km:tipitaka:sut:an:10:sut.an.10.075

មិគសាលាសូត្រ ទី៥

សង្ខេប

ដោយ​គ្រាន់​តែ​ពិចារណា​ មើល​ទៅ​លើសីល​របស់​បុគ្គល​ម្នាក់ ​អាច​ងាយ​នឹងវិវិច្ឆ័យ​ខុស។ ដូច្នេះ​បុគ្គល​គួរប្រុង​ប្រយ័ត្ន ប្រសិន​បើមិនចេះ​ដឹង​ច្បាស់។

an 10.075 បាលី cs-km: sut.an.10.075 អដ្ឋកថា: sut.an.10.075_att PTS: ?

មិគសាលាសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៥. មិគសាលាសុត្តំ)

[៧៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅឯលំនៅ នៃមិគសាលាឧបាសិកា លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈដែលគេក្រាលទុក។ លំដាប់នោះ មិគសាលាឧបាសិកា ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះមិគសាលាឧបាសិកា អង្គុយក្នុងទីសមគួរហើយ ក៏បានទូលសួរព្រះអានន្ទដ៏មានអាយុថា បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយនេះ តើគប្បីយល់ដូចម្តេច ព្រោះដូចជាបុគ្គលពីរពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ សឹងមានគតិស្មើ ៗ គ្នាក្នុងបរលោក។ បពិត្រលោកម្ចាស់ដ៏ចំរើន បិតារបស់ខ្ញុំឈ្មោះបុរាណៈជាព្រហ្មចារី ជាអ្នកប្រព្រឹត្ត ឆ្ងាយវៀរចាកមេថុន ជាធម៌របស់អ្នកស្រុក លុះគាត់ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពពួកទេវតាក្នុងជាន់តុសិត។ បពិត្រលោកម្ចាស់ដ៏ចំរើន ឥសិទត្ត ជាទីស្រឡាញ់របស់បិតានៃខ្ញុំ មិនមែនជាព្រហ្មចារី នៅត្រេកអរដោយប្រពន្ធរបស់ខ្លួន លុះធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពពួកទេវតាជាន់តុសិតដែរ។ បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយនេះ តើគប្បីយល់ដូចម្តេច ព្រោះដូចជាបុគ្គលពីរពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ សឹងមានគតិស្មើ ៗ គ្នា ក្នុងបរលោក។ ម្នាលនាង ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ព្យាករហើយ យ៉ាងនេះឯង។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ទទួលចង្ហាន់បិណ្ឌបាត ក្នុងលំនៅនៃមិគសាលាឧបាសិការួចហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ។ ក៏កាលដែលព្រះអានន្ទដ៏មានអាយុ ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្តហើយ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ខ្ញុំព្រះអង្គស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅឯលំនៅនៃមិគសាលាឧបាសិកា លុះចូលទៅដល់ហើយ អង្គុយលើអាសនៈ ដែលគេក្រាលទុក។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ មិគសាលាឧបាសិកា ចូលទៅរកខ្ញុំព្រះអង្គ លុះចូលទៅដល់ហើយ ថ្វាយបង្គំខ្ញុំព្រះអង្គ ហើយអង្គុយក្នុងទីសមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះមិគសាលាឧបាសិកា អង្គុយក្នុងទីសមគួរហើយ បាននិយាយនឹងខ្ញុំព្រះអង្គថា បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយនេះ តើគប្បីយល់ដូចម្តេច ព្រោះដូចជាបុគ្គលពីរពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ សឹងមានគតិស្មើ ៗ គ្នា ក្នុងបរលោក។ បពិត្រលោកម្ចាស់ដ៏ចំរើន បិតាខ្ញុំឈ្មោះបុរាណៈ ជាព្រហ្មចារី ជាអ្នកប្រព្រឹត្តឆ្ងាយ វៀរចាកមេថុន ជាធម៌របស់អ្នកស្រុក លុះគាត់ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករ ថាជាសកទាគាមិសត្វ បានទៅកើតក្នុងពួកទេវតាជាន់តុសិត។ បពិត្រលោកម្ចាស់ដ៏ចំរើន ឥសិទត្ត ជាទីស្រឡាញ់នៃបិតារបស់ខ្ញុំ មិនមែនជាព្រហ្មចារី នៅត្រេកអរដោយប្រពន្ធរបស់ខ្លួន លុះគាត់ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពពួកទេវតាជាន់តុសិតដែរ។ បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយនេះ តើគប្បីយល់ដូចម្តេច ព្រោះដូចជា បុគ្គលពីរពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ សឹងមានគតិស្មើ ៗ គ្នា ក្នុងបរលោក។ បពិត្រព្រះអង្គដ៏ចំរើន កាលមិគសាលាឧបាសិកា និយាយយ៉ាងនេះរួចហើយ ខ្ញុំព្រះអង្គ ក៏បាននិយាយនឹងមិគសាលាឧបាសិកាដូច្នេះថា ម្នាលនាង ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករយ៉ាងហ្នឹងឯង។ ម្នាលអានន្ទ មិគសាលាឧបាសិកាជាអ្វី ជាស្រ្តីពាល មិនឈ្លាសវៃ ជាស្រ្តីងងឹត មានបញ្ញាងងឹត មួយទៀត បុរសបុគ្គលណា (មានវិស័យមិនទើសទាល់) ក្នុងបរោបរិយញ្ញាណ (បញ្ញាជាគ្រឿងដឹងនូវឥន្រ្ទិយក្លា និងទន់របស់បុគ្គលដទៃ)។ ម្នាលអានន្ទ បុគ្គល ១០ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គលទាំង ១០ ពួក តើដូចម្តេច។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យភាពទ្រុស្តសីលនោះ រលត់ទៅដោយមិនមានសេសសស់ បុគ្គលនោះ មិនបានធ្វើដោយការស្តាប់ផង មិនបានធ្វើដោយភាវៈចេះដឹងច្រើនផង មិនបានចាក់ធ្លុះដោយទិដ្ឋិផង មិនបាននូវវិមុត្តិដែលប្រព្រឹត្តទៅតាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសទេ ជាបុគ្គលប្រព្រឹត្ត ដើម្បីសេចក្តីសាបសូន្យតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសឡើយ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល តែដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យភាពទ្រុស្តសីលនោះ រលត់ទៅដោយមិនមានសេសសល់ បុគ្គលនោះ ធ្វើដោយការស្តាប់ផង ភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បានូវវិមុត្តិដែលប្រព្រឹត្តទៅតាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីគុណវិសេសតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យឡើយ។ ម្នាលអានន្ទ បុគ្គលអ្នកកាន់យកនូវប្រមាណក្នុងបុគ្គលនោះ អាចត្រិះរិះថា នោះជាធម៌ របស់បុគ្គលនេះ នោះជាធម៌ របស់បុគ្គលដទៃ បណ្តាបុគ្គលទាំងនោះ ហេតុអ្វីបានជាបុគ្គលម្នាក់ថោកទាប បុគ្គលម្នាក់ខ្ពង់ខ្ពស់។ ម្នាលអានន្ទ ព្រោះកិរិយាធ្វើនូវប្រមាណនោះ របស់បុគ្គលទាំងនោះ តែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង។ ម្នាលអានន្ទ ក្នុងដំណើរនោះ បុគ្គលណាទ្រុស្តសីល តែដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ជាហេតុនាំឲ្យភាពទ្រុស្តសីលនោះ រលត់ទៅដោយមិនសេសសល់ បុគ្គលនោះ ធ្វើការដោយការស្តាប់ផង ធ្វើដោយភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិប្រព្រឹត្តទៅ តាមកាលផង។ ម្នាលអានន្ទ បុគ្គលនេះប្រសើរផង ឧត្តមផង ជាងបុគ្គលមុនឯណោះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះក្រសែធម៌ គឺវិបស្សនាញាណ រមែងដឹកនាំបុគ្គលនេះ (ឲ្យដល់នូវអរិយភូមិ) អ្នកណាក្រៅពីតថាគត នឹងគប្បីដឹងហេតុនោះបាន។ ម្នាលអានន្ទ ព្រោះហេតុនោះ ក្នុងលោកនេះ អ្នកទាំងឡាយ ជាអ្នកកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយ កុំមានឡើយ កុំកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយឡើយ។ ម្នាលអានន្ទ បុគ្គលក្នុងលោកនេះ កាលកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយ ឈ្មោះថា ជីករំលើងនូវគុណ ម្នាលអានន្ទ តថាគតក្តី បុគ្គលណា ដែលប្រហែលនឹងតថាគតក្តី ទើបគួរកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន។ ម្នាលអានន្ទ បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកមានសីល តែមិនដឹងច្បាស់ តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យសីលនោះរលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ មិនបានធ្វើដោយការស្តាប់ផង មិនបានធ្វើដោយភាវៈចេះដឹងច្រើនផង មិនបានចាក់ធ្លុះ ដោយទិដ្ឋិផង មិនបាននូវវិមុត្តិ ដែលប្រព្រឹត្តតាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសឡើយ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល ទាំងដឹងច្បាស់ តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យសីលនោះរលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ ធ្វើដោយការស្តាប់ផង ធ្វើដោយភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ ដែលប្រព្រឹត្តទៅតាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីគុណវិសេសតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យឡើយ។ ម្នាលអានន្ទ ក្នុងដំណើរនោះ។បេ។ ម្នាលអានន្ទ តថាគតក្តី បុគ្គលដែលប្រហែលនឹងតថាគតក្តី ទើបគួរកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានរាគៈក្លៀវក្លា ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យរាគៈនោះរលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ មិនបានធ្វើដោយការស្តាប់ផង មិនបានធ្វើដោយភាវៈចេះដឹងច្រើនផង មិនបានចាក់ធ្លុះដោយទិដ្ឋិផង មិនបានវិមុត្តិ ដែលប្រព្រឹត្តទៅ តាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសឡើយ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានរាគៈក្លៀវក្លា តែដឹងច្បាស់តាមពិតនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យរាគៈនោះ រលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ ធ្វើដោយការស្តាប់ផង ធ្វើដោយភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ ដែលប្រព្រឹត្តទៅ តាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីគុណវិសេសតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យឡើយ។ ម្នាលអានន្ទ ក្នុងដំណើរនោះ។បេ។ ម្នាលអានន្ទ តថាគតក្តី បុគ្គលណាដែលប្រហែលនឹងតថាគតក្តី ទើបគួរកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្តីក្រោធ ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យសេចក្តីក្រោធនោះ រលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ មិនបានធ្វើ ដោយការស្តាប់ផង មិនបានធ្វើ ដោយភាវៈចេះដឹងច្រើនផង មិនបានចាក់ធ្លុះ ដោយទិដ្ឋិផង មិនបាននូវវិមុត្តិ ដែលប្រព្រឹត្តទៅ តាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសឡើយ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្តីក្រោធ តែដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យសេចក្តីក្រោធនោះរលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ ធ្វើដោយការស្តាប់ផង ធ្វើដោយភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិដែលប្រព្រឹត្តទៅ តាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីគុណវិសេសតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យឡើយ។ ម្នាលអានន្ទ ក្នុងដំណើរនោះ។បេ។ ម្នាលអានន្ទ តថាគតក្តី បុគ្គលណាដែលប្រហែលនឹងតថាគតក្តី ទើបគួរកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានចិត្តរវើរវាយ ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យសេចក្តីរវើរវាយនោះរលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ មិនបានធ្វើដោយការស្តាប់ផង មិនបានធ្វើ ដោយភាវៈចេះដឹងច្រើនផង មិនបានចាក់ធ្លុះ ដោយទិដ្ឋិផង មិនបាននូវវិមុត្តិ ដែលប្រព្រឹត្តទៅតាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេសឡើយ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានចិត្តរវើរវាយ តែដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យចិត្តរវើរវាយនោះ រលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ ធ្វើដោយការស្តាប់ផង ធ្វើដោយភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ ដែលប្រព្រឹត្តទៅ តាមកាលផង លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យទេ ជាបុគ្គលប្រព្រឹត្តទៅ ដើម្បីគុណវិសេសតែម៉្យាង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យឡើយ។ ម្នាលអានន្ទ បុគ្គលអ្នកកាន់យកនូវប្រមាណ ក្នុងបុគ្គលនោះ រមែងត្រិះរិះថា នោះជាធម៌របស់បុគ្គលនេះ នោះជាធម៌របស់បុគ្គលដទៃ បណ្តាបុគ្គលទាំងនោះ ហេតុអ្វីបានជាបុគ្គលម្នាក់ថោកទាប បុគ្គលម្នាក់ខ្ពង់ខ្ពស់។ ម្នាលអានន្ទ ព្រោះកិរិយាធ្វើនូវប្រមាណនោះ របស់បុគ្គលទាំងនោះ តែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង។ ម្នាលអានន្ទ ក្នុងដំណើរនោះ បុគ្គលណា ជាអ្នកមានចិត្តរវើរវាយ តែដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ ដែលជាហេតុនាំឲ្យចិត្តរវើរវាយនោះ រលត់ទៅ ដោយមិនមានសេសសល់ បុគ្គលនោះ ធ្វើដោយការស្តាប់ផង ធ្វើដោយភាវៈចេះដឹងច្រើនផង ចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ ដែលប្រព្រឹត្តទៅតាមកាលផង។ ម្នាលអានន្ទ បុគ្គលនេះ ប្រសើរផង ឧត្តមផង ជាងបុគ្គលមុនឯណោះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះថា ក្រសែធម៌ រមែងដឹកនាំបុគ្គលនោះ (ឲ្យដល់នូវអរិយភូមិ) អ្នកណាក្រៅពីព្រះតថាគត នឹងគប្បីដឹងហេតុនោះបាន។ ម្នាលអានន្ទ ព្រោះហេតុនោះ ក្នុងលោកនេះ អ្នកទាំងឡាយ ជាអ្នកកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយ កុំមានឡើយ កុំកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយឡើយ។ ម្នាលអានន្ទ បុគ្គលក្នុងលោកនេះ កាលកាន់យកនូវប្រមាណក្នុងបុគ្គលទាំងឡាយ ឈ្មោះថា ជីករំលើងនូវគុណ ម្នាលអានន្ទ តថាគតក្តី បុគ្គលណា ដែលប្រហែលនឹងតថាគតក្តី ទើបគួរកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន។ ម្នាលអានន្ទ មិគសាលាឧបាសិកា ជាអ្វី ជាស្រ្តីពាល មិនឈ្លាសវៃ ជាស្រ្តីងងឹត មានបញ្ញាងងឹត មួយទៀត បុរសបុគ្គលណា (មានវិស័យមិនទើសទាល់) ក្នុងបរោបរិយញ្ញាណ (បញ្ញាជាគ្រឿងដឹងនូវឥន្រ្ទិយក្លា និងទន់របស់បុគ្គលដទៃ)។ ម្នាលអានន្ទ បុគ្គល ១០ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។ ម្នាលអានន្ទ ឧបាសកឈ្មោះបុរាណៈ ប្រកបដោយសីលមានសភាពយ៉ាងណា ឥសិទត្ត ក៏ប្រកបដោយសីល មានសភាពយ៉ាងនោះដែរ។ បុរាណឧបាសក ក្នុងលោកនេះ មានគតិ មិនប្លែកអំពីឥសិទត្តទេ ម្នាលអានន្ទ ឥសិទត្ត ប្រកបដោយបញ្ញា មានសភាពយ៉ាងណា បុរាណឧបាសក ប្រកបដោយបញ្ញា មានសភាពយ៉ាងនោះដែរ។ ឥសិទត្តឧបាសកក្នុងលោកនេះ មានគតិមិនប្លែកអំពីបុរាណឧបាសកទេ។ ម្នាលអានន្ទ បុគ្គលទាំងពីរនេះ ថោកទាបដោយគុណធម៌មួយ ៗ ម្នាក់។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.075.txt · ពេលកែចុងក្រោយ: 2023/05/18 11:40 និពន្ឋដោយ Johann