km:tipitaka:sut:an:10:sut.an.10.071

អាកង្ខសូត្រ ទី១

សង្ខេប

ភិក្ខុ​ដែល​បំពេញ​ក្នុង​សីល បាតិមោក្ខ​ និង​សង្រួម​ក្នុង​បាតិមោក្ខ មិនដែល​ខ្វះនូវទក្ខិណាទាន និងជា​ស្រែ​ អានិសង្សនៅបុណ្យ។

an 10.071 បាលី cs-km: sut.an.10.071 អដ្ឋកថា: sut.an.10.071_att PTS: ?

អាកង្ខសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(១. អាកង្ខសុត្តំ)

[៧១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបរិបូណ៌ដោយសីល បរិបូណ៌ដោយបាតិមោក្ខ ជាអ្នកសង្រួម ក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញនូវភ័យ ក្នុងទោសមានប្រមាណតិច ជាអ្នកសមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញគប្បីជាទីស្រឡាញ់ ជាទីគាប់ចិត្ត ជាទីគោរព ជាទីសរសើរ នៃសព្រហ្មចារីបុគ្គលទាំងឡាយ ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល ប្រកបរឿយ ៗ នូវការរម្ងាប់នូវចិត្តខាងក្នុង មានឈានមិនសាបសូន្យ ប្រកបដោយវិបស្សនាញាណ ជាអ្នកចំរើននូវសុញ្ញាគារៈ (ផ្ទះស្ងាត់)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញ គួរជាបុគ្គលបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល ប្រកបរឿយ ៗ នូវការរម្ងាប់នូវចិត្តខាងក្នុង មានឈានមិនសាបសូន្យ ប្រកបដោយវិបស្សនាញាណ ជាអ្នកចំរើននូវសុញ្ញាគារៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញប្រើប្រាស់ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ របស់ទាយកណា ការឲ្យនូវបច្ច័យទាំងនោះ របស់ទាយកទាំងនោះ សូមឲ្យមានផលច្រើន មានអានិសង្សច្រើន ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល… ជាអ្នកចំរើននូវសុញ្ញាគារៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា ពួកប្រេតជាញាតិ សាលោហិតណា (របស់អាត្មាអញ) ដែលធ្វើមរណកាលស្លាប់ទៅហើយ មានចិត្តជ្រះថ្លា រលឹករឿយ ៗ ការរលឹកនោះ របស់ប្រេតទាំងនោះ សូមឲ្យមានផលច្រើន មានអានិសង្សច្រើន ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល … ជាអ្នកចំរើននូវសុញ្ញាគារៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសន្តោស ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ភិក្ខុនោះ គួរជាអ្នកបំពេញ ក្នុងសីល… ជាអ្នកចំរើននូវសុញ្ញាគារៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកអត់ធន់នូវត្រជាក់ ក្តៅ ការឃ្លាន ការស្រេក សម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូចពស់ធំ ជាអ្នកអត់សង្កត់ នូវគន្លងនៃពាក្យ ដែលគេនិយាយអាក្រក់ មកកាន់សោតទ្វារ ដែលញុំាងទុក្ខឲ្យកើតឡើង នាំឲ្យវេទនា ប្រព្រឹត្តទៅ ក្នុងសរីរៈ ជាទុក្ខក្លាខ្លាំង ខ្លោចផ្សា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ជាទីនាំទៅនូវជីវិត ភិក្ខុនោះ ជាអ្នកបំពេញក្នុងសីល… ជាអ្នកចំរើននូវសុញ្ញាគារៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញ គប្បីអត់ធន់នូវសេចក្តីអផ្សុក (ក្នុងនេក្ខម្មៈ) និងសេចក្តីត្រេកអរក្នុងកាមគុណ (ឯសេចក្តីត្រេកអរ និងសេចក្តីអផ្សុក) ក្នុងនេក្ខម្មៈ និងសេចក្តីត្រេកអរ (ក្នុងកាមគុណ) កុំគប្បីគ្របសង្កត់នូវអាត្មាអញឡើយ អាត្មាអញ គប្បីគ្របសង្កត់នូវសេចក្តីអផ្សុក (ក្នុងនេក្ខម្មៈ) និងសេចក្តីត្រេកអរ (ក្នុងកាមគុណ) ដែលកើតឡើងហើយ ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល… ជាអ្នកចំរើននូវសុញ្ញាគារៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញគប្បីជាអ្នកគ្របសង្កត់នូវអារម្មណ៍ ដែលគួរខ្លាច ឯអារម្មណ៍ដែលគួរខ្លាច កុំគប្បីគ្របសង្កត់នូវអាត្មាអញឡើយ អាត្មាអញ គប្បីគ្របសង្កត់នូវអារម្មណ៍ ដែលគួរខ្លាច ដែលកើតឡើងហើយ ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល… ជាអ្នកចំរើននូវសុញ្ញាគារៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញគប្បីបានដោយមិនបាច់ប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវចតុត្ថជ្ឈាន ទាំងកិរិយានៅជាសុខ ក្នុងបច្ចុប្បន្ន ដែលអាស្រ័យនូវចិត្ត ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល … ជាអ្នកចំរើននូវសុញ្ញាគារៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុគប្បីប្រាថ្នាថា អាត្មាអញគប្បីធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន បានដល់នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ហើយសម្រេចសម្រាន្តនៅ ភិក្ខុនោះ គួរជាអ្នកបំពេញក្នុងសីល ប្រកបនូវការរម្ងាប់នូវចិត្តខាងក្នុង មានឈានមិនសាបសូន្យ ប្រកបដោយវិបស្សនាញាណ ជាអ្នកចំរើននូវសុញ្ញាគារៈ។ ពាក្យណា ដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបរិបូណ៌ដោយសីល ដោយបាតិមោក្ខ ចូរសង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យ ក្នុងទោសមានប្រមាណតិច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.071.txt · ពេលកែចុងក្រោយ: 2023/05/17 05:31 និពន្ឋដោយ Johann