km:tipitaka:sut:an:10:sut.an.10.109

វមនសូត្រ ទី៩

សង្ខេប

ព្រះពុទ្ធ​ទ្រង់​ប្រោស​ឱ្យ​ថ្នាំ​ក្អួត​ដែល​ពិត​ជា​លាង​ជម្រះ​ទាំង​អស់។

an 10.109 បាលី cs-km: sut.an.10.109 អដ្ឋកថា: sut.an.10.109_att PTS: ?

វមនសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៩. វមនសុត្តំ)

[៩] ម្នាលភិក្ខុទាំងឡាយ ពួកពេទ្យឲ្យថ្នាំក្អួត ដើម្បីឃាត់នូវអាពាធទាំងឡាយ ដែលកើតពីប្រមាត់ខ្លះ ដើម្បីឃាត់នូវអាពាធទាំងឡាយ ដែលកើតពីស្លេស្មខ្លះ ដើម្បីឃាត់នូវអាពាធទាំងឡាយ ដែលកើតពីខ្យល់ខ្លះ ម្នាលភិក្ខុទាំងឡាយ ថ្នាំក្អួតនោះ មានមែន តថាគតមិនពោលថា ថ្នាំក្អួតនុ៎ះ មិនមានទេ ម្នាលភិក្ខុទាំងឡាយ តែថ្នាំក្អួតនោះឯង សម្រេចខ្លះ មិនសម្រេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ថ្នាំក្អួតណា សុទ្ធតែសម្រេច មិនមែនមិនសម្រេច ពួកសត្វមានជាតិជាធម្មតា រមែងរួចចាកជាតិ ពួកសត្វមានជរាជាធម្មតា រមែងរួចចាកជរា ពួកសត្វមានមរណៈជាធម្មតា រមែងរួចចាកមរណៈ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យថ្នាំក្អួតណា តថាគតនិងសំដែងនូវថ្នាំក្អួតដ៏ប្រសើរនោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ នូវពាក្យនោះចុះ… ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានជាតិជាធម្មតា រមែងរួចចាកជាតិ។បេ។ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យថ្នាំក្អួតណា ថ្នាំក្អួតដ៏ប្រសើរនោះ សុទ្ធតែសម្រេច មិនមែនមិនសម្រេច តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាទិដ្ឋិ ឈ្មោះថា បានក្អួតមិច្ឆាទិដ្ឋិចេញហើយ អកុសលធម៌ទាំងឡាយដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាទិដ្ឋិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាទិដ្ឋិនោះ ឈ្មោះថា បានក្អួតចេញហើយ កុសលធម៌ច្រើនប្រការ ដែលមានសម្មាទិដ្ឋិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសង្កប្បៈ ឈ្មោះថា បានក្អួតមិច្ឆាសង្កប្បៈចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាចា ឈ្មោះថា បានក្អួតមិច្ឆាវាចាចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាកម្មន្តៈ ឈ្មោះថា បានក្អួតមិច្ឆាកម្មន្តៈចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាអាជីវៈ ឈ្មោះថា បានក្អួតមិច្ឆាអាជីវៈចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាយាមៈ ឈ្មោះថា បានក្អួតមិច្ឆាវាយាមៈចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសតិ ឈ្មោះថា បានក្អួតមិច្ឆាសតិចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសមាធិ ឈ្មោះថា បានក្អួតមិច្ឆាសមាធិចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាញាណៈ ឈ្មោះថា បានក្អួតមិច្ឆាញាណៈចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវិមុត្តិ ឈ្មោះថា បានក្អួតមិច្ឆាវិមុត្តិចេញហើយ… អកុសលធម៌ទាំងឡាយដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះរបស់បុគ្គលដែលជាសម្មាវិមុត្តិនោះ ឈ្មោះថា បានក្អួតចេញហើយ កុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានជាតិធម្មតា រមែងរួចចាកជាតិ ពួកសត្វមានជរាជាធម្មតា រមែងរួចចាកជរា ពួកសត្វមានមរណៈជាធម្មតា រមែងរួចចាកមរណៈ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យនូវថ្នាំក្អួតណា ថ្នាំក្អួតដ៏ប្រសើរនោះឯង សុទ្ធតែសម្រេច មិនមែនមិនសម្រេចទេ។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.109.txt · ពេលកែចុងក្រោយ: 2023/04/02 02:19 និពន្ឋដោយ Johann