មិនមាន… ឱត្តប្បៈ មិនមាន… វីរិយៈ មិនមាន… បញ្ញា មិនមាន… ការផ្ចង់ ដើម្បីស្តាប់ មិនមាន… ការទ្រទ្រង់ធម៌ មិនមាន… ការពិចារណាអត្ថ មិនមាន… ការប្រតិបត្តិធម៌សមគួរតាមធម៌ មិនមាន… សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មិនមាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយប្រាកដ សេចក្តីចំរើន រមែងមិនប្រាកដឡើយ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មាន ហិរិ មាន … ឱត្តប្បៈ មាន… វីរិយៈ មាន … បញ្ញា មាន… ការផ្ចង់ដើម្បីស្តាប់ មាន… ការទ្រទ្រង់ធម៌ មាន… ការពិចារណាអត្ថ មាន… ការប្រតិបត្តិធម៌ តាមសមគួរដល់ធម៌ មាន… សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃ របស់បុគ្គលនោះ មកដល់ សេចក្តីចំរើនក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ សេចក្តីសាបសូន្យ រមែងមិនប្រាកដឡើយ។ ម្នាលអាវុសោទាំងឡាយ ដូចជាយប់ និងថ្ងៃ របស់ព្រះចន្ទ ក្នុងជុណ្ហបក្ខ មកដល់ ព្រះចន្ទនោះ ចំរើនដោយពណ៌ ចំរើនដោយមណ្ឌល ចំរើនដោយពន្លឺ ចំរើនដោយកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មាន ហិរិ មាន… ឱត្តប្បៈ មាន… វីរិយៈ មាន… បញ្ញា មាន… ការផ្ចង់ដើម្បីស្តាប់ មាន … ការទ្រទ្រង់ធម៌ មាន… ការពិចារណាអត្ថ មាន… ការប្រតិបត្តិធម៌ តាមសមគួរដល់ធម៌ មាន… សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីចំរើន ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ សេចក្តីសាបសូន្យ រមែងមិនប្រាកដឡើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់តើនចាកអាសនៈហើយ បានត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ប្រពៃណាស់ហើយ សារីបុត្ត ម្នាលសារីបុត្ត សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន ហិរិ មិនមាន… ឱត្តប្បៈ មិនមាន … វីរិយៈ មិនមាន … បញ្ញា មិនមាន… ការផ្ចង់ដើម្បីស្តាប់ មិនមាន… ការទ្រទ្រង់ធម៌ មិនមាន… ការពិចារណាអត្ថ មិនមាន… ការប្រតិបត្តិធម៌ តាមសមគួរដល់ធម៌ មិនមាន… សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មិនមាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ សេចក្តីចំរើន រមែងមិនប្រាកដឡើយ។ ម្នាលសារីបុត្ត ដូចជាយប់ និងថ្ងៃ របស់ព្រះចន្ទ ក្នុងកាឡបក្ខ មកដល់ ព្រះចន្ទនោះ រមែងបាត់ចាកពណ៌ បាត់ចាកមណ្ឌល បាត់ចាកពន្លឺ បាត់ចាកកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលសារីបុត្ត សទ្ធា ក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន។បេ។ សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មិនមាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ ប្រាកដ សេចក្តីចំរើន រមែងមិនប្រាកដឡើយ ក៏យ៉ាងនោះដែរ។ ម្នាលសារីបុត្ត សទ្ធា ក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មាន ហិរិ មាន… ឱត្តប្បៈ មាន… វីរិយៈ មាន… បញ្ញា មាន… ការផ្ចង់ដើម្បីស្តាប់ មាន… ការទ្រទ្រង់ធម៌ មាន… ការពិចារណាអត្ថ មាន… សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីចំរើន រមែងប្រាកដ សេចក្តីសាបសូន្យ រមែងមិនប្រាកដឡើយ។ ម្នាលសារីបុត្ត ដូចជាយប់ និងថ្ងៃ របស់ព្រះចន្ទក្នុងជុណ្ហបក្ខ មកដល់ ព្រះចន្ទនោះ រមែងចំរើនដោយពណ៌ ចំរើនដោយមណ្ឌល ចំរើនដោយពន្លឺ ចំរើនដោយកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលសារីបុត្ត សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយមាន។បេ។ សេចក្តីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ មាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីចំរើន ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ សេចក្តីសាបសូន្យ រមែងមិនប្រាកដឡើយ ក៏យ៉ាងនោះដែរ។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.068.txt · ពេលកែចុងក្រោយ: 2023/06/13 00:24 និពន្ឋដោយ Johann