km:tipitaka:sut:an:10:sut.an.10.072

កណ្ដកសូត្រ ទី២

សង្ខេប

បន្លា ១០ យ៉ាង។

an 10.072 បាលី cs-km: sut.an.10.072 អដ្ឋកថា: sut.an.10.072_att PTS: ?

កណ្ដកសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(២. កណ្ដកសុត្តំ)

[៧២] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី ជាមួយនឹងសាវកជាថេរៈច្រើនរូប ដែលមានឈ្មោះល្បីល្បាញ គឺព្រះបាលៈដ៏មានអាយុ ១ ព្រះឧបបាលៈដ៏មានអាយុ ១ ព្រះកក្កដៈដ៏មានអាយុ ១ ព្រះកឡិម្ភៈដ៏មានអាយុ ១ ព្រះនិកដៈដ៏មានអាយុ ១ ព្រះកដិស្សហៈដ៏មានអាយុ ១ ព្រមទាំងសាវកជាថេរៈ ដែលមានឈ្មោះល្បីល្បាញឯទៀតផង។ សម័យនោះឯង ពួកស្តេចលិច្ឆវីច្រើនអង្គ ដែលមានឈ្មោះល្បីល្បាញ ត្រាច់ទៅដោយយានដ៏ប្រសើរក្រៃលែង ត ៗ គ្នា មានសំឡេងអឺងកងរំពង បរទៅកាន់ព្រៃមហាវន ដើម្បីជួបព្រះដ៏មានព្រះភាគ។ គ្រានោះឯង ព្រះថេរៈដ៏មានអាយុទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកស្តេចលិច្ឆវីមានប្រមាណច្រើនទាំងនេះ ដែលមានឈ្មោះល្បីល្បាញ ត្រាច់ទៅដោយយានដ៏ប្រសើរក្រៃលែងត ៗ គ្នា មានសំឡេង អឺងកងរំពង ចូលទៅកាន់ព្រៃមហាវន ដើម្បីជួបព្រះដ៏មានព្រះភាគ ឯព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ឈានមានសំឡេងជាបន្លា បើដូច្នោះ គួរតែយើងទាំងឡាយ ចូលទៅរកព្រៃគោសិង្គសាលវន ហើយយើងទាំងឡាយ គប្បីមានសំឡេងតិច មានការនៅច្រឡូកច្រឡំគ្នាតិច ទើបនៅជាសុខក្នុងទីនោះ បានជាព្រះថេរៈដ៏មានអាយុទាំងនោះ ក៏ចូលទៅឯព្រៃគោសិង្គសាលវន ព្រះថេរៈដ៏មានអាយុទាំងនោះ មានសំឡេងតិច មានការច្រឡូកច្រឡំគ្នាតិច ហើយនៅជាសុខក្នុងទីនោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាលៈ នៅក្នុងទីណា ភិក្ខុឧបបាលៈនៅក្នុងទីណា ភិក្ខុកក្កដៈ នៅក្នុងទីណា ភិក្ខុកឡិម្ភៈនៅក្នុងទីណា ភិក្ខុនិកដៈ នៅក្នុងទីណា ភិក្ខុកដិស្សហៈ នៅក្នុងទីណា ម្នាលភិក្ខុទាំងឡាយ ឯសាវកជាថេរៈទាំងនោះ នៅចំទីណាដែរ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ព្រះថេរៈដ៏មានអាយុទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកស្តេចលិច្ឆវី មានប្រមាណច្រើននេះ ដែលមានឈ្មោះល្បីល្បាញ ត្រាច់ទៅដោយយានដ៏ប្រសើរក្រៃលែងត ៗ គ្នា មានសំឡេងអឺងកងរំពង ចូលទៅកាន់ព្រៃមហាវន ដើម្បីជួបព្រះដ៏មានព្រះភាគ ព្រះអង្គក៏ទ្រង់សំដែងថា ឈាន មានសំឡេងជាបន្លា បើដូច្នោះ គួរតែយើងទាំងឡាយ ចូលទៅឯព្រៃគោសិង្គសាលវន យើងទាំងឡាយ គប្បីមានសំឡេងតិច មានការនៅច្រឡូកច្រឡំគ្នាតិច ទើបនៅជាសុខក្នុងទីនោះ បពិត្រព្រះអង្គដ៏ចំរើន ហេតុនោះ លោកដ៏មានអាយុទាំងនោះ ចូលទៅឯព្រៃគោសិង្គសាលវន លោកដ៏មានអាយុទាំងនោះ ក៏មានសំឡេងតិច មានការនៅច្រឡូកច្រឡំគ្នាតិច ហើយនៅជាសុខក្នុងទីនោះ។ ម្នាលភិក្ខុទាំងឡាយ ប្រពៃហើយ ប្រពៃហើយ កាលមហាសាវកទាំងនោះ ព្យាករដោយប្រពៃ គប្បីព្យាករ តាមពិត ម្នាលភិក្ខុទាំងឡាយ ព្រោះតថាគត ពោលហើយថា ឈាន មានសំឡេងជាបន្លា។ ម្នាលភិក្ខុទាំងឡាយ បន្លាទាំងឡាយនេះ មាន ១០ យ៉ាង។ បន្លាទាំង ១០ យ៉ាង តើដូចម្តេចខ្លះ។ គឺសភាពជាអ្នកត្រេកអរ ក្នុងពួកគណៈ ជាបន្លារបស់បុគ្គលដែលមានសេចក្តីស្ងប់ស្ងាត់ជាទីត្រេកអរ ១ ការប្រកបរឿយ ៗ នូវសុភនិមិត្ត ជាបន្លារបស់បុគ្គលដែលប្រកបរឿយ ៗ នូវអសុភនិមិត្ត ១ ការឃើញនូវសត្រូវ គឺល្បែងផ្សេង ៗ ជាបន្លារបស់បុគ្គលមានទ្វារគ្រប់គ្រងហើយ ក្នុងឥន្រ្ទិយទាំងឡាយ ១ ការត្រាច់ទៅជិតមាតុគ្រាម ជាបន្លារបស់ព្រហ្មចរិយៈ ១ សំឡេង ជាបន្លារបស់បឋមជ្ឈាន ១ វិតក្កៈ និងវិចារៈ ជាបន្លារបស់ទុតិយជ្ឈាន ១ បីតិ ជាបន្លារបស់តតិយជ្ឈាន ១ អស្សាសប្បស្សាសៈ ជាបន្លារបស់ចតុត្ថជ្ឈាន ១ សញ្ញា និងវេទនា ជាបន្លារបស់សញ្ញាវេទយិតនិរោធសមាបត្តិ ១ រាគៈ ជាបន្លា ទោសៈ ជាបន្លា មោហៈ ជាបន្លា ១។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរកុំមានធម៌ ជាបន្លាឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរកុំមានធម៌ ជាបន្លាឡើយ ចូរនាំធម៌ជាបន្លាចេញ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្តទាំងឡាយ មិនមានធម៌ជាបន្លាទេ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្តទាំងឡាយ មិនមានធម៌ជាបន្លាទេ បាននាំធម៌ជាបន្លាចេញហើយ។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.072.txt · ពេលកែចុងក្រោយ: 2023/05/18 01:40 និពន្ឋដោយ Johann