km:tipitaka:sut:an:10:sut.an.10.070

ទុតិយកថាវត្ថុសូត្រ ទី១០

សង្ខេប

អំពី​តិរច្ឆាន​កថា (ការ​និយាយ​ប្រៀប​ដូច​សត្វ​តិរច្ឆាន គឺ​និយាយ​ឥត​ប្រយោជន៍) ហើយ​ប្រធាន​បទ​ ១០ ​យ៉ាង​គួរ​និយាយ។

an 10.070 បាលី cs-km: sut.an.10.070 អដ្ឋកថា: sut.an.10.070_att PTS: ?

ទុតិយកថាវត្ថុសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(១០. ទុតិយកថាវត្ថុសុត្តំ)

[៧០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុច្រើនរូប ត្រឡប់អំពីបិណ្ឌបាត ក្នុងបច្ឆាភត្តហើយ អង្គុយជួបជុំគ្នា ក្នុងឧបដ្ឋានសាលា ប្រកបតិរច្ឆានកថា ច្រើនប្រការ គឺនិយាយអំពីស្តេច និយាយអំពីចោរ និយាយអំពីអាមាត្យធំ។បេ។ និយាយអំពីសេចក្តីចំរើន និងមិនចំរើន ដែលជាហេតុឥតប្រយោជន៍។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ គង់ស្រេចហើយ ទើបត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលអម្បាញ់មិញនេះ អ្នកទាំងឡាយ អង្គុយជួបជុំគ្នា ដោយកថាដូចម្តេចហ្ន៎ ចុះអន្តរាកថាដូចម្តេច ដែលពួកអ្នកបញ្ឈប់ទៅ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ពួកខ្ញុំព្រះអង្គ ត្រឡប់អំពីបិណ្ឌបាត ក្នុងបច្ឆាភត្តហើយ អង្គុយប្រជុំគ្នាក្នុងឧបដ្ឋានសាលា ប្រកបតិរច្ឆានកថាជាច្រើន គឺនិយាយអំពីស្តេច និយាយអំពីចោរ។បេ។ និយាយអំពីសេចក្តីចំរើន និងមិនចំរើន ដែលជាហេតុឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ប្រកបតិរច្ឆានកថាជាច្រើន ដោយហេតុណា ហេតុនេះ មិនសមគួរដល់អ្នកទាំងឡាយ ដែលជាកុលបុត្តចេញចាកផ្ទះ ដោយសទ្ធា ចូលមកកាន់ផ្នួសទេ តិរច្ឆានកថានោះ គឺនិយាយអំពីសេ្តច។បេ។ និយាយអំពីសេចក្តីចំរើន និងមិនចំរើន ដែលជាហេតុឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ឋានៈ ដែលគួរសរសើរនេះ មាន ១០ យ៉ាង។ ឋានៈ ១០ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាថ្នាតិច ដោយខ្លួនឯងផង សំដែងអំពីសេចក្តីប្រាថ្នាតិច ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈគួរសរសើរថា ភិក្ខុជាអ្នកប្រាថ្នាតិច ដោយខ្លួនឯងផង សំដែងអំពីសេចក្តីប្រាថ្នាតិច ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកសន្តោស ដោយខ្លួនឯងផង សំដែងអំពីសេចក្តីសន្តោសដល់ភិក្ខុទាំងឡាយផង នេះជាឋានៈដែលគួរសរសើរថា ភិក្ខុជាអ្នកសន្តោសផង សំដែងអំពីសេចក្តីសន្តោសដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកស្ងប់ស្ងាត់ ដោយខ្លួនឯងផង សំដែងអំពីសេចក្តីស្ងប់ស្ងាត់ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកស្ងប់ស្ងាត់ផង សំដែងអំពីសេចក្តីស្ងប់ស្ងាត់ ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកមិនច្រឡូកច្រឡំដោយពួកគណៈ ដោយខ្លួនឯងផង សំដែងអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកមិនច្រឡូកច្រឡំ ដោយពួកគណៈផង សំដែងអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកមានព្យាយាម ប្រារព្ធហើយ ដោយខ្លួនឯងផង សំដែងអំពីសេចក្តីប្រារព្ធ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកមានព្យាយាម ប្រារព្ធហើយផង សំដែងអំពីសេចក្តីប្រារព្ធព្យាយាម ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល ដោយខ្លួនឯងផង សំដែងអំពីសេចក្តីបរិបូណ៌ដោយសីល ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយសីលផង សំដែងអំពីការបរិបូណ៌ដោយសីល ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកបរិបូណ៌ដោយសមាធិ ដោយខ្លួនឯងផង សំដែងអំពីការបរិបូណ៌ដោយសមាធិ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយសមាធិផង សំដែងអំពីការបរិបូណ៌ដោយសមាធិ ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកបរិបូណ៌ដោយបញ្ញា ដោយខ្លួនឯងផង សំដែងអំពីការបរិបូណ៌ដោយបញ្ញា ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយបញ្ញាផង សំដែងអំពីការបរិបូណ៌ដោយបញ្ញា ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិ ដោយខ្លួនឯងផង សំដែងអំពីការបរិបូណ៌ដោយវិមុត្តិ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិផង សំដែងអំពីការបរិបូណ៌ដោយវិមុត្តិ ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯងផង សំដែងអំពីការបរិបូណ៌ ដោយវិមុត្តិញ្ញាណទស្សនៈ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈផង សំដែងអំពីការបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ដល់ភិក្ខុទាំងឡាយផង ១។ ម្នាលភិក្ខុទាំងឡាយ ឋានៈដែលគួរសរសើរ មាន ១០ យ៉ាងនេះឯង។

ចប់ យមកវគ្គ ទី២។

ឧទ្ទាននៃយមកវគ្គនោះគឺ

និយាយអំពីអវិជ្ជា ១ តណ្ហា ១ (ព្រះនិញ្វន) ១ សេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះតថាគត ១ សេចក្តីសុខ ពីរលើក ពីព្រះដ៏មានព្រះភាគ ត្រាច់ទៅកាន់និគមឈ្មោះនឡកបានៈ ពីរលើក និងវត្ថុកថា ដទៃទៀត ពីរលើក។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.070.txt · ពេលកែចុងក្រោយ: 2023/05/17 01:55 និពន្ឋដោយ Johann