«អរិយសាវក កាលចំរើនដោយសេចក្តី ១០ យ៉ាង រមែងចំរើន ដោយសេចក្តីចំរើនដ៏ប្រសើរ ឈ្មោះថាអ្នកកាន់យកនូវខ្លឹមរបស់កាយផង…»
an 10.074 បាលី cs-km: sut.an.10.074 អដ្ឋកថា: sut.an.10.074_att PTS: ?
វឌ្ឍិសូត្រ ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះសុភធម្មោ ភិក្ខុ
អានដោយ ព្រះខេមានន្ទ
(៤. វឌ្ឍិសុត្តំ)
[៧៤] ម្នាលភិក្ខុទាំងឡាយ អរិយសាវក កាលចំរើនដោយសេចក្តី ១០ យ៉ាង រមែងចំរើន ដោយសេចក្តីចំរើនដ៏ប្រសើរ ឈ្មោះថាអ្នកកាន់យកនូវខ្លឹមរបស់កាយផង ជាអ្នកកាន់យកនូវវត្ថុ ដ៏ប្រសើររបស់កាយផង។ ការចំរើនដោយសេចក្តីទាំង ១០ យ៉ាង តើដូចម្តេច។ គឺចំរើនដោយស្រែចំការ ១ ចំរើនដោយទ្រព្យ និងស្រូវ ១ ចំរើនដោយកូន និងប្រពន្ធ ១ ចំរើនដោយបុរសជាទាសៈ និងកម្មករ ១ ចំរើនដោយសត្វមានជើង ៤ ទាំងឡាយ ១ ចំរើនដោយសទ្ធា ១ ចំរើនដោយសីល ១ ចំរើនដោយសុតៈ ១ ចំរើនដោយចាគៈ ១ ចំរើនដោយបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក កាលចំរើន ដោយសេចក្តីចំរើន ១០ យ៉ាង នេះឯង រមែងចំរើន ដោយសេចក្តីចំរើនដ៏ប្រសើរ ឈ្មោះថា អ្នកកាន់យកនូវខ្លឹមរបស់កាយផង ជាអ្នកកាន់យកនូវវត្ថុដ៏ប្រសើររបស់កាយផង។
បុគ្គលណាក្នុងលោកនេះ ចំរើនដោយទ្រព្យផង ដោយស្រូវផង ដោយកូនផង ដោយប្រពន្ធផង ដោយសត្វជើង ៤ ផង បុគ្គលនោះឈ្មោះថា មានភោគៈ មានយសដែលពួកញាតិ និងមិត្ត ព្រមទាំងស្តេច បូជាហើយ។ បុគ្គលណាក្នុងលោកនេះ ចំរើនដោយសទ្ធាផង ដោយសីលផង ដោយបញ្ញាផង ដោយចាគៈផង ដោយសុតៈទាំងពីរផង បុគ្គលបែបនោះ ហៅថា សប្បុរស ជាអ្នកពិចារណាឃើញច្បាស់ រមែងចំរើនដោយហេតុទាំងពីរ ក្នុងបច្ចុប្បន្ននេះឯង។
អរិយទ្រព្យ ៧ យ៉ាង៖ សំខិត្តធនសូត្រ និង វិត្ថតធនសូត្រ។