តើអ្នកធ្លាប់គិតទេថា អ្វីជាហេតុផលដែលមិនឈានដល់សេចក្តីសុខដូចឋានសួគ៌ និងសុភមង្គលខ្ពស់?
an 10.103 បាលី cs-km: sut.an.10.103 អដ្ឋកថា: sut.an.10.103_att PTS: ?
មិច្ឆត្តសូត្រ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៣. មិច្ឆត្តសុត្តំ)
[៣] ម្នាលភិក្ខុទាំងឡាយ កិរិយាឃ្លាត (ចាកស្ថានសួគ៌ និងមគ្គ) មិនបានសម្រេច ព្រោះអាស្រ័យមិច្ឆត្តៈ (សភាពដែលខុស)។ ម្នាលភិក្ខុទាំងឡាយ កិរិយាឃ្លាត (ចាកស្ថានសួគ៌ និងមគ្គ) មិនបានសម្រេច ព្រោះអាស្រ័យមិច្ឆត្តៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសេចក្តីយល់ខុស រមែងមានតម្រិះខុស បុគ្គលអ្នកមានតម្រិះខុស រមែងមានវាចាខុស បុគ្គលអ្នកមានវាចាខុស រមែងមានការងារខុស បុគ្គលអ្នកមានការងារខុស រមែងមានការចិញ្ចឹមជីវិតខុស បុគ្គលអ្នកចិញ្ចឹមជីវិតខុស រមែងមានសេចក្តីព្យាយាមខុស បុគ្គលអ្នកមានសេចក្តីព្យាយាមខុស រមែងមានការរលឹកខុស បុគ្គលអ្នកមានការរលឹកខុស រមែងមានការដំកល់ចិត្តខុស បុគ្គលអ្នកដំកល់ចិត្តខុស រមែងមានការដឹងខុស បុគ្គលអ្នកមានការដឹងខុស រមែងមានការរួចខុស។ ម្នាលភិក្ខុទាំងឡាយ កិរិយាឃ្លាត (ចាកស្ថានសួគ៌ និងមគ្គ) មិនបានសម្រេច ព្រោះអាស្រ័យនូវមិច្ឆត្តៈយ៉ាងនេះឯង។
[៤] ម្នាលភិក្ខុទាំងឡាយ ការបានសម្រេច មិនឃ្លាត (ចាកស្ថានសួគ៌ និងមគ្គ) ព្រោះអាស្រ័យនូវសម្មត្តៈ (សភាពដែលត្រូវ)។ ការបានសម្រេច មិនឃ្លាត (ចាកស្ថានសួគ៌ និងមគ្គ) ព្រោះអាស្រ័យនូវសម្មត្តៈ (សភាពដែលត្រូវ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសេចក្តីយល់ត្រូវ រមែងមានតម្រិះត្រូវ បុគ្គលអ្នកមានតម្រិះត្រូវ រមែងមានវាចាត្រូវ បុគ្គលអ្នកមានវាចាត្រូវ រមែងមានការងារត្រូវ បុគ្គលអ្នកមានការងារត្រូវ រមែងមានការចិញ្ចឹមជីវិតត្រូវ បុគ្គលអ្នកមានការចិញ្ចឹមជីវិតត្រូវ រមែងមានសេចក្តីព្យាយាមត្រូវ បុគ្គលអ្នកមានសេចក្តីព្យាយាមត្រូវ រមែងមានការរលឹកត្រូវ បុគ្គលអ្នកមានការរលឹកត្រូវ រមែងមានការដំកល់ចិត្តត្រូវ បុគ្គលអ្នកមានការដំកល់ចិត្តត្រូវ រមែងមានការដឹងត្រូវ បុគ្គលអ្នកមានការដឹងត្រូវ រមែងមានការរួចត្រូវ។ ម្នាលភិក្ខុទាំងឡាយ ការបានសម្រេច មិនឃ្លាត (ចាកស្ថានសួគ៌ និងមគ្គ) ព្រោះអាស្រ័យនូវសម្មត្តៈ យ៉ាងនេះឯង។