អំពើទិដ្ឋិអាក្រក់។
an 10.104 បាលី cs-km: sut.an.10.104 អដ្ឋកថា: sut.an.10.104_att PTS: ?
ពីជសូត្រ ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៤. ពីជសុត្តំ)
ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលដែលប្រកបដោយមិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា មិច្ឆាកម្មន្តៈ មិច្ឆាអាជីវៈ មិច្ឆាវាយាមៈ មិច្ឆាសតិ មិច្ឆាសមាធិ មិច្ឆាញាណៈ មិច្ឆាវិមុត្តិ បានសមាទាន នូវកាយកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ វចីកម្មណាផង… បានសមាទាន នូវមនោកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ ចេតនាណាផង សេចក្តីប្រាថ្នាណាផង ការដំកល់ចិត្តណាផង សង្ខារទាំងឡាយណាផង (របស់បុរសបុគ្គល ដែលប្រកបដោយមិច្ឆាទិដ្ឋិជាដើមនោះ) ធម៌ទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត មិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិជាអំពើអាក្រក់។ ម្នាលភិក្ខុទាំងឡាយ ដូចពូជស្តៅក្តី ពូជននោងព្រៃក្តី ពូជម្រះក្តី ដែលបុគ្គលដាំក្នុងផែនដីដែលសើម ស្រូបយកនូវរសបឋវីធាតុណាផង ស្រូបយកនូវរសអាបោធាតុណាផង របស់ទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីមានរសល្វីង រសហឹរ រសចត់។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះពូជជារបស់អាក្រក់ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលដែលប្រកបដោយមិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា មិច្ឆាកម្មន្តៈ មិច្ឆាអាជីវៈ មិច្ឆាវាយាមៈ មិច្ឆាសតិ មិច្ឆាសមាធិ មិច្ឆាញាណៈ មិច្ឆាវិមុត្តិ បានសមាទាននូវកាយកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ វចីកម្មណាផង… បានសមាទាននូវមនោកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ ចេតនាណាផង សេចក្តីប្រាថ្នាណាផង ការដំកល់ចិត្តណាផង សង្ខារទាំងឡាយណាផង (របស់បុរសបុគ្គលដែលប្រកបដោយមិច្ឆាទិដ្ឋិ ជាដើមនោះ) ធម៌ទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត មិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ក៏យ៉ាងនោះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិជាធម្មជាតិអាក្រក់។ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលដែលប្រកបដោយសម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សម្មាញាណៈ សម្មាវិមុត្តិ បានសមាទាននូវកាយកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ បានសមាទាននូវវចីកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ បានសមាទាន នូវមនោកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ ចេតនាណាផង សេចក្តីប្រាថ្នាណាផង ការដំកល់ចិត្តណាផង សង្ខារទាំងឡាយណាផង (របស់បុរសបុគ្គលដែលប្រកបដោយសម្មាទិដ្ឋិជាដើមនោះ) ធម៌ទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាប្រយោជន៍ដើម្បីសេចក្តីសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិ ជាធម្មជាតិល្អ។ ម្នាលភិក្ខុទាំងឡាយ ដូចពូជអំពៅក្តី ពូជស្រូវសាលីក្តី ពូជចន្ទន៍ក្តី ដែលបុគ្គលដាំក្នុងផែនដីសើម ស្រូបយកនូវរសបឋវីធាតុណាផង ស្រូបយកនូវរសអាបោធាតុណាផង រសទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីរសឆ្ងាញ់ មានរសផ្អែម មានរសមិនបានច្រឡំ (ដោយរសដទៃ) យ៉ាងណាមិញ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះពូជជារបស់ល្អ។ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលដែលប្រកបដោយសម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សម្មាញាណៈ សម្មាវិមុត្តិ បានសមាទាន នូវកាយកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ វចីកម្មណាផង… បានសមាទាន នូវមនោកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ ចេតនាណាផង សេចក្តីប្រាថ្នាណាផង ការដំកល់ចិត្តណាផង សង្ខារទាំងឡាយណាផង (របស់បុរសបុគ្គល ដែលប្រកបដោយសម្មាទិដ្ឋិ ជាដើមនោះ) ធម៌ទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាប្រយោជន៍ ដើម្បីសេចក្តីសុខ ក៏យ៉ាងនោះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិ ជាធម្មជាតិល្អ។