គួរយល់ដឹង និងយកចិត្តទុកដាក់៖ ព្រះសង្ឃ និងសិស្សមួយចំនួន អាចដឹងចិត្តរបស់អ្នក បានប្រសើរជាងអ្នកខ្លះៗ។
an 10.085 បាលី cs-km: sut.an.10.085 អដ្ឋកថា: sut.an.10.085_att PTS: ?
កត្ថីសូត្រ ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា ស៊ុនហ៊ាង
(៥. កត្ថីសុត្តំ)
[៨៥] សម័យមួយ ព្រះមហាចុន្ទៈដ៏មានអាយុ គង់ក្នុងសហជាតិប្រទេស ក្នុងដែនចេតី។ ក្នុងទីនោះឯង ព្រះមហាចុន្ទៈដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ពាក្យព្រះមហាចុន្ទៈដ៏មានអាយុថា អាវុសោ។ ព្រះមហាចុន្ទៈដ៏មានអាយុ បានសំដែងដូច្នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ តែងពោលអួតក្នុងអធិគមៈ (ធម៌ដែលគួរត្រាស់ដឹង) ថា ខ្ញុំចូលកាន់បឋមជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់ទុតិយជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់តតិយជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់ចតុត្ថជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់អាកាសានញ្ចាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់វិញ្ញាណញ្ចាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់អាកិញ្ចញ្ញាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ សួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើល ចំពោះភិក្ខុនោះ។ ភិក្ខុនោះ កាលព្រះតថាគត ឬសាវករបស់ព្រះតថាគត ដែលជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តបុគ្គលដទៃ កាលសួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើលទៅ ក៏ដល់នូវភាវៈទទេ ដល់នូវភាវៈឥតគុណ ដល់នូវសេចក្តីមិនចំរើន ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីមិនចំរើន និងសេចក្តីវិនាស។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តបុគ្គលដទៃ រមែងកំណត់ទុកក្នុងចិត្ត ចំពោះភិក្ខុនោះ ព្រោះបានកំណត់ដឹងនូវចិត្តដោយចិត្ត យ៉ាងនេះថា ហេតុអ្វី អ្នកដ៏មានអាយុនេះ តែងពោលអួតចំពោះអធិគមធម៌ថា ខ្ញុំចូលទៅកាន់បឋមជ្ឈានក៏បាន ចេញក៏បាន។បេ។ ខ្ញុំចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈ នៃចិត្តបុគ្គលដទៃ រមែងកំណត់ដឹងចិត្តភិក្ខុនោះ ដោយចិត្តយ៉ាងនេះថា អ្នកដ៏មានអាយុនេះ ជាអ្នកធ្វើឲ្យដាច់ ធ្វើឲ្យធ្លុះធ្លាយ ធ្វើឲ្យពពាល ធ្វើឲ្យពព្រុះ ធ្វើមិនឲ្យទៀងទាត់ ប្រព្រឹត្តមិនទៀងត្រង់ ក្នុងសីលទាំងឡាយ អស់កាលវែង។ អ្នកដ៏មានអាយុនេះ ជាអ្នកទ្រុស្តសីល ចំណែកខាងភាពនៃបុគ្គលទ្រុស្តសីលនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមិនមានសទ្ធា មិនមានអាចារៈ ចំណែកខាងការមិនមានសទ្ធានេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកចេះដឹងតិច មិនមានអាចារៈ ចំណែកខាងការចេះដឹងតិចនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលដែលគេប្រដៅក្រ មិនមានអាចារៈ ចំណែកខាងភាពនៃបុគ្គលប្រដៅក្រនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ មានមិត្តអាក្រក់ ចំណែកខាងភាពនៃបុគ្គលមានមិត្តអាក្រក់នេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលខ្ជិលច្រអូស ចំណែកខាងសេចក្តីខ្ជិលច្រអូសនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកភ្លេចស្មារតី ចំណែកខាងការភ្លេចស្មារតីនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលកុហក ចំណែកខាងការកុហកនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលដែលគេចិញ្ចឹមក្រ ចំណែកខាងភាពនៃបុគ្គលដែលគេចិញ្ចឹមក្រនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកឥតបញ្ញា ចំណែកខាងភាពនៃបុគ្គលឥតបញ្ញានេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ ម្នាលអាវុសោទាំងឡាយ ដូចជាសំឡាញ់ម្នាក់និយាយទៅនឹងសំឡាញ់យ៉ាងនេះថា ម្នាលសំឡាញ់ បើអ្នកត្រូវការចំពោះធនកិច្ចដោយទ្រព្យ ក្នុងកាលណា អ្នកគប្បីប្រាប់ធនកិច្ច (នោះ) ដល់ខ្ញុំ ៗ នឹងឲ្យទ្រព្យដល់អ្នក។ សំឡាញ់នោះ កាលបើធនកិច្ចណាមួយ កើតឡើង ក៏និយាយទៅនឹងសំឡាញ់យ៉ាងនេះថា ម្នាលសំឡាញ់ ខ្ញុំត្រូវការដោយទ្រព្យ ចូរអ្នកឯងឲ្យទ្រព្យ (នោះ) មកខ្ញុំ។ សំឡាញ់នោះ ក៏និយាយយ៉ាងនេះថា ម្នាលសំឡាញ់ បើដូច្នោះ អ្នកចូរជីកក្នុងទីនេះចុះ។ សំឡាញ់នោះ កាលជីកក្នុងទីនោះទៅ ក៏មិនបាន។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ អ្នកឯងនិយាយឡេះឡោះនឹងខ្ញុំ ម្នាលសំឡាញ់ អ្នកឯងនិយាយពាក្យទទេនឹងខ្ញុំថា អ្នកឯងចូរជីក ក្នុងទីនេះចុះ។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ ខ្ញុំមិននិយាយឡេះឡោះនឹងអ្នកទេ ខ្ញុំមិននិយាយពាក្យទទេ នែសំឡាញ់ បើដូច្នោះ អ្នកឯងចូរជីក ក្នុងទីនេះដូច្នេះ។ សំឡាញ់នោះ កាលបើជីកក្នុងទីនោះម្តងទៀត ក៏នៅតែមិនបាន។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ អ្នកឯងនិយាយឡេះឡោះនឹងខ្ញុំ ម្នាលសំឡាញ់ អ្នកឯងនិយាយពាក្យទទេនឹងខ្ញុំថា អ្នកឯងចូរជីកក្នុងទីនេះចុះ។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ ខ្ញុំមិននិយាយឡេះឡោះនឹងអ្នកទេ ខ្ញុំមិននិយាយទទេទេ ម្នាលសំឡាញ់ បើដូច្នោះ អ្នកឯងចូរជីកក្នុងទីនេះចុះ។ សំឡាញ់នោះ កាលជីកក្នុងទីនោះម្តងទៀត ក៏នៅតែមិនបាន។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ អ្នកឯងនិយាយឡេះឡោះនឹងខ្ញុំ ម្នាលសំឡាញ់ អ្នកឯងនិយាយពាក្យទទេនឹងខ្ញុំថា អ្នកឯងចូរជីក ក្នុងទីនេះចុះ។ សំឡាញ់នោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ ខ្ញុំមិននិយាយឡេះឡោះនឹងអ្នកទេ ខ្ញុំមិននិយាយពាក្យទទេនឹងអ្នកទេ ប៉ុន្តែខ្ញុំដល់នូវភាពជាអ្នកឆ្កួត ប្រែប្រួលចិត្ត សេចក្តីនេះ យ៉ាងណាមិញ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកពោលអួតក្នុងអធិគមធម៌ថា ខ្ញុំចូលកាន់បឋមជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់ទុតិយជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់តតិយជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់ចតុត្ថជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់អាកាសានញ្ចាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់វិញ្ញាណញ្ចាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់អាកិញ្ចញ្ញាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ តែងសួរឈ្លេចឈ្លី ដេញដោល ពិនិត្យមើលនូវភិក្ខុនោះ។ ភិក្ខុនោះ កាលបើព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្ត នៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ សួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើលទៅ ក៏ដល់នូវភាវៈទទេ ដល់នូវភាវៈឥតគុណ ដល់នូវសេចក្តីមិនចំរើន ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីមិនចំរើន និងសេចក្តីវិនាស។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ ធ្វើទុកក្នុងចិត្តចំពោះភិក្ខុនោះ ព្រោះបានកំណត់ដឹងនូវចិត្តដោយចិត្ត យ៉ាងនេះថា ហេតុអ្វីអ្នកដ៏មានអាយុនេះ តែងពោលអួត ក្នុងអធិគមធម៌ថា ខ្ញុំចូលកាន់បឋមជ្ឈានក៏បាន ចេញក៏បាន។បេ។ ខ្ញុំចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន។ ព្រះតថាគត ឬសាវក របស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ រមែងកំណត់ដឹងនូវចិត្តភិក្ខុនោះដោយចិត្តយ៉ាងនេះថា អ្នកដ៏មានអាយុនេះ ជាអ្នកធ្វើឲ្យដាច់ ធ្វើឲ្យធ្លុះធ្លាយ ធ្វើឲ្យពពាល ធ្វើឲ្យពព្រុះ ធ្វើមិនទៀងទាត់ ប្រព្រឹត្តមិនទៀងត្រង់ ក្នុងសីលទាំងឡាយ អស់កាលវែង។ អ្នកដ៏មានអាយុនេះ ជាបុគ្គលទ្រុស្តសីល ចំណែកខាងភាពនៃបុគ្គលទ្រុស្តសីលនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមិនមានសទ្ធា ចំណែកខាងការមិនមានសទ្ធានេះ ជាសេចក្តីសាបសូន្យក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលមានការចេះដឹងតិច មិនមានអាចារៈ ចំណែកខាងការចេះដឹងតិចនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលដែលគេប្រដៅក្រ ចំណែកខាងភាវៈនៃបុគ្គលគេប្រដៅក្រនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលមានមិត្តអាក្រក់ ចំណែកខាងភាពនៃបុគ្គលមានមិត្តអាក្រក់នេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលខ្ជិលច្រអូស ចំណែកខាងការខ្ជិលច្រអូសនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកភ្លេចស្មារតី ចំណែកខាងការភ្លេចស្មារតីនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលកុហក ចំណែកខាងការកុហកនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលដែលគេចិញ្ចឹមក្រ ចំណែកខាងភាពនៃបុគ្គលដែលគេចិញ្ចឹមក្រនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាបុគ្គលអប្បបញ្ញា ចំណែកខាងភាពនៃបុគ្គលអប្បបញ្ញានេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ ក៏យ៉ាងនោះឯង។ ម្នាលអាវុសោទាំងឡាយ ពាក្យថា ភិក្ខុនោះឯង មិនលះបង់នូវធម៌ទាំង ១០ ប្រការនេះ នឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា បើភិក្ខុនោះឯង លះបង់នូវធម៌ទាំង ១០ ប្រការនេះ នឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។