ធម៌ ១០ យ៉ាង ដែលជាទីប្រាថ្នា ដែលបុគ្គលបានដោយកម្រ ក្នុងលោក ហើយធម៌ទាំង ១០ យ៉ាង ដែលជាអាហារនៃធម៌ទាំង ១០ នេះ ដែលជាទីប្រាថ្នា។
an 10.073 បាលី cs-km: sut.an.10.073 អដ្ឋកថា: sut.an.10.073_att PTS: ?
ឥដ្ឋធម្មសូត្រ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៣. ឥដ្ឋធម្មសុត្តំ)
[៧៣] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលបានដោយកម្រ ក្នុងលោក។ ធម៌ទាំង ១០ យ៉ាង តើដូចម្តេច។ គឺភោគៈជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលបានដោយកម្រក្នុងលោក ១ ពណ៌សម្បុរជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ សភាពមិនមានរោគ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ សីលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ ព្រហ្មចរិយៈ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ មិត្តជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ សភាពជាអ្នកចេះដឹងច្រើន ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ បញ្ញាជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ ធម៌ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១ ឋានសួគ៌ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះឯង ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាង នាំឲ្យអន្តរាយដល់ធម៌ ១០ យ៉ាងនេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក។ គឺការខ្ជិល និងការមិនប្រឹងប្រែង នាំឲ្យអន្តរាយដល់ភោគៈ ១ ការមិនប្រដាប់ មិនតាក់តែង នាំឲ្យអន្តរាយដល់ពណ៌សម្បុរ ១ ការធ្វើនូវសេចក្តីមិនសប្បាយ នាំឲ្យអន្តរាយដល់ភាពមិនមានរោគ ១ មិត្តលាមក នាំឲ្យអន្តរាយដល់សីល ១ ការមិនសង្រួមនូវឥន្រ្ទិយ នាំឲ្យអន្តរាយដល់ព្រហ្មចរិយៈ ១ ការពោលពាក្យខុស នាំឲ្យអន្តរាយ ដល់ពួកមិត្ត ១ ការធ្វើនូវសេចក្តីមិនស្វាធ្យាយ នាំឲ្យអន្តរាយ ដល់ភាពចេះដឹងច្រើន ១ ការមិនប្រុងស្តាប់ មិនសាកសួរ នាំឲ្យអន្តរាយដល់បញ្ញា ១ ការមិនប្រកបរឿយ ៗ ការមិនពិចារណា នាំឲ្យអន្តរាយដល់ធម៌ទាំងឡាយ ១ សេចក្តីប្រតិបត្តិខុស នាំឲ្យអន្តរាយដល់ឋានសួគ៌ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះ នាំឲ្យអន្តរាយដល់ធម៌ ១០ យ៉ាងនេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលបានដោយកម្រក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ យ៉ាង ជាអាហារនៃធម៌ទាំង ១០ នេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក។ គឺសេចក្តីមិនខ្ជិល សេចក្តីព្យាយាម ជាអាហាររបស់ភោគៈ ១ ការប្រដាប់ ការតាក់តែង ជាអាហាររបស់ពណ៌សម្បុរ ១ ការធ្វើនូវសេចក្តីសប្បាយ ជាអាហាររបស់ភាពមិនមានរោគ ១ សភាពមិត្តល្អ ជាអាហាររបស់សីល ១ ការសង្រួមឥន្រ្ទិយ ជាអាហាររបស់ព្រហ្មចរិយៈ ១ ការមិនពោលពាក្យខុស ជាអាហាររបស់មិត្តទាំងឡាយ ១ ការធ្វើនូវកិរិយាស្វាធ្យាយ ជាអាហាររបស់ភាពអ្នកចេះដឹងច្រើន ១ ការស្តាប់ ការសាកសួរ ជាអាហាររបស់បញ្ញា ១ ការប្រកបរឿយ ៗ ការពិចារណា ជាអាហាររបស់ធម៌ទាំងឡាយ ១ សេចក្តីប្រតិបត្តិល្អ ជាអាហាររបស់ឋានសួគ៌ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង ជាអាហារនៃធម៌ ១០ យ៉ាងនេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក។