km:tipitaka:sut:an:10:sut.an.10.086

អធិមានសូត្រ ទី៦

សង្ខេប

អ្វី​នាំឲ្យដល់​សេចក្តី​សាបសូន្យ ក្នុង​ធម្មវិន័យ​ដែល​ព្រះ​តថាគត​ប្រកាស​ហើយ។

an 10.086 បាលី cs-km: sut.an.10.086 អដ្ឋកថា: sut.an.10.086_att PTS: ?

អធិមានសូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក ស្រស់

(៦. អធិមានសុត្តំ)

[៨៦] សម័យមួយ ព្រះមហាកស្សបដ៏មានអាយុ គង់ក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមហាកស្សបដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ពាក្យព្រះមហាកស្សបដ៏មានអាយុថា ករុណាអាវុសោ។ ព្រះមហាកស្សបដ៏មានអាយុ បានពោលពាក្យ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពោលអួតអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញប្រព្រឹត្តស្រេចហើយ សោឡសកិច្ច អាត្មាអញធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះតថាគត ឬសាវក របស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តបុគ្គលដទៃ តែងសួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើលនូវភិក្ខុនោះ។ ភិក្ខុនោះ កាលបើព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ សួរឈ្លេចឈ្លី ដេញដោល ពិនិត្យបញ្ជាក់មើល ក៏ដល់នូវភាវៈទទេ ដល់នូវភាវៈឥតគុណ ដល់នូវសេចក្តីមិនចំរើន ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីមិនចំរើន និងសេចក្តីវិនាស។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ រមែងកំណត់ធ្វើទុកក្នុងចិត្តនូវភិក្ខុនោះ ដោយចិត្តយ៉ាងនេះថា ដូចម្តេច ក៏អ្នកដ៏មានអាយុនេះ ពោលអួតនូវអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញប្រព្រឹត្តស្រេចហើយ សោឡសកិច្ច អាត្មាអញធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះ មិនមានឡើយ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ រមែងកំណត់ដឹងនូវចិត្តភិក្ខុនោះ ដោយចិត្តយ៉ាងនេះថា អ្នកដ៏មានអាយុនេះ ជាអ្នកស្មានហួសហេតុ ពោលថា ខ្លួនបានគុណវិសេស ដោយទៀងទាត់ សំគាល់ថា ដល់ហើយក្នុងធម៌ដែលមិនទាន់បានដល់ សំគាល់ថា ធ្វើហើយក្នុងធម៌ដែលខ្លួនមិនទាន់ធ្វើ សំគាល់ថាត្រាស់ដឹងហើយ ក្នុងធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ពោលអួតអរហត្តផល ដោយការស្មានហួសហេតុថា ខ្ញុំដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ រមែងកំណត់ធ្វើទុកក្នុងចិត្តនូវភិក្ខុនោះ កំណត់ដោយចិត្តយ៉ាងនេះថា អ្នកដ៏មានអាយុនេះ អាស្រ័យហេតុដូចម្តេចហ្ន៎ បានជាអ្នកស្មានហួសហេតុ ពោលថា ខ្លួនបានគុណវិសេស ដោយទៀងទាត់ ហើយសំគាល់ថា ដល់ក្នុងធម៌ដែលខ្លួនមិនទាន់ដល់ សំគាល់ថាធ្វើហើយក្នុងធម៌ ដែលខ្លួនមិនទាន់ធ្វើ សំគាល់ថាត្រាស់ដឹងហើយ ក្នុងធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ហើយពោលអួតអរហត្តផល ដោយការស្មានហួសហេតុថា ខ្ញុំដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ ប្រព្រឹត្តស្រេចហើយ សោឡសកិច្ច អាត្មាអញធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈ នៃចិត្តរបស់បុគ្គលដទៃ រមែងកំណត់ដឹងនូវចិត្តនៃភិក្ខុនោះ ដោយចិត្តយ៉ាងនេះថា អ្នកដ៏មានអាយុនេះ ជាអ្នកចេះដឹងច្រើន ជាអ្នកចេះចាំនូវសូត្រ សន្សំនូវសូត្រ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសមគ្គព្រហ្មចរិយៈ ព្រមទាំងអត្ថ និងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌គ្រប់ទាំងអស់ ធម៌មានសភាពដូច្នោះ បុគ្គលនោះ ជាអ្នកចេះដឹងច្រើន ចាំស្ទាត់រត់មាត់ ចូលចិត្តច្បាស់លាស់ដោយចិត្ត ចាក់ធ្លុះចំពោះដោយយល់ឃើញ ព្រោះហេតុនោះ អ្នកដ៏មានអាយុនេះ ជាអ្នកស្មានហួសហេតុ ពោលថា ខ្លួនបានគុណវិសេសដោយទៀងទាត់ សំគាល់ថា ដល់ហើយក្នុងធម៌ដែលខ្លួនមិនទាន់ដល់ សំគាល់ថា ធ្វើហើយក្នុងធម៌ដែលខ្លួនមិនបានធ្វើ សំគាល់ថា ត្រាស់ដឹងហើយ ក្នុងធម៌ដែលខ្លួនមិនបានត្រាស់ដឹង ទើបពោលអួតអរហត្តផល ដោយការស្មានហួសហេតុថា ខ្ញុំដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញប្រព្រឹត្តស្រេចហើយ សោឡសកិច្ច អាត្មាអញ ធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះតថាគត ឬសាវករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ រមែងកំណត់ដឹងនូវចិត្តភិក្ខុនោះ ដោយចិត្តយ៉ាងនេះថា អ្នកដ៏មានអាយុនេះ មានអភិជ្ឈា មានចិត្តត្រូវអភិជ្ឈារួបរឹតច្រើន ចំណែកខាងការរួបរឹត ដោយអភិជ្ឈានេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានព្យាបាទ មានចិត្តត្រូវព្យាបាទរួបរឹតច្រើន ចំណែកខាងការរួបរឹត ដោយព្យាបាទនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ មានថីនមិទ្ធៈ មានចិត្តត្រូវថីនមិទ្ធៈរួបរឹតច្រើន ចំណែកខាងការរួបរឹត ដោយថីនមិទ្ធៈនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានឧទ្ធច្ចៈ មានចិត្តត្រូវឧទ្ធច្ចៈរួបរឹតច្រើន ចំណែកខាងការរួបរឹតដោយឧទ្ធច្ចៈនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានវិចិកិច្ឆា មានចិត្តត្រូវវិចិកិច្ឆារួបរឹតច្រើន ចំណែកខាងការរួបរឹតដោយវិចិកិច្ឆានេះ ជាសេចក្តីសាបសូន្យក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានការងារ ជាទីត្រេកអរ ត្រេកអរហើយ ក្នុងការងារ ប្រកបរឿយ ៗ នូវសេចក្តីត្រេកអរ ក្នុងការងារ ចំណែកខាងភាពនៃបុគ្គលដែលមានការងារ ជាទីត្រេកអរនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានតិរច្ឆានកថាជាទីត្រេកអរ ត្រេកអរហើយ ក្នុងតិរច្ឆានកថា ប្រកបរឿយ ៗ នូវសេចក្តីត្រេកអរក្នុងតិរច្ឆានកថា ចំណែកខាងភាពនៃបុគ្គល មានតិរច្ឆានកថា ជាទីត្រេកអរនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានការដេកលក់ជាទីត្រេកអរ ត្រេកអរហើយក្នុងការដេកលក់ ប្រកបរឿយ ៗ នូវសេចក្តីត្រេកអរក្នុងការដេកលក់ ចំណែកខាងភាពនៃបុគ្គលមានការលក់ជាទីត្រេកអរនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យដែលព្រះតថាគតប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកមានសេចក្តីត្រេកអរក្នុងការច្រឡូកច្រឡំដោយពួក ត្រេកអរហើយក្នុងការច្រឡូកច្រឡំដោយពួក ប្រកបរឿយ ៗ នូវសេចក្តីត្រេកអរ ក្នុងការច្រឡូកច្រឡំដោយពួក ចំណែកខាងភាពនៃសេចក្តីត្រេកអរ ក្នុងការច្រឡូកច្រឡំដោយពួកនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគត ប្រកាសហើយ។ អ្នកដ៏មានអាយុនេះ ជាអ្នកភ្លេចស្មារតី ដល់នូវការផ្អាកព្យាយាមទុកក្នុងចន្លោះ ដោយការបានគុណវិសេសដ៏ថោកថយ ក្នុងកិច្ចដែលខ្លួនត្រូវធ្វើតទៅទៀត ចំណែកខាងការផ្អាកសេចក្តីព្យាយាមក្នុងចន្លោះនេះ ជាសេចក្តីសាបសូន្យ ក្នុងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ។ ម្នាលអាវុសោទាំងឡាយ ពាក្យថា ភិក្ខុនោះឯង មិនលះបង់នូវធម៌ទាំង ១០ ប្រការនេះ នឹងដល់នូវសេចក្តីចំរើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអាវុសោទាំងឡាយ ពាក្យថាភិក្ខុនោះឯង លះបង់នូវធម៌ទាំង ១០ ប្រការនេះ នឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.086.txt · ពេលកែចុងក្រោយ: 2024/10/03 18:20 និពន្ឋដោយ Cheav Villa