km:tipitaka:sut:an:10:sut.an.10.107

ធោវនសូត្រ ទី៧

សង្ខេប

តើ​ការ​លាង​សម្អាត​ប្រភេទ​ណា​ដែល​ពិត​ជា​នាំ​ទៅ​រក​ដែល​បរិសុទ្ធ?

an 10.107 បាលី cs-km: sut.an.10.107 អដ្ឋកថា: sut.an.10.107_att PTS: ?

ធោវនសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៧. ធោវនសុត្តំ)

[៧] ម្នាលភិក្ខុទាំងឡាយ ក្នុងទក្ខិណជនបទ តែងមានពិធីលាងឆ្អឹង 1) ជាធម្មតា បាយក្តី ទឹកក្តី បង្អែមក្តី ចំអាបក្តី វត្ថុដែលគប្បីលិទ្ធក្តី ទឹកដែលគប្បីផឹកក្តី ការរាំក្តី ច្រៀងក្តី ប្រគំក្តី តែងមានក្នុងពិធីលាងឆ្អឹងនោះ។ ម្នាលភិក្ខុទាំងឡាយ ពិធីលាងឆ្អឹងនុ៎ះ មានមែន តថាគតមិនពោលថា ពិធីលាងឆ្អឹងនោះ មិនមានទេ។ ម្នាលភិក្ខុទាំងឡាយ តែថា ពិធីលាងឆ្អឹងនោះឯង ជារបស់ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយៈ មិនមានប្រយោជន៍ មិនមែនប្រព្រឹត្តទៅ ដើម្បីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរលត់ មិនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិញ្វនទេ។ ម្នាលភិក្ខុទាំងឡាយ ពិធីលាងណា រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយតែម៉្យាង ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិញ្វន ពួកសត្វមានជាតិជាធម្មតា រមែងរួចចាកជាតិ ពួកសត្វមានជរាជាធម្មតា រមែងរួចចាកជរា ពួកសត្វមានមរណៈជាធម្មតា រមែងរួចចាកមរណៈ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀសចង្អល់ចិត្ត ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យនូវពិធីលាងណា តថាគតនិងសំដែងនូវពិធីលាងដ៏ប្រសើរនោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ នូវពិធីលាងនោះចុះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែងប្រាប់។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានជាតិជាធម្មតា រមែងរួចចាកជាតិ ពួកសត្វមានជរាជាធម្មតា រមែងរួចចាកជរា ពួកសត្វមានមរណៈជាធម្មតា រមែងរួចចាកមរណៈ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យនូវពិធីលាងណា ពិធីលាងដ៏ប្រសើរនោះ រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយតែម៉្យាង ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិញ្វន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាទិដ្ឋិ ឈ្មោះថាបានលាងមិច្ឆាទិដ្ឋិស្អាតហើយ អកុសលធម៌ទាំងឡាយដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាទិដ្ឋិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលដែលជាសម្មាទិដ្ឋិនោះ ឈ្មោះថា បានលាងស្អាតហើយ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាទិដ្ឋិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសង្កប្បៈ ឈ្មោះថាបានលាងមិច្ឆាសង្កប្បៈស្អាតហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាចា ឈ្មោះថា បានលាងមិច្ឆាវាចាស្អាតហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាកម្មន្តៈ ឈ្មោះថា បានលាងមិច្ឆាកម្មន្តៈស្អាតហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាអាជីវៈ ឈ្មោះថា បានលាងមិច្ឆាអាជីវៈស្អាតហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាយាមៈ ឈ្មោះថា បានលាងមិច្ឆាវាយាមៈ ស្អាតហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសតិ ឈ្មោះថា បានលាងមិច្ឆាសតិស្អាតហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសមាធិ ឈ្មោះថា បានលាងមិច្ឆាសមាធិស្អាតហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាញាណៈ ឈ្មោះថា បានលាងមិច្ឆាញាណៈស្អាតហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវិមុត្តិ ឈ្មោះថា បានលាងមិច្ឆាវិមុត្តិស្អាតហើយ អកុសលធម៌ទាំងឡាយ ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិ ជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលដែលជាសម្មាវិមុត្តិនោះ ឈ្មោះថា បានលាងស្អាតហើយ កុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានជាតិជាធម្មតា រមែងរួចចាកជាតិ ពួកសត្វមានជរាជាធម្មតា រមែងរួចចាកជរា ពួកសត្វមានមរណៈជាធម្មតា រមែងរួចចាកមរណៈ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យពិធីលាងណា ពិធីលាងដ៏ប្រសើរនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយតែម៉្យាង ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិញ្វន។

 

លេខយោង

1)
ទំនៀមថា ពួកមនុស្សក្នុងទក្ខិណជនបទនោះ មិនដែលដុតពួកញាតិដែលស្លាប់ហើយទេ គ្រាន់តែជីករណ្តៅកប់ទុកក្នុងផែនដី លុះដល់សាកសពទាំងនោះរលួយហើយ ទើបរើសយកឆ្អឹងមកលាង ហើយដាក់ដំរៀបតាមលំដាប់ រួចនាំគ្នាបូជាដោយគ្រឿងក្រអូប និងផ្កាកំរងជាដើម លុះដល់ពេលនក្ខត្តឫក្ស ក៏នាំយកឆ្អឹងទាំងនោះមក ហើយយំខ្សឹកខ្សួល ទើបនាំគ្នាទៅលេងនក្ខត្តឫក្ស។ អដ្ឋកថា។
km/tipitaka/sut/an/10/sut.an.10.107.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann