តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ទសកនិបាត » តតិយបណ្ណាសក (ទី៣) » បច្ចោរោហណិវគ្គ ទី២ (១២) »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 10.115 បាលី cs-km: sut.an.10.115 អដ្ឋកថា: sut.an.10.115_att PTS: ?
តតិយអធម្មសូត្រ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៣. តតិយអធម្មសុត្តំ)
[១៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈមិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះហើយ ព្រះសុគត ពោលនូវពាក្យនេះហើយ ក្រោកចាកអាសនៈចូលទៅកាន់វិហារ។ លុះព្រះមានព្រះភាគ ទ្រង់ចេញទៅមិនយូរប៉ុន្មាន ពួកភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់សំដែងឧទ្ទេសនេះ ដោយសេចក្តីបំប្រួញ ទ្រង់មិនទាន់ចែកនូវអត្ថ ដោយពិស្តារ ដល់យើងទាំងឡាយ ហើយស្តេចក្រោកចាកអាសនៈ ចូលទៅកាន់វិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈ មិនមែនធម៌ផង ធម៌ផង គប្បីដឹងនូវសភាវៈ មិនមែនជាប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈ មិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ នរណាហ្ន៎ គប្បីចែកនូវអត្ថ នៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារទៅបាន។ លំដាប់នោះ ពួកភិក្ខុនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា មានតែអានន្ទដ៏មានអាយុនេះទេ ដែលព្រះសាស្តា ទ្រង់សរសើរផង ទាំងពួកសព្រហ្មចារី ជាអ្នកប្រាជ្ញ ក៏សរសើរហើយដែរ អានន្ទដ៏មានអាយុ ទើបអាចនិងចែកអត្ថនៃឧទ្ទេសនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារទៅបាន បើដូច្នោះ គួរយើងនាំគ្នាចូលទៅរកអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ គប្បីសួរអត្ថនេះនិងអានន្ទដ៏មានអាយុ អានន្ទដ៏មានអាយុ និងឆ្លើយដល់យើងរាល់គ្នាយ៉ាងណា យើងនិងចាំទុកនូវអត្ថនោះ យ៉ាងនោះ។ លំដាប់នោះ ពួកភិក្ខុទាំងនោះ នាំគ្នាចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនិងអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានពោលពាក្យនេះ និងព្រះអានន្ទដ៏មានអាយុថា ម្នាលអាវុសោអានន្ទ ព្រះមានព្រះភាគ ទ្រង់សំដែងឧទ្ទេសនេះ ដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ដល់យើងទាំងឡាយសោះ ហើយទ្រង់ក្រោកចាកអាសនៈ ចូលទៅកាន់ព្រះវិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈ មិនមែនប្រយោជន៍ ប្រយោជន៍ផង លុះដឹងនូវសភាវៈ មិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុប្រតិបត្តិតាមយ៉ាងនោះ។ ម្នាលអាវុសោ ព្រះមានព្រះភាគរបស់យើង ទ្រង់ចៀសចេញទៅមិនយូរប៉ុន្មាន យើងទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងឧទ្ទេសនេះ ដោយសេចក្តីបំប្រួញ ទ្រង់មិនទាន់ចែកអត្ថ ដោយពិស្តារ ដល់យើងទាំងឡាយ ហើយក្រោកចាកអាសនៈ ចូលទៅកាន់វិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈ មិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងសភាវៈមិនមែនធម៌ផង ធម៌ផង ដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ នរណាហ្ន៎ គប្បីចែកអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារបាន។ ម្នាលអាវុសោ យើងទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា មានតែអានន្ទដ៏មានអាយុនេះឯង ដែលព្រះសាស្តាសរសើរហើយផង ទាំងពួកសព្រហ្មចារី ជាអ្នកប្រាជ្ញ ក៏សរសើរហើយដែរ អានន្ទដ៏មានអាយុ ទើបអាចនិងចែកអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគទ្រង់សំដែងដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារបាន បើដូច្នោះ គួរយើងចូលទៅរកអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ គប្បីសួរអត្ថនេះ និងអានន្ទដ៏មានអាយុ អានន្ទដ៏មានអាយុ និងឆ្លើយដល់យើងទាំងឡាយ យ៉ាងណា យើងទាំងឡាយ គប្បីចាំទុកនូវអត្ថយ៉ាងនោះ សូមអានន្ទដ៏មានអាយុ ចែក (សេចក្តីនេះឲ្យទាន)។ ព្រះអានន្ទដ៏មានអាយុ ឆ្លើយថា ម្នាលអាវុសោ ដូចជាបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅរកខ្លឹមឈើ កាលបើឈើធំ មានខ្លឹម ឋិតនៅ (ចំពោះមុខ) ក៏រំលងគល់ រំលងដើម ហើយសំគាល់ថា គួរស្វែងរកខ្លឹម ត្រង់មែក និងសន្លឹកទៅវិញ មានឧបមាយ៉ាងណាមិញ សេចក្តីឧបមេយ្យក៏យ៉ាងនោះដែរ កាលបើព្រះសាស្តាគង់ក្នុងទីចំពោះមុខនៃលោកដ៏មានអាយុទាំងឡាយ លោកទាំងឡាយ រំលងព្រះមានព្រះភាគនោះ ហើយសំគាល់ថា គប្បីសួរសេចក្តីនេះនិងខ្ញុំវិញ ម្នាលអាវុសោ ព្រោះថា ព្រះមានព្រះភាគនោះ តែងទ្រង់ជ្រាបនូវហេតុដែលគួរជ្រាប ទ្រង់ឃើញនូវហេតុដែលគួរឃើញ ព្រះតថាគតនោះ មានចក្ខុកើតហើយ មានញាណកើតហើយ មានធម៌កើតហើយ ព្រះអង្គជាបុរសប្រសើរ ព្រះអង្គជាអ្នកស្តីថា ជាអ្នកប្រៀនប្រដៅ ជាអ្នកបង្អោននូវប្រយោជន៍ អ្នកឲ្យនូវព្រះនិញ្វន ជាម្ចាស់នៃធម៌ កាលនេះ ជាកាលគួរដល់ព្រះតថាគតនុ៎ះហើយ លោកទាំងឡាយ គប្បីចូលទៅគាល់ព្រះមានព្រះភាគ ហើយសាកសួរនូវសេចក្តីនៃឧទ្ទេសនេះ (បើ) ព្រះមានព្រះភាគនៃយើងសំដែងយ៉ាងណា អ្នកទាំងឡាយ គប្បីចាំទុកនូវឧទ្ទេសនោះ យ៉ាងនោះចុះ។ ម្នាលអាវុសោអានន្ទ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវហេតុ ដែលគួរជ្រាប ទ្រង់ឃើញនូវហេតុដែលគួរឃើញ ដោយពិតណាស់ ព្រះតថាគតនោះ មានចក្ខុកើតហើយ មានញាណកើតហើយ មានធម៌កើតហើយ ព្រះអង្គជាបុរសប្រសើរ ព្រះអង្គជាអ្នកស្តីថា ជាអ្នកប្រៀនប្រដៅ ជាអ្នកបង្អោនមកនូវប្រយោជន៍ អ្នកឲ្យនូវព្រះនិញ្វន ជាម្ចាស់នៃធម៌ កាលនេះជាកាលគួរ ដល់ព្រះតថាគតនុ៎ះហើយ យើងទាំងឡាយ គប្បីចូលទៅគាល់ព្រះដ៏មានព្រះភាគ ហើយសាកសួរនូវសេចក្តី នៃឧទ្ទេសនុ៎ះ (បើ) ព្រះមានព្រះភាគ ទ្រង់ដោះស្រាយ ដល់យើងទាំងឡាយយ៉ាងណា យើងទាំងឡាយ គប្បីចាំទុកនូវឧទ្ទេសនោះ យ៉ាងនោះ ក៏ពិតមែនហើយ ប៉ុន្តែអានន្ទដ៏មានអាយុ (នេះ) ព្រះសាស្តា ទ្រង់សរសើរផង ទាំងពួកសព្រហ្មចារី ជាអ្នកប្រាជ្ញ ក៏សរសើរដែរ អានន្ទដ៏មានអាយុនេះ អាចនិងចែកអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគទ្រង់សំដែងដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារទៅបាន សូមអានន្ទដ៏មានអាយុ កុំឲ្យបង្អែបង្អង់ មេត្តាចែកអត្ថនេះឲ្យទាន។ ម្នាលអាវុសោ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ ខ្ញុំនិងសំដែងប្រាប់។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ថេរវាចា របស់ព្រះអានន្ទដ៏មានអាយុថា ករុណា អាវុសោ។ ព្រះអានន្ទដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគរបស់យើង ទ្រង់សំដែងនូវឧទ្ទេសណា ដោយសេចក្តីបំប្រួញ ទ្រង់មិនទាន់ចែកអត្ថដោយពិស្តារ ស្រាប់តែក្រោកចាកអាសនៈ ចូលទៅកាន់វិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈ មិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ ម្នាលអាវុសោ សភាវៈមិនមែនធម៌ តើដូចម្តេច ធម៌ តើដូចម្តេច សភាវៈមិនមែនប្រយោជន៍ តើដូចម្តេច ប្រយោជន៍ តើដូចម្តេច។ ម្នាលអាវុសោ មិច្ឆាទិដ្ឋិ ជាសភាវៈមិនមែនធម៌ សម្មាទិដ្ឋិជាធម៌ ពួកអកុសលធម៌ដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាទិដ្ឋិ ជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាទិដ្ឋិ ជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា នេះជាប្រយោជន៍ ម្នាលអាវុសោ មិច្ឆាសង្កប្បៈ ជាសភាវៈមិនមែនធម៌ សម្មាសង្កប្បៈ ជាធម៌… ម្នាលអាវុសោ មិច្ឆាវាចា ជាសភាវៈមិនមែនធម៌ សម្មាវាចា ជាធម៌… ម្នាលអាវុសោ មិច្ឆាកម្មន្តៈ ជាសភាវៈមិនមែនធម៌ សម្មាកម្មន្តៈ ជាធម៌… ម្នាលអាវុសោ មិច្ឆាអាជីវៈ ជាសភាវៈមិនមែនធម៌ សម្មាអាជីវៈ ជាធម៌… ម្នាលអាវុសោ មិច្ឆាវាយាមៈ ជាសភាវៈមិនមែនធម៌ សម្មាវាយាមៈ ជាធម៌… ម្នាលអាវុសោ មិច្ឆាសតិ ជាសភាវៈមិនមែនធម៌ សម្មាសតិ ជាធម៌… ម្នាលអាវុសោ មិច្ឆាសមាធិ ជាសភាវៈមិនមែនធម៌ សម្មាសមាធិ ជាធម៌… ម្នាលអាវុសោ មិច្ឆាញាណៈ ជាសភាវៈមិនមែនធម៌ សម្មាញាណៈ ជាធម៌… ម្នាលអាវុសោ មិច្ឆាវិមុត្តិ ជាសភាវៈមិនមែនធម៌ សម្មាវិមុត្តិ ជាធម៌ ពួកអកុសលធម៌ដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិ ជាបច្ច័យ កើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិ ជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា នេះជាប្រយោជន៍ ម្នាលអាវុសោ ព្រះមានព្រះភាគនៃយើង ទ្រង់សំដែងនូវឧទ្ទេសណា ដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថ ដោយពិស្តារ ស្រាប់តែស្តេចក្រោកចាកអាសនៈ ចូលទៅកាន់ព្រះវិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈ មិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈមិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ ម្នាលអាវុសោ ខ្ញុំដឹងនូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសេចក្តីបំប្រួញ ទ្រង់មិនទាន់ចែកអត្ថដោយពិស្តារ ឲ្យពិស្តារយ៉ាងនេះ ម្នាលអាវុសោ ប្រសិនបើ អ្នកទាំងឡាយប្រាថ្នា (និងសួរ) គប្បីចូលទៅគាល់ព្រះមានព្រះភាគ ហើយទូលសួរនូវសេចក្តីនុ៎ះចុះ ព្រះមានព្រះភាគ ទ្រង់ព្យាករដល់យើងទាំងឡាយយ៉ាងណា ចូរអ្នកទាំងឡាយ ចាំទុកសេចក្តីនោះយ៉ាងនោះចុះ។ ពួកភិក្ខុទាំងនោះ ទទួលតបថា ករុណា អាវុសោ ហើយត្រេកអរ រីករាយនិងភាសិត របស់ព្រះអានន្ទដ៏មានអាយុ ហើយក្រោកចាកអាសនៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគដ៏ចំរើន ព្រះអង្គទ្រង់សំដែងឧទ្ទេសណា ដោយសេចក្តីបំប្រួញ ទ្រង់មិនទាន់ចែកអត្ថដោយពិស្តារ ដល់យើងទាំងឡាយ ស្រាប់តែក្រោកចាកអាសនៈ ចូលទៅកាន់ព្រះវិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈ មិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈ មិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ បពិត្រព្រះអង្គដ៏ចំរើន កាលព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅ មិនយូរប៉ុន្មាន ពួកខ្ញុំព្រះអង្គទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់សំដែងឧទ្ទេសនេះ ដោយសេចក្តីបំប្រួញ មិនទាន់ចែកអត្ថ ដោយពិស្តារ ដល់យើងទាំងឡាយ ហើយស្រាប់តែក្រោកចាកអាសនៈ ចូលទៅកាន់ព្រះវិហារ (ឧទ្ទេសនោះថា) ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីដឹងសភាវៈមិនមែនធម៌ផង ធម៌ផង គប្បីដឹងសភាវៈមិនមែនប្រយោជន៍ផង ប្រយោជន៍ផង លុះដឹងនូវសភាវៈ មិនមែនធម៌ផង ធម៌ផង ដឹងនូវសភាវៈ មិនមែនប្រយោជន៍ផង ប្រយោជន៍ផង ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា ភិក្ខុគប្បីប្រតិបត្តិតាមយ៉ាងនោះ នរណាហ្ន៎ គប្បីចែកអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់សំដែង ដោយសេចក្តីបំប្រួញ មិនទាន់បានចែកអត្ថដោយពិស្តារ ឲ្យពិស្តារទៅបាន បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា មានតែអានន្ទដ៏មានអាយុនេះឯង ដែលព្រះសាស្តា ទ្រង់សរសើរហើយផង ទាំងពួកសព្រហ្មចារី ជាអ្នកប្រាជ្ញ ក៏សរសើរហើយដែរ អានន្ទដ៏មានអាយុនេះ ទើបអាចដើម្បីចែកអត្ថនៃឧទ្ទេសនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសេចក្តីបំប្រួញ មិនទាន់បានចែកអត្ថដោយពិស្តារ ឲ្យពិស្តារបាន បើដូច្នោះ គួរតែយើងទាំងឡាយ ចូលទៅរកអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ គប្បីសាកសួរសេចក្តីនុ៎ះនិងអានន្ទដ៏មានអាយុ (បើ) អានន្ទដ៏មានអាយុ ឆ្លើយចំពោះពួកយើងទាំងឡាយ យ៉ាងណា យើងទាំងឡាយ គប្បីចាំទុកនូវអត្ថនោះយ៉ាងនោះ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ពួកខ្ញុំព្រះអង្គ ក៏ចូលទៅរកអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ទើបសាកសួរសេចក្តីនុ៎ះនិងអានន្ទដ៏មានអាយុ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីដែលអានន្ទដ៏មានអាយុចែកហើយ ដោយអាការទាំងនេះ ដោយបទទាំងនេះ ដោយព្យញ្ជនៈទាំងនេះ ដល់ពួកខ្ញុំព្រះអង្គទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ប្រពៃហើយ ៗ ម្នាលភិក្ខុទាំងឡាយ អានន្ទជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ អានន្ទជាអ្នកមានបញ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ អ្នកទាំងឡាយ ចូលមករកតថាគត ហើយគប្បីសាកសួរសេចក្តីនុ៎ះ តថាគតគប្បីដោះស្រាយសេចក្តីនុ៎ះយ៉ាងនោះ ដូចជាអានន្ទឆ្លើយហើយដែរ នេះជាសេចក្តីនៃឧទ្ទេសនោះ អ្នកទាំងឡាយ គប្បីចាំទុកនូវសេចក្តីនោះយ៉ាងនេះចុះ។