«កាលបើអរិយសាវក រម្ងាប់ភ័យ និងពៀរទាំង ៥ បានហើយ (អរិយសាវកនោះ) ជាអ្នកបរិបូណ៌ដោយសោតាបត្តិយង្គៈទាំង ៤ ទាំងញាយធម៌ …ជាសោតាបន្នបុគ្គល លែងទៅកើតក្នុងអបាយហើយ..»
an 10.092 បាលី cs-km: sut.an.10.092 អដ្ឋកថា: sut.an.10.092_att PTS: ?
ភយសូត្រ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
អានដោយ ឧបាសិកា ស៊ុនហ៊ាង
(២. ភយសុត្តំ)
[៩២] គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី កាលបើអរិយសាវក រម្ងាប់ភ័យ និងពៀរទាំង ៥ បានហើយ (អរិយសាវកនោះ) ជាអ្នកបរិបូណ៌ដោយសោតាបត្តិយង្គៈទាំង ៤ ទាំងញាយធម៌ (មគ្គព្រមទាំងវិបស្សនា) ដ៏ប្រសើរ អរិយសាវកនោះ ឃើញហើយដោយប្រពៃ ចាក់ធ្លុះហើយដោយប្រពៃ ដោយប្រាជ្ញា កាលបើអរិយសាវកនោះ ចង់ (ព្យាករ) ក៏គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់បិត្តិវិស័យហើយ អស់អបាយ ទុគ្គតិ វិនិបាតហើយ អាត្មាអញ ជាសោតាបន្នបុគ្គល លែងទៅកើតក្នុងអបាយហើយ ជាបុគ្គលទៀងទាត់ ប្រាកដជានឹងបានត្រាស់ដឹងតទៅខាងមុខ។ ចុះអរិយសាវក បានរម្ងាប់ភ័យ និងពៀរទាំង ៥ តើដូចម្តេច។ ម្នាលគហបតី អ្នកសម្លាប់សត្វ តែងទទួលភ័យ និងពៀរ ដែលជាបច្ចុប្បន្នផង ទទួលភ័យ និងពៀរ ក្នុងបរលោកផង រងទុក្ខ ទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះហេតុតែសម្លាប់សត្វ អ្នកវៀរចាកការសំឡាប់សត្វ តែងមិនទទួលភ័យ និងពៀរ ជាបច្ចុប្បន្នផង មិនទទួលភ័យ និងពៀរ ក្នុងបរលោកផង មិនរងទុក្ខទោមនស្សដែលប្រព្រឹត្តទៅក្នុងចិត្តផង។ កាលអរិយសាវក វៀរចាកការសំឡាប់សត្វ ជាអ្នករម្ងាប់ភ័យ និងពៀរនោះយ៉ាងនេះ។ ម្នាលគហបតី អ្នកយករបស់ដែលគេមិនបានឲ្យ… អ្នកប្រព្រឹត្តខុសក្នុងកាមទាំងឡាយ … អ្នកនិយាយពាក្យកុហក… អ្នកប្រព្រឹត្តហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ តែងទទួលភ័យ និងពៀរ ដែលជាបច្ចុប្បន្នផង ក្នុងបរលោកផង រងទុក្ខទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យជាបច្ច័យ អ្នកវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ តែងមិនទទួលភ័យ និងពៀរ ជាបច្ចុប្បន្នផង មិនទទួលភ័យ និងពៀរ ក្នុងបរលោកផង មិនរងទុក្ខទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង។ កាលអរិយសាវក វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ រមែងជាអ្នករម្ងាប់ភ័យ និងពៀរនោះយ៉ាងនេះ។ ភ័យ និងពៀរទាំង ៥ នេះ រមែងស្ងប់រម្ងាប់ទៅ។ អរិយសាវក អ្នកបរិបូណ៌ដោយសោតាបត្តិយង្គៈ ៤ តើដូចម្តេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនកំរើកក្នុងព្រះពុទ្ធថា ព្រះមានព្រះភាគអង្គនោះ ព្រះអង្គឆ្ងាយចាកសឹកសត្រូវ គឺកិលេស ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃ ចំពោះព្រះអង្គឯង ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ យាងទៅកាន់សុន្ទរដ្ឋាន ព្រះអង្គជ្រាបនូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ ព្រះអង្គជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូរបស់ទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវសច្ចៈទាំងបួន ព្រះអង្គលែងត្រឡប់មកកើតក្នុងត្រៃភព។ អរិយសាវក ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនកំរើកក្នុងព្រះធម៌ថា ព្រះធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ ជាធម៌ គឺព្រះអរិយបុគ្គល ឃើញដោយខ្លួនឯង ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌ដែលព្រះអរិយបុគ្គល គួរហៅអ្នកដទៃឲ្យចូលមកមើលបាន ជាធម៌ដែលព្រះអរិយបុគ្គលគួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជនគប្បីដឹងដោយខ្លួនឯង។ អរិយសាវក ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនកំរើកក្នុងព្រះសង្ឃថា ព្រះសង្ឃសាវក របស់ព្រះមានព្រះភាគ ប្រតិបត្តិហើយដោយប្រពៃ ព្រះសង្ឃសាវក របស់ព្រះដ៏មានព្រះភាគ ប្រតិបត្តិហើយដោយត្រង់ ព្រះសង្ឃសាវក របស់ព្រះដ៏មានព្រះភាគ ប្រតិបត្តិហើយ ដើម្បីត្រាស់ដឹងព្រះនិញ្វន ព្រះសង្ឃសាវករបស់ព្រះដ៏មានព្រះភាគ ប្រតិបត្តិ គួរដល់សាមីចិកម្ម ព្រះសង្ឃសាវកនេះ បើរាប់ជាគូនៃបុរស មាន ៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន ៨ ព្រះសង្ឃសាវករបស់ព្រះដ៏មានព្រះភាគនុ៎ះ គួរទទួលវត្ថុ ដែលបុគ្គលនាំមកបូជា គួរទទួលនូវអាគន្តុកទាន គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ ជាស្រែបុណ្យដ៏ប្រសើរ របស់សត្វលោក។ អរិយសាវក ជាអ្នកប្រកបដោយសីលទាំងឡាយ ជាទីត្រេកអរ របស់ព្រះអរិយៈ ជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលរបស់អ្នកជា ជាសីលដែលពួកវិញ្ញូជនសរសើរហើយ ជាសីលមិនជ្រោកជ្រាក ជាសីលនាំឲ្យបានសមាធិ។ អរិយសាវក ប្រកបដោយសោតាបត្តិយង្គៈទាំង ៤ យ៉ាងនេះឯង។ ចុះញាយធម៌ដ៏ប្រសើរ ដែលអរិយសាវកនោះ ឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយបញ្ញា តើដូចម្តេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ ពិចារណាឃើញច្បាស់ថា កាលបើរបស់នេះមាន របស់នេះ ក៏មាន របស់នេះកើតឡើង ព្រោះកើតរបស់នេះ កាលបើរបស់នេះគ្មាន របស់នេះក៏គ្មាន របស់នេះរលត់ ព្រោះរលត់របស់នេះ យ៉ាងដូចសង្ខារទាំងឡាយ កកើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ កកើតឡើង ព្រោះសង្ខារជាបច្ច័យ នាមរូប កកើតឡើង ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈ កកើតឡើង ព្រោះនាមរូបជាបច្ច័យ ផស្សៈកកើតឡើង ព្រោះសឡាយតនៈជាបច្ច័យ វេទនាកកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហា កកើតឡើង ព្រោះវេទនាជាបច្ច័យ ឧបាទាន កកើតឡើង ព្រោះតណ្ហាជាបច្ច័យ ភព កកើតឡើង ព្រោះឧបាទាន ជាបច្ច័យ ជាតិ កកើតឡើង ព្រោះភពជាបច្ច័យ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ កកើតឡើង ព្រោះជាតិជាបច្ច័យ។ ការកើតនៃកងទុក្ខទាំងអស់នេះ តែងមានយ៉ាងនេះឯង។ ការរលត់សង្ខារ ព្រោះវិនាសនិងការរលត់អវិជ្ជាមិនមានសេសសល់ ការរលត់វិញ្ញាណ ព្រោះរលត់សង្ខារ ការរលត់នាមរូប ព្រោះរលត់វិញ្ញាណ ការរលត់សឡាយតនៈ ព្រោះរលត់នាមរូប ការរលត់ផស្សៈ ព្រោះរលត់សឡាយតនៈ ការរលត់វេទនា ព្រោះរលត់ផស្សៈ ការរលត់តណ្ហា ព្រោះរលត់វេទនា ការរលត់ឧបាទាន ព្រោះរលត់តណ្ហា ការរលត់ភព ព្រោះរលត់ឧបាទាន ការរលត់ជាតិ ព្រោះរលត់ភព ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ រលត់ព្រោះរលត់ជាតិ។ ការរលត់នៃកងទុក្ខទាំងអស់នេះ តែងមានយ៉ាងនេះឯង។ ញាយធម៌ដ៏ប្រសើរនេះ អរិយសាវកនោះ បានឃើញច្បាស់ ចាក់ធ្លុះដោយប្រពៃដោយប្រាជ្ញា។ ម្នាលគហបតី កាលណាអរិយសាវក រម្ងាប់ភ័យ និងពៀរទាំង ៥ ប្រការនេះផង ជាអ្នកបរិបូណ៌ដោយសោតាបត្តិយង្គៈទាំង ៤ ប្រការនេះផង ញាយធម៌ដ៏ប្រសើរនេះផង អរិយសាវកនោះ ឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញាផង ក្នុងកាលនោះ កាលបើអរិយសាវកនោះចង់ (ព្យាករ) ក៏គប្បីព្យាករខ្លួនដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់បិត្តិវិស័យហើយ អស់អបាយ ទុគ្គតិ វិនិបាតហើយ អាត្មាអញជាសោតាបន្នបុគ្គល លែងទៅកើតក្នុងអបាយហើយ ជាបុគ្គលទៀងទាត់ ប្រាកដជានឹងបានត្រាស់ដឹងតទៅខាងមុខ។