km:tipitaka:sut:an:10:sut.an.10.176

ចុន្ទសូត្រ ទី១០

សង្ខេប

អំពើ​ការ​សម្អាត​ខ្លួន។ សំខាន់​ត្រូវ​ដឹង​ច្បាស់​ថា​អ្វី​ជា​កម្ម (ការ​) អាក្រក់ ១០ យ៉ាង និង​អំពើ​ល្អ​ ១០​យ៉ាង ផ្តើម​ចេញ​ពី​ការ​យល់​ឃើញ​ខុស និង​ត្រូវ។

an 10.176 បាលី cs-km: sut.an.10.176 អដ្ឋកថា: sut.an.10.176_att PTS: ?

ចុន្ទសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១០. ចុន្ទសុត្តំ)

[៦៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអម្ពវន (ព្រៃស្វាយ) របស់កម្មារបុត្រ ឈ្មោះចុន្ទ ជិតក្រុងបាវា។ គ្រានោះ ចុន្ទកម្មារបុត្រ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះចុន្ទកម្មារបុត្រ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលចុន្ទ អ្នកពេញចិត្តនឹងការស្អាតរបស់អ្នកណា។ ចុន្ទកម្មារបុត្រក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ញ្រហ្មណ៍ទាំងឡាយ ដែលនៅខាងក្រោយភូមិ ជាអ្នកប្រើប្រាស់ល័ក្កចាន់ [ប្រដាប់សម្រាប់ដាក់ទឹកក្នុងវេលាដើរផ្លូវ គឺក្អម, កំសៀវ, បំពង់, កុណ្ឌី, ទីកោ។] ប្រើប្រាស់សំពត់ដូចផ្កាសារាយ ជាអ្នកបម្រើភ្លើង ជាអ្នកចុះត្រាំទឹកព្រឹកល្ងាច តែងបញ្ញត្តនូវការស្អាត ខ្ញុំព្រះអង្គពេញចិត្តចំពោះការស្អាត របស់ញ្រហ្មណ៍ទាំងនោះ។ ម្នាលចុន្ទ ចុះពួកញ្រហ្មណ៍ ដែលនៅខាងក្រោយភូមិ ជាអ្នកប្រើប្រាស់ល័ក្កចាន់ ប្រើប្រាស់សំពត់ដូចផ្កាសារាយ ជាអ្នកបម្រើភ្លើង ជាអ្នកចុះត្រាំទឹកព្រឹកល្ងាច តែងបញ្ញត្តនូវការស្អាត យ៉ាងណាខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងលោកនេះ ពួកញ្រហ្មណ៍ ដែលនៅខាងក្រោយភូមិ ជាអ្នកប្រើប្រាស់ល័ក្កចាន់ ប្រើប្រាស់សំពត់ដូចផ្កាសារាយ ជាអ្នកបម្រើភ្លើង ជាអ្នកចុះត្រាំទឹកព្រឹកល្ងាច ញ្រហ្មណ៍ទាំងនោះ តែងបបួលពួកសាវកថា នែបុរសអើយ អ្នកចូរមកអាយ កាលបើអ្នកក្រោកអំពីដំណេក ក្នុងវេលាព្រឹកព្រហាមហើយ គប្បីស្ទាបផែនដី បើអ្នកមិនស្ទាបផែនដីទេ គប្បីស្ទាបអាចម៍គោស្រស់ បើអ្នកមិនស្ទាបអាចម៍គោស្រស់ទេ គប្បីស្ទាបស្មៅស្រស់ បើអ្នកមិនស្ទាបស្មៅស្រស់ទេ គប្បីបម្រើភ្លើង បើអ្នកមិនបម្រើភ្លើងទេ គប្បីប្រណម្យអញ្ជលី នមស្ការព្រះអាទិត្យ បើអ្នកមិនប្រណម្យអញ្ជលី នមស្ការព្រះអាទិត្យទេ គប្បីចុះត្រាំទឹកជាគំរប់ ៣ ដង នឹងពេលល្ងាច។ បពិត្រព្រះអង្គដ៏ចំរើន ពួកញ្រហ្មណ៍ ដែលនៅខាងក្រោយភូមិ ជាអ្នកប្រើប្រាស់ល័ក្កចាន់ ប្រើប្រាស់សំពត់ដូចផ្កាសារាយ ជាអ្នកបម្រើភ្លើង ជាអ្នកចុះត្រាំទឹកព្រឹកល្ងាច តែងបញ្ញត្តនូវការស្អាត យ៉ាងនេះឯង ខ្ញុំព្រះអង្គ តែងពេញចិត្តនឹងការស្អាត របស់ញ្រហ្មណ៍ទាំងនោះ។ នែចុន្ទ ពួកញ្រហ្មណ៍ ដែលនៅខាងក្រោយភូមិ ជាអ្នកប្រើប្រាស់ល័ក្កចាន់ ប្រើប្រាស់សំពត់ដូចផ្កាសារាយ ជាអ្នកបម្រើភ្លើង ជាអ្នកចុះត្រាំទឹកព្រឹកល្ងាច បញ្ញត្តនូវការស្អាត ដោយឡែក ចំណែកការស្អាតក្នុងអរិយវិន័យ ដោយឡែក។ បពិត្រព្រះអង្គដ៏ចំរើន ចុះការស្អាតក្នុងអរិយវិន័យ តើដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គសំដែងធម៌ តាមដំណើរការស្អាត ក្នុងអរិយវិន័យ ឲ្យទានដល់ខ្ញុំព្រះអង្គ។ ម្នាលចុន្ទ បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ ចុន្ទកម្មារបុត្រ ទទួលតបព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលចុន្ទ ការមិនស្អាតដោយកាយ មាន ៣ ប្រការ ការមិនស្អាតដោយវាចា មាន ៤ ប្រការ ការមិនស្អាតដោយចិត្ត មាន ៣ ប្រការ។ ម្នាលចុន្ទ ចុះការមិនស្អាតដោយ កាយ មាន ៣ ប្រការ តើដូចម្តេច។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ជាមនុស្សមានចិត្តអាក្រក់ មានដៃប្រឡាក់ឈាម មានចិត្តបោះជាប់ ក្នុងការសម្លាប់សត្វ មានចិត្តមិនអាសូរចំពោះពួកសត្វ ១ ជាអ្នកលួចទ្រព្យគេ គឺជាអ្នកកាន់យកនូវគ្រឿងឧបករណ៍ ដែលជាសម្បត្តិនៃបុគ្គលដទៃ គេទុកក្នុងស្រុកក្តី ទុកក្នុងព្រៃក្តី ដែលគេមិនបានឲ្យ ដែលហៅថា លួច ១ ជាអ្នកប្រព្រឹត្តខុសក្នុងកាម គឺជាអ្នកដល់នូវការប្រព្រឹត្តិកន្លងក្នុងស្រ្តីទាំងឡាយ ដែលមានមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រ្តីរក្សា ញាតិរក្សា ធម៌រក្សា ជាស្រ្តីមានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តីដែលបុរសបំពាក់កម្រងផ្កាឲ្យ ១។ ម្នាលចុន្ទ ការមិនស្អាតដោយកាយ មាន ៣ ប្រការយ៉ាងនេះឯង។ ម្នាលចុន្ទ ការមិនស្អាត ដោយវាចា មាន ៤ ប្រការ តើដូចម្តេច។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកពោលពាក្យកុហក ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលញាតិក្តី ឋិតនៅក្នុងកណ្តាលសេនីក្តី ឋិតនៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំទៅធ្វើជាសាក្សី ហើយសួរថា នែបុរសអើយ ចូរអ្នកមកអាយ បើអ្នកដឹងហេតុណា ចូរនិយាយប្រាប់ហេតុនោះ បុគ្គលនោះ កាលមិនដឹង ក៏និយាយថា ខ្ញុំដឹងក៏មាន កាលដឹង និយាយថា ខ្ញុំមិនដឹងក៏មាន កាលមិនឃើញ និយាយថា ខ្ញុំឃើញក៏មាន កាលឃើញ និយាយថា ខ្ញុំមិនឃើញក៏មាន ជាអ្នកពោលពាក្យកុហកទាំងដឹងខ្លួនដូច្នេះ ព្រោះហេតុតែខ្លួនក្តី ហេតុអ្នកដទៃក្តី ព្រោះហេតុសំណូក គឺ អាមិសៈបន្តិបន្តួចក្តី ១ ជាអ្នកពោលពាក្យញុះញង់ គឺឮពាក្យអំពីសំណាក់ជននេះហើយ នាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះ ឬឮពាក្យអំពីសំណាក់ជនឯណោះ នាំមកប្រាប់ជននេះ ដើម្បីនឹងបំបែកជនឯណោះ ជាអ្នកបំបែកពួកជនដែលព្រមព្រៀងគ្នាផង ជាអ្នកជំរុលពួកជន ដែលបែកគ្នាហើយផង ជាអ្នកត្រេកអរតែក្នុងពួក មានតម្រេកក្នុងពួក ជាអ្នករីករាយតែក្នុងពួក ជាអ្នកពោលវាចាធ្វើឲ្យប្រកាន់ពួក ដោយប្រការដូច្នេះ ១ ជាអ្នកពោលពាក្យអាក្រក់ គឺជាអ្នកពោលវាចាទ្រគោះ បោះបោក ខ្មោះខ្មួរ រោលរាល ស្ទាក់ដំណើរជនដទៃ ជាវាចាជិតនឹងសេចក្តីក្រោធ មិនប្រព្រឹត្តទៅ ដើម្បីសមាធិ ១ ជាអ្នកពោលពាក្យឥតប្រយោជន៍ គឺពោលពាក្យខុសកាល ពោលពាក្យមិនពិត ពោលពាក្យមិនមែនជាអត្ថ ពោលពាក្យមិនមែនជាធម៌ ពោលពាក្យមិនមែនជាវិន័យ ពោលពាក្យដែលមិនគួរឲ្យតាំងទុកក្នុងហឫទ័យបាន ជាពាក្យពោលខុសកាល ប្រាសចាកគ្រឿងអាង ជាពាក្យមិនមានទីបំផុត មិនប្រកបដោយប្រយោជន៍ ១។ ម្នាលចុន្ទ ការមិនស្អាតដោយវាចា មាន ៤ ប្រការ យ៉ាងនេះឯង។ ម្នាលចុន្ទ ចុះការមិនស្អាតដោយចិត្ត មាន ៣ ប្រការ តើដូចម្តេច។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ច្រើនដោយអភិជ្ឈា គឺជាអ្នកគយគន់នូវគ្រឿងឧបករណ៍ ដែលជាសម្បត្តិនៃបុគ្គលដទៃ ដោយគិតថា ឱហ្ន៎ គ្រឿងឧបករណ៍ ដែលជាទ្រព្យសម្បត្តិ នៃបុគ្គលដទៃណា គ្រឿងឧបករណ៍នោះ គប្បីបានមកអញ ១ ជាអ្នកមានចិត្តព្យាបាទ គឺជាមនុស្សមានតម្រិះក្នុងចិត្ត ដែលទោសប្រទុស្តហើយថា សត្វទាំងឡាយនេះ ចូរលំបាកខ្លះ ចូរបែកគ្នាខ្លះ ចូរសាបសូន្យទៅខ្លះ ចូរវិនាសទៅខ្លះ កុំបីមានបាន (អ្វីបន្តិចបន្តួច) ឡើយ ១ ជាអ្នកមានគំនិតយល់ខុស គឺជាមនុស្សយល់ឃើញនូវសេចក្តីវិបរិតថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាករបស់កុសលាកុសលកម្ម ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតាមិនមាន បិតាមិនមាន សត្វទាំងឡាយ ជាឱបបាតិកកំណើតមិនមាន ពួកសមណញ្រហ្មណ៍ក្នុងលោក ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួនឯង ហើយសំដែងប្រាប់ មិនមាន ១។ មា្នលចុន្ទ ការមិនស្អាតដោយចិត្ត មាន ៣ ប្រការ យ៉ាងនេះឯង។ ម្នាលចុន្ទ ការមិនស្អាតទាំង ១០ នេះឯង ហៅថា អកុសលកម្មបថ។ ម្នាលចុន្ទ បុគ្គលដែលប្រកបដោយអកុសលកម្មបថទាំង ១០ នេះហើយ បើទុកជាក្រោកឡើងអំពីដំណេក ក្នុងវេលាព្រឹកព្រហាម ហើយស្ទាបផែនដីក្តី ក៏នៅតែជាមនុស្សមិនស្អាតដដែល បើទុកជាមិនស្ទាបផែនដីក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាស្ទាបអាចម៍គោស្រស់ក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាមិនស្ទាបអាចម៍គោស្រស់ក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាស្ទាបស្មៅស្រស់ក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាមិនស្ទាបស្មៅស្រស់ក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាបម្រើភ្លើងក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាមិនបម្រើភ្លើងក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាប្រណម្យអញ្ជលី នមស្ការព្រះអាទិត្យក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាមិនប្រណម្យអញ្ជលី នមស្ការព្រះអាទិត្យក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាចុះត្រាំទឹកជាគំរប់ ៣ ដងនឹងពេលល្ងាចក្តី ក៏នៅតែមិនស្អាតដដែល បើទុកជាមិនចុះត្រាំទឹក ជាគំរប់ ៣ ដងនឹងពេលល្ងាចក្តី ក៏នៅតែមិនស្អាតដដែល។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះអកុសលកម្មបថទាំង ១០ នេះឯង ជាគន្លងមិនស្អាតផង ជាផ្លូវកឲ្យកើតរបស់មិនស្អាតផង។ ម្នាលចុន្ទ មួយទៀត ព្រោះហេតុនៃការប្រកបព្រមដោយអកុសលកម្មបថ ទាំង ១០ ប្រការនេះ នរកក៏ប្រាកដ តិរច្ឆាន ក៏ប្រាកដ បិត្តិវិស័យ ក៏ប្រាកដឡើង ឬក៏មានទុគ្គតិ (ដំណើរអាក្រក់) ក្រៅពីនេះណាមួយ (មានទៀតមិនខាន)។ ម្នាលចុន្ទ ការស្អាតដោយកាយមាន ៣ ប្រការ ការស្អាតដោយវាចា មាន ៤ ប្រការ ការស្អាតដោយចិត្តមាន ៣ ប្រការ។ ម្នាលចុន្ទ ចុះការស្អាតដោយកាយ មាន ៣ ប្រការ តើដូចម្តេច។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់នូវបាណាតិបាត វៀរស្រឡះចាកបាណាតិបាត ជាអ្នកដាក់ចុះនូវអាជ្ញា ដាក់ចុះនូវគ្រឿងសស្រា្តវុធ ប្រកបដោយសេចក្តីខ្មាស ដល់នូវមេត្តាចិត្ត ជាអ្នកអនុគ្រោះដោយប្រយោជន៍ ចំពោះពួកសត្វទាំងអស់ ១ ជាអ្នកលះបង់អទិន្នាទាន វៀរស្រឡះចាកអទិន្នាទាន ជាអ្នកមិនកាន់យកនូវគ្រឿងឧបករណ៍ ដែលជាសម្បត្តិនៃបុគ្គលដទៃ គេទុកក្នុងស្រុកក្តី ទុកក្នុងព្រៃក្តី ដែលគេមិនបានឲ្យ ដោយចិត្តលួចឡើយ ១ ជាអ្នកលះបង់កាមេសុមិច្ឆាចារ វៀរស្រឡះចាកមេសុមិច្ឆាចារ ជាអ្នកមិនដល់ នូវការប្រព្រឹត្តិកន្លង ក្នុងស្រ្តីទាំងឡាយ ដែលមានមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រ្តីរក្សា ញាតិរក្សា ត្រកូលប្រកបដោយធម៌រក្សា ជាស្រ្តីមានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តីដែលបុរសបំពាក់កម្រងផ្កាឲ្យ ១។ ម្នាលចុន្ទ ការស្អាតដោយកាយ មាន ៣ ប្រការ យ៉ាងនេះឯង។ ម្នាលចុន្ទ ចុះការស្អាត ដោយវាចាមាន ៤ ប្រការ តើដូចម្តេច។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកលះបង់មុសាវាទ វៀរស្រឡះចាកមុសាវាទ ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលញាតិក្តី ឋិតនៅក្នុងកណ្តាលសេនីក្តី ឋិតនៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំទៅធ្វើជាសាក្សី ហើយសួរថា នែបុរសអើយ ចូរអ្នកមកអាយ បើអ្នកដឹងហេតុណា ចូរនិយាយប្រាប់ហេតុនោះ បុគ្គលនោះ កាលមិនដឹង ក៏និយាយថា ខ្ញុំមិនដឹង កាលដឹង និយាយថា ខ្ញុំដឹង កាលមិនឃើញ និយាយថា ខ្ញុំមិនឃើញ ឬកាលឃើញ និយាយថា ខ្ញុំឃើញ ជាអ្នកមិនពោលពាក្យកុហកទាំងដឹង ដូច្នេះ ព្រោះហេតុតែខ្លួនក្តី ហេតុអ្នកដទៃក្តី ព្រោះហេតុសំណូក គឺអាមិសៈបន្តិចបន្តួចក្តី ១ ជាអ្នកលះបង់បិសុណាវាចា វៀរស្រឡះចាកបិសុណាវាចា ឮពាក្យអំពីសំណាក់ជននេះហើយ មិននាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះ ឬឮពាក្យអំពីសំណាក់ជនឯណោះ ហើយមិននាំមកប្រាប់ជនទាំងនេះ ដើម្បីនឹងបំបែកជនឯណោះ ជាអ្នកផ្សះផ្សានូវពួកជន ដែលបែកគ្នាផង ជាអ្នកទំនុកបម្រុងនូវពួកជនដែលរួបរួមគ្នាផង ជាអ្នកត្រេកអរក្នុងសេចក្តីព្រមព្រៀងគ្នាផង ជាអ្នកមានតម្រេកតែក្នុងសេចក្តីព្រមព្រៀងគ្នា ជាអ្នករីករាយ ក្នុងសេចក្តីព្រមព្រៀងគ្នា ពោលនូវវាចាដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀងគ្នា ដោយប្រការដូច្នេះ ១ ជាអ្នកលះបង់ផរុសវាចា វៀរស្រឡះចាកផរុសវាចា ជាអ្នកពោលតែវាចាមិនមានទោស ជាសុខដល់ត្រចៀក គួរឲ្យកើតសេចក្តីស្រឡាញ់ ចូលទៅកាន់ហឫទ័យ ជាវាចាអ្នកបុរី ជាទីស្រឡាញ់នៃជនច្រើន ជាទីពេញចិត្តនៃជនច្រើន ១ ជាអ្នកលះបង់សម្ផប្បលាបៈ វៀរស្រឡះចាកសម្ផប្បលាបៈ ពោលពាក្យត្រូវតាមកាល ពោលពាក្យពិត ពោលពាក្យដែលជាអត្ថ ពោលពាក្យដែលជាធម៌ ពោលពាក្យដែលជាវិន័យ ពោលពាក្យដែលគួរតាំងទុកក្នុងហឫទ័យ ជាពាក្យត្រូវតាមកាលវេលា ប្រកបដោយគ្រឿងអាង ជាវាចាមានទីបំផុត ប្រកបដោយប្រយោជន៍ ១។ ម្នាលចុន្ទ ការស្អាតដោយវាចា មាន ៤ ប្រការយ៉ាងនេះឯង។ ម្នាលចុន្ទ ចុះការស្អាតដោយចិត្ត មាន ៣ ប្រការ តើដូចម្តេច។ ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មិនមានអភិជ្ឈា ជាអ្នកមិនគយគន់នូវគ្រឿងឧបករណ៍ ដែលជាទ្រព្យសម្បត្តិ នៃបុគ្គលដទៃ ដោយគិតថា ឱហ្ន៎ គ្រឿងឧបករណ៍ ដែលជាទ្រព្យសម្បត្តិនៃបុគ្គលណា គ្រឿងឧបករណ៍នោះ គប្បីបានមកអញ ដូច្នេះឡើយ ១ ជាអ្នកមានចិត្តមិនព្យាបាទ គឺជាមនុស្សមានតម្រិះក្នុងចិត្ត ដែលទោសមិនប្រទូស្តហើយថា សត្វទាំងឡាយនេះ កុំមានពៀរនិងគ្នា កុំព្យាបាទគ្នា កុំមានទុក្ខ ចូររក្សាខ្លួនឲ្យបានសេចក្តីសុខចុះ ១ ជាអ្នកមានសេចក្តីយល់ត្រូវ គឺជាមនុស្ស យល់ឃើញនូវសេចក្តីមិនវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ មានផល ការបូជាតូច មានផល ផលវិបាកនៃកុសលាកុសលកម្ម ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មាន លោកនេះមាន លោកខាងមុខមាន មាតាមាន បិតាមាន ពួកសត្វទាំងឡាយ ជាឱបបាតិកកំណើតមាន ពួកសមណញ្រហ្មណ៍ក្នុងលោក ដែលជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខដោយប្រាជ្ញា ដ៏ឧត្តមរបស់ខ្លួនឯង ហើយសំដែងប្រាប់ មាន ១។ ម្នាលចុន្ទ ការស្អាតដោយចិត្ត មាន ៣ ប្រការ យ៉ាងនេះឯង។ ម្នាលចុន្ទ ការស្អាតទាំង ១០ ប្រការនេះ ហៅថា កុសលកម្មបថ ១០។ ម្នាលចុន្ទ បុគ្គលដែលប្រកបដោយកុសលកម្មបថទាំង ១០ នេះហើយ បើទុកជាក្រោកឡើងអំពីដំណេកក្នុងវេលាព្រឹកព្រហាម ហើយស្ទាបផែនដីក្តី ក៏នៅជាមនុស្សស្អាតដដែល បើទុកជាមិនស្ទាបផែនដីក្តី ក៏នៅស្អាតដដែល បើទុកជាស្ទាបអាចម៍គោស្រស់ក្តី ក៏នៅស្អាតដដែល បើទុកជាមិនស្ទាបអាចម៍គោស្រស់ក្តី ក៏នៅស្អាតដដែល បើទុកជាស្ទាបស្មៅស្រស់ក្តី ក៏នៅស្អាតដដែល បើទុកជាមិនស្ទាបស្មៅស្រស់ក្តី ក៏នៅស្អាតដដែល បើទុកជាបម្រើភ្លើងក្តី ក៏នៅស្អាតដដែល បើទុកជាមិនបម្រើភ្លើងក្តី ក៏នៅស្អាតដដែល បើទុកជាប្រណមអញ្ជលី នមស្ការព្រះអាទិត្យក្តី ក៏នៅស្អាតដដែល បើទុកជាមិនប្រណមអញ្ជលី នមស្ការព្រះអាទិត្យក្តី ក៏នៅតែស្អាតដដែល បើទុកជាចុះត្រាំទឹកជាគំរប់ ៣ ដងនឹងពេលល្ងាចក្តី ក៏នៅតែស្អាតដដែល បើទុកជាមិនចុះត្រាំទឹកជាគំរប់ ៣ ដងនឹងពេលល្ងាចក្តី ក៏នៅតែស្អាតដដែល។ ដំណើនោះ តើព្រោះហេតុអ្វី។ ម្នាលចុន្ទ ព្រោះកុសលកម្មបថទាំង ១០ ប្រការនេះឯង ជាគន្លងស្អាតផង ជាផ្លូវកឲ្យកើតរបស់ស្អាតផង។ ម្នាលចុន្ទ មួយទៀត ព្រោះហេតុនៃការប្រកបព្រមដោយកុសលកម្មបថទាំង ១០ ប្រការនេះ ទេវតា ក៏ប្រាកដ មនុស្ស ក៏ប្រាកដ ឬ ក៏មានសុគតិ (ដំណើរល្អ) ក្រៅពីនេះណាមួយ (មានទៀតមិនខាន)។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ចុន្ទកម្មារបុត្រ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់។បេ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.176.txt · ពេលកែចុងក្រោយ: 2023/04/18 06:25 និពន្ឋដោយ Johann