(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 10.089 បាលី cs-km: sut.an.10.089 អដ្ឋកថា: sut.an.10.089_att PTS: ?
កោកាលិកសូត្រ ទី៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៩. កោកាលិកសុត្តំ)
[៨៩] គ្រានោះ កោកាលិកភិក្ខុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះកោកាលិកភិក្ខុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សារីបុត្ត និងមោគ្គល្លាន ជាអ្នកប្រាថ្នាលាមក លុះក្នុងអំណាចនៃសេចក្តីប្រាថ្នាលាមក។ ព្រះអង្គត្រាស់ថា ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះ ម្នាលកោកាលិកៈ អ្នកកុំនិយាយ យ៉ាងនេះឡើយ ម្នាលកោកាលិកៈ អ្នកចូរញុំាងចិត្តឲ្យជ្រះថ្លា ចំពោះសារីបុត្ត និងមោគ្គល្លានចុះ ព្រោះថា សារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុ ទូលព្រះដ៏មានព្រះភាគ ជាគំរប់ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ គួរខ្ញុំព្រះអង្គជឿយកតម្រាប់ ក៏មែនពិតហើយ តែថាសារីបុត្ត និងមោគ្គល្លាន ជាអ្នកប្រាថ្នាលាមកប្រាកដ លុះក្នុងអំណាចនៃសេចក្តីប្រាថ្នាលាមក។ ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះ ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិកៈ អ្នកចូរញុំាងចិត្តឲ្យជ្រះថ្លា ចំពោះសារីបុត្ត និងមោគ្គល្លានចុះ ព្រោះថា សារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុ ក៏ទូលព្រះដ៏មានព្រះភាគ ជាគំរប់ ៣ ដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ គួរខ្ញុំព្រះអង្គជឿយកតម្រាប់តាម ក៏ពិតមែនហើយ តែថា សារីបុត្ត និងមោគ្គល្លាន សុទ្ធតែជាអ្នកប្រាថ្នាលាមក លុះក្នុងអំណាចនៃសេចក្តីប្រាថ្នាលាមក។ ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះ ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិកៈ អ្នកចូរញុំាងចិត្តឲ្យជ្រះថ្លា ចំពោះសារីបុត្ត និងមោគ្គល្លានចុះ ព្រោះថា សារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសីលជាទីស្រឡាញ់។ គ្រានោះ កោកាលិកភិក្ខុ ក្រោកចាកអាសនៈ ហើយថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចក៏ធ្វើប្រទក្សិណចៀសចេញទៅ។ ក៏កាលដែលកោកាលិកភិក្ខុ ចៀសចេញទៅមិនយូរប៉ុន្មាន ក៏កើតអុតប៉ុន ៗ គ្រាប់ស្ពៃ រួបរឹតកាយទាំងមូល លុះអុតកើតប៉ុន ៗ គ្រាប់ស្ពៃហើយ ក៏ដោរឡើងប៉ុនគ្រាប់សណ្តែកបាយ លុះប៉ុនគ្រាប់សណ្តែកបាយហើយ ក៏ដោរឡើង ប៉ុនគ្រាប់សណ្តែកកង់ លុះប៉ុនគ្រាប់សណ្តែកកង់ហើយ ក៏ដោរឡើង ប៉ុនគ្រាប់ពទ្រា លុះប៉ុនគ្រាប់ពទ្រាហើយ ក៏ដោរឡើងប៉ុនផ្លែពទ្រា លុះប៉ុនផ្លែពទ្រាហើយ ក៏ដោរឡើង ប៉ុនផ្លែកន្ទួតព្រៃ លុះប៉ុនផ្លែកន្ទួតព្រៃហើយ ក៏ដោរឡើងប៉ុនក្តឹបព្នៅ លុះប៉ុនក្តឹបព្នៅហើយ ក៏ដោរឡើង ប៉ុនផ្លែព្នៅធំ លុះប៉ុនផ្លែព្នៅធំហើយ ខ្ទុះ និងឈាមក៏ហូរចេញរហាម។ បានឮថា កោកាលិកភិក្ខុនោះ ដេកលើស្លឹកចេក ដូចជាត្រីដែលគេច្រាស់ស្រការហើយ។ លំដាប់នោះ តុទិបច្ចេកព្រហ្ម1) បានចូលទៅរកកោកាលិកភិក្ខុ លុះចូលទៅដល់ហើយ ក៏ឋិតនៅឰដ៏អាកាស ហើយពោលទៅនឹងកោកាលិកភិក្ខុ ដូច្នេះថា ម្នាលកោកាលិកៈ ចូរលោកញុំាងចិត្តឲ្យជ្រះថ្លា ចំពោះព្រះសារីបុត្ត និងព្រះមោគ្គល្លានចុះ ព្រោះថា ព្រះសារីបុត្ត និងព្រះមោគ្គល្លាន មានសីលជាទីស្រឡាញ់។ ម្នាលអាវុសោ អ្នកជាអ្វី។ យើងជាតុទិបច្ចេកព្រហ្ម។ ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា អ្នកឯងជាអនាគាមិបុគ្គលហើយតើ ចុះអ្នកឯងមកក្នុងទីនេះ ដើម្បីអ្វីទៀត អ្នកឯងចូរមើលតែនូវកំហុសរបស់អ្នកនោះចុះ។ លំដាប់នោះ តុទិបច្ចេកព្រហ្ម ក៏បានពោលនឹងកោកាលិកភិក្ខុ ដោយគាថាដូច្នេះថា
បុគ្គលពាល កាលពោលនូវទុញ្ភសិត ឈ្មោះថាកាប់ខ្លួនឯង ដោយពូថៅ គឺផរុសវាចាណា ពូថៅ គឺផរុសវាចានោះ កើតតែក្នុងមាត់របស់បុរសជាតិដោយពិត។
បុគ្គលណា សរសើរនូវបុគ្គលដែលគួរនិន្ទាក្តី តិះដៀលបុគ្គលដែលគួរសរសើរនោះក្តី បុគ្គលនោះឈ្មោះថា សន្សំនូវទោសដោយមាត់ រមែងមិនបានសេចក្តីសុខ ព្រោះទោសនោះទេ។
ការចាញ់ដោយទ្រព្យណា ព្រោះល្បែងភ្នាល់ទាំងឡាយ (ព្រមទាំងខ្លួនទាំងអស់) ជាកំហុសមានប្រមាណតិចទេ បុគ្គលណា ញុំាងចិត្តឲ្យប្រទូស្ត ចំពោះពួកបុគ្គលអ្នកប្រព្រឹត្តល្អ នេះឯងជាកំហុសធំក្រៃលែង។ បុគ្គលដំកល់នូវវាចា និងចិត្តដ៏លាមក ហើយតិះដៀលព្រះអរិយៈ រមែងទៅកាន់នរកណា នរកនោះ មាន ១ សែននិរព្វុទៈផង និង ៣៦ អព្វុទៈ2) (ដោយឡែកទៀត) ផង ៥ អព្វុទៈផង។
គ្រានោះ កោកាលិកភិក្ខុ ក៏ធ្វើមរណកាល ដោយជម្ងឺនោះឯង។ លុះកោកាលិកភិក្ខុ ធ្វើមរណកាលហើយ ក៏ទៅកើតក្នុងបទុមនរក ព្រោះថ្នាំងថ្នាក់ចិត្តចំពោះព្រះសារីបុត្ត និងព្រះមោគ្គល្លាន។ គ្រានោះ កាលបើរាត្រីបឋមយាមកន្លងទៅហើយ សហម្បតិព្រហ្ម មានរស្មីរុងរឿង ធ្វើវត្តជេតពនទាំងមូលឲ្យភ្លឺច្បាស់ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ លុះសហម្បតិព្រហ្មឋិតនៅក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ ធ្វើមរណកាលទៅហើយ បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុធ្វើមរណកាល ទៅកើតក្នុងបទុមនរក ព្រោះថ្នាំងថ្នាក់ចិត្តចំពោះព្រះសារីបុត្ត និងព្រះមោគ្គល្លាន។ សហម្បតិព្រហ្ម បានពោលពាក្យនេះហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយបាត់ចាកទីនោះទៅមួយរំពេច។ លំដាប់នោះ ព្រះដ៏មានព្រះភាគ កាលបើរាត្រីនោះកន្លងទៅហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងយប់មិញនេះ កាលរាត្រីបឋមយាម កន្លងទៅហើយ សហម្បតិព្រហ្ម មានរស្មីរុងរឿង ធ្វើវត្តជេតពនទាំងមូល ឲ្យភ្លឺច្បាស់ ហើយចូលមករកតថាគត លុះចូលមកដល់ ថ្វាយបង្គំតថាគត ហើយឋិតនៅក្នុងទីសមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះសហម្បតិព្រហ្ម ឋិតនៅក្នុងទីសមគួរហើយ បានពោលនឹងតថាគតដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ ធ្វើមរណកាលទៅហើយ បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ ធ្វើមរណកាលទៅ ទៅកើតក្នុងបទុមនរក ព្រោះថ្នាំងថ្នាក់ចិត្តចំពោះសារីបុត្ត និងមោគ្គល្លាន។ ម្នាលភិក្ខុទាំងឡាយ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ ថ្វាយបង្គំលាតថាគត ធ្វើប្រទក្សិណ បាត់ចាកទីនោះទៅមួយរំពេច។ និមិត្តតែព្រះដ៏មានព្រះភាគទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុ ១ រូប ក្រាបថ្វាយបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ប្រមាណនៃអាយុ ក្នុងបទុមនរក វែងប៉ុន្មាន។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ ប្រមាណនៃអាយុក្នុងបទុមនរក វែងណាស់ ប្រមាណនៃអាយុក្នុងបទុមនរកនោះ បុគ្គលមិនងាយនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណេះរយឆ្នាំ ឬប៉ុណ្ណេះពាន់ឆ្នាំ ឬក៏ប៉ុណ្ណេះសែនឆ្នាំបានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គអាចធ្វើសេចក្តីឧបមាបានដែរឬ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាចធ្វើបាន ដូច្នេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចរទេះផ្ទុកល្ង របស់អ្នកដែនកោសលចំណុះ ២០ ខារិកៈ3) (អម្រែក) កន្លងទៅបាន ១ សែនឆ្នាំ មានបុរសម្នាក់ រើសយកល្ង ១ គ្រាប់ ៗ អំពីរទេះនោះចេញ។ ម្នាលភិក្ខុ រទេះផ្ទុកល្ង របស់អ្នកដែនកោសលចំណុះ ២០ ខារិកៈនោះ ដល់នូវការអស់រលីងទៅ ដោយសេចក្តីព្យាយាម នេះឈ្មោះថា ឆាប់រហ័សនៅឡើយ ឯអព្វុទនរក ១ មិនឆាប់ដូច្នេះទេ ម្នាលភិក្ខុ ដូចជា អព្វុទៈ4) នរក ២០ ត្រូវជា និរព្វុទនរក ១។ ម្នាលភិក្ខុ ដូចជា និរព្វុទនរក ២០ ត្រូវជា អពព្វនរក ១។ ម្នាលភិក្ខុ ដូចជា អពព្វនរក ២០ ត្រូវជា អហហនរក ១។ ម្នាលភិក្ខុ ដូចជា អហហនរក ២០ ត្រូវជា អដដនរក ១។ ម្នាលភិក្ខុ ដូចជា អដដនរក ២០ ត្រូវជា កុមុទនរក ១។ ម្នាលភិក្ខុ ដូចជា កុមុទនរក ២០ ត្រូវជា សោគន្ធិកនរក ១។ ម្នាលភិក្ខុ ដូចជា សោគន្ធិកនរក ២០ ត្រូវជា ឧប្បលនរក ១។ ម្នាលភិក្ខុ ដូចជា ឧប្បលនរក ២០ ត្រូវជា បុណ្ឌរីកនរក ១។ ម្នាលភិក្ខុ ដូចជា បុណ្ឌរីកនរក ២០ ត្រូវជា បទុមនរក ១។ ម្នាលភិក្ខុ ដូចជាកោកាលិកភិក្ខុ ទៅកើតក្នុងបទុមនរក ព្រោះថ្នាំងថ្នាក់ចិត្តចំពោះសារីបុត្ត និងមោគ្គល្លាន។ ព្រះមានព្រះភាគ ទ្រង់សំដែងធម៌នេះហើយ ព្រះសុគតជាព្រះសាស្តា លុះសំដែងធម៌នេះហើយ ទើបសំដែង គាថានេះតទៅទៀតថា
បុគ្គលពាល កាលពោលនូវពាក្យទុញ្ភសិត ឈ្មោះថា កាប់នូវខ្លួន ដោយពូថៅ គឺផរុសវាចាណា ពូថៅ គឺផរុសវាចានោះ តែងកើតក្នុងមាត់របស់បុរសជាតិដោយពិត។
បុគ្គលណា សរសើរនូវបុគ្គលដែលគួរនិន្ទា ឬតិះដៀលបុគ្គលដែលគួរសរសើរ បុគ្គលនោះឈ្មោះថា សន្សំនូវទោសដោយមាត់ រមែងមិនបានសេចក្តីសុខ ព្រោះទោសនោះទេ។
ការចាញ់ដោយទ្រព្យណា ព្រោះល្បែងភ្នាល់ទាំងឡាយ ព្រមទាំងខ្លួនទាំងអស់ ការចាញ់នេះឈ្មោះថា កំហុសមានប្រមាណតិចទេ បុគ្គលណា ញុំាងចិត្តឲ្យប្រទូស្ត ចំពោះពួកបុគ្គលដែលប្រព្រឹត្តល្អ បុគ្គលនេះឯង ទើបឈ្មោះថា មានកំហុសធំក្រៃលែង។ បុគ្គលដំកល់វាចា និងចិត្តដ៏លាមក តិះដៀលព្រះអរិយៈ រមែងទៅកើតក្នុងនរកណា នរកនោះ មានមួយសែននិរព្វុទៈ និង ៣៦ និរព្វុទៈ (ដោយឡែកទៀត) ផង ៥ អព្វុទៈផង។