km:tipitaka:sut:an:10:sut.an.10.083

បុណ្ណិយសូត្រ ទី៣

សង្ខេប

«ធម្ម​ទេសនា ដែល​ប្រកប​ដោយ​ធម៌​ទាំង ១០ យ៉ាង​នេះ​ឯង ទើ​បប្រាកដ​ដល់​ព្រះ​តថាគត​ដោយ​ពិត។»

an 10.083 បាលី cs-km: sut.an.10.083 អដ្ឋកថា: sut.an.10.083_att PTS: ?

បុណ្ណិយសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៣. បុណ្ណិយសុត្តំ)

[៨៣] គ្រានោះ ព្រះបុណ្ណិយៈដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏ព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះបុណ្ណិយៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេច ក្នុងកាលខ្លះ ធម្មទេសនា ប្រាកដដល់ព្រះតថាគត ក្នុងកាលខ្លះ មិនប្រាកដ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបុណ្ណិយៈ ភិក្ខុជាអ្នកមានសទ្ធា តែមិនចូលទៅរក ដរាបណា ធម្មទេសនាមិនប្រាកដ ដល់ព្រះតថាគត ដរាបនោះ។ ម្នាលបុណ្ណិយៈ កាលបើភិក្ខុមានសទ្ធាផង ចូលទៅរកផង យ៉ាងនេះ ទើបធម្មទេសនា ប្រាកដដល់ព្រះតថាគត ម្នាលបុណ្ណិយៈ ភិក្ខុអ្នកមានសទ្ធាផង ចូលទៅរកផង តែមិនចូលទៅអង្គុយជិត… ចូលទៅអង្គុយជិតហើយ តែមិនសាកសួរ… សាកសួរហើយ តែមិនផ្ចង់ត្រចៀកស្តាប់ធម៌… ផ្ចង់ត្រចៀកស្តាប់ធម៌ហើយ តែស្តាប់មិនចាំធម៌ … ស្តាប់ចាំធម៌ទុកហើយ… តែមិនពិចារណានូវអត្ថនៃធម៌ ដែលខ្លួនចាំទុកហើយ… ពិចារណានូវធម៌ ដែលខ្លួនចាំទុកហើយ តែមិនដឹងអត្ថមិនដឹងធម៌ ប្រតិបត្តិសមគួរតាមធម៌… ដឹងអត្ថដឹងធម៌ ប្រតិបត្តិសមគួរតាមធម៌ហើយ តែមិនមានវាចាល្អ ពោលពាក្យដ៏ពីរោះ ប្រកបដោយសម្តីអ្នកក្រុង ដែលជាវាចាច្បាស់លាស់ ជាវាចាឥតទោស ញុំាងជនដទៃឲ្យដឹងនូវអត្ថបាន មានវាចាល្អ ពោលពាក្យពីរោះ ប្រកបដោយសម្តីអ្នកក្រុង ជាវាចាឥតទោស ញុំាងជនដទៃឲ្យដឹងនូវអត្ថហើយ តែមិនពន្យល់ មិនណែនាំ មិនឲ្យក្លៀវក្លា មិនឲ្យរីករាយ ដល់ពួកសព្រហ្មចារីបុគ្គល ធម្មទេសនា រមែងមិនប្រាកដដល់ព្រះតថាគត ដរាបនោះទេ។ ម្នាលបុណ្ណិយៈ លុះតែភិក្ខុមានសទ្ធា ១ បានចូលមកជិត ១ ចូលទៅអង្គុយជិត ១ សាកសួរ ១ ផ្ចង់ត្រចៀកស្តាប់ធម៌ ១ ស្តាប់ហើយចាំធម៌ទុក ១ ពិចារណានូវអត្ថនៃធម៌ ដែលខ្លួនចាំហើយ ១ ដឹងអត្ថដឹងធម៌ ហើយប្រតិបត្តិសមគួរតាមធម៌ ១ មានវាចាល្អ ពោលពាក្យពីរោះ ប្រកបដោយវាចាអ្នកក្រុង ជាវាចាល្អច្បាស់លាស់ ជាវាចាឥតទោស អាចញុំាងជនដទៃ ឲ្យដឹងសេចក្តី ១ ពន្យល់ណែនាំ ឲ្យក្លាហាន ឲ្យរីករាយ ដល់ពួកសព្រហ្មចារីបុគ្គល ១ យ៉ាងនេះ ទើបធម្មទេសនាប្រាកដដល់ព្រះតថាគត។ ម្នាលបុណ្ណិយៈ ធម្មទេសនា ដែលប្រកបដោយធម៌ទាំង ១០ យ៉ាងនេះឯង ទើបប្រាកដដល់ព្រះតថាគតដោយពិត។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.083.txt · ពេលកែចុងក្រោយ: 2023/08/17 17:20 និពន្ឋដោយ Johann