km:tipitaka:sut:an:10:sut.an.10.090

ខីណាសវពលសូត្រ ទី១០

សង្ខេប

«កំឡាំង​របស់​ភិក្ខុ ជា​ខីណាស្រព​នោះ តើ​មានប៉ុន្មាន។»

an 10.090 បាលី cs-km: sut.an.10.090 អដ្ឋកថា: sut.an.10.090_att PTS: ?

ខីណាសវពលសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សុខវិបុល

(១០. ខីណាសវពលសុត្តំ)

[៩០] គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ត្រាស់សួរដូច្នេះថា ម្នាលសារីបុត្ត ភិក្ខុជាខីណាស្រព ប្រកបដោយកំឡាំងទាំងឡាយណា រមែងប្តេជ្ញានូវការអស់ទៅនៃអាសវៈថា អាសវៈរបស់អាត្មាអញអស់ហើយ កំឡាំងរបស់ភិក្ខុ ជាខីណាស្រពនោះ តើមានប៉ុន្មាន។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ប្រកបដោយកំឡាំងទាំងឡាយណា រមែងប្តេជ្ញានូវការអស់ទៅនៃអាសវៈថា អាសវៈរបស់អាត្មាអញ អស់ហើយ កំឡាំងរបស់ភិក្ខុ ជាខីណាស្រពនោះ មាន ១០ យ៉ាង។ កំឡាំង ១០ យ៉ាង តើដូចម្តេចខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន គឺភិក្ខុជាខីណាស្រព ក្នុងសាសនានេះ ពិចារណាឃើញច្បាស់នូវសង្ខារទាំងពួង ដោយសេចក្តីថា មិនទៀង ដោយបញ្ញាដ៏ប្រពៃតាមពិត។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ពិចារណាឃើញច្បាស់នូវសង្ខារទាំងពួង ដោយសេចក្តីថា មិនទៀង ដោយបញ្ញាដ៏ប្រពៃតាមពិត ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះឯងចាត់ជាកំឡាំងរបស់ភិក្ខុជាខីណាស្រព ដែលនាំឲ្យភិក្ខុជាខីណាស្រព អាស្រ័យនូវកំឡាំងហើយ ទើបប្តេជ្ញា នូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈរបស់អាត្មាអញ អស់ហើយ ១។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ភិក្ខុជាខីណាស្រព ពិចារណាឃើញច្បាស់ នូវកាមទាំងឡាយ មានឧបមាដូចរណ្តៅរងើកភ្លើង ដោយបញ្ញាដ៏ប្រពៃតាមពិត។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ពិចារណាឃើញច្បាស់ នូវកាមទាំងឡាយ មានឧបមាដូចរណ្តៅរងើកភ្លើង ដោយបញ្ញាដ៏ប្រពៃតាមពិត ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះឯងចាត់ជាកំឡាំងរបស់ភិក្ខុជាខីណាស្រព ដែលនាំឲ្យភិក្ខុជាខីណាស្រព អាស្រ័យនូវកំឡាំងហើយ ទើបប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញ អស់ហើយ ១។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ភិក្ខុជាខីណាស្រព មានចិត្តឱនទៅកាន់វិវេក ឈមទៅរកវិវេក ទោរទន់ទៅរកវិវេក ឋិតនៅក្នុងវិវេក ត្រេកអរក្នុងការចេញចាកកាម ជាចិត្តវិនាសចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ដោយប្រការទាំងពួង។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព មានចិត្តឱនទៅរកវិវេក ឈមទៅរកវិវេក ទោរទន់ទៅរកវិវេក ឋិតនៅក្នុងវិវេក ត្រេកអរក្នុងការចេញចាកកាម ជាចិត្តវិនាសចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ដោយប្រការទាំងពួង ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះឯងចាត់ជាកំឡាំងរបស់ភិក្ខុជាខីណាស្រព ដែលនាំឲ្យភិក្ខុជាខីណាស្រព អាស្រ័យនូវកំឡាំងហើយ ទើបប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញ អស់ហើយ ១។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ភិក្ខុជាខីណាស្រព ចំរើន អប់រំល្អហើយ នូវសតិប្បដ្ឋាន ៤។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព បានចំរើន អប់រំល្អហើយ នូវសតិប្បដ្ឋាន ៤ ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះឯងចាត់ជាកំឡាំង របស់ភិក្ខុជាខីណាស្រព ដែលនាំឲ្យភិក្ខុជាខីណាស្រព អាស្រ័យនូវកំឡាំងហើយ ទើបប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈរបស់អាត្មាអញ អស់ហើយ ១។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ភិក្ខុជាខីណាស្រព បានចំរើន អប់រំល្អហើយ នូវសម្មប្បធាន ៤… ១ ចំរើន អប់រំល្អហើយ នូវឥទ្ធិបាទ ៤… ១ ចំរើន អប់រំល្អហើយ នូវឥន្រ្ទិយ ៥ ពលៈ ៥… ១ ចំរើន អប់រំល្អហើយ នូវពោជ្ឈង្គ ៧ …១ ចំរើន អប់រំល្អហើយ នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ចំរើន អប់រំល្អហើយនូវមគ្គប្រសើរ ប្រកបដោយអង្គ ៨ ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះឯង ចាត់ជាកំឡាំងរបស់ភិក្ខុជាខីណាស្រព ដែលនាំឲ្យភិក្ខុជាខីណាស្រព អាស្រ័យនូវកំឡាំងហើយ ទើបប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញ អស់ហើយ ១។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ប្រកបដោយកំឡាំងទាំងឡាយណា ប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញ អស់ហើយ កំឡាំងរបស់ភិក្ខុជាខីណាស្រពនោះ មាន ១០ យ៉ាងនេះឯង។

ចប់ ថេរវគ្គ ទី៤។

ឧទ្ទាននៃថេរវគ្គនោះគឺ

និយាយអំពីព្រះវាហុនត្ថេរ ១ ព្រះអានន្ទត្ថេរ ១ ព្រះបុណ្ណិយត្ថេរ ១ ការពោលអួតអរហត្តផល ១ ភិក្ខុពោលអួត ១ ការស្មានហួសហេតុ ១ អធិករណ៍ ១ កោកាលិកភិក្ខុ ១ កំឡាំង ១។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.090.txt · ពេលកែចុងក្រោយ: 2023/09/06 02:19 និពន្ឋដោយ Johann