ហេតុអ្វីជាមិនពោលសរសើរការរម្ងាប់អធិករណ៍?
an 10.087 បាលី cs-km: sut.an.10.087 អដ្ឋកថា: sut.an.10.087_att PTS: ?
នប្បិយសូត្រ ទី៧
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៧. នប្បិយសុត្តំ)
[៨៧] ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ប្រារព្ធនូវកាឡកភិក្ខុ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើអធិករណ៍ មិនពោលសរសើរការរម្ងាប់អធិករណ៍។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកធ្វើអធិករណ៍ មិនពោលសរសើរការរម្ងាប់អធិករណ៍ ដោយហេតុណា នេះឯងជាធម៌មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមិនប្រាថ្នានូវសិក្ខា មិនពោលសរសើរការសមាទាននូវសិក្ខា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនមានសេចក្តីប្រាថ្នាក្នុងសិក្ខា មិនពោលសរសើរការសមាទាននូវសិក្ខា ដោយហេតុណា នេះឯងជាធម៌ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានសេចក្តីប្រាថ្នាលាមក មិនពោលសរសើរការកំចាត់បង់នូវសេចក្តីប្រាថ្នា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសេចក្តីប្រាថ្នាលាមក មិនពោលសរសើរការកំចាត់បង់នូវសេចក្តីប្រាថ្នា ដោយហេតុណា នេះឯងជាធម៌មិនប្រព្រឹត្តទៅដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានសេចក្តីក្រោធ មិនពោលសរសើរការកំចាត់បង់សេចក្តីក្រោធ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសេចក្តីក្រោធ មិនពោលសរសើរការកំចាត់បង់សេចក្តីក្រោធ ដោយហេតុណា នេះឯងជាធម៌មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកលុបគុណគេ មិនពោលសរសើរការកំចាត់បង់នូវសេចក្តីលុបគុណគេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកលុបគុណគេ មិនពោលសរសើរការកំចាត់បង់នូវសេចក្តីលុបគុណគេ ដោយហេតុណា នេះឯងជាធម៌មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកអួតអាង មិនពោលសរសើរការកំចាត់បង់នូវការអួតអាង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកអួតអាង មិនពោលសរសើរការកំចាត់បង់នូវការអួតអាង ដោយហេតុណា នេះឯងជាធម៌ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានមាយា មិនពោលសរសើរការកំចាត់បង់នូវមាយា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានមាយា មិនពោលសរសើរនូវការកំចាត់បង់នូវមាយា ដោយហេតុណា នេះឯងជាធម៌ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រកបដោយជាតិ ជាអ្នកមិនពិចារណានូវធម៌ មិនពោលសរសើរការពិចារណានូវធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រកបដោយជាតិ ជាអ្នកមិនពិចារណានូវធម៌ មិនពោលសរសើរការពិចារណា នូវធម៌ដោយហេតុណា នេះឯងជាធម៌ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនមានការពួនសម្ងំ មិនពោលសរសើរការពួនសម្ងំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនពួនសម្ងំ មិនពោលសរសើរការពួនសម្ងំ ដោយហេតុណា នេះឯងជាធម៌ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនធ្វើបដិសន្ថារៈ ដល់សព្រហ្មចារីបុគ្គលទាំងឡាយ មិនពោលសរសើរបុគ្គលអ្នកធ្វើបដិសន្ថារៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនធ្វើបដិសន្ថារៈ ដល់ពួកសព្រហ្មចារីបុគ្គល មិនពោលសរសើរបុគ្គលអ្នកធ្វើបដិសន្ថារៈ ដោយហេតុណា នេះឯងជាធម៌មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសភាពយ៉ាងនេះ ពិតជាមានសេចក្តីប្រាថ្នា កើតឡើងយ៉ាងនេះថា ធ្វើម្តេចហ្ន៎ ពួកសព្រហ្មចារីបុគ្គល គប្បីធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះអាត្មាអញអេះ។ ប៉ុន្តែពួកសព្រហ្មចារីបុគ្គល មិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា ចំពោះភិក្ខុនោះឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាពួកសព្រហ្មចារី ជាវិញ្ញូជន រមែងពិចារណាឃើញច្បាស់នូវអកុសលធម៌ ដ៏លាមកទាំងនោះ ដែលភិក្ខុទាំងនោះ មិនទាន់លះបង់។ ម្នាលភិក្ខុទាំងឡាយ ដូចសេះល្ងង់ខ្លៅ ពិតជាមានសេចក្តីប្រាថ្នា កើតឡើងយ៉ាងនេះថា ធ្វើម្តេចហ្ន៎ ពួកមនុស្សគប្បីដំកើងអញ ក្នុងទីជាសេះអាជានេយ្យផង ឲ្យអញបរិភោគនូវភោជនរបស់សេះអាជានេយ្យផង ដុសខាត់អញ ដូចជាដុសខាត់សេះអាជានេយ្យផង។ តែថាពួកមនុស្សមិនដំកល់នូវសេះនោះ ក្នុងទីនៃសេះអាជានេយ្យ មិនឲ្យបរិភោគនូវភោជនរបស់សេះអាជានេយ្យ មិនដុសខាត់ ដូចជាការដុសខាត់សេះអាជានេយ្យទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពួកមនុស្សជាអ្នកដឹង រមែងពិចារណាឃើញច្បាស់នូវអំពើរឹងត្អឹង កៀចក្រាញ កកិចកកុច វៀចវេរទាំងនោះ ដែលសេះនោះមិនទាន់លះបង់ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុមានសភាពយ៉ាងនេះ ពិតជាមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ពួកសព្រហ្មចារីបុគ្គល គប្បីធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះអាត្មាអញ អេះ តែបើទុកជាដូច្នោះ ពួកសព្រហ្មចារី បុគ្គល ក៏មិនធ្វើសក្ការៈមិនគោរព មិនរាប់អាន មិនបូជាចំពោះភិក្ខុនោះឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពួកសព្រហ្មចារី ជាវិញ្ញូជន រមែងពិចារណាឃើញច្បាស់នូវអកុសលធម៌លាមកទាំងនោះ ដែលភិក្ខុនោះមិនទាន់លះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនធ្វើអធិករណ៍ ពោលសរសើរការរម្ងាប់អធិករណ៍។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនធ្វើអធិករណ៍ ពោលសរសើរការរម្ងាប់អធិករណ៍ ដោយហេតុណា នេះឯងជាធម៌ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ ដើម្បីសេចក្តីគោរព ដើម្បីសេចក្តីចំរើន ដើម្បីភាពជាសមណៈ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រាថ្នាក្នុងសិក្ខា ពោលសរសើរការសមាទានសិក្ខា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រាថ្នាក្នុងសិក្ខា ពោលសរសើរការសមាទានសិក្ខា ដោយហេតុណា នេះឯងជាធម៌ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ ដើម្បីសេចក្តីគោរព ដើម្បីសេចក្តីចំរើន ដើម្បីភាពជាសមណៈ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រាថ្នាតិច ពោលសរសើរការកំចាត់បង់សេចក្តីប្រាថ្នា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រាថ្នាតិច ពោលសរសើរការកំចាត់បង់នូវសេចក្តីប្រាថ្នា ដោយហេតុណា នេះឯងជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនក្រោធ ពោលសរសើរការកំចាត់បង់សេចក្តីក្រោធ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនក្រោធ ពោលសរសើរការកំចាត់បង់សេចក្តីក្រោធ ដោយហេតុណា នេះឯងជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនលុបគុណគេ ពោលសរសើរការកំចាត់បង់ការលុបគុណគេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនលុបគុណគេ ពោលសរសើរការកំចាត់បង់ នូវការលុបគុណគេ ដោយហេតុណា នេះឯងជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនអួតអាង ពោលសរសើរការកំចាត់បង់សេចក្តីអួតអាង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនអួតអាង ពោលសរសើរនូវការកំចាត់បង់សេចក្តីអួតអាង ដោយហេតុណា នេះឯងជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនមានមាយា ពោលសរសើរការកំចាត់បង់មាយា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមិនមានមាយា ពោលសរសើរការកំចាត់បង់មាយា ដោយហេតុណា នេះឯងជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុប្រកបដោយជាតិ ជាអ្នកពិចារណានូវធម៌ ពោលសរសើរ ការពិចារណានូវធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយជាតិ ជាអ្នកពិចារណានូវធម៌ ដោយហេតុណា នេះឯងជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកពួនសម្ងំ ពោលសរសើរការពួនសម្ងំ។ ភិក្ខុជាអ្នកពួនសម្ងំ ពោលសរសើរការពួនសម្ងំ ដោយហេតុណា នេះឯងជាធម៌។បេ។ ប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកធ្វើនូវបដិសន្ថារៈ ដល់ពួកសព្រហ្មចារីបុគ្គល ពោលសរសើរបុគ្គលអ្នកធ្វើបដិសន្ថារៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកធ្វើបដិសន្ថារៈ ដល់ពួកសព្រហ្មចារីបុគ្គល ពោលសរសើរបុគ្គលអ្នកធ្វើនូវបដិសន្ថារៈ ដោយហេតុណា នេះឯងជាធម៌ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ ដើម្បីសេចក្តីគោរព ដើម្បីសេចក្តីចំរើន ដើម្បីភាពជាសមណៈ ដើម្បីភាពជាបុគ្គលម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសភាពយ៉ាងនេះ បើទុកជាមិនគប្បីបង្កើតសេចក្តីប្រាថ្នាយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ពួកសព្រហ្មចារីបុគ្គល គប្បីធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះអាត្មាអញ ក៏គង់តែពួកសព្រហ្មចារីបុគ្គលធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះភិក្ខុនោះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពួកសព្រហ្មចារី ជាវិញ្ញូជន រមែងពិចារណាឃើញច្បាស់ នូវអកុសលធម៌ដ៏លាមកទាំងនោះ ដែលភិក្ខុនោះលះបង់ហើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាសេះអាជានេយ្យដ៏ចំរើន បើទុកជាមិនគប្បីបង្កើតសេចក្តីប្រាថ្នា យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ពួកមនុស្សគប្បីដំកើងអញ ក្នុងទីជាសេះអាជានេយ្យផង គប្បីឲ្យអញបរិភោគនូវភោជនរបស់សេះអាជានេយ្យផង គប្បីដុសខាត់អញ ដោយការដុសខាត់ ដូចជាសេះអាជានេយ្យផង ពួកមនុស្សក៏គង់តែដំកើងសេះអាជានេយ្យនោះ ក្នុងទីជាសេះអាជានេយ្យផង ឲ្យបរិភោគនូវភោជនរបស់សេះអាជានេយ្យផង ដុសខាត់ដូចជាដុសខាត់សេះអាជានេយ្យផង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពួកមនុស្សជាអ្នកដឹង រមែងពិចារណាឃើញច្បាស់នូវអំពើរឹងត្អឹង កៀចក្រាញ កកិចកកុច វៀចវេរទាំងនោះ ដែលសេះអាជានេយ្យនោះលះបង់ហើយ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចជាភិក្ខុមានសភាពយ៉ាងនេះ បើទុកជាមិនគប្បីបង្កើតសេចក្តីប្រាថ្នាយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ពួកសព្រហ្មចារីបុគ្គល គប្បីធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះអាត្មាអញ ក៏គង់តែពួកសព្រហ្មចារីបុគ្គល ធ្វើសក្ការៈ គោរព រាប់អាន បូជា ចំពោះភិក្ខុនោះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពួកសព្រហ្មចារី ជាវិញ្ញូជន រមែងពិចារណាឃើញច្បាស់នូវអកុសលធម៌ដ៏លាមកទាំងនោះ ដែលភិក្ខុនោះលះបង់ហើយ។