តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ទសកនិបាត » តតិយបណ្ណាសក (ទី៣) » បច្ចោរោហណិវគ្គ ទី២ (១២) »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 10.117 បាលី cs-km: sut.an.10.117 អដ្ឋកថា: sut.an.10.117_att PTS: ?
សង្គារវសូត្រ ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៥. សង្គារវសុត្តំ)
[១៧] គ្រានោះ សគារវព្រាហ្មណ៍ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនិងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ លុះសគារវព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន អ្វីជាត្រើយខាងអាយ អ្វីជាត្រើយខាងនាយ។ ម្នាលព្រាហ្មណ៍ មិច្ឆាទិដ្ឋិ ជាត្រើយខាងអាយ សម្មាទិដ្ឋិ ជាត្រើយខាងនាយ មិច្ឆាសង្កប្បៈ ជាត្រើយខាងអាយ សម្មាសង្កប្បៈ ជាត្រើយខាងនាយ មិច្ឆាវាចា ជាត្រើយខាងអាយ សម្មាវាចា ជាត្រើយខាងនាយ មិច្ឆាកម្មន្តៈ ជាត្រើយខាងអាយ សម្មាកម្មន្តៈ ជាត្រើយខាងនាយ មិច្ឆាអាជីវៈ ជាត្រើយខាងអាយ សម្មាអាជីវៈ ជាត្រើយខាងនាយ មិច្ឆាវាយាមៈ ជាត្រើយខាងអាយ សម្មាវាយាមៈ ជាត្រើយខាងនាយ មិច្ឆាសតិ ជាត្រើយខាងអាយ សម្មាសតិ ជាត្រើយខាងនាយ មិច្ឆាសមាធិ ជាត្រើយខាងអាយ សម្មាសមាធិ ជាត្រើយខាងនាយ មិច្ឆាញាណៈ ជាត្រើយខាងអាយ សម្មាញាណៈ ជាត្រើយខាងនាយ មិច្ឆាវិមុត្តិ ជាត្រើយខាងអាយ សម្មាវិមុត្តិ ជាត្រើយខាងនាយ។ ម្នាលព្រាហ្មណ៍ នេះជាត្រើយខាងអាយ នេះជាត្រើយខាងនាយ។
បណ្តាមនុស្សទាំងឡាយ ពួកជនណា បានដល់នូវត្រើយខាងនាយ (ព្រះនិញ្វន) ពួកជននោះ មានប្រមាណតិច ឯសត្វក្រៅពីនេះ រមែងស្ទុះទៅកាន់ត្រើយ គឺសក្កាយទិដ្ឋិ (នេះច្រើនជាង)។ ពួកជនណា ប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលតថាគតសំដែងហើយដោយប្រពៃ ពួកជននោះ (បានឆ្លង) នូវវដ្តៈ ជាទីនៅនៃមច្ចុ ដែលសត្វកម្រឆ្លងបាន ដោយក្រក្រៃពេក ហើយនិងដល់នូវត្រើយខាងនាយ គឺព្រះនិញ្វន។ បណ្ឌិតត្រូវលះបង់នូវធម៌ខ្មៅ ហើយចំរើននូវធម៌ស ហើយចេញចាកអាល័យ អាស្រ័យនូវព្រះនិញ្វន ដែលមិនមានអាល័យ ការត្រេកអរបានដោយកម្រ ក្នុងវិវេកណា បណ្ឌិតអ្នកមិនមានសេចក្តីកង្វល់ គប្បីលះបង់នូវកាមទាំងឡាយ ហើយប្រាថ្នានូវសេចក្តីត្រេកអរ ក្នុងវិវេកនោះ បណ្ឌិតគប្បីធ្វើខ្លួនឲ្យផូរផង់ចាកគ្រឿងសៅហ្មងនៃចិត្តទាំងឡាយ។ ចិត្តដែលពួកជនណា ចំរើនល្អប្រពៃហើយ ក្នុងអង្គនៃធម៌ជាគ្រឿងត្រាស់ដឹងទាំងឡាយ ពួកជនណា ត្រេកអរក្នុងការលះបង់នូវសេចក្តីប្រកាន់ ព្រោះមិនប្រកាន់ ពួកជនទាំងនោះ ឈ្មោះថាជាខីណាស្រព ជាអ្នកមានសេចក្តីរុងរឿង បរិនិញ្វនហើយក្នុងលោកនេះ។