(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 10.211 បាលី cs-km: sut.an.10.211 អដ្ឋកថា: sut.an.10.211_att PTS: ?
បឋមនិរយសគ្គសូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. បឋមនិរយសគ្គសុត្តំ)
[៨៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំទៅទំលាក់។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ អ្នកមានចិត្តអាក្រក់ អ្នកមានបាតដៃប្រឡាក់ដោយឈាម តាំងនៅខ្ជាប់ក្នុងការសម្លាប់រឿយ ៗ មិនដល់នូវសេចក្តីអាណិតអាសូរ ចំពោះសព្វសត្វទាំងឡាយ ១ ជាអ្នកលួចទ្រព្យគេ គឺថាជាអ្នកកាន់យកនូវគ្រឿងឧបករណ៍ ជាសម្បត្តិនៃបុគ្គលដទៃដែលគេមិនបានឲ្យ ពោលគឺការលួច ដែលជាទ្រព្យឋិតនៅក្នុងស្រុកក្តី ឋិតនៅក្នុងព្រៃក្តី ១ ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ អ្នកដល់នូវការប្រព្រឹត្តិកន្លងចំពោះស្រ្តីទាំងឡាយ ដែលមានមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រី្តរក្សា ញាតិរក្សា ធម៌រក្សា ជាស្រ្តីមានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តីដែលមានគេបំពាក់កម្រងផ្កា ១ ជាអ្នកនិយាយកុហក ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលនៃញាតិក្តី ឋិតនៅក្នុងកណ្តាលសេនីក្តី ឋិតនៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំមកសួរជាសាក្សីថា នែបុរសអើយ ចូរអ្នកចូលមកអាយ បើអ្នកដឹងនូវហេតុណា ចូរនិយាយប្រាប់ហេតុនោះ បុរសនោះ កាលបើមិនដឹង ក៏និយាយថា ខ្ញុំដឹង ក៏មាន កាលបើដឹង និយាយថា ខ្ញុំមិនដឹង ក៏មាន កាលបើមិនឃើញ និយាយថា ខ្ញុំឃើញក៏មាន កាលបើឃើញ និយាយថា ខ្ញុំមិនឃើញក៏មាន ជាអ្នកពោលនូវពាក្យកុហកទាំងដឹងខ្លួនដូច្នេះ ព្រោះហេតុនៃខ្លួនក្តី ព្រោះហេតុនៃបុគ្គលដទៃក្តី ព្រោះហេតុសំណូក គឺ អាមិសៈបន្តិចបន្តួចក្តី ១ ជាអ្នកពោលពាក្យញុះញង់ គឺ ឮពាក្យអំពីសំណាក់ជននេះ ហើយនាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះ ឬឮពាក្យ អំពីសំណាក់ជនឯណោះ មកប្រាប់ជនឯណេះ ដើម្បីនឹងបំបែកជនឯណោះ ជាអ្នកបំបែកនូវពួកជនដែលព្រមព្រៀងគ្នា អ្នកជំរុលពួកជន ដែលបែកគ្នាហើយ អ្នកត្រេកអរក្នុងពួក មានតម្រេកក្នុងពួក អ្នករីករាយក្នុងពួក អ្នកពោលវាចាធ្វើឲ្យប្រកាន់ពួកដូច្នេះ អ្នកពោលពាក្យអាក្រក់ អ្នកពោលពាក្យទ្រគោះ ខ្មោះខ្មួរ រោលរាល ដល់អ្នកដទៃ ដៀមដាមដល់អ្នកដទៃ ជាវាចាជិតសេចក្តីក្រោធ មិនប្រព្រឹត្តទៅ ដើម្បីសមាធិ ១ ជាអ្នកពោលពាក្យឥតប្រយោជន៍ គឺពោលពាក្យខុសកាល ពោលពាក្យមិនពិត ពោលពាក្យមិនមែនជាអត្ថ ពោលពាក្យមិនមែនជាធម៌ ពោលពាក្យមិនមែនជាវិន័យ ពាក្យដែលមិនគួរឲ្យអ្នកផងតាំងទុកក្នុងហឫទ័យ ជាពាក្យខុសកាល មិនមានគ្រឿងអាង មិនមានទីបំផុត មិនប្រកបដោយប្រយោជន៍ ១ ជាអ្នកច្រើនដោយអភិជ្ឈា សំឡឹងគ្រឿងឧបករណ៍ ដែលជាសម្បត្តិ នៃបុគ្គលដទៃណាថា ឱហ្ន៎ គ្រឿងឧបករណ៍នោះ គប្បីបានមកអញ ១ ជាអ្នកមានចិត្តព្យាបាទ ជាអ្នកមានតម្រិះក្នុងចិត្តដែលប្រទុស្តហើយថា សត្វទាំងឡាយនេះ ចូរលំបាកខ្លះ ចូរបែកគ្នាខ្លះ ចូរសាបសូន្យទៅខ្លះ កុំកើតមានឡើយខ្លះ ១ ជាអ្នកមានគំនិតយល់ខុស ជាអ្នកយល់ឃើញសេចក្តីវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាករបស់កុសលាកុសកកម្ម ដែលសត្វធ្វើល្អ និងធ្វើអាក្រក់មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតាមិនមាន បិតាមិនមាន សត្វទាំងឡាយជាឱបបាតិកៈកំណើត មិនមាន សមណញ្រហ្មណ៍ទាំងឡាយក្នុងលោក ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួន ហើយសំដែងប្រាប់ មិនមាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបព្រមដោយធម៌ ១០ នេះឯង នឹងធ្លាក់ក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាងនេះ នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដម្កល់ទុក។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាដាក់ចុះហើយ ជាអ្នកអៀនខ្មាស ដល់នូវសេចក្តីអាណិតអាសូរ អ្នកមានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សព្វសត្វ ១ លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន ជាអ្នកមិនលួចទ្រព្យគេដែលជាគ្រឿងឧបករណ៍ គឺសម្បត្តិនៃបុគ្គលដទៃ ដែលជាទ្រព្យឋិតនៅក្នុងស្រុកក្តី ឋិតនៅក្នុងព្រៃក្តី ដែលគេមិនឲ្យ ពោលគឺការលួច ១ លះបង់កាមេសុមិច្ឆាចារ វៀរចាកកាមេសុ មិច្ឆាចារ អ្នកមិនដល់នូវការប្រព្រឹត្តិកន្លងចំពោះស្រ្តីទាំងឡាយ ដែលមានមាតារក្សា បិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រី្តរក្សា ញាតិរក្សា ធម៌រក្សា ជាស្រ្តីមានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តីដែលគេបំពាក់កម្រងផ្កា ១ លះបង់នូវមុសាវាទ វៀរចាកមុសាវាទ ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលនៃញាតិក្តី ឋិតនៅក្នុងកណ្តាលសេនីក្តី ឋិតនៅក្នុងកណ្តាលនៃរាជត្រកូលក្តី ដែលគេនាំមកសួរជាសាក្សីថា នែបុរសអើយ ចូរអ្នកមកអាយ អ្នកដឹងនូវហេតុណា ចូរនិយាយប្រាប់ហេតុនោះ បុរសនោះ កាលមិនដឹង និយាយថា ខ្ញុំមិនដឹងក៏មាន កាលដឹង និយាយថា ខ្ញុំដឹងក៏មាន កាលមិនឃើញ និយាយថា ខ្ញុំមិនឃើញក៏មាន កាលឃើញ និយាយថា ខ្ញុំឃើញក៏មាន ជាអ្នកមិនពោលនូវពាក្យកុហកទាំងដឹងខ្លួនដូច្នេះ ព្រោះហេតុនៃខ្លួនក្តី ព្រោះហេតុនៃបុគ្គលដទៃក្តី ព្រោះហេតុសំណូក គឺអាមិសៈបន្តិចបន្តួចក្តី ១ លះបង់នូវបិសុណវាចា វៀរចាកបិសុណវាចា ឮពាក្យអំពីសំណាក់ជននេះ ហើយមិននាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះ ឬឮពាក្យអំពីសំណាក់ជនឯណោះ មិននាំមកប្រាប់ដល់ជននេះ ដើម្បីនឹងបំបែកជនឯណោះ ជាអ្នកផ្សះផ្សាពួកជនដែលបែកគ្នា ឬជាអ្នកទំនុកបម្រុងនូវពួកជនដែលព្រមព្រៀង ជាអ្នកត្រេកអរ ក្នុងការព្រមព្រៀង ជាអ្នកមានតម្រេក ក្នុងសេចក្តីព្រមព្រៀង ជាអ្នករីករាយ ក្នុងការព្រមព្រៀង ពោលវាចាដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀងគ្នា ១ លះបង់ផរុសវាចា វៀរចាកផរុសវាចា ជាអ្នកពោលតែវាចាដែលមិនមានទោស ជាវាចាស្រួលដល់ត្រចៀក គួរឲ្យគេស្រឡាញ់ ចូលទៅកាន់ហឫទ័យ ជាវាចាអ្នកបុរី ជាទីស្រឡាញ់នៃជនច្រើន ជាសំដីពេញចិត្តនៃជនច្រើន ១ លះបង់នូវសម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ ជាអ្នកពោលត្រូវតាមកាល ពោលពាក្យពិត ពោលពាក្យដែលជាអត្ថ ពោលពាក្យដែលជាធម៌ ពោលពាក្យដែលជាវិន័យ ពោលពាក្យដែលគួរឲ្យគេតាំងទុក ជាពាក្យត្រូវតាមកាល ប្រកបដោយគ្រឿងអាង ជាវាចាមានទីបំផុត ប្រកបព្រមដោយប្រយោជន៍ ១ ជាអ្នកមិនមានអភិជ្ឈា ជាអ្នកមិនគយគន់នូវគ្រឿងឧបករណ៍ ដែលជាសម្បត្តិនៃបុគ្គលដទៃថា ឱហ្ន៎ គ្រឿងឧបករណ៍ ដែលជាសម្បត្តិនៃបុគ្គលដទៃណា គ្រឿងឧបករណ៍នោះ គប្បីបានមកអញ ដូច្នេះឡើយ ១ ជាអ្នកមានចិត្តមិនព្យាបាទ មានតម្រិះក្នុងចិត្តដែលទោសមិនប្រទុស្តថា សត្វទាំងឡាយនេះ កុំចងពៀរគ្នា កុំព្យាបាទគ្នា កុំមានទុក្ខ ចូររក្សាខ្លួន ឲ្យបានសេចក្តីសុខចុះ ១ ជាអ្នកយល់ត្រូវ ឃើញសេចក្តីមិនវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ មានផល ការបូជាតូច មានផល ផលវិបាកនៃកុសលាកុសលកម្ម ដែលបុគ្គលធ្វើល្អ និងអាក្រក់មាន លោកនេះមាន លោកខាងមុខមាន មាតាមាន បិតាមាន សត្វទាំងឡាយ ជាឱបបាតិកៈកំណើតមាន សមណញ្រហ្មណ៍ទាំងឡាយ ក្នុងលោកនេះ ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយសំដែងប្រាប់ មាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាងនេះឯង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដម្កល់ទុក។